អប្បស្សុតសូត្រ (បុគ្គល ៤ ពួក ខាងការចេះដឹង)

 #សិក្សាបិដក៤២

[៦] អប្បស្សុតសូត្រ (បុគ្គល ៤ ពួក ខាងការចេះដឹង)

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក​។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ៖

១. អប្បស្សុតោ សុតេន អនុបបន្នោ (ចេះតិច មិនប្រកបដោយការចេះដឹង)៖ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ (អង្គ ៩) មាន សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ[1] មានប្រមាណតិចដល់បុគ្គលខ្លះ បុគ្គលនោះមិនដឹងអត្ថ មិនដឹងធម៌ នៃពុទ្ធវចនៈដ៏តិចនោះ ហើយ មិនប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ (គឺទ្រុស្តសីល)​។

២. អប្បស្សុតោ សុតេន ឧបបន្នោ (ចេះតិច តែប្រកបដោយការចេះដឹង)៖ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈមានប្រមាណតិចដល់បុគ្គលខ្លះ បុគ្គលនោះ ដឹងច្បាស់នូវអត្ថ និងធម៌ នៃពុទ្ធវចនៈដ៏តិចនោះ ហើយ ប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ (គឺមានសីលបរិសុទ្ធ)​។

៣. ពហុស្សុតោ សុតេន អនុបបន្នោ (ចេះច្រើន តែមិនប្រកបដោយការចេះដឹង)៖ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈមានប្រមាណច្រើនដល់បុគ្គលខ្លះ បុគ្គលនោះមិនដឹងអត្ថ មិនដឹងធម៌ នៃពុទ្ធវចនៈដ៏ច្រើននោះ ហើយ មិនប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ (គឺទ្រុស្តសីល)​។

៤. ពហុស្សុតោ សុតេន ឧបបន្នោ (ចេះច្រើន ហើយប្រកបដោយការចេះដឹង)៖ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈមានប្រមាណច្រើនដល់បុគ្គលខ្លះ បុគ្គលនោះ ដឹងច្បាស់នូវអត្ថ និងធម៌ នៃពុទ្ធវចនៈដ៏ច្រើននោះ ហើយ ប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ (គឺមានសីលបរិសុទ្ធ)​។

គាថាពន្យល់

‘‘អប្បស្សុតោបិ ចេ ហោតិ,       សីលេសុ អសមាហិតោ;

ឧភយេន នំ គរហន្តិ,              សីលតោ ច សុតេន ច។’’

បើបុគ្គលមានសេចក្តីចេះដឹងតិច ទាំងមិនបានឋិតនៅក្នុងសីល អ្នកប្រាជ្ញទាំងឡាយរមែងតិះដៀលបុគ្គលនោះ ដោយហេតុទាំង ២ គឺ សីល ១ និងសេចក្តីចេះដឹង ១​។

‘‘អប្បស្សុតោបិ ចេ ហោតិ,       សីលេសុ សុសមាហិតោ;

សីលតោ នំ បសំសន្តិ,            តស្ស សម្បជ្ជតេ សុតំ។’’

បើបុគ្គលមានសេចក្តីចេះដឹងតិច តែឋិតនៅខ្ជាប់ខ្ជួនក្នុងសីល អ្នកប្រាជ្ញទាំងឡាយតែងសរសើរបុគ្គលនោះ ដោយសីល ប៉ុន្តែសេចក្តីចេះដឹងមិនសម្រេចដល់បុគ្គលនោះទេ​។

‘‘ពហុស្សុតោបិ ចេ ហោតិ,       សីលេសុ អសមាហិតោ;

សីលតោ នំ គរហន្តិ,              នាស្ស សម្បជ្ជតេ សុតំ។’’

បើបុគ្គលមានសេចក្តីចេះដឹងច្រើន តែមិនឋិតនៅក្នុងសីល អ្នកប្រាជ្ញទាំងឡាយរមែងតិះដៀលបុគ្គលនោះ ដោយសីល ប៉ុន្តែសេចក្តីចេះដឹងតែងសម្រេចដល់បុគ្គលនោះ​។

‘‘ពហុស្សុតោបិ ចេ ហោតិ,       សីលេសុ សុសមាហិតោ;

ឧភយេន នំ បសំសន្តិ,            សីលតោ ច សុតេន ច។’’

បើបុគ្គលមានសេចក្តីចេះដឹងច្រើន ទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសីល អ្នកប្រាជ្ញទាំងឡាយរមែងសរសើរបុគ្គលនោះ ដោយហេតុទាំង ២ គឺ សីល ១ និងសេចក្តីចេះដឹង ១​។

‘‘ពហុស្សុតំ ធម្មធរំ,       សប្បញ្ញំ ពុទ្ធសាវកំ;

នេក្ខំ ជម្ពោនទស្សេវ,     កោ តំ និន្ទិតុមរហតិ;

ទេវាបិ នំ បសំសន្តិ,      ព្រហ្មុនាបិ បសំសិតោ’’តិ។

អ្នកណាគួរនិន្ទាបុគ្គលអ្នកមានសេចក្តីចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រកបដោយបញ្ញា ជាពុទ្ធសាវ័កនោះ ដែលដូចជា ដុំនៃមាសជម្ពូនទ បាន? ទេវតានិងមនុស្សទាំងឡាយ រមែងសរសើរបុគ្គលនោះ សូម្បីព្រហ្ម ក៏សរសើរដែរ​។


[1] សុត្តៈ (សូត្រនានា), គេយ្យៈ (សូត្រមានគាថា), វេយ្យាករណៈ (អភិធម្ម និងពាក្យសម្រាយ), គាថា (ធម្មបទជាដើម), ឧទានៈ (ពុទ្ធឧទាន), ឥតិវុត្តកៈ (ពាក្យយោងថា ព្រះអង្គត្រាស់ទុក), ជាតកៈ (រឿងអតីតជាតិ), អព្ភូតធម្មៈ (រឿងអស្ចារ្យ), វេទល្លៈ (សូត្របែបសាកសួរដេញដោល)​។

ប្រតិបត្តិមិនសមគួរ៖ បានដល់បុថុជ្ជនដែលទ្រុស្តសីល​។

ប្រតិបត្តិសមគួរ៖ បានដល់ព្រះខីណាស្រព (ព្រះអរហន្ត) ឬអ្នកមានសីលដ៏បរិសុទ្ធ​។

Previous Post Next Post