ព្រឹត្តិការណ៍ធំៗក្នុងថ្ងៃអាសាឡ្ហបូជា

 #ព្រឹត្តិការណ៍ធំៗក្នុងថ្ងៃអាសាឡ្ហបូជា

   ថ្ងៃនេះ ជាថ្ងៃអាសាឡ្ហបូជា ជាថ្ងៃធំមួយក្នុងចំណោមថ្ងៃទាំង ៣ ដ៏សំខាន់ៗក្នុងព្រះពុទ្ធសាសនា បន្ទាប់ពីមាឃបូជា និងវិសាខបូជា។ ថ្ងៃអាសាឡ្ហបូជា ប្រារព្ធដល់ហេតុធំៗចំនួន ៤ គឺ៖


   ១. ព្រះពោធិសត្វ ចុះចាប់បដិសន្ធិក្នុងផ្ទៃព្រះនាងសិរិមហាមាយា នៅថ្ងៃព្រហស្បតិ៍ ១៥កើត ពេញបូណ៌មី ខែអាសាឍ ឆ្នាំរកា វេលារាត្រីទៀបភ្លឺ មុនពុទ្ធសករាជ ៨០ឆ្នាំ និង ១០ខែ។ សម័យនោះ ក្រុងកបិលពស្តុ មានប្រារព្ធពិធីបុណ្យនក្ខត្តឫក្សក្នុងខែអាសាឍ យ៉ាងគគ្រឹកគគ្រេង។ 


   ២. ព្រះសិទ្ធត្ថពោធិសត្ត ទ្រង់យាងសាងព្រះផ្នួសនៅថ្ងៃចន្ទ ១៥កើត ពេញបូណ៌មី ខែអាសាឍ ឆ្នាំថោះ វេលាអធ្រាត្រ ក្នុងព្រះជន្ម ២៩ វស្សា។ 


   ៣. ព្រះសម្មាសម្ពុទ្ធសមណគោត្តម ទ្រង់សម្ដែងនូវព្រះធម្មចក្កប្បវត្តនសូត្រ នៅថ្ងៃសៅរ៍ ១៥កើត ពេញបូណ៌មី ខែអាសាឍ ឆ្នាំវក ប្រោសបញ្ចវគ្គីយ៍ភិក្ខុ(មានគ្នា ៥នាក់) នៅឥសិបតនមិគទាយវ័ន។ ថ្ងៃនេះ ក៏ជាថ្ងៃកើតសង្ឃរតនៈ គម្រប់រតនៈទាំង ៣ បរិបូណ៌ផងដែរ។ សព្វថ្ងៃ ព្រៃនេះជាទីពិសេសមួយ ហៅថា «សារនាថ» នៅចម្ងាយ ១០គីឡូម៉ែត្រពីព្រលានយន្តហោះពារាណសី ដែលសព្វថ្ងៃហៅថា «បេណារ៉េស»។


   ៤. ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់សម្ដែងនូវយមកប្បាដិហារ្យ ផ្ចាញ់ពួកនិគ្រន្ថ នៅថ្ងៃ១៥កើត ខែអាសាឍ មុនពេលទ្រង់យាងទៅចាំវស្សាទី៧ នៅស្ថានតាវត្តឹង្ស សម្ដែងព្រះអភិធម្មប្រោសពុទ្ធមាតានិងពួកទេវតា។ កន្លែងដែលទ្រង់សម្ដែងនូវយមកប្បាដិហារ្យនោះ នៅជិតក្រុងសាវត្ថី ប៉ែកខាងត្បូង ចម្ងាយ ២៥០០ម៉ែត្រ ពីវត្តជេតពន។ 


   សូមឲ្យសព្វសត្វដែលជ្រះថ្លាក្នុងគុណនៃព្រះរតនត្រ័យ បាននូវសេចក្តីសុខ រួចផុតចាកទុក្ខទាំងពួងកុំបីខាន៕ 


✍🏻 ក្រុងសួង ថ្ងៃ៤ ᧯ ᧰ គិម្ហរដូវ ឆ្នាំមមី  អដ្ឋស័ក ព.ស.២៥៧០ / 29-07-2026

Previous Post Next Post