[៣០] ធម្មបទសូត្រ (ធម៌ដែលជាច្បាប់ទម្លាប់ចាស់)
ម្នាលភិក្ខុទាំងឡាយ ធម្មបទ ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនបានច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបានឡើយ។ ធម្មបទ ៤ តើដូចម្តេចខ្លះ៖
១. អនភិជ្ឈា (ការមិនសំឡឹងរំពៃលើទ្រព្យអ្នកដទៃ)៖ ម្នាលភិក្ខុទាំងឡាយ គឺ អនភិជ្ឈា ជាធម្មបទ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលសមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបានឡើយ។
២. អព្យាបាទោ (ការមិនគុំកួនប៉ងបំផ្លាញអ្នកដទៃ)៖ ម្នាលភិក្ខុទាំងឡាយ គឺ អព្យាបាទ ជាធម្មបទ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលសមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបានឡើយ។
៣. សម្មាសតិ (ការរលឹកត្រូវ)៖ ម្នាលភិក្ខុទាំងឡាយ គឺ សម្មាសតិ ជាធម្មបទ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលសមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបានឡើយ។
៤. សម្មាសមាធិ (ការតាំងចិត្តមាំត្រូវ)៖ ម្នាលភិក្ខុទាំងឡាយ គឺ សម្មាសមាធិ ជាធម្មបទ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបានឡើយ។
ម្នាលភិក្ខុទាំងឡាយ ធម្មបទ ៤ យ៉ាងនេះឯង ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបានឡើយ។
‘‘អនភិជ្ឈាលុ វិហរេយ្យ, អព្យាបន្នេន ចេតសា;
សតោ ឯកគ្គចិត្តស្ស, អជ្ឈត្តំ សុសមាហិតោ’’តិ។
ភិក្ខុគប្បីជាអ្នកមិនមានអភិជ្ឈា មានចិត្តមិនប្រកបដោយព្យាបាទ បរិបូណ៌ដោយស្មារតី មានចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ មានចិត្តតាំងនៅមាំជាកណ្តាល (គឺមានចិត្តនឹងធឹងនៅក្នុងសមថៈនិងវិបស្សនា)។
