ហេតុដែលនាំឱ្យកើតចីវរក្នុងពុទ្ធសាសនា

 ហេតុដែលនាំឱ្យកើតចីវរក្នុងពុទ្ធសាសនា

   គ្រា​នោះ ព្រះមានព្រះភាគគង់​នៅក្នុង​ក្រុងរាជគ្រឹះ ដោយសមគួរ​ ដល់​ពុទ្ធ​អធ្យាស្រ័យ ហើយ​ក៏​ទ្រង់​យាងចេញទៅកាន់​ចារិក ក្នុង​ទក្ខិណាគិរីជនបទ។ ព្រះមានព្រះភាគ ទ្រង់​ឃើញស្រែអ្នក​ដែន​មគធៈ មានសណ្ឋានជាស្រែ មានជ្រុងបួន មានសណ្ឋាន​ជាស្រែ មានភ្លឺ​វែង ដោយបណ្តោយផង ដោយទទឹងផង មានសណ្ឋាន​ជាស្រែ មានភ្លឺខ្លីក្នុង​ចន្លោះៗ មានសណ្ឋាន​ ជាបួនជ្រុង ដោយមានភ្លឺខ្លីបាញ់រត់​គ្នា លុះទ្រង់​ទតឃើញហើយ​ ក៏​ត្រាស់ហៅ​ព្រះអានន្ទដ៏​មាន​អាយុថា នែអានន្ទ អ្នក​​​ឃើញស្រែអ្នក​ដែន​មគធៈ មានសណ្ឋានជាស្រែ មានជ្រុងបួន មានសណ្ឋាន​ជាស្រែ មានភ្លឺ​វែង ដោយបណ្តោយផង ដោយទទឹងផង មានសណ្ឋាន​ជាស្រែ មានភ្លឺខ្លីក្នុង​ចន្លោះៗ មានសណ្ឋាន​ជាបួនជ្រុង ដោយមានភ្លឺខ្លីបាញ់រត់​គ្នាឬទេ ។

  ព្រះអានន្ទ ក្រាប​បង្គំទូលថា ព្រះករុណាព្រះអង្គ​ ។ ព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់សួរថា នែអានន្ទ អ្នក​អាច​ចាត់ចែង​​ចីវរបែប​នេះ ដល់​ភិក្ខុ​ទាំងឡាយ​​បានឬទេ ។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រ​​ព្រះដ៏​មានព្រះភាគ ខ្ញុំព្រះអង្គ​អាចធ្វើ​បាន ។

  វេលា​នោះ ព្រះដ៏​មានព្រះភាគ ទ្រង់​គង់ក្នុង​​ទក្ខិណាគិរី​ជនបទ គួរដល់​ពុទ្ធអធ្យាស្រ័យហើយ​ ក៏​ទ្រង់យាងត្រឡប់មកក្រុងរាជគ្រឹះវិញ។ ខណៈ​​នោះ ព្រះអានន្ទដ៏​មានអាយុ ក៏​​បានចាត់ចែង​ចីវរ ដល់​ភិក្ខុ​ទាំងឡាយ​ជាច្រើនរូប រួចហើយ​​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ​ ក៏​ក្រាបបង្គំ​ទូល​ព្រះដ៏​មានព្រះភាគ យ៉ាង​នេះថា បពិត្រព្រះអង្គ​ដ៏​ចម្រើន សូម​ព្រះដ៏​មានព្រះភាគ ទ្រង់ទត​ចីវរ ដែលខ្ញុំព្រះអង្គ​ចាត់ចែងហើយ​ចុះ ។

   ព្រោះនិទាន​នេះ ដំណើរ​នេះ ព្រះដ៏​មានព្រះភាគ ក៏​ធ្វើនូវធម្មីកថា ក្នុង​វេលា​នោះ រួចទ្រង់​ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ​ អានន្ទជាបណ្ឌិត ម្នាលភិក្ខុ​ទាំងឡាយ​ អានន្ទ ​មានប្រាជ្ញាច្រើន ព្រោះថា ពាក្យដែលតថាគត​ ពោល​ហើយ​ ដោយសង្ខេប អានន្ទ អាច​ដឹង​សេចក្តី​ដោយពិស្តារ​បាន ហើយ​ចេះធ្វើសំពត់​ ឈ្មោះកុសិផង ធ្វើសំពត់​ ឈ្មោះអឌ្ឍកុសិផង ធ្វើសំពត់​ ឈ្មោះមណ្ឌលៈផង ធ្វើសំពត់​ ឈ្មោះអឌ្ឍមណ្ឌលៈផង ធ្វើសំពត់​ ឈ្មោះវិវដ្តៈផង ធ្វើសំពត់​ ឈ្មោះអនុវិវដ្តៈផង ធ្វើសំពត់​ ឈ្មោះគីវេយ្យកៈផង ធ្វើសំពត់​ ឈ្មោះជង្ឃេយ្យកៈ​ផង ធ្វើសំពត់​ ឈ្មោះពាហន្តៈផង ហើយ​សំពត់​​នោះ អានន្ទ ក៏​​បានកាត់ដាច់ ឲ្យ​សៅហ្មង ដោយមុខ​កាំបិត ឱ្យសមគួរដល់​សមណៈ ឱ្យជារបស់​មិន​គួរប្រាថ្នា ដល់​ពួកចោរជាសត្រូវ ម្នាលភិក្ខុ​​ទាំងឡាយ​ តថាគត​អនុញ្ញាតសង្ឃាដិកាត់ ឧត្តរាសង្គៈកាត់ អន្តរវាសកៈកាត់ ៕៚

📚មហាវគ្គ តតិយភាគ (ព្រះត្រៃបិដក ភាគទី៨) កឋិនក្ខន្ធកៈ ចីវរក្ខន្ធកៈ🌺🌸🪔🙏

#រូបភាព #ព្រះពុទ្ធសាសនា #ព្រះពុទ្ធព្រះធម៌ព្រះសង្ឃ #ព្រះធម៌អប់រំចិត្ត #ព្រះពុទ្ធ #ព្រះធម៌ #ព្រះសង្ឃ #ព្រះអង្គវនវាសី #រឿងនិទាន #គំនូរខ្មែរ #កម្ពុជា

ព្រះសង្ឃសាវក ព្រះមានព្រះភាគ ភិក្ខុភទ្ទបណ្ឌិតោ ផូ សុភ័ក្រ្ត ភិក្ខុ ផូ សុភ័ក្ដ្ត្រ Pho Sopheak អ្នកតាមដាន

DownloadDownload
Previous Post Next Post