ការទទួលស្វាគមន៍មនុស្សខ្លាំងពូកែ គឺជាឫសគល់នៃការកសាងមហិច្ឆតាធំ។

 ការទទួលស្វាគមន៍មនុស្សខ្លាំងពូកែ គឺជាឫសគល់នៃការកសាងមហិច្ឆតាធំ។


បុគ្គលដែលចង់សម្រេចកិច្ចការធំ មិនអាចធ្វើឡើងដោយខ្លួនឯងតែម្នាក់បានទេ។​ ពួកគេត្រូវតែមានអ្នកប្រាជ្ញ និងមនុស្សខ្លាំងពូកែជួយជ្រោមជ្រែង។ ហើយប្រសិនបើចង់បានអ្នកប្រាជ្ញ គឺត្រូវតែចេះផ្តល់តម្លៃដល់អ្នកមានសមត្ថភាព និងចេះដាក់ខ្លួនដើម្បីស្វែងរកអ្នកប្រាជ្ញ។ បុគ្គលដែលមានចរិតអួតអាង មើលងាយអ្នកដទៃ ទោះបីជាមានមហិច្ឆតាធំប៉ុនណាក៏ដោយ ក៏គ្មាននរណាម្នាក់ដើរតាមដែរ។

 

ស្តេច ចាវ នៃនគរយ៉ាង គឺជាគំរូមួយអំពីការស្វែងរកអ្នកប្រាជ្ញខ្លាំងពូកែ។ នគរយ៉ាង នៅពេលនោះ ទើបតែត្រូវបាននគរស៊ី វាយប្រហារឱ្យខ្ទេចខ្ទី ស្ទើរតែបាត់បង់ទឹកដីទាំងស្រុង។ នៅពេលស្ដេច ចាវ ឡើងគ្រងរាជ្យ ព្រះអង្គមានមានព្រទ័យយ៉ាងមុតមាំក្នុងការសងសឹក និងលាងជម្រះភាពអាម៉ាស់ជូននគរវិញ។ ប៉ុន្តែព្រះអង្គជ្រាបច្បាស់ថា ខ្លួនព្រះអង្គតែអង្គឯង មិនអាចធ្វើកិច្ចការដ៏ធំមួយនេះបានឡើយ គឺត្រូវតែមានអ្នកប្រាជ្ញខ្លាំងពូកែ និងមានសមត្ថភាពជួយដល់ទ្រង់។

 

ព្រះអង្គបានស្វែងរកជួប លោក គួ វេ ដើម្បីសាកសួរយោបល់ដើម្បីស្វែងរកអ្នកមានសមត្ថភាពមកជួយទ្រង់។ លោក គួ វេ បានរៀបរាប់រឿងមួយ៖ កាលពីបុរាណ មានក្សត្រមួយអង្គបានចាត់មនុស្សឱ្យទៅទិញសេះទន្សាយក្រហម ប៉ុន្តែសេះដ៏មានតម្លៃនោះ មិនទាន់ទាំងទិញបានផង ក៏បានងាប់បាត់ទៅហើយ។ បុគ្គលនោះក៏បានចំណាយប្រាក់ចំនួន ៥០០ ណែនមាស ដើម្បីទិញយកឆ្អឹងសេះដែលងាប់នោះយកមកវិញ។ ព្រះរាជាខឹងសម្បារយ៉ាងខ្លាំង។ បុគ្គលនោះបានទូលថា៖ សូម្បីតែសេះងាប់ ក៏នៅតែទិញក្នុងតម្លៃខ្ពស់យ៉ាងនេះ ចុះទម្រាំតែសេះរស់? មនុស្សក្នុងលោកប្រាកដជានឹងជឿជាក់ថា ព្រះរាជាពិតជាមានព្រះទ័យស្រឡាញ់សេះពូកែយ៉ាងពិតប្រាកដ ហើយសេះល្អៗនឹងត្រូវម្ចាស់វាយកមកថ្វាយព្រអង្គជាក់ជាមិនខាន។ ប្រាកដមែន មិនទាន់បានមួយឆ្នាំផង មានសេះទន្សាយក្រហមជាច្រើនក្បាលត្រូវបានគេយកមកថ្វាយ។

រៀបរាប់ចប់ លោក គួ វេ បានទូលថា៖ ឥឡូវនេះ ប្រសិនបើព្រះអង្គចង់ស្វែងរកអ្នកប្រាជ្ញខ្លាំងពូកែ សូមចាប់ផ្តើមពីទូលបង្គំ នេះចុះ។ ទូលបង្គំ គួ វេ មិនសូវចេះដឹង ប៉ុន្តែនៅតែទទួលបានការរាប់អាន និងទុកព្រះទ័យពីព្រះអង្គ ចុះទម្រាំតែបុគ្គលទាំងឡាយដែលមានសមត្ថភាពលើសទូលបង្គំ នៅពេលបានឮដំណឹងនេះ ពួកគេប្រាកដជានឹងស្កាត់មកជួបព្រះអង្គជាមិនខាន ទោះបីជាពួកគេស្ថិតនៅចម្ងាយរាប់ពាន់យោជក៏ដោយ។

 

ស្តេច ចាវ បានធ្វើតាម ដោយបានសាងសង់ដំណាក់ ស្រោបដោយមាស ដើម្បីទទួលស្វាគមន៍ លោក គួ វេ ប្រៀបបានទៅនឹងព្រះរាជគ្រូ ។ ដំណឹងលេចឮសុសសាយ​ អ្នកប្រាជ្ញ និងអ្នកខ្លាំងពូកែមកពីបណ្តានគរនានា នៅពេលបានឮដំណឹងថានគរយ៉ាងផ្តល់តម្លៃដល់អ្នកមានសមត្ថភាពដល់កម្រិតនោះ ក៏បាននាំគ្នាមកសុំជួបគាល់ព្រះអង្គ។ នៅក្នុងចំណោមនោះ មានមេទ័ព យូ អី ដែលជាមេទ័ពដ៏ខ្លាំងពូកែ និងមានសមត្ថភាពដ៏អង់អាច។

 

ដោយសារតែមានមេទ័ព យូ អី និងមនុស្សមានសមត្ថភាពទាំងអស់នេះហើយ ដែលបានជួយស្រោចស្រង់នគរយ៉ាងពីស្ថានភាពធ្លាក់ដុនដាប បានប្រែជាខ្លាំងក្លាឡើងជាបណ្តើរៗ។ នៅពេលក្រោយមក មេទ័ព យូ អី បានដឹកនាំកងទ័ព សហការជាមួយបណ្តានគរនានា វាយប្រហារនគរស៊ីឱ្យបរាជ័យយ៉ាងធ្ងន់ធ្ងរ ដណ្តើមយកបានក្រុងជាង ៧០ និងស្ទើរតែបំផ្លាញនគរស៊ីទាំងស្រុង ហើយលាងជម្រះភាពអាម៉ាស់កាលពីឆ្នាំមុនជូននគរយ៉ាងទៀតផង។

 

អ្វីដែលបង្កើតបានជាបុព្វហេតុស្តារនគរឡើងវិញរបស់ស្តេច ចាវ នៃនគរយ៉ាង មិនមែនជាសមត្ថភាពដឹកនាំកងទ័ពផ្ទាល់ខ្លួនរបស់ទ្រង់នោះទេ ប៉ុន្តែគឺជា “ការចេះផ្តល់តម្លៃដល់មនុស្សខ្លាំងពូកែ និងការចេះដាក់ខ្លួនដើម្បីស្វែងរកអ្នកមានសមត្ថភាព។” ព្រះអង្គយល់ច្បាស់ថា ប្រសិនបើចង់បានមនុស្សខ្លាំងពូកែ ជាដំបូងខ្លួនឯងត្រូវតែបង្ហាញនូវចិត្តគោរព និងផ្តល់តម្លៃដល់ពួកគេយ៉ាងពិតប្រាកដ ហើយត្រូវស្វាគមន៍ពួកគេដោយភាពកក់ក្ដៅ។

 

មនុស្សក្នុងលោកទម្លាប់អាងលើខ្លួនឯង និងមើលងាយអ្នកដទៃ។ នៅពេលមានសមត្ថភាពបន្តិចបន្តួច មានបុណ្យស័ក្តិបន្តិចបន្តួច ក៏កើតចិត្តក្អេងក្អាង មិនកោតក្រែងអ្នកណា ហើយមិនព្រមដាក់ខ្លួនរៀនសូត្រ ឬស្វែងរកយោបល់ពីនរណាម្នាក់។ បុគ្គលបែបនោះ មនុស្សមានសមត្ថភាពនឹងមិនមកជួបទេ ហើយទោះបីជាមក ក៏មិននៅយូរដែរ ព្រោះមិនទទួលបានការឲ្យតម្លៃ។

 

ប្រសិនបើចង់ប្រមូលផ្តុំមនុស្សខ្លាំងពូកែមកនៅក្បែរខ្លួន ជាដំបូងត្រូវតែ “ចេះផ្តល់តម្លៃឲ្យអ្នកដទៃ និង ចេះដាក់ខ្លួន។” អ្នកដឹកនាំដែលអួតអាង គឺមានតែពួកបរិវារអែបអបនៅជុំវិញខ្លួនប៉ុណ្ណោះ ឯអ្នកមានសមត្ថភាពពិតប្រាកដនឹងគេចចេញឆ្ងាយ។

 

វិធីនៃការស្វែងរកអ្នកខ្លាំងពូកែរបស់ស្តេច ចាវ នៃនគរយ៉ាង មិនត្រឹមតែអាចប្រើការបាននៅក្នុងការកសាងនគរប៉ុណ្ណោះទេ ប៉ុន្តែអាចយកមកអនុវត្ដិបាននៅក្នុងកិច្ចការធំដុំទាំងអស់។ ប្រសិនបើចង់ធ្វើកិច្ចការធំ ដាច់ខាតកុំគ្រាន់តែខ្វាយខ្វល់ពីការដុសខាត់សមត្ថភាពផ្ទាល់ខ្លួន ប៉ុន្តែត្រូវតែចេះផ្តល់តម្លៃដល់មនុស្ស ចេះប្រើប្រាស់មនុស្ស និងប្រមូលផ្តុំបុគ្គលទាំងឡាយដែលពូកែជាងខ្លួនលើគ្រប់ស្ថានការណ៍។


“ឈើមួយដើម មិនអាចបង្កើតជាព្រៃបានឡើយ” ។ បុគ្គលដែលសាងបាននូវមហិច្ឆតាធំ តែងតែជាបុគ្គលដែលចេះវិធីធ្វើឱ្យមនុស្សខ្លាំងពូកែស្ម័គ្រចិត្តមកជួយខ្លួន និងស្ម័គ្រចិត្តលះបង់កម្លាំងកាយចិត្តដើម្បីខ្លួន។ ហើយឫសគល់នៃកិច្ចការនោះ គឺស្ថិតនៅលើពាក្យបួនម៉ាត់៖ “ចេះឲ្យតម្លៃ” ។ ការដែលស្តេច ចាវ នៃនគរយ៉ាង សាងសង់ដំណាក់ ស្រោបមាស ដើម្បីទទួលស្វាគមន៍អ្នកប្រាជ្ញខ្លាំងពូកែ​គឺពិតជាការកសាងនូវឫសគល់សម្រាប់បុព្វហេតុស្តារ នគរយ៉ាង យ៉ាងពិតប្រាកដ។

Download
Previous Post Next Post