រឿងកុមារប្រេត ទី ៥

 [៣០] រឿងកុមារប្រេត ទី ៥

(បិដក. ៥៦/ទំព័រ. ៧៨)

(ព្រះសង្គីតិកាចារ្យទាំងឡាយ ពោលថា) ញាណរបស់ព្រះសុគត មានសភាពអស្ចារ្យ ដូចព្រះសាស្តាទ្រង់ព្យាករណ៍នូវបុគ្គលថា បុគ្គលពួកខ្លះ ជាអ្នកមានបុណ្យក្រាស់ បុគ្គលពួកខ្លះ ជាអ្នកមានបុណ្យស្តើង​​​​​។ កុមារនេះ ដែលគេបោះបង់ចោលក្នុងព្រៃស្មរសាន បានញ៉ាំងអត្តភាពឱ្យប្រព្រឹត្តទៅ ដោយទឹកដោះ ដែលហូរចេញពីមេដៃ (នៃទេវតា) អស់មួយរាត្រី​​​​​។ យក្ស និងភូតទាំងឡាយក្តី ពស់ទាំងឡាយក្តី មិនបៀតបៀនកុមារ អ្នកមានបុណ្យធ្វើហើយទេ សូម្បីតែពួកឆ្កែក៏មកលិទ្ធជើងទាំងគូរបស់កុមារនេះដែរ ពួកបក្សីក្អែក ពួកចចក ក៏មកចោមជុំវិញ (កុមារនោះ)​​​​​។ ហ្វូងសត្វស្លាបទាំងឡាយ ក៏នាំយកមន្ទិលគភ៌ចេញ ឯក្អែកទាំងឡាយ ក៏នាំយកអាចម៍ភ្នែកចេញ មនុស្សនិងអមនុស្សពួកខ្លះ មិនបានចាត់ចែងការរក្សានូវកុមារនេះទេ មិនបានចាត់ចែងនូវឱសថ និងការអប់ដោយគ្រាប់ស្ពៃ (ដល់កុមារនេះទេ)​​​​​។ សូម្បីតែពួកមនុស្ស ក៏មិនរៀននូវការប្រកបនូវនក្ខត្តឫក្ស ទាំងមិនបានរោយរាយនូវធញ្ញជាតិគ្រប់មុខ លើកុមារដែលមានសភាពដូច្នោះ ដែលដល់នូវសេចក្ដីលំបាកយ៉ាងក្រៃលែង គេនាំមកក្នុងពេលយប់ ហើយបោះចោលក្នុងព្រៃស្មសាន ព្រះពុទ្ធដែលទេវតានឹងមនុស្សបូជា បានឃើញកុមារនោះ ដូចជាដុំនៃទឹកដោះខាប់ កំពុងតែញាប់ញ័រប្រកបដោយសេចក្ដីសង្ស័យ នៅសល់តែជីវិត លុះព្រះពុទ្ធមានប្រាជ្ញស្មើដោយផែនដីបានឃើញហើយ ទើបទ្រង់ព្យាករថា កុមារនេះ នឹងបានជាអ្នកមានត្រកូលដ៏ប្រសើរផង នឹងមានភោគៈផង ក្នុងនគរនេះ​​​​​។

(ពួកឧបាសកបានសួរថា) វ័តដូចម្ដេច ព្រហ្មចរិយៈដូចម្ដេច នេះជាផលនៃវ័ត ឬព្រហ្មចរិយៈដូចម្ដេច ដែលកុមារនេះបានសន្សំល្អហើយ បានជាកុមារនេះដល់នូវសេចក្ដីវិនាសដល់ម្ល៉េះហើយត្រឡប់បាននូវឫទ្ធ គឺទិព្វសម្បត្តិដល់ម្ល៉ោះនោះវិញ​​​​​។

(ព្រះសង្គីតិកាចារ្យទាំងឡាយពោលថា) ពួកជនបានធ្វើនូវការបូជាដ៏ឧឡារិកចំពោះព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ទារកនោះមានចិត្តរវើសរវាយក្នុងការបូជានោះ ទារកនោះបានពោលវាចាអាក្រក់ ជាវាចាមិនគួរចង់ឮ ក្នុងទីប្រជុំនៃសប្បុរស ទារកនោះបន្ទោបង់សេចក្ដីត្រិះរិះនោះចេញហើយ ក៏ត្រឡប់បាននូវសេចក្ដីត្រេកអរនឹងសេចក្ដីជ្រះថ្លាក្នុងកាលជាខាងក្រោយ ទារកនោះបានបម្រើព្រះតថាគត ព្រះអង្គគង់នៅក្នុងវត្តជេត្តពន ដោយយាគូអស់ ៧ ថ្ងៃ​​​​​។ នោះជាវ័ត នោះជាព្រហ្មចរិយៈរបស់កុមារនោះ នេះជាផលនៃវ័ត ឬព្រហ្មចរិយៈនោះ ដែលកុមារនេះបានសន្សំល្អហើយ បានជាកុមារនេះដល់នូវសេចក្ដីវិនាសដល់ម្ល៉េះ ហើយត្រឡប់បាននូវឫទ្ធិ គឺទិព្វសម្បត្តិដល់ម្ល៉ោះនោះវិញ​​​​​។ លុះកុមារនោះឋិតនៅក្នុងមនុស្សលោកនេះ អស់មួយរយឆ្នាំ ជាអ្នកបរិបូណ៌ដោយកាមទាំងពួង ដល់បែកឆ្លាយរាងកាយទៅកាន់ភពថ្មី ក៏បានជាកូននៃសក្កទេវរាជ​​​​​។

ចប់ រឿងកុមារប្រេត ទី ៥​​​​​។

Previous Post Next Post