[១២] សីលសូត្រ
ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ៖
បរិបូណ៌ដោយសីល
បរិបូណ៌ដោយបាតិមោក្ខ
សង្រួមក្នុងបាតិមោក្ខសំវរៈ
បរិបូណ៌ដោយអាចារៈនឹងគោចារៈ
ឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច
សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។
ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ បរិបូណ៌ដោយសីល បរិបូណ៌ដោយបាតិមោក្ខ សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ តើគប្បីមានកិច្ចអ្វីដែលគួរធ្វើឱ្យក្រៃលែងឡើងទៀត។
ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ៖
១. ចរតោ ចេបិ (ដល់ភិក្ខុកំពុងដើរ)៖ ប្រសិនបើភិក្ខុកាលដើរ មានអភិជ្ឈា និងព្យាបាទទៅប្រាសហើយ មានសេចក្តីងងុយ និងងោកងក់ លះបង់ហើយ មានសេចក្តីរវើរវាយនិងសេចក្តីរំខានចិត្ត លះបង់ហើយ មានសេចក្តីសង្ស័យលះបង់ហើយ មានព្យាយាមប្រារព្ធហើយមិនបានរួញរា មានស្មារតីប្រុងខ្ជាប់មិនបានវង្វេងភ្លេច មានកាយស្ងប់រម្ងាប់មិនបានក្រវល់ក្រវាយ មានចិត្តតម្កល់មាំនៅក្នុងអារម្មណ៍តែមួយ ភិក្ខុនោះឈ្មោះថា មានព្យាយាមដុតកំដៅកិលេស (អាតប្បី) មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាមប្រារព្ធហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានជានិច្ច។
២. ឋិតស្ស ចេបិ (ដល់ភិក្ខុកំពុងឈរ)៖ ប្រសិនបើភិក្ខុឈរ មានអភិជ្ឈា និងព្យាបាទទៅប្រាសហើយ... មានស្មារតីប្រុងខ្ជាប់មិនបានវង្វេងភ្លេច មានកាយស្ងប់រម្ងាប់មិនបានក្រវល់ក្រវាយ មានចិត្តតម្កល់មាំនៅក្នុងអារម្មណ៍តែមួយ ភិក្ខុនោះឈ្មោះថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាមប្រារព្ធហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានជានិច្ច។
៣. និសិន្នស្ស ចេបិ (ដល់ភិក្ខុកំពុងអង្គុយ)៖ ប្រសិនបើភិក្ខុអង្គុយ មានអភិជ្ឈានិងព្យាបាទទៅប្រាសហើយ... មានស្មារតីប្រុងខ្ជាប់មិនបានវង្វេងភ្លេច មានកាយស្ងប់រម្ងាប់មិនបានក្រវល់ក្រវាយ មានចិត្តតម្កល់មាំនៅក្នុងអារម្មណ៍តែមួយ ភិក្ខុនោះឈ្មោះថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាមប្រារព្ធហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានជានិច្ច។
៤. សយានស្ស ចេបិ (ដល់ភិក្ខុកំពុងដេក ភ្ញាក់រលឹក)៖ ប្រសិនបើភិក្ខុកំពុងដេក កំពុងភ្ញាក់រលឹក មានអភិជ្ឈានិងព្យាបាទទៅប្រាសហើយ... មានស្មារតីប្រុងខ្ជាប់មិនបានវង្វេងភ្លេច មានកាយស្ងប់រម្ងាប់មិនបានក្រវល់ក្រវាយ មានចិត្តតម្កល់មាំនៅក្នុងអារម្មណ៍តែមួយ ភិក្ខុនោះឈ្មោះថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាមប្រារព្ធហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានជានិច្ច។
‘‘យតំ ចរេ យតំ តិដ្ឋេ, យតំ អច្ឆេ យតំ សយេ;
យតំ សមិញ្ជយេ ភិក្ខុ, យតមេនំ បសារយេ។
ភិក្ខុគប្បី ដើរសង្រួម ឈរសង្រួម អង្គុយសង្រួម ដេកសង្រួម គប្បីបត់នូវអវយវៈតូចធំសង្រួម គប្បីលានូវអវយវៈតូចធំនុ៎ះសង្រួម។
‘‘ឧទ្ធំ តិរិយំ អបាចីនំ, យាវតា ជគតោ គតិ;
សមវេក្ខិតា ច ធម្មានំ, ខន្ធានំ ឧទយព្ពយំ។
‘‘ចេតោសមថសាមីចិំ, សិក្ខមានំ សទា សតំ;
សតតំ បហិតត្តោតិ, អាហុ ភិក្ខុំ តថាវិធ’’ន្តិ។
គតិនៃសត្វលោក ទាំងខាងលើ កណ្តាល និងខាងក្រោម[1] មានកំណត់ត្រឹមណា អ្នកប្រាជ្ញទាំងឡាយ ពិចារណាឃើញនូវកិរិយាកើតឡើងនិងវិនាសទៅនៃធម៌ គឺខន្ធទាំងឡាយ មានកំណត់ត្រឹមណោះ ទើបពោលថា ភិក្ខុមានសភាពដូច្នោះ ជាអ្នកសិក្សានូវបដិបទាដ៏សមគួរ ដល់នូវសេចក្តីស្ងប់រម្ងាប់ចិត្ត មានសតិសព្វកាល ឈ្មោះថា ជាអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានជានិច្ច។
[1] បានដល់បញ្ចក្ខន្ធជាអតីត បច្ចុប្បន្ន និងអនាគត។ (អដ្ឋកថា)







