«ភាគទី៣»
ភាគីគ្រិស្តសាសនា គ្រូគង្វាល់ ដាវីឌ ដឺ ស៊ីលវ៉ា បានព្យាយាមពន្យល់ថា មនុស្សម្នាក់ៗត្រូវបានបង្កើតឡើងដោយមាន «ព្រលឹងអមតៈ»។ លោកបានសង្កត់ធ្ងន់ថា បើគ្មានព្រលឹងច្បាស់លាស់សម្រាប់ទទួលខុសត្រូវលើទង្វើរបស់ខ្លួនទេ នោះប្រព័ន្ធសីលធម៌ទាំងមូលនឹងត្រូវរលាយ ព្រោះគ្មាន «អ្នកទទួលខុសត្រូវ» ពិតប្រាកដចំពោះមុខច្បាប់សាសនានោះឡើយ។
ភាគីពុទ្ធសាសនា ព្រះភិក្ខុ គុណានន្ទៈ បានវែកញែកដោយផ្អែកលើច្បាប់នៃ «ហេតុនិងផល» ។ ព្រះអង្គពន្យល់ថា ដំណើរព្រឹត្តិការណ៍នៃជីវិត (សង្សារវដ្ត) មិនមែនរត់ទៅដោយសារមានព្រលឹងអមតៈឡើយ ប៉ុន្តែវាជាការតភ្ជាប់គ្នានៃកម្មវិបាក។ ព្រះអង្គបានចោទសួរត្រឡប់ទៅវិញថា ប្រសិនបើព្រលឹងត្រូវបានបង្កើតឡើងដោយព្រះដ៏បរិសុទ្ធ ហេតុអ្វីបានជាព្រលឹងខ្លះប្រែជាមានចិត្តអាក្រក់ សាហាវយង់ឃ្នងតាំងពីកំណើត? ដែលនេះសញ្ជក់ឱ្យឃើញថា ជីវិតប្រែប្រួលទៅតាមកម្មផលផ្ទាល់ខ្លួន មិនមែនដោយសារព្រលឹងថេរនោះទេ។
ភាគីគ្រិស្តសាសនា៖ ភាគីគ្រិស្តបានលើកឡើងថា ពិភពលោកដ៏ធំធេង និងមានសណ្តាប់ធ្នាប់ (មានថ្ងៃ មានយប់ មានរដូវកាល) មិនអាចកើតឡើង ឬដំណើរការទៅបានដោយគ្មាន «អ្នកបង្កើតដ៏មានមហិទ្ធិឫទ្ធិ» នោះទេ។ ពួកគេបានរិះគន់ពុទ្ធសាសនាថា ការជឿលើច្បាប់កម្មផលដោយគ្មានព្រះអាទិទេពជាអ្នកគ្រប់គ្រង គឺដូចជាការជឿលើម៉ាស៊ីនដែលដើរដោយគ្មានអ្នកបញ្ជា។
ភាគីពុទ្ធសាសនា៖ ព្រះភិក្ខុ គុណានន្ទៈ បានឆ្លើយតបយ៉ាងមុតស្រួចទៅលើទិដ្ឋភាព «យុត្តិធម៌» នៃអ្នកបង្កើត។ ព្រះអង្គបានលើកឡើងថា បើព្រះជាម្ចាស់ជាអ្នកបង្កើតលោក និងបង្កើតមនុស្សគ្រប់រូបដោយក្តីមេត្តាពិតមែន ហេតុអ្វីបានជាទ្រង់បង្កើតឱ្យមានភាពខុសគ្នាដាច់ស្រឡះរវាងមនុស្ស និងមនុស្ស? ហេតុអ្វីបានជាអ្នកខ្លះកើតមកក្នុងគំនរទ្រព្យសម្បត្តិ ខណៈអ្នកខ្លះទៀតកើតមកពិការ រងទុក្ខវេទនាយ៉ាងខ្លោចផ្សា? ព្រះអង្គសន្និដ្ឋានថា មានតែ «ច្បាប់កម្មផល» ទេ ដែលផ្តល់យុត្តិធម៌ស្មើគ្នាចំពោះសត្វលោក ពោលគឺធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ដោយមិនលំអៀង។
ភាគីគ្រិស្តសាសនា៖ បានវាយប្រហារថា ព្រះពុទ្ធសាសនាបង្រៀនឱ្យមនុស្សលះបង់គ្រប់យ៉ាង និងមើលឃើញតែសេចក្តីទុក្ខ ដែលជាទស្សនវិជ្ជាបែបអស់សង្ឃឹម ។ ម្យ៉ាងវិញទៀត ពួកគេយល់ច្រឡំថា «ព្រះនិព្វាន» គឺជាការរលត់បាត់សូន្យឈឹងគ្មានសល់អ្វីទាំងអស់ ដែលខុសពីគ្រិស្តសាសនាដែលផ្តល់នូវ «សេចក្តីសង្ឃឹម និងជីវិតដ៏មានន័យអស់កល្បជានិច្ច» នៅស្ថានសួគ៌ជាមួយព្រះ។
ភាគីពុទ្ធសាសនា៖ ព្រះភិក្ខុ គុណានន្ទៈ បានពន្យល់ពង្រឹងឡើងវិញថា ព្រះនិព្វានមិនមែនជាការបំផ្លាញខ្លួនឯងឱ្យសូន្យទទេនោះទេ ប៉ុន្តែវាជា «ការរលត់ទៅនៃភ្លើងកិលេស តណ្ហា និងសេចក្តីទុក្ខ» ដែលនាំមកនូវសន្តិភាពចិត្តដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គបានសង្កត់ធ្ងន់លើស្វ័យភាពរបស់មនុស្សជាតិថា ផ្លូវទៅកាន់ការរំដោះទុក្ខ គឺកើតចេញពីការអនុវត្តសីល សមាធិ និងបញ្ញាដោយខ្លួនឯង មិនមែនដេកដួលរង់ចាំ ឬអង្វរករឱ្យកម្លាំងខាងក្រៅមកលាងបាប ឬសង្គ្រោះជំនួសឡើយ។
ភាគីគ្រិស្តសាសនាបានលើកឡើងថា ប្រសិនបើគ្មានព្រលឹងអមតៈដែលជា «អ្នកសាងបាប» ទេ នោះការផ្សំគ្នានៃខន្ធទាំង ៥ របស់ពុទ្ធសាសនា គឺដូចជាការដំឡើងម៉ាស៊ីនមួយគ្រឿង។ នៅពេលម៉ាស៊ីននោះខូច ហើយទៅបង្កើតម៉ាស៊ីនថ្មីមួយទៀត ម៉ាស៊ីនថ្មីមិនត្រូវទទួលខុសត្រូវលើទង្វើរបស់ម៉ាស៊ីនចាស់ឡើយ។ ពួកគេចោទថា នេះជាការបង្រៀនឱ្យមនុស្សរួចខ្លួនពីបាបកម្ម។
ព្រះភិក្ខុ គុណានន្ទៈ បានពន្យល់អំពី «បដិច្ចសមុប្បាទ» និងកម្លាំងនៃ «កម្មសង្ខារ»។ ព្រះអង្គបានលើកឧទាហរណ៍ជាក់ស្តែងថា ដូចជាកូនក្មេងម្នាក់ដែលបានរៀនសូត្រអក្សរសាស្ត្រតាំងពីតូច រហូតដល់ធំដឹងក្តីក្លាយជាមនុស្សចាស់ មនុស្សចាស់នោះមិនមែនជាកូនក្មេងកាលពី ៥០ ឆ្នាំមុនទាំងស្រុងទេ (រូបរាងកាយប្រែប្រួលអស់) ប៉ុន្តែចំណេះដឹង និងការចងចាំនៅតែបន្តមក។ ដូចគ្នានេះដែរ ទោះបីគ្មានព្រលឹងថេរ តែខ្សែញាណនៃកម្ម និងវិញ្ញាណនៅតែតភ្ជាប់បន្តរវាងជាតិចាស់ និងជាតិថ្មីដោយមិនដាច់ឡើយ។
ភាគីគ្រិស្តបានដេញដោលថា ច្បាប់កម្មផលរបស់ពុទ្ធសាសនាខ្វះ «យន្តការគ្រប់គ្រង»។ ពួកគេសួរថា បើគ្មានព្រះអាទិទេពចាំកាត់សេចក្តី តើថាមពលកម្មផលដឹងដោយរបៀបណាថាត្រូវផ្តល់ផលល្អឱ្យអ្នកនេះ ឬដាក់ទោសអ្នកនោះនៅពេលណា និងទីកន្លែងណា? ពួកគេអះអាងថា ត្រូវតែមាន «ចិត្តគំនិតដ៏មានអំណាច» របស់ព្រះជាម្ចាស់ ទើបអាចគ្រប់គ្រងសកលលោកទាំងមូលបាន។
ព្រះភិក្ខុ គុណានន្ទៈ បានពន្យល់ថា ច្បាប់កម្មផលគឺជា «និយាមធម៌» ដូចជាច្បាប់ទំនាញផែនដី ឬច្បាប់រូបវិទ្យា ដែលដំណើរការដោយស្វ័យប្រវត្តិ មិនចាំបាច់មានបុគ្គលណាទាញខ្សែបញ្ជាឡើយ។ ព្រះអង្គបានដេញបកទៅលើរឿង «សេចក្តីក្រោធរបស់ព្រះ» នៅក្នុងគម្ពីរចាស់ ដោយសួរថា បើព្រះជាម្ចាស់ជាអ្នកបង្កើតលោកដ៏ល្អឥតខ្ចោះ ហេតុអ្វីបានជាទ្រង់មានចិត្តខឹងសម្បារ ហួងហែង និងដាក់ទោសទណ្ឌមនុស្សលោកយ៉ាងសាហាវឃោរឃៅ (ដូចជារឿងទឹកជំនន់លិចលោក)? នេះសញ្ជក់ថា គំនិតរឿងព្រះបង្កើតលោក មានភាពទាស់ទែងគ្នាក្នុងខ្លួនឯង។
ភាគីគ្រិស្តសាសនាបានចោទប្រកាន់ថា គោលដៅចុងក្រោយរបស់ពុទ្ធសាសនា (ព្រះនិព្វាន) គឺជា «ឧត្តមគតិអាត្មានិយម» ព្រោះព្រះសង្ឃគិតតែពីការរត់គេចពីទុក្ខម្នាក់ឯង ទៅរកភាពសូន្យទទេ មិនបានជួយកសាងសង្គម ឬផ្តល់សេចក្តីស្រឡាញ់ដល់អ្នកដទៃដូចជាការបង្រៀនរបស់ព្រះយេស៊ូវឡើយ។
ព្រះភិក្ខុ គុណានន្ទៈ បានពន្យល់បំភ្លឺថា ព្រះនិព្វានមិនមែនជាភាពសូន្យទទេ ឡើយ ប៉ុន្តែវាជាសភាវៈរួចផុតពីកិលេស ដែលពោរពេញដោយ «មេត្តា និងករុណា» ដ៏បរិសុទ្ធ។ ព្រះអង្គបានលើកឡើងថា ផ្លូវរបស់ពុទ្ធសាសនាផ្តល់តម្លៃដល់សេរីភាពខាងបញ្ញារបស់មនុស្ស។ ការដែលមនុស្សម្នាក់ព្យាយាមធ្វើខ្លួនឯងឱ្យបរិសុទ្ធ មិនមែនជាការអាត្មានិយមទេ ប៉ុន្តែជាការកាត់បន្ថយការបៀតបៀនដល់លោកទាំងមូល។ ផ្ទុយទៅវិញ ការរង់ចាំតែការសង្គ្រោះពីព្រះ អាចធ្វើឱ្យមនុស្សទន់ជ្រាយ និងខ្វះការអភិវឌ្ឍសមត្ថភាពខាងផ្លូវចិត្តរបស់ខ្លួនឯង។
