ចរវគ្គ

 ចរវគ្គ

[១១] ចរសូត្រ

ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ កាមវិតក្កៈ (សេចក្តីត្រិះរិះក្នុងកាម) ក្តី ព្យាបាទវិតក្កៈ (សេចក្តីត្រិះរិះក្នុងការព្យាបាទ) ក្តី វិហឹសាវិតក្កៈ (សេចក្តីត្រិះរិះក្នុងកាបៀតបៀន) ក្តី កើតឡើងដល់ភិក្ខុ៖

១. ចរតោ ចេបិ (កំពុងដើរ)៖ បើភិក្ខុ តាំងចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឱ្យអស់ទៅ មិនឱ្យដល់នូវសេចក្តីវិនាសទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដើរ មានសភាពយ៉ាងនេះ ហៅថា អនាតាបី (មិនមានព្យាយាមដុតកំដៅកិលេស) អនោត្តាបី (មិនខ្លាចពាក្យតិះដៀល) សតតំ សមិតំ កុសីតោ ហីនវីរិយោ (ជាអ្នកខ្ជិលច្រអូស មានព្យាយាមថោកថយ ជានិច្ចនិរន្តរ៍)។

២. ឋិតស្ស ចេបិ (កាលកំពុងឈរ)៖ បើភិក្ខុ តាំងចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឱ្យអស់ទៅ មិនឱ្យដល់នូវសេចក្តីវិនាសនូវវិតក្កៈទាំងនោះទេ ភិក្ខុនោះឈ្មោះថា មិនមានព្យាយាមដុតកំដៅកិលេស មិនខ្លាចពាក្យតិះដៀល ខ្ជិលច្រអូស និងមានព្យាយាមថោកថយជានិច្ចនិរន្តរ៍​​។

៣. និសិន្នស្ស ចេបិ (កាលកំពុងអង្គុយ)៖ បើភិក្ខុ តាំងចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឱ្យអស់ទៅ មិនឱ្យដល់នូវសេចក្តីវិនាសនូវវិតក្កៈទាំងនោះទេ ភិក្ខុនោះឈ្មោះថា មិនមានព្យាយាមដុតកំដៅកិលេស មិនខ្លាចពាក្យតិះដៀល ខ្ជិលច្រអូស និងមានព្យាយាមថោកថយជានិច្ចនិរន្តរ៍​​។

៤. សយានស្ស ចេបិ (កំពុងដេក ភ្ញាក់រលឹក)៖ បើភិក្ខុ តាំងចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឱ្យអស់ទៅ មិនឱ្យដល់នូវសេចក្តី​វិនាសនូវវិតក្កៈទាំងនោះទេ ភិក្ខុនោះឈ្មោះថា មិនមានព្យាយាមដុតកំដៅ​កិលេស មិនខ្លាចពាក្យតិះដៀល ខ្ជិលច្រអូស និងមានព្យាយាមថោកថយជានិច្ចនិរន្តរ៍​​។

ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុក្នុងឥរិយាបថទាំង ៤ ហើយភិក្ខុនោះ នាធិវាសេតិ (មិនបានតាំងចិត្តទទួល) បជហតិ (ខំលះបង់) វិនោទេតិ (បន្ទោបង់ចេញ) ព្យន្តីករោតិ (ធ្វើឱ្យអស់ទៅ) អនភាវំ គមេតិ (ឱ្យដល់នូវសេចក្តីវិនាស) នូវវិតក្កៈទាំងនោះ៖

១. ចរតោ ចេបិ (កំពុងដើរ)៖ បើភិក្ខុមិនតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឱ្យអស់ទៅ ឱ្យដល់នូវសេចក្តីវិនាស ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដើរ មានសភាពយ៉ាងនេះ ហៅថា អាតាបី (មានព្យាយាមដុតកំដៅកិលេស) ឱត្តាបី (មានសេចក្តីខ្លាចពាក្យតិះដៀល) សតតំ សមិតំ អារទ្ធវីរិយោ បហិតត្តោ (មានព្យាយាមប្រារឰហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ជានិច្ចនិរន្តរ៍)។

២. ឋិតស្ស ចេបិ (កំពុងឈរ)៖ បើភិក្ខុ មិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ចេញ ធ្វើឱ្យអស់ទៅ ភិក្ខុនោះឈ្មោះថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាមប្រារព្ធហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ជានិច្ចនិរន្តរ៍​​​។

៣. និសិន្នស្ស ចេបិ (កំពុងអង្គុយ)៖ បើភិក្ខុ មិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ចេញ ធ្វើឱ្យអស់ទៅ ភិក្ខុនោះឈ្មោះថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាមប្រារព្ធហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ជានិច្ចនិរន្តរ៍​​​។

៤. សយានស្ស ចេបិ (កំពុងដេក ភ្ញាក់រលឹក)៖ បើភិក្ខុ មិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ចេញ ធ្វើឱ្យអស់ទៅ ភិក្ខុនោះឈ្មោះថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាមប្រារព្ធហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ជានិច្ចនិរន្តរ៍​​​។

‘‘ចរំ វា យទិ វា តិដ្ឋំ,     និសិន្នោ ឧទ វា សយំ;

យោ វិតក្កំ វិតក្កេតិ,       បាបកំ គេហនិស្សិតំ។

ភិក្ខុណា កាលដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី តែងត្រិះរិះនូវវិតក្កៈដែលអាស្រ័យនូវផ្ទះគឺកិលេសដ៏លាមក។

‘‘កុម្មគ្គប្បដិបន្នោ សោ,   មោហនេយ្យេសុ មុច្ឆិតោ;

អភព្ពោ តាទិសោ ភិក្ខុ,   ផុដ្ឋុំ សម្ពោធិមុត្តមំ។

ភិក្ខុនោះឈ្មោះថា ដើរទៅកាន់ផ្លូវដែលបណ្ឌិតគប្បីខ្ពើម មិនអាចពាល់ត្រូវនូវញាណជាគ្រឿង​ត្រាស់ដឹងដ៏ឧត្តមទេ​​។

‘‘យោ ច ចរំ វា តិដ្ឋំ វា,           និសិន្នោ ឧទ វា សយំ;

វិតក្កំ សមយិត្វាន,                 វិតក្កូបសមេ រតោ;

ភព្វោ សោ តាទិសោ ភិក្ខុ,        ផុដ្ឋុំ សម្ពោធិមុត្តម’’ន្តិ។

ភិក្ខុណា កាលដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី បានរម្ងាប់នូវវិតក្កៈ ត្រេកអរក្នុងធម៌ជាគ្រឿងរម្ងាប់នូវវិតក្កៈ ភិក្ខុនោះទើប អាចពាល់ត្រូវនូវញាណជាគ្រឿងត្រាស់ដឹងដ៏ឧត្តមបាន​​។

Previous Post Next Post