រឿងតេជោយ៉ត ក្បួនព្យូហសឹកទាំង១២ប្រការ (តម្រាពិជ័យសង្គ្រាម) របស់ ឧកញ៉ារាមរាជតេជោ យ៉ត៖

ក្បួនព្យូហសឹកទាំង១២ប្រការ (តម្រាពិជ័យសង្គ្រាម) របស់ ឧកញ៉ារាមរាជតេជោ យ៉ត៖
…………………..
យោងតាមសៀវភៅឯកសារមហាបុរសខ្មែរ នៃរាជពង្សាវតារខ្មែរ របស់អ្នកស្រាវជ្រាវ អេង សុត ក្នុងទំព័រទី៧៧ និងទំព័រទី៧៨ បានបរិយាយយ៉ាងក្បោះក្បាយអំពីក្បួនព្យូហសឹកទាំង១២ប្រការ (តម្រាពិជ័យសង្គ្រាម) របស់ ឧកញ៉ារាមរាជតេជោ យ៉ត៖
ក្នុងអំឡុង ឆ្នាំ១៦៣៦ អតីតព្រះមហាក្សត្រខ្មែរ ផែនដី ព្រះរាជឱង្ការជ័យចេស្ដា ឬ ព្រះជ័យជេដ្ឋា ទ្រង់ត្រាស់សួរទៅ ឧកញ៉ារាមរាជតេជោ យ៉ត ថា ឥឡូវនេះ សៀមឈ្លើយបះបោរ សង្កាត់ដេញអស់ ចៅហ្វាយស្រុកខាងលិច ខាងជើង បែកទ័ពរត់ចោលស្រុកអស់ទៅហើយ។ យើងបានចាត់ឱ្យឧកញ៉ាក្រឡាហោម និងឧកញ៉ាចក្រី លើកទ័ពទៅទៀត ក៏នៅតែបរាជ័យចាញ់ដៃវាដែរ (សៀម)។ ឥឡូវ ឮថា វាចូលមកតាំងទី នឹងគិតដូចម្ដេច ?
ឧកញ៉ារាមរាជតេជោ យ៉ត ក៏បានក្រាបបង្គំទូលថ្វាយព្រះរាជាថា ដែលត្រូវបង្កើតជាសង្គ្រាមក្នុងព្រះគនរយ៉ាងនេះ ត្រូវតែ�ចាត់មេទ័ពពីក្នុងព្រះនគរ ( ក្នុងព្រះនគរបានន័យថា ក្នុងព្រះរាជធានី គឺថាមិនត្រូវយកមេទ័ពពីខែត្រក្រៅមក ) ឱ្យចេញទៅប្រាប់ប្រាម។ ប៉ុន្តែ មេទ័ពនោះត្រូវឱ្យចេះចាំយ៉ាងស្ទាត់នូវក្បួនព្យូហសឹកទាំង១២ប្រការ គឺ៖
ទី១. ឱ្យស្គាល់ទីណាត់ ( ទីណាត់ គឺទីដែលត្រូវលើកទ័ព ឱ្យជុំជួបគ្នា ) ទីលើកទ័ព ទីបង្កប់ និងសំញែងទ័ព។
ទី២. ឱ្យស្គាល់ចិត្តទាហានឱ្យច្បាស់ ( គឺត្រូវដឹងថា ទាហានស្រឡាញ់កោតខ្លាច និងទុកចិត្តលើមេទ័ពហើយ ឬនៅ ? )
ទី៣. ឱ្យស្គាល់នូវក្បួនទ័ពសឹក ដែលឮស័ព្ទសូរមក ( មេទ័ព មិនត្រូវភ្ញាក់ផ្អើលនឹងសូរសន្ធឹកក្ដី ព័ត៌មានផ្សេងៗក្ដី សូរសម្រែក�សត្វក្ដី មនុស្សក្ដី ឱ្យសោះទេ បើឮហើយត្រូវពិចារណាឱ្យយល់ឱ្យច្បាស់។
ទី៤. ឱ្យស្គាល់ឫកអាភាស និងផែនដីឱ្យច្បាស់។
ទី៥. បើនឹងចូលច្បាំង ឱ្យស្គាល់ច្បាស់នូវ ទិសទីចូល និងទីចេញ។
ទី៦. ឱ្យស្ទាត់កម្លាំងសឹកសត្រូវ ( គឺឱ្យចេះស្មានស្បៀងអាហាររបស់ខ្លួន និងស្បៀងអាហាររបស់សត្រូវ )។
ទី៧. ឱ្យស្គាល់ច្បាស់នូវកម្លាំង នៃគ្រឿងសស្ត្រាវុធរបស់ខ្លួន និងរបស់សត្រូវ។
ទី៨. ឱ្យចេះប្រើសេនាទាហាន គឺប្រើទៅធ្វើការឱ្យល្មមនឹងកម្លាំងទាហានយើង និងកម្លាំងសត្រូវ។
ទី៩. ឱ្យស្គាល់ ទីជ័យភូមិ ដែលនឹងត្រូវតាំងទីបន្ទាយ រាយល្បាត។
ទី១០. ឱ្យស្ទាត់ក្នុងការចាត់អ្នកយាមល្បាត កុំទុកចិត្តគេឱ្យហួសពីគំនិតរបស់ខ្លួន។
ទី១១. ឱ្យកាន់អាជ្ញាសឹកឱ្យនឹងដូច ផែនសិលា ( កុំឱ្យត្រចៀកស្រាល ជឿស្ដាប់គេឥតពិចារណា )។
ទី១២. អម្ចាស់ជីវិត ដែលនឹងត្រាស់ចាត់ មេទ័ព ឱ្យចេញទៅធ្វើការសឹកសង្គ្រាមនោះ ត្រូវឱ្យមានសត្តិសញ្ញា ឱ្យមេទ័ពទុកចិត្តកុំឱ្យព្រួយបារម្ភពីទ័ពក្រោយ គឺឱ្យមេទ័ពរវល់គិតតែពី ទ័ពមុខ កុំឱ្យវីវរនឹង ទ័ពក្រោយ ផងនោះ។ បើឱ្យវីវរនឹងទ័ពក្រោយផងមេទ័ពនោះនឹងប្រៀបដូចជា « រំសេវដែលត្រូវទឹក » ទោះបីព្រានបាញ់លោះកៃដូចម្ដេចក៏ពុំឆេះឡើយ។ ថាបើ មេទ័ពប្រតិបត្តិបានគ្រប់ទាំង១២ប្រការដូច្នេះហើយ កុំថាឡើយត្រឹមតែអ្នកសិល្ប៍ សឹកសត្រូវ ក្នុងព្រះនគរទោះបីទ័ពក្សត្រណាពីក្រៅព្រះនគរ លើកមកប៉ុន្មានម៉ឺននាក់ក្ដី ក៏គង់តែចាញ់មេទ័ពដែលស្ទាត់ជំនាញក្នុង ព្យូហសឹកទាំង១២ប្រការ នេះជាពុំខានឡើយ។
គួរបញ្ជាក់ថា ឧកញ៉ារាមរាជតេជោ យ៉ត ជាសិស្សជំនិតតែម្នាក់គត់របស់ ឧកញ៉ាបុរារាជតេជោ មាស ដែលបានបង្ហាត់បង្រៀនមន្តវិជ្ជាការណ៍ដ៏ខ្លាំងពូកែដែលបានបង្ក្រាប ពួកបច្ចាមិត្តស្ដេចសៀមឈ្មោះ ព្រះចៅថៃណា ឱ្យរត់ដល់ ក្រុងស្រីអយុធ្យា វិញ។ ឧកញ៉ាតេជោ យ៉ត ដើមឡើយជា ខ្ញុំបម្រើ ឬ បាវបម្រើរបស់ឧកញ៉ាតេជោ មាស នៅក្នុងស្រុកសំរោងទង ខែត្រកំពង់ស្ពឺ ហើយក្រោយមកក៏ផ្លាស់ប្តូរទៅកាន់មឿងកំពង់ស្វាយ ខែត្រកំពង់ធំ ដែលជាស្រុកកំណើតរបស់ឧកញ៉ាបុរារាជតេជោ មាស វិញ៕
Download