ខុសសច្ចៈមួយដង គេលែងទុកចិត្តមួយម៉ឺនដង

 «ខុសសច្ចៈមួយដង គេលែងទុកចិត្តមួយម៉ឺនដង»


សច្ចៈនិងទំនុកចិត្តត្រូវចំណាយពេលមួយជីវិតដើម្បីកសាង ប៉ុន្តែអាចរលាយបាត់ទៅវិញត្រឹមតែមួយប៉ព្រិចភ្នែក។ មនុស្សទូទៅទុកចិត្តអ្នកតាមរយៈការរក្សាពាក្យសន្យារាប់មិនអស់របស់អ្នក ប៉ុន្តែគ្រាន់តែអ្នកលេបសម្ដីត្រឹមតែមួយដង ទំនុកចិត្តនោះនឹងត្រូវប្រេះឆា។ ហើយនៅពេលដែលវាបានប្រេះឆារួចហើយ នោះចាប់ពីពេលនោះតទៅ ទោះជាអ្នកនិយាយដប់ម៉ាត់ ក៏គេនៅតែសង្ស័យទាំងដប់ម៉ាត់ដែរ។


នោះគឺជាតម្លៃដ៏ថ្លៃថ្លានៃការបាត់បង់សច្ចៈ។ វាមិនត្រឹមតែធ្វើឱ្យខូចរឿងនៅពេលនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខូចខាតដល់គ្រឹះនៃទំនុកចិត្តសម្រាប់ពេលក្រោយៗទៀតទាំងអស់។


មនុស្សលោកតែងតែមើលស្រាលការខកខានការណាត់ជួបម្តង ការនិយាយហើយមិនធ្វើមួយដង ឬការសន្យាខ្យល់មួយដង។ គេតែងគិតថារឿងតូចតាច នរណាក៏ធ្លាប់ជួបដែរ។ ប៉ុន្តែទំនុកចិត្តគឺជាកត្តាចម្លែកមួយ៖ ការកសាងគឺយឺតនិងលំបាកណាស់ ប៉ុន្តែការបំផ្លាញគឺលឿននិងងាយស្រួលបំផុត។ ស្នាមប្រេះតូចមួយនៅលើពែង មើលទៅដូចជាមិនអីទេ ប៉ុន្តែចាប់ពីពេលនោះមក នៅពេលគេកាន់វាក៏ត្រូវប្រុងប្រយ័ត្ន ព្រោះខ្លាចថាវានឹងបែក។


នៅពេលដែលគេបានឃើញអ្នកមិនរក្សាពាក្យសន្យាម្តងហើយ នោះនៅក្នុងគំនិតរបស់គេ នឹងបិទស្លាកសញ្ញាឱ្យអ្នកដោយស្វ័យប្រវត្តិថា៖ មនុស្សម្នាក់នេះនិយាយមិនប្រាកដថាធ្វើនោះទេ។ ចាប់ពីពេលនោះមក រាល់ពាក្យសម្តីដែលអ្នកនិយាយចេញមក ត្រូវតែឆ្លងកាត់ស្លាកសញ្ញានោះជាមុនសិន ទើបអាចទៅដល់បេះដូងនៃទំនុកចិត្តរបស់គេបាន។ អ្នកត្រូវចំណាយកម្លាំងកាយចិត្តច្រើនដងដើម្បីស្រោចស្រង់ទំនុកចិត្តដែលបានបាត់បង់នោះត្រឡប់មកវិញ ហើយជួនកាលពេញមួយជីវិតក៏មិនអាចត្រឡប់មកដូចដើមវិញបានដែរ។


បុរាណាចារ្យឱ្យតម្លៃខ្លាំងលើសច្ចៈបែពនេះ ទើបមានពាក្យស្លោកថា «សក្ដិសមជាសុភាពបុរស និយាយពាក្យណា គឺប្រាកដពាក្យនោះ»។ ពាក្យដែលបាននិយាយចេញមកគឺដូចជាការបោះដែកគោល គឺត្រូវតែរក្សាឱ្យដល់ទីបញ្ចប់ ទោះជាត្រូវខាតបង់យ៉ាងណាក៏មិនលេបសម្ដីដែរ។ មិនមែនមកពីពួកគេរឹងរូសនោះទេ ប៉ុន្តែមកពីពួកគេយល់ថា សច្ចៈនៅពេលដែលបាត់បង់ទៅហើយ គឺបាត់បង់ទាំងតម្លៃនៃខ្លួនឯងនៅក្នុងភ្នែករបស់អ្នកដទៃទាំងស្រុង។


មានមនុស្សខ្លះដោយសារតែផលប្រយោជន៍ចំពោះមុខ ក៏ហ៊ានខុសសច្ចៈជាមួយមនុស្សដែលទុកចិត្តខ្លួន។ ទទួលបានផលប្រយោជន៍តូចតាច ប៉ុន្តែត្រូវបាត់បង់សច្ចៈដ៏ធំធេង។ ស្មានថាខ្លួនឆ្លាត តែធាតុពិតគឺជាអំពើល្ងង់ខ្លៅបំផុត។ ព្រោះផលប្រយោជន៍នោះប្រើប្រាស់រួចគឺអស់ហើយ ប៉ុន្តែអាស្រូវនៃការខុសសច្ចៈនឹងជាប់នៅលើខ្លួន តាមលងបន្លាចដល់ទំនាក់ទំនងក្រោយៗទៀត ធ្វើឱ្យអ្នកណាក៏រារែកក្នុងការដាក់ទំនុកចិត្តលើអ្នកដែរ។


ផ្ទុយទៅវិញ មនុស្សដែលរក្សាសច្ចៈ ទៅដល់ណាក៏មានមនុស្សស្ម័គ្រចិត្តជួយជ្រោមជ្រែងដែរ។ និយាយគឺធ្វើ សន្យាគឺរក្សា ដូច្នេះមនុស្សទូទៅមានទំនុកចិត្តក្នុងការប្រគល់ការងារ និងប្រគល់សេចក្តីទុកចិត្តឱ្យ។ ទុនមួយនេះមានតម្លៃជាងប្រាក់កាសទៅទៀត ព្រោះវាបើកទ្វារដែលប្រាក់កាសមិនអាចបើកបាន ហើយវារឹងមាំជាងប្រាក់កាស ព្រោះចាយមិនចេះអស់នោះទេ។


ដូចនេះ កុំងាយស្រួលសន្យានូវអ្វីដែលអ្នកមិនប្រាកដថានឹងរក្សាបាន។ សុខចិត្តនិយាយប្រាប់មុនថាខ្លួនមិនអាចធ្វើបាន ប្រសើរជាងសន្យាឱ្យតែគាប់ចិត្តគេ រួចហើយបែរជាលេបសម្ដី។ មនុស្សទូទៅអាចនឹងខកចិត្តដោយសារតែអ្នកបដិសេធដោយត្រង់ៗ ប៉ុន្តែគេនឹងបាត់បង់ទំនុកចិត្ត ប្រសិនបើអ្នកសន្យាហើយបែរជាក្បត់ពាក្យសន្យា។


ហើយនៅពេលដែលបានសន្យាហើយ ចាប់ផ្ដើមប្រឹងប្រែងរក្សាវា ទោះជាលំបាក ឬទោះជាត្រូវខាតបង់យ៉ាងណាក៏ដោយ។ ព្រោះអ្វីដែលអ្នកកំពុងរក្សា មិនមែនត្រឹមតែជាពាក្យសន្យានោះទេ ប៉ុន្តែគឺជា «សច្ចៈសីលធម៌» នៃមនុស្សម្នាក់ទាំងមូល។


ខុសសច្ចៈមួយដង គេលែងទុកចិត្តមួយម៉ឺនដង។ មនុស្សដែលយល់ពីទម្ងន់នៃពាក្យទាំងនេះ នឹងថែរក្សាគ្រប់ពាក្យសម្តីដែលខ្លួននិយាយចេញមក មិនសន្យាផ្តេសផ្តាស និងមិននិយាយខ្យល់ឡើយ។ ព្រោះពួកគេដឹងថា ការរក្សាបាននូវសច្ចៈ គឺជារឿងដែលនៅជាប់ជាមួយខ្លួនបានយូរអង្វែងបំផុត ហើយបើបាត់បង់វា គឺបាត់បង់ឫសគល់ដើម្បីឱ្យអ្នកដទៃហ៊ានទុកចិត្តលើរូបយើង។


តើអ្នកយល់ស្របដែរឬទេថា សច្ចៈនិងទំនុកចិត្តគឺជា «អត្តសញ្ញាណ» ដ៏សំខាន់បំផុតរបស់មនុស្សម្នាក់ ហើយនៅពេលដែលវាត្រូវបាត់បង់ទៅហើយ គ្មានទ្រព្យសម្បត្តិណាមួយអាចទិញវាមកវិញបានឡើយ?

 #knowledgecambodia #Psychology #InnerPeace #MentalHealth #SelfAwareness

Previous Post Next Post