សសបណ្ឌិតជាតក (រឿងទន្សាយពោធិសត្វឱ្យទានបរមត្ថបារមី)
🌕ព្រះសាស្ដា កាលស្ដេចគង់នៅ វិហារជេតវន ទ្រង់ប្រារព្ធ ការថ្វាយបរិក្ខារគ្រប់យ៉ាង ទើបត្រាស់ព្រះធម្មទេសនានេះ មានផ្ដើមថា សត្ត មេ រោហិតា មច្ឆា ដូច្នេះជាដើម ។
បានឮថា ក្នុងក្រុងសាវត្ថី មានកុដុម្ពិកៈម្នាក់ត្រៀមការថ្វាយបរិក្ខារទាន គ្រប់យ៉ាង ដល់ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន បានឲ្យគេសាងមណ្ឌប ត្រង់ទ្វារផ្ទះ ហើយនិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធ ជាប្រធាន ឲ្យគង់លើអាសនៈដ៏ប្រសើរ ក្នុងមណ្ឌប ដែលបានចាត់ចែងល្អហើយ បានថ្វាយទានដ៏ប្រណីត មានរសដ៏ល្អផ្សេងៗ ហើយនិមន្តឲ្យឆាន់រហូត ៧ ថ្ងៃ ក្នុងថ្ងៃទី ៧ បានថ្វាយបរិក្ខារទាំងពួង ដល់ភិក្ខុ ៥០០ មានព្រះពុទ្ធជាប្រធាន ។ ក្នុងវេលាធ្វើភត្តកិច្ចហើយ ព្រះសាស្ដា កាលទ្រង់នឹងធ្វើអនុមោទនា ទើបត្រាស់ថា ម្នាលឧបាសក
អ្នកគួរធ្វើបីតិសោមនស្សចុះ ឈ្មោះថា ទាននេះជាវង្ស
របស់បោរាណបណ្ឌិត ទាំងឡាយ ព្រោះថា បោរាណ
បណ្ឌិតទាំងឡាយបានបរិច្ចាគជីវិត ដល់យាចក អ្នកមកដល់ចំពោះមុខ សូម្បីជីវិតរបស់ខ្លួនក៏បានឲ្យហើយ ។ ឧបាសកនោះ ក៏ក្រាលទូល អារាធនា ទើបទ្រង់នាំអតីតនិទានមកជាសាធកៈដូចតទៅថា
ក្នុងកាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជក្នុងក្រុងពារាណសី ។ កាលនោះព្រះសម្ពុទ្ធបរមគ្រូ ទ្រង់សោយព្រះជាតិជាសត្វទន្សាយ នៅអាស្រ័យក្នុងដងព្រៃមួយ ក្នុងព្រៃនោះមានស្វា១ ចចក១ ភេ១ ជាសំឡាញ់នឹងគ្នា បាននៅរួមជាមួយនឹងទន្សាយ សុទ្ធតែជាបណ្ឌិតគឺសត្វចេះដឹង តែងនាំគ្នាស្វែងរកអាហារតាមគោចរស្ថានរៀងៗខ្លួន ដល់ពេលល្ងាចទើបមកជួបជុំគ្នា ។ ចំណែកសសបណ្ឌិតគឺទន្សាយ តែងពន្យល់ធម៌ដល់សត្វទាំងបីថា អ្នករាល់គ្នាត្រូវធ្វើទាន រក្សាសីលធ្វើឧបោសថកម្មកុំបីខាន ។ សត្វទាំងបីក៏ព្រមទទួលប្រតិបត្តិឱវាទរបស់ទន្សាយគ្រប់ៗគ្នា ។
ថ្ងៃមួយទន្សាយក្រឡេកមើលទៅព្ធដ៏អាកាស បានឃើញព្រះចន្ទ្ររះពេញវង់ ភ្លឺស្វាងទែងក្នុងនភាល័យ ក៏ដឹងច្បាស់ថាស្អែកនេះជាថ្ងៃឧបោសថ ទើបហៅសត្វទាំងបីមកប្រាប់ថា នែ! សំឡាញ់ស្អែកនេះជាថ្ងៃឧបោសថ អ្នកទាំងអស់គ្នាត្រូវរក្សាឧបោសថហើយឲ្យទានផង ព្រោះការរក្សាសីលហើយឲ្យទាន តែងបានផលច្រើន ។
សត្វទាំងបីនោះព្រមទទួលធ្វើតាម លុះព្រឹកឡើង ភេ បានកំណត់សីលក្នុងចិត្តហើយ ក៏ត្រាច់ទៅរកចំណីក្បែរឆ្នេរគង្គានទីបានឃើញត្រីថ្ពិន ៧ ដែលព្រានសន្ទូចដោតជាចង្កោមកប់ទុកក្នុងគំនរខ្សាច់ ក៏បន្លឺ នូវសំឡេងបីដងថា ត្រីនេះមានម្ចាស់ឬទេ? កាលបើមិនឃើញម្ចាស់ហើយ ក៏ពាំត្រីនោះទៅទុកក្នុងលំនៅរបស់ខ្លួន រង់ចាំកាលគួរនឹងបរិភោគ ក៏ដេកពិចារណាសីលរបស់ខ្លួនទៅ ។
ឯចចកចេញទៅរកអាហារ បានប្រទះឃើញសាច់ទន្សងឆ្អើរមួយចង្កាក់នឹងទធិមួយដបដែលអ្នកស្រែម្នាក់ដាក់ក្នុងខ្ទម ក៏ស្រែកបន្លឺបីដងថា របស់នេះមានម្ចាស់ឬទេ ? កាលបើមិនឃើញម្ចាស់ហើយ ក៏ពាំយកទៅទុកក្នុងលំនៅរបស់ខ្លួន រង់ចាំកាលគួរនឹងបរិភោគ ក៏ដេកពិចារណាសីលរបស់ខ្លួនទៅ ។
ឯស្វា ក៏បានចូលទៅក្នុងព្រៃរកបេះបានផ្លែស្វាយទុំមួយ យកទៅទុកក្នុងលំនៅរបស់ខ្លួន រង់ចាំកាលគួរនឹងបរិភោគ ក៏ដេកពិចារណាមើលសីលរបស់ខ្លួនទៅ ។
ឯទន្សាយបណ្ឌិត បានគិតថា ចាំដល់ពេលស្រួលអញចេញទៅស៊ីស្មៅ ប៉ុន្តែបើមានស្មូមយាចក មកកាន់សំណាក់អញ ៗ គ្មានអ្វីឲ្យទេ សូម្បីតែអង្ករ និងល្ងរក៏គ្មានដែរ បើប្រសិនជាមានស្មូមយាចកមកសុំមែន អញឲ្យសរីរៈរបស់អញទាំងមូលនេះជាទាន ។ ដោយតេជៈសីលនិងទានចេតនារបស់ទន្សាយបណ្ឌិត ដែលកើតមានពិតក្នុងចិត្ត ក៏ក្តៅដល់អាសនៈរបស់សក្កទេវរាជ ។
លំដាប់នោះសក្កទេវរាជ បានពិចារណាជ្រាបហេតុសព្វគ្រប់ហើយ ទើបចង់ល្បងមើលសីលនិងទានរបស់ទន្សាយបណ្ឌិត ក៏និម្មិតខ្លួនជាព្រហ្មណ៍ចាស់ ដើរចូលកន្លែង ភេ ជាមុន ភេបានឃើញឥន្ទព្រាហ្មណ៍នោះហើយ ក៏សួរថា តាអញ្ជើញមកមានការអ្វី ? ។ ឥន្ទព្រាហ្មណ៍ប្រាប់ថា ខ្ញុំមកនេះប្រាថ្នារកអាហារ បើប្រសិនជាបានបន្តិចបន្តួច ខ្ញុំបរិភោគហើយនិងរក្សាសីលនៅក្នុងទីនេះ ។ ភេឆ្លើយថា ប្រពៃហើយលោកតា ថ្ងៃនេះខ្ញុំបានត្រីថ្ពិន ៧ ដែរ សូមលោកតាពិសាចុះ ។
ឥន្ទព្រាហ្មណ៍ទទួលផ្ញើទុកហើយក៏ហួសទៅលំនៅចចកទៀត ។ ចចកបានឃើញហើយ ក៏បាននិយាយរាក់ទាក់នឹងឥន្ទព្រាហ្មណ៍ថា លោកតាថ្ងៃនេះខ្ញុំបានសាច់ទន្សងឆ្អើរមួយចង្កាក់ និងទធិមួយដង សូមលោកតាពិសាហើយនៅធ្វើសមណធម៌ក្នុងទីនេះចុះ ។
ឥន្ទព្រាហ្មណ៍គ្រាន់តែនិយាយទទួលអំណរហើយ ហួសទៅលំនៅរបស់ស្វាទៀត ។ ស្វាបានឃើញហើយ ក៏និយាយរាក់ទាក់គួរសមនឹងឥន្ទព្រាហ្មណ៍ថា ថ្ងៃនេះខ្ញុំមានតែស្វាយទុំមួយ និងទឹកត្រជាក់ទេ សូមអញ្ជើញលោកតាពិសាហើយ នៅធ្វើសមណធម៌ក្រោមម្លម់ឈើជាទីរីករាយនេះចុះ ។
ឥន្ទព្រាហ្មណ៍ គ្រាន់តែរាក់ទាក់ទទួលអំណរហើយ ហួសទៅលំនៅរបស់ទន្សាយបណ្ឌិតទៀត ។ លុះទៅ ដល់ហើយ ក៏និយាយរៀបរាប់អំពីសេចក្តីត្រូវការចង់បរិភោគអាហារ និងនៅរក្សាឧបោសថសីលប្រាប់ដល់ទន្សាយបណ្ឌិត ។ ឯទន្សាយបណ្ឌិតបានឮដូច្នេះហើយ ក៏និយាយថា តាព្រាហ្មណ៍អើយ តាអញ្ចើញមកកាន់សំណាក់ខ្ញុំប្រពៃណាស់ហើយ ខ្ញុំនឹងបានឲ្យទានដែលខ្ញុំមិនធ្លាប់បានឲ្យ ប៉ុន្តែបើលោកតាអ្នករក្សាសីល តមមិនធ្វើបាណាតិបាត ចូរតាទៅរកឧសបង្កាត់ភ្លើងហើយមកប្រាប់ដល់ខ្ញុំ ៗ នឹងលោតទម្លាក់ខ្លួនត្រង់កណ្តាលរងើកភ្លើងនោះ បើសាច់ខ្ញុំឆ្អិនល្មមហើយ សូមលោកតាពិសាហើយធ្វើសមណធម៌ចុះ ។
វេលានោះឥន្ទព្រាហ្មណ៍បានបង្កាត់ភ្លើងដោយឫទ្ធិរបស់ខ្លួនឆេះសន្ធោរសន្ធៅហើយ មកប្រាប់ដល់ទន្សាយបណ្ឌិត ៗ ក៏ដើរទៅឈរជិតគំនរភ្លើងនោះនិយាយថាប្រសិនបើមានសត្វល្អិតជ្រកនៅត្រង់ចន្លោះរោមរបស់យើង សុំកុំឲ្យស្លាប់ រលាស់ខ្លួនបីដងហើយ ក៏លោតទៅក្នុងគំនរភ្លើងដោយចិត្តរីករាយដូចជារាជហង្ស ចុះទំលើគំនរផ្កាឈូកក្រហម គួរអស្ចារ្យពេកណាស់ សូម្បីតែរោមមួយ ក៏មិនឆេះឡើយ ត្រជាក់ដូចជាលោតចូលទៅក្នុងគំនរទឹកសន្សើម ។
លំដាប់នោះទន្សាយសួរឥន្ទព្រាហ្មណ៍ថា តាអើយភ្លើងនេះក៏ត្រជាក់ម្លេះ ? ។ ឥន្ទព្រាហ្មណ៍ឆ្លើយថា ចៅអើយ តាមិនមែនជាព្រាហ្មណ៍ទេ គឺជាព្រះឥន្ទ្រ ខ្ញុំមកនេះដោយចង់ល្បងមើលសីល និងទានរបស់អ្នកទេតើ!។ ទន្សាយបណ្ឌិត បានបន្លឺសីហនាទតបថា បពិត្រទេវរាជ កុំថាឡើយព្រះអង្គម្នាក់ឯង បើទុកជាលោកសន្និវាសទាំងមូល មកចង់ល្បងមើលទានរបស់ខ្ញុំក៏ដោយ ត្រង់របស់ខ្ញុំមិនចង់ឲ្យមិនមានទេ។
លំដាប់នោះសក្កទេវរាជពោលថា ម្នាលទន្សាយបណ្ឌិត គុណរបស់អ្នកចូរតាំងនៅអស់មួយកប្ប កុំឲ្យរលុបបាត់ឡើយ ទើបចាប់ថ្មភ្នំដោយទេវនុភាព ច្របាច់ពួតយកជ័រទៅគូរជារូបទន្សាយភ្ជាប់នឹងមណ្ឌលព្រះចន្ទ្រ ហើយត្រឡប់ទៅកាន់ទេវលោកវិញ។
ឯសត្វទាំង ៤ ក៏នាំគ្នារក្សាសុចរិតធម៌ ដរាបដល់អស់អាយុ បានទៅកើតក្នុងទេវលោកទាំងអស់គ្នា។
ព្រះសាស្ដា បាននាំព្រះធម្មទេសនានេះ មកហើយ ទើបទ្រង់ប្រកាសសច្ចៈ ប្រជុំជាតក ក្នុងទីបំផុតនៃការប្រកាសសច្ចៈ គហបតីអ្នកថ្វាយបរិក្ខារ គ្រប់ យ៉ាង បានតាំងនៅក្នុងសោតាបត្តិផល ។
-ភេក្នុងកាលនោះ បានមកជាមហាអានន្ទ
-ចកកក្នុងកាលនោះ បានមកជាមោគ្គល្លាន
-ស្វាក្នុងកាលនោះ បានមកជាសារីបុត្រ
-សក្កទេវរាជក្នុងកាលនោះ បានមកជាអនុរុទ្ធ
-ចំណែកសសបណ្ឌិត គឺតថាគត នេះឯង ។
ចប់សសបណ្ឌិតជាតក
📚(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត
បុចិមន្ទវគ្គ បិដកលេខ ៥៨ ទំព័រ ២០២)🪷🌺🌸🌷🕯️🙏
#រូបភាព #ព្រះពុទ្ធសាសនា #ព្រះធម៌អប់រំចិត្ត #ព្រះពុទ្ធ #ព្រះធម៌ #ព្រះសង្ឃ #រឿងនិទាន #កម្ពុជា #ព្រះអង្គវនវាសី #៥០០០ឆ្នាំ
ព្រះសង្ឃសាវក ព្រះមានព្រះភាគ ភិក្ខុភទ្ទបណ្ឌិតោ ផូ សុភ័ក្រ្ត ភិក្ខុ ផូ សុភ័ក្ដ្ត្រ Pho Sopheak អ្នកតាមដាន
DownloadDownload







