អរិយវង្សសូត្រ (វង្សរបស់ព្រះអរិយបុគ្គល)

 #សិក្សាបិដក៤២

[២៩] អរិយវង្សសូត្រ (វង្សរបស់ព្រះអរិយបុគ្គល)

ម្នាលភិក្ខុទាំងឡាយ អរិយវង្ស ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលសមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបានឡើយ។ អរិយវង្ស ៤ យ៉ាង តើដូចម្តេចខ្លះ៖

១. សន្តុដ្ឋោ ហោតិ ឥតរីតរេន ចីវរេន៖ (សន្តោសដោយចីវរតាមមាន តាមបាន)៖ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោសដោយចីវរតាមមានតាមបាន ជាអ្នកសរសើរគុណនៃសេចក្តីសន្តោសដោយចីវរតាមមានតាមបាន មិនដល់នូវការស្វែងរកដ៏មិនសមគួរព្រោះហេតុតែចីវរ មិនច្រាស់ច្រាល់ព្រោះមិនបានចីវរ បានចីវរហើយមិនរីករាយ មិនជ្រុលជ្រប់ មិនទំរន់ឱ្យតណ្ហាគ្របសង្កត់ចិត្ត ជាអ្នកឃើញទោសជាប្រក្រតី មានប្រាជ្ញាជាគ្រឿងរលាស់ចេញបរិភោគ មិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់បុគ្គលដទៃព្រោះតែសេចក្តីសន្តោសដោយចីវរតាមមានតាមបាននោះ។ មែនពិត ភិក្ខុណាឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកដឹងខ្លួន មានស្មារតីតម្កល់មាំក្នុងសេចក្តីសន្តោសនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះតថាគតហៅថា អ្នកតាំងនៅក្នុងអរិយវង្ស ជាច្បាប់ទម្លាប់ចាស់ទី១។ 

២. សន្តុដ្ឋោ ហោតិ ឥតរីតរេន បិណ្ឌបាតេន៖ (សន្តោសដោយបិណ្ឌបាតតាមមានតាមបាន)៖ ភិក្ខុ ជាអ្នកសន្តោសដោយបិណ្ឌបាតតាមមានតាមបាន ជាអ្នកសរសើរគុណនៃសេចក្តីសន្តោសដោយបិណ្ឌបាត មិនដល់នូវការស្វែងរកដ៏មិនសមគួរព្រោះហេតុតែបិណ្ឌបាត មិនច្រាស់ច្រាល់ព្រោះតែមិនបានចង្ហាន់បិណ្ឌបាត បានចង្ហាន់បិណ្ឌបាតហើយមិនរីករាយ មិនជ្រុលជ្រប់ មិនទំរន់ឱ្យតណ្ហាគ្របសង្កត់ ឃើញទោសជាប្រក្រតី មានប្រាជ្ញាជាគ្រឿងរលាស់ចេញបរិភោគ មិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់បុគ្គលដទៃព្រោះតែសេចក្តីសន្តោសដោយបិណ្ឌបាតតាមមានតាមបាននោះឡើយ។ មែនពិត ភិក្ខុណាឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកដឹងខ្លួន មានស្មារតីតម្កល់មាំក្នុងសេចក្តីសន្តោសនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះតថាគតហៅថា អ្នកតាំងនៅក្នុងអរិយវង្ស ជាច្បាប់ទម្លាប់ចាស់ទី២។ 

៣. សន្តុដ្ឋោ ហោតិ ឥតរីតរេន សេនាសនេន៖ (សន្តោសដោយសេនាសនៈតាមមានតាមបាន)៖ ភិក្ខុ ជាអ្នកសន្តោសដោយសេនាសនៈតាមមានតាមបាន ជាអ្នកសរសើរគុណនៃសេចក្តីសន្តោសដោយសេនាសនៈតាមមានតាមបាន មិនដល់នូវការស្វែងរកដ៏មិនសមគួរព្រោះហេតុតែសេនាសនៈ មិនច្រាស់ច្រាល់ព្រោះតែមិនបានសេនាសនៈ បានសេនាសនៈហើយក៏មិនរីករាយ មិនជ្រុលជ្រប់ មិនទំរន់ឱ្យតណ្ហាគ្របសង្កត់ ឃើញទោសជាប្រក្រតី មានប្រាជ្ញាជាគ្រឿងរលាស់ចេញបរិភោគ មិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់បុគ្គលដទៃព្រោះតែសេចក្តីសន្តោសដោយសេនាសនៈតាមមានតាមបាន នោះឡើយ។ មែនពិត ភិក្ខុណាឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកដឹងខ្លួន មានស្មារតីតម្កល់មាំក្នុងសេចក្តីសន្តោសនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះតថាគតហៅថា អ្នកតាំងនៅក្នុងអរិយវង្ស ជាច្បាប់ទម្លាប់ចាស់ទី៣។ 

៤. ភាវនារាមោ ហោតិ ភាវនារតោ បហានារាមោ ហោតិ បហានរតោ៖ (មានការចម្រើនធម៌និងការលះកិលេសជាទីត្រេកអរ)៖ ភិក្ខុ ជាអ្នកមានការចម្រើន (សមថៈ និងវិបស្សនា) ជាទីត្រេកអរ ជាអ្នកត្រេកអរក្នុងការចម្រើន មានការលះបង់កិលេសទាំងពួងជាទីត្រេកអរ ជាអ្នកត្រេកអរក្នុងការលះ មិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់បុគ្គលដទៃព្រោះតែការចម្រើនជាទីត្រេកអរ ត្រេកអរក្នុងការចម្រើន មានការលះជាទីត្រេកអរ ត្រេកអរក្នុងការលះនោះឡើយ។ មែនពិត ភិក្ខុណាឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកដឹងខ្លួន មានស្មារតីតាំងមាំក្នុងការត្រេកអរនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះតថាគតហៅថា អ្នកតាំងនៅក្នុងអរិយវង្ស ជាច្បាប់ទម្លាប់ចាស់ទី៤។ 

ម្នាលភិក្ខុទាំងឡាយ អរិយវង្ស ៤ យ៉ាងនេះឯង ជាច្បាប់ទម្លាប់ដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលសមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន។ 

ម្នាលភិក្ខុទាំងឡាយ បើភិក្ខុបរិបូណ៌ដោយអរិយវង្សទាំង ៤ នេះ ទុកណាជានៅក្នុងបុរត្ថិមទិស (ទិសខាងកើត) ភិក្ខុនោះឯង អាចអត់សង្កត់នូវសេចក្តីអផ្សុកបាន សេចក្តីអផ្សុកក៏មិនអាចគ្របសង្កត់ភិក្ខុនោះបានឡើយ ទុកណាជានៅក្នុងបច្ឆិមទិស (ទិសខាងលិច)... ទុកណាជានៅក្នុងឧត្តរទិស (ទិសខាងជើង)... ទុកណាជានៅក្នុងទក្ខិណទិស (ទិសខាងត្បូង) ភិក្ខុនោះឯង អាចគ្របសង្កត់នូវសេចក្តីអផ្សុក សេចក្តីអផ្សុកក៏មិនគ្របសង្កត់ភិក្ខុនោះបានឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុជាអ្នកខ្ជាប់ខ្ជួន (ធីរោ) អាចអត់សង្កត់នូវសេចក្តីអផ្សុកនិងសេចក្តីត្រេកអរ (ក្នុងកាមគុណទាំង ៥) បាន។ 

នារតិ សហតិ ធីរំ,  នារតិ ធីរំ សហតិ;

ធីរោវ អរតិំ សហតិ,  ធីរោ ហិ អរតិស្សហោ។

សេចក្តីអផ្សុកមិនអាចគ្របសង្កត់នូវភិក្ខុអ្នកខ្ជាប់ខ្ជួនបាន ទាំងសេចក្តីត្រេកអរ (ក្នុងកាមគុណ) ក៏មិនអាចគ្របសង្កត់ភិក្ខុអ្នកខ្ជាប់ខ្ជួនបាន ភិក្ខុអ្នកខ្ជាប់ខ្ជួនក៏អាចគ្របសង្កត់នូវសេចក្តីត្រេកអរបាន ភិក្ខុអ្នកខ្ជាប់ខ្ជួនគ្របសង្កត់នូវសេចក្តីអផ្សុកបាន។

សព្វកម្មវិហាយីនំ,  បនុណ្ណំ កោ និវារយេ;

នេក្ខំ ជម្ពោនទស្សេវ,  កោ តំ និន្ទិតុមរហតិ;

ទេវាបិ នំ បសំសន្តិ,  ព្រហ្មុនាបិ បសំសិតោ។

រាគៈ ទោសៈ ដូចម្តេចនឹងអាចឃាត់ឃាំង នូវបុគ្គលអ្នកលះបង់នូវកម្មទាំងពួង (គឺអកុសលកម្ម) អ្នកបន្ទោបង់នូវកិលេសទាំងឡាយបាន។ អ្នកណាគប្បីនឹងនិន្ទានូវបុគ្គល ដែលប្រាកដស្មើដោយឆ្តោរនៃមាសជម្ពូនទ (មាសទឹកដប់ដ៏បរិសុទ្ធបំផុត) នោះបាន ពួកទេវតានឹងមនុស្សក៏សរសើរ សូម្បីតែព្រហ្មក៏សរសើរបុគ្គលនោះដែរ។

Previous Post Next Post