[២៩] រឿងភុសប្រេត ទី ៤
(បិដក. ៥៦/ទំព័រ. ៧៦)
(ព្រះមោគ្គល្លានសួរថា) ប្រេតម្នាក់ (រោយរាយ) អង្កាមនៃស្រូវសាលី (លើក្បាលខ្លួន) ប្រេតម្នាក់ទៀត (សំពងបំបែកក្បាលរបស់ខ្លួន ដោយដំបងដែក) ឯស្រីនេះ (ស៊ីតែ) សាច់និងឈាមរបស់ខ្លួន ទាំងអ្នកសោតក៏ ស៊ីអាចម៍ មិនស្អាត មិនគួរឱ្យប្រាថ្នា នេះតើជាផលនៃកម្មដូចម្តេច។
(ភរិយារបស់ពាណិជ បានទូលថា) ក្នុងកាលមុន ប្រេតម្នាក់នេះ បានប្រហារមាតា (ដោយព្រនង់) ឯប្រេតម្នាក់ទៀត ជាពាណិជបោកប្រាស់ ប្រេតនេះ រមែងស៊ីសាច់ទាំងឡាយ ហើយបញ្ឆោតដោយពាក្យមុសាវាទ។ ខ្ញុំបានកើតជាមនុស្សក្នុងពួកមនុស្ស ជាអ្នកគ្រប់គ្រងផ្ទះ ជាឥស្សរៈនៃត្រកូលទាំងពួង។
កាលដែលគ្រឿងឧបករណ៍មានគ្រប់គ្រាន់ ខ្ញុំក៏បានលាក់លៀមទុក មិនបានឱ្យវត្ថុតិចតួចអំពីគ្រឿងឧបករណ៍នេះ (ដល់អ្នកដទៃ) ខ្ញុំបិទបាំងដោយពាក្យមុសាវាទថា វត្ថុនេះក្នុងផ្ទះខ្ញុំមិនមានទេ ប្រសិនបើខ្ញុំលាក់វត្ថុដែលមាន សូមឱ្យអាចម៍មកជាភោជនរបស់ខ្ញុំចុះ។
បាយនៃស្រូវសាលីមានក្លិនក្រអូបឈ្ងុយ ក៏ក្លាយទៅជាអាចម៍ដើម្បីខ្ញុំ ដោយវិបាកនៃកម្មទាំងពីរ គឺ (ការលាក់លៀមទុកវត្ថុដែលមាន ១) និងមុសាវាទ ១។ ឯកម្មទាំងឡាយមិនមែនសោះសូន្យឡើយ ព្រោះថា កម្មនេះមិនចេះវិនាសទៅ ខ្ញុំស៊ីផឹកនូវអាចម៍មានក្លិនអាក្រក់ (ជាលំនៅ) នៃពួកដង្កូវ។
ចប់ រឿងភុសប្រេត ទី ៤។
