ភាគទី២ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតនៃការជជែកវែកញែករវាងព្រះសង្ឃពុទ្ធសាសនា និងគ្រូគង្វាល់គ្រិស្តសាសនានៅស្រីលង្កា គឺ «ការជជែកវែកញែកនៅបានទុរៈ» ដែលបានប្រព្រឹត្តទៅនៅឆ្នាំ ១៨៧៣។

 «ភាគទី២»


 ភាគីគ្រិស្តសាសនា៖ បានលើកឡើងថា មនុស្សគ្រប់រូបមាន «ព្រលឹងអមតៈ»ដែលបង្កើតឡើងដោយព្រះជាម្ចាស់។ នៅពេលស្លាប់ទៅ រាងកាយនឹងរលាយបាត់ ប៉ុន្តែព្រលឹងនៅរស់ដើម្បីរង់ចាំការកាត់ក្តីពីព្រះថាត្រូវទៅស្ថានសួគ៌ ឬធ្លាក់នរក។


 ភាគីពុទ្ធសាសនា (ព្រះភិក្ខុ គុណានន្ទៈ)៖ បានបដិសេធរឿងព្រលឹងថេរវេទនានេះ ដោយលើកយកទ្រឹស្តី «អនត្តា» មកពន្យល់ថា អ្វីៗគ្រប់យ៉ាងកើតឡើងពីការរួមផ្សំគ្នានៃខន្ធទាំង ៥ (រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ)។ គ្មានព្រលឹងណាមួយថេរចីរកាលនោះទេ អ្វីៗតែងតែប្រែប្រួល និងកើតរលត់មិនឈប់ឈរ។


 ភាគីគ្រិស្តសាសនា៖ បានរិះគន់ច្បាប់កម្មផលរបស់ពុទ្ធសាសនា ដោយចោទសួរថា បើមនុស្សម្នាក់ៗកើតមកមានវាសនាខុសគ្នា (អ្នកខ្លះមាន អ្នកខ្លះក្រ អ្នកខ្លះពិការ) តើអ្នកណាជាអ្នកកាត់ក្តីឱ្យផលកម្មទាំងនោះ បើគ្មានព្រះជាម្ចាស់? ពួកគេជឿថា គ្រប់យ៉ាងជាព្រះហឫទ័យ និងជាការបង្កើតរបស់ព្រះអាទិទេព។


 ភាគីពុទ្ធសាសនា៖ បានតបវិញថា សកលលោក និងវាសនារបស់មនុស្សដំណើរការទៅតាម «ច្បាប់ធម្មជាតិ ឬច្បាប់កម្មផល» (សាបព្រោះផលបែបណា ទទួលផលបែបនោះ) ដោយមិនចាំបាច់មានអ្នកបង្កើត ឬអ្នកចាំកាត់ទោសឡើយ។ ព្រះអង្គបានដេញដោលបកទៅវិញថា បើព្រះជាម្ចាស់ជាអ្នកបង្កើតលោកដោយក្តីមេត្តាករុណាពិតមែន ហេតុអ្វីបានជាព្រះអង្គបង្កើតឱ្យមានភាពអយុត្តិធម៌ ជំងឺដង្កាត់ និងទុក្ខវេទនាមកជាមួយមនុស្សលោកធ្វើអ្វី?


ភាគីគ្រិស្តសាសនា៖ បានសង្កត់ធ្ងន់ថា មនុស្សលោកសុទ្ធតែមានបាបជាប់ខ្លួន ហើយផ្លូវតែមួយគត់ដើម្បីទទួលបានការរំដោះ និងសង្គ្រោះ គឺតាមរយៈ «ជំនឿ និងការស្មោះត្រង់ចំពោះព្រះយេស៊ូវគ្រិស្ត» ដើម្បីបានទៅរស់នៅស្ថានសួគ៌ដ៏មានសុភមង្គលអស់កល្បជានិច្ច។


 ភាគីពុទ្ធសាសនា៖ បានពន្យល់ថា គ្មាននរណាម្នាក់អាចលាងបាប ឬសង្គ្រោះអ្នកដទៃបានឡើយ គឺមានតែខ្លួនឯងប៉ុណ្ណោះជាទីពឹងរបស់ខ្លួន ។ ការរំដោះទុក្ខពិតប្រាកដគឺ «ព្រះនិព្វាន» ដែលសម្រេចបានតាមរយៈការអនុវត្តអរិយសច្ចៈ និងមគ្គ៨ ដើម្បីរលត់នូវភ្លើងកិលេស (លោភៈ ទោសៈ មោហៈ) និងរួចផុតពីការវិលវល់ក្នុងសង្សារវដ្ត មិនមែនជាការទៅរស់នៅកន្លែងណាមួយជារៀងរហូតនោះទេ។


ភាគីគ្រិស្តសាសនា គ្រូគង្វាល់ ដាវីឌ ដឺ ស៊ីលវ៉ា បានលើកឡើងថា ប្រសិនបើពុទ្ធសាសនាបង្រៀនថាគ្មាន «ព្រលឹង» ថេរវេទនា (អនត្តា) ទេនោះ តើអ្វីទៅដែលទៅចាប់កំណើតថ្មី និងទទួលផលបុណ្យផលបាប? លោកបាន ថា បើគ្មានព្រលឹងច្បាស់លាស់ទេ ការធ្វើបុណ្យពិតជាគ្មានន័យឡើយ ព្រោះអ្នកធ្វើបុណ្យនៅជាតិនេះ និងអ្នកទទួលផលនៅជាតិក្រោយ នឹងក្លាយជាមនុស្សពីរនាក់ផ្សេងគ្នា។


 ភាគីពុទ្ធសាសនា ព្រះភិក្ខុ គុណានន្ទៈ បានប្រើប្រាស់ឧទាហរណ៍បំភ្លឺយ៉ាងច្បាស់ៗថា ការចាប់កំណើតថ្មីមិនមែនជាការហោះហើរនៃព្រលឹងពីខ្លួនមួយទៅខ្លួនមួយឡើយ ប៉ុន្តែវាជាកម្លាំងថាមពលនៃកម្ម និងវិញ្ញាណ (ដូចជាការអុជទៀនបន្តគ្នា គឺពន្លឺទៀនថ្មីកើតចេញពីអណ្តាតភ្លើងទៀនចាស់ ប៉ុន្តែវាមិនមែនជាអណ្តាតភ្លើងដដែលនោះទេ តែវាមានទំនាក់ទំនងគ្នាមិនដាច់)។ ព្រះអង្គបានសួរត្រឡប់ទៅវិញថា បើព្រះបង្កើតព្រលឹងមនុស្សមកស្អាតស្អំ តើហេតុអ្វីបានជាព្រលឹងខ្លះកើតមកមានគំនិតចង់ធ្វើបាបភ្លាមៗ?


ភាគីគ្រិស្តសាសនាបានព្យាយាមវាយប្រហារលើ «រឿងព្រះឥន្ទ្រ ព្រះព្រហ្ម និងលោកធាតុវិទ្យា» ក្នុងគម្ពីរពុទ្ធសាសនា ដោយចោទថាជាជំនឿមិនសមហេតុផល។ ពួកគេបានសង្កត់ធ្ងន់ថា ពិភពលោកដ៏មានសណ្តាប់ធ្នាប់នេះ មិនអាចកើតឡើងដោយឯកឯងតាមរយៈកម្មផលបានទេ គឺត្រូវតែមាន «អ្នករចនា និងអ្នកបង្កើត» ដ៏មានមហិទ្ធិឫទ្ធិ ដែលនោះគឺព្រះជាម្ចាស់។


 ភាគីពុទ្ធសាសនា ព្រះភិក្ខុ គុណានន្ទៈ បានវាយបកយ៉ាងចំៗទៅលើសីលធម៌នៃ «អ្នកបង្កើត» ។ ព្រះអង្គបានចោទសួរថា ប្រសិនបើព្រះជាម្ចាស់ជាអ្នកបង្កើតមនុស្សគ្រប់រូប និងជាព្រះដ៏មានមេត្តាករុណាបំផុត ហេតុអ្វីបានជាព្រះអង្គបង្កើតឱ្យមានមនុស្សពិការភ្នែក មនុស្សគថ្លង់ និងមនុស្សដែលត្រូវរងទុក្ខវេទនា តាំងពីដឹងក្តីមក? បើគ្រប់យ៉ាងជាបំណងរបស់ព្រះ នោះមានន័យថាព្រះជាអ្នកលំអៀង និងជាអ្នកបង្កទុក្ខទោសឱ្យមនុស្សលោក។ ដូច្នេះ ច្បាប់កម្មផល (ធ្វើខ្លួនឯង ទទួលខ្លួនឯង) គឺមានយុត្តិធម៌ និងសមហេតុផលបំផុត។


 ភាគីគ្រិស្តសាសនាបានលើកឡើងថា ព្រះពុទ្ធសាសនាជាសាសនា «ទុទិដ្ឋិនិយម» ព្រោះគិតតែពី រឿងទុក្ខ និងការរលត់ទៅសូន្យ (យល់ច្រឡំលើពាក្យនិព្វានថាជាការរលត់បាត់សូន្យឈឹង)។ ពួកគេបានអះអាងថា ការសង្គ្រោះរបស់ព្រះយេស៊ូវ គឺផ្តល់នូវជីវិតដ៏មានន័យ និងសេចក្តីសុខពិតប្រាកដនៅស្ថានសួគ៌។


 ភាគីពុទ្ធសាសនា ព្រះភិក្ខុ គុណានន្ទៈ បានពន្យល់យ៉ាងច្បាស់ថា ព្រះនិព្វានមិនមែនជាការរលត់សូន្យបាត់គ្មានសល់នោះទេ ប៉ុន្តែវាជា «ការរលត់ទៅនៃកិលេស ទុក្ខសោក និងការវិលវល់ក្នុងវាលវដ្តសង្សារ» ដែលជាសន្តិភាពដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គបានបន្ថែមថា ការពឹងផ្អែកលើអ្នកដទៃ (សុំឱ្យព្រះជួយលាងបាប) មិនអាចធ្វើឱ្យមនុស្សមានការទទួលខុសត្រូវលើទង្វើរបស់ខ្លួនឡើយ មានតែការដើរតាមផ្លូវ «មគ្គសច្ចៈ» (សីល សមាធិ បញ្ញា) ដោយខ្លួនឯងទេ ទើបជាការរំដោះទុក្ខប្រកបដោយសេរីភាព និងប្រាជ្ញាពិតប្រាកដ។

Previous Post Next Post