មេទ័ព

មេទ័ពដែលមានរៀបរាប់ក្នុងសៀវភៅនេះ សុទ្ធតែធ្លាប់ជាសិស្សនាយទាហានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធា វ៉េស ផញ ឬ United States Military Academy West Point ហើយមេបញ្ជាការខ្លះ ធ្លាប់ធ្វើជានាយកបណ្ឌិត្យសភាយោធានេះទៀតផង។ បណ្ឌិត្យសភាយោធានេះ បានកសាងមេដឹកនាំឆ្នើមជាច្រើនរូប មិនត្រឹមតែមេដឹនាំយោធាទេ តែមេដឹកនាំក្នុងវិស័យជំនួញទៀតផង។ បណ្ឌិត្យសភាយោធានេះ ជាកន្លែងបណ្តុះមេដឹកនាំឆ្នើមៗរបស់អាម៉េរិក។ សង្គមយើងសព្វថ្ងៃ មិនមែនត្រូវការអ្នកដឹកនាំខ្លាំងតែឯង ឬត្រូវការមេដឹកនាំខ្លាំងម្នាក់ ឬពីរនាក់ ឬបីនាក់ ឬដប់ម្ភៃនាក់ទេ តែត្រូវការមេដឹកនាំខ្លាំងក្នុងចំនួនច្រើន។
✅ គោលការណ៍ស្នូលធំបំផុតរបស់អ្នកដឹកនាំម្នាក់ៗ គឺស្រឡាញ់កិត្តិយស ហើយជីវិតអាចស្លាប់ តែមិនអាចឱ្យមានអ្នកណាប្រមាថមើលងាយបានឡើយ។ បើមនុស្សម្នាក់ចេះស្រឡាញ់កិត្តិយស ឬជាតិមួយដែលយល់ថា “ខ្លួនឯងមានកិត្តិយស” គឺត្រូវប្រឹងប្រែងដើម្បីកិត្តិយស។ បើមានអ្នកប្រមាថ ត្រូវតស៊ូការពារកិត្តិយស, បើរដ្ឋដទៃប្រមាថ ត្រូវតស៊ូការពារកិត្តិយស ទោះបូជាដោយជីវិតក្តី។ បើអ្នកដទៃប្រមាថថា “យើងល្ងង់” គឺយើងត្រូវទៅប្រឹងរៀន។ ការសិក្សារៀនសូត្រ ជាគោលការណ៍តាំងពីបុរាណដែលមានគ្រប់អរិយធម៌មនុស្សជាតិ សូម្បីតែក្នុងគម្ពីរអត្ថសាស្រ្តារបស់ឥណ្ឌា សុទ្ធតែមានគោលការណ៍ឱ្យព្រះរាជាត្រូវប្រកបដោយវិជ្ជា និងវិន័យ; សូម្បីរបៀបដឹកនាំរបស់ព្រះរាជាពែរ្យ (king of Persia) គឺបំពាក់គោលការណ៍បីប្រការដល់អ្នកដឹកនាំ គឺស្រឡាញ់ការសិក្សារៀនសូត្រ (love of learning), ស្រឡាញ់គតិបណ្ឌិត (love of wisdom), និងស្រឡាញ់កិត្តិយស (love of honor)។
✅ ចំពោះបុគ្គលខ្មែរយើងមួយចំនួនសព្វថ្ងៃ គប្បីចេះខ្មាសសេចក្តីអាក្រក់ ហើយរៀនធ្វើជាមនុស្សដែលស្រឡាញ់កិត្តិសឱ្យច្រើនជាងស្រឡាញ់អ្វីដែលមិនមែនកិត្តិយស។ គម្ពីរបុរាណ គឺគម្ពីររបស់អ្នកប្រាជ្ញឥណ្ឌា ចាណក្យៈ លោកបង្រៀនថា “ទ្រព្យសម្បត្តិ ឬមាសប្រាក់ ឬអត្ថ គឺជាឬសគល់នៃសេចក្តីល្អ” ពោលគឺបើគ្មានទ្រព្យទេ សេចក្តីល្អមិនអាចកើតឡើងបានឡើយ។ ចំណែកឯទ្រព្យសម្បត្តិនេះទៀតសោត ជាឬសគល់ធ្វើឱ្យជាតិមួយខ្លាំង ដ្បិតទ្រព្យអាចបង្កើតអំណាចទ័ពខ្លាំង ហើយទ្រទ្រង់ជាតិឱ្យរុងរឿង។” រដ្ឋដែលមិនអាចកសាងទ្រព្យបាន ងាយនឹងរដ្ឋសត្រូវវាយប្រហារកម្ទេច ឬរាស្រ្តខាងរដ្ឋខ្លួនឯងបះបោរ។ ដូច្នេះឯង ទើបព្រះរាជាដែលប្រាថ្នារាជសម្បត្តិគង់វង្ស គប្បីប្រើអំណាចកសាងជាតិឱ្យរុងរឿង តាមរយៈជួយរាស្រ្តឱ្យរុងរឿង និងប្រើទ្រព្យសម្បត្តិដែលរកបានដោយលក្ខខណ្ឌសេដ្ឋកិច្ច គឺអត្ថមកសាងអំណាចទ័ពខ្លាំង។
✅ កាលបើព្រះរាជាមួយអង្គចង់បានដូច្នេះ គប្បីរៀនសូត្រឱ្យបានច្រើន ព្រោះវិជ្ជានាំមកនូវវិន័យ ហើយវិន័យនាំឱ្យព្រះរាជអាចត្រួតត្រាព្រះអង្គឯងបាន។ កាលបើព្រះរាជាអាចគ្រប់គ្រងឥន្ទ្រិយរបស់ទ្រង់បានហើយ ទ្រង់នឹងឈ្នះសព្វយ៉ាងទាំងអស់។ បើចង់កសាងរដ្ឋរុងរឿង ប្រជាជនមានហូបចុកគ្រប់ (១) និងមានអំណាចទ័ពខ្លាំង (២) គឺត្រូវផ្តោតលើបញ្ហាសេដ្ឋកិច្ច ពោលគឺកសាសងទ្រព្យធនរបស់ជាតិ។ ដូច្នេះ ខ្ញុំមិនទាន់ចង់និយាយពី «ល្អ» នៅត្រង់ចំណុចនេះទេ តែខ្ញុំចង់ផ្តោតលើ «ខ្លាំង» ហើយខ្លាំងនេះ ពេលខ្លះ មនុស្សគប្បីត្រូវចេះយកអកុសលធម៌មកប្រើខ្លះ ដូចជាត្រូវមានមហិច្ឆតាធំ គិតពីរឿងចង់បានខាងលោកសម្ភារៈខ្លះ ពីព្រោះកាលណានិយាយពីលោកសម្ភារៈ គឺដើរផ្ទុយ ឬមានការទំនាស់ជាមួយនឹងផ្លូវទៅកាន់ «ផុតសុខផុតទុក្ខ»។
✅ តាមទ្រឹស្តីនយោបាយ រដ្ឋដែលនៅជិតខាង គឺចាត់ទុកជាសត្រូវពីធម្មជាតិ ពីព្រោះបញ្ហារដ្ឋជិតខាងនេះ ទាក់ទងនឹងទំនាស់ផលប្រយោជន៍ ដូចជាធនធាន ទឹកដីព្រំដែនជាដើម។ រីឯរដ្ឋដែលជាមិត្តពីធម្មជាតិ គឺរដ្ឋដែលនៅជាប់នឹងរដ្ឋសត្រូវយើង (ចន្លោះ ឬនៅម្ខាង)។ បើនិយាយក្នុងបរិបទយុទ្ធសាស្រ្ត បើយើងខ្សោយ គប្បីត្រូវចចារ តែបើយើងខ្លាំង គប្បីត្រូវវាយប្រហារ។ បើយើងកំពុងខ្សោយ ត្រូវទប់សង្គ្រាម ហើយងាកមកពង្រឹងខ្លួនឱ្យខ្លាំង រងចាំឱកាស។ បើឃើញសត្រូវខ្លាំង និងយើងមានកម្លាំងស្មើគ្នានឹងសត្រូវ ត្រូវរកវិធីរុកគួន ធ្វើឱ្យសត្រូវទន់ខ្សោយដោយសម្ងាត់ ដូចជាបញ្ជូនចារកម្មលួងលោមបំបែកបំបែកភាគីរដ្ឋសត្រូវ រួចចាំប្រហារ។ រដ្ឋដែលជាមិត្តពិត គឺរដ្ឋដែលនសែនឆ្ងាយពីយើង។ នេះជានយោបាយ មិនមែនសាសនាទេ។

 

Download
Previous Post Next Post