សារព័ត៌មានដ៏ល្បីរបស់បារាំង Le Monde កាលពីថ្ងៃទី៣ សីហា ឆ្នាំ២០២៦ បានចុះផ្សាយអត្ថបទមួយយ៉ាងវែងរៀបរាប់ពីស្ថានភាពនៃការរំលោភបំពានរបស់ថៃមកលើកម្ពុជា កាន់កាប់ទឹកដីខុសច្បាប់ ដាក់កុងតឺន័រ រាយលួសបន្លា និងបង្ហាញពីជីវិតជនភៀសសឹក។ ខ្ញុំសូមប្រែសម្រូលក្រៅផ្លូវការជាភាសាខ្មែរដូចខាងក្រោម៖
ចំណងជើង៖ នៅកម្ពុជា ទោះបីជាគ្មានការប្រយុទ្ធអស់រយៈពេលប្រាំពីរខែក៏ដោយ ជីវិតប្រជាពលរដ្ឋនៅតែត្រូវបានបំផ្លាញដោយជម្លោះតាមព្រំដែនជាមួយថៃ
Au Cambodge, malgré sept mois sans combat, les vies bouleversées par le conflit à la frontière thaïlandaise
រលកនៃការប៉ះទង្គិចពីរលើក គឺនៅខែកក្កដា និងបន្ទាប់មកនៅខែធ្នូ ឆ្នាំ២០២៥ បានធ្វើឱ្យជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ រងការរញ្ជួយយ៉ាងខ្លាំង។ ការបាត់បង់ដីធ្លី ការរកចំណូលដែលកាន់តែមិនប្រាកដប្រជា និងការភ័យខ្លាចថាសង្គ្រាមនឹងផ្ទុះឡើងវិញ បានធ្វើឱ្យការវិលត្រឡប់ទៅរកជីវភាពធម្មតាវិញ នៅតែមើលមិនឃើញ ទោះបីជាបានកន្លងផុតទៅជាងប្រាំពីរខែបន្ទាប់ពីបទឈប់បាញ់ដ៏ផុយស្រួយក៏ដោយ។
Les deux vagues d’affrontements, en juillet puis en décembre 2025, ont ébranlé le quotidien des Khmers résidant près de la frontière avec la Thaïlande. Terres perdues, revenus fragilisés, peur d’une reprise des hostilités : plus de sept mois après une trêve précaire, le retour à la normale reste hors de portée.
https://www.lemonde.fr/international/article/2026/08/02/au-cambodge-malgre-sept-mois-sans-combat-les-vies-bouleversees-par-le-conflit-a-la-frontiere-thailandaise_6737253_3210.html
ដោយ Dinh Tiên
(Thmor Da, Rong Cham និង Ta Moan Senchey ប្រទេសកម្ពុជា) អ្នកឆ្លើយឆ្លងព័ត៌មានពិសេស
វាជាផ្លូវក្រាលកៅស៊ូវែងមួយ ដែលលាតសន្ធឹងពីខេត្តពោធិ៍សាត់ កាត់តាមជួរភ្នំក្រវាញ ទៅកាន់ច្រកព្រំដែនថ្មដា ស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា ទល់មុខខេត្តត្រាតរបស់ប្រទេសថៃ។
ផ្លូវជាតិលេខ៥៥ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០២០ ត្រូវបានបង្កើតឡើងដោយមានគោលបំណងជានិមិត្តរូបនៃការបើកចំហ។ អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានបង្ហាញថា ផ្លូវនេះជាចំណុចតភ្ជាប់នៃច្រករបៀងសេដ្ឋកិច្ចថ្មីជាមួយប្រទេសថៃ ដែលមានគោលបំណងជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ព្រមទាំងនាំប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធគ្នា។
សព្វថ្ងៃនេះ ស្ថានភាពបានផ្ទុយស្រឡះ។ នៅចុងផ្លូវ ស្ពានជ័យជំនះ (Chey Chumneas Bridge) ដែលនៅតែបាក់បែកដោយសារការវាយប្រហារពីយន្តហោះចម្បាំង F-16 របស់ថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ បានកាត់ផ្តាច់ការធ្វើដំណើរ។ ស្ពាននេះត្រូវបានបំផ្លាញបែកជាពីរផ្នែក។ ចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីព្រំដែនថៃ មានផ្លាកសញ្ញាមួយដែលនៅតែបង្ហាញពីសង្គ្រាមនាពេលថ្មីៗនេះ។ នៅក្រោមឈ្មោះប្រទេសជិតខាងដែលត្រូវបានគូសបន្ទាត់ពណ៌ក្រហម មានអក្សរសរសេរថា «ចោរ» (THIEVES)។
មុនទៅដល់ច្រកព្រំដែនថ្មដា ផ្លូវត្រូវបានកងទ័ពថៃបិទ។ កុងតឺន័រដឹកជញ្ជូនប្រមាណជាងដប់ ត្រូវបានដាក់រារាំងផ្លូវ ខ្លះមានទង់ជាតិថៃព្យួរលើ ដើម្បីទប់ស្កាត់ការធ្វើដំណើរគ្រប់ប្រភេទ។
ទាហានកម្ពុជាម្នាក់ដែលឈរជើងក្បែរហាងទំនិញដែលត្រូវបានបោះបង់ចោល ចាប់តាំងពីការប៉ះទង្គិចថ្ងៃទី៧–២៧ ខែធ្នូ ឆ្នាំ២០២៥ បាននិយាយថា៖ «នៅទីនេះ ទាហានថៃបានរុលចូលមកក្នុងទឹកដីកម្ពុជាប្រហែល ៨០០ ម៉ែត្រ។» លោកបន្តថា៖ «នៅថ្ងៃមានបទឈប់បាញ់ ពួកគេបានដាក់លួសបន្លាជាមុនសិន។ បន្ទាប់មក ពួកគេបានដាក់កុងតឺន័របន្តិចម្តងៗ។»
នៅខាងលើរបាំងកាបូបខ្សាច់ មានការដំឡើងសំណាញ់ប្រឆាំងយន្តហោះគ្មានមនុស្សបើក (Drone) ហើយកាមេរ៉ាតាមដានត្រូវបានដំឡើងសម្រាប់ឃ្លាំមើលតំបន់ជុំវិញ។
ទោះបីជាការប្រយុទ្ធបានបញ្ចប់នៅចុងឆ្នាំ២០២៥ក៏ដោយ ក៏ជម្លោះដែនដីនៅតែមិនទាន់ដោះស្រាយបាន។ នៅតាមចំណុចជាច្រើននៃព្រំដែនប្រវែង ៨១៧ គីឡូម៉ែត្ររវាងប្រទេសទាំងពីរ កម្ពុជាបានចោទប្រកាន់ថា ប្រទេសថៃកំពុង «កាន់កាប់ដោយខុសច្បាប់» ផ្នែកខ្លះនៃទឹកដីរបស់ខ្លួន។ កាលពីថ្ងៃទី២២ ខែកក្កដា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាថ្មី ចំពោះអ្វីដែលខ្លួនហៅថា «ការរំលោភអធិបតេយ្យភាពជាបន្តបន្ទាប់»។
នៅខាងក្រោយរបាំងទាំងនោះ ផ្លាកសញ្ញាស្ថានីយប្រេងឥន្ធនៈ និងសំណង់សណ្ឋាគារកាស៊ីណូមួយនៅកម្ពុជា នៅតែអាចមើលឃើញ។
អ្នកស្រី សំ សារី អាយុ ៤៤ ឆ្នាំ ដែលជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកស្រុកតិចតួចដែលបានវិលត្រឡប់មកថ្មដាវិញ កំពុងអង្គុយផឹកស៊ុប និងសម្លឹងមើលបន្ទាយការពារទាំងនោះ។ គាត់បានឃើញផ្ទះរបស់ខ្លួនត្រូវបានរុករក និងលួចយកទ្រព្យសម្បត្តិ បន្ទាប់ពីរស់នៅក្នុងតង់ជាមួយកូនៗអស់រយៈពេលជាងបីសប្តាហ៍។
គាត់និយាយថា៖ «ពួកគេបំបែកទ្វារចូល ហើយលួចស្ទើរតែគ្រប់យ៉ាង៖ ម៉ូតូ សម្លៀកបំពាក់ ភេសជ្ជៈ សូម្បីតែចានឆ្នាំងក៏មិនសល់។»
ចាប់តាំងពីពេលនោះមក រៀងរាល់ព្រឹក គាត់តែងភ្ញាក់ឡើងឃើញលួសបន្លាដែលនៅចម្ងាយត្រឹមប្រហែល ១០ ម៉ែត្រពីទ្វារផ្ទះ។
គាត់និយាយទៀតថា៖ «ខ្ញុំភ័យខ្លាចណាស់។ ខ្ញុំចង់ចាកចេញ ប៉ុន្តែខ្ញុំនឹងទៅណា? ខ្ញុំគ្មានកន្លែងណាទៅទេ។» បន្ទាប់មក គាត់បានបញ្ចប់ដោយការលួងលោមខ្លួនឯងថា៖ «យ៉ាងហោចណាស់ ខ្ញុំនៅមានសំណាងដែលបានត្រឡប់មកផ្ទះវិញ។»
ជាតិនិយមកំពុងកើនឡើង (Nationalist fever)
លោក ធៀង រិទ្ធី មិនបានឃើញផ្ទះរបស់ខ្លួនចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ មក។ ផ្ទះរបស់គាត់ស្ថិតនៅចម្ងាយប្រមាណ ២០០ ម៉ែត្រពីព្រំដែន ហើយបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពថៃ។
បន្ទាប់ពីបទឈប់បាញ់នៅចុងខែធ្នូ អ្នករស់នៅភូមិបឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យរូបនេះ បានព្យាយាមត្រឡប់ទៅផ្ទះវិញ ប៉ុន្តែគ្មានប្រយោជន៍ទេ ព្រោះកុងតឺន័រដឹកជញ្ជូនត្រូវបានដាក់បិទផ្លូវ ធ្វើឱ្យផ្នែកមួយនៃភូមិមិនអាចចូលទៅដល់បាន។
លោកបាននិយាយថា៖ «មួយយប់ទៅមួយយប់ អ្នកលែងអាចត្រឡប់ទៅផ្ទះរបស់ខ្លួនបានទៀតហើយ»។
ក្នុងអំឡុងពេលភៀសខ្លួនចេញពីការបាញ់ផ្លោង គ្រួសាររបស់លោកស្ទើរតែមិនបានយកអ្វីទៅជាមួយឡើយ។ លោកបន្តថា៖ «ក្រៅពីសម្លៀកបំពាក់បន្តិចបន្តួច និងឯកសារអត្តសញ្ញាណ អ្វីៗទាំងអស់បានបាត់បង់។»
អ្វីដែលសំខាន់បំផុតសម្រាប់លោកនៅពេលនោះ គឺការជួយសង្គ្រោះម្ដាយក្មេកអាយុ ៨៤ ឆ្នាំ ដែលឈឺសម្រាកលើគ្រែ។ លោកបានដាក់គាត់លើរទេះដែលអូសដោយម៉ូតូ ដើម្បីជម្លៀសចេញពីតំបន់គ្រោះថ្នាក់។
បន្ទាប់ពីរស់នៅជាបន្តបន្ទាប់ក្នុងជម្រកបណ្ដោះអាសន្នចំនួនបីកន្លែង គ្រួសាររបស់លោកត្រូវបានផ្លាស់ទីទៅរស់នៅក្នុងភូមិ រងចាំ (Rong Cham) កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ នៅទីនោះ រដ្ឋាភិបាលបានបង្កើត «ភូមិរង់ចាំ» ចំនួនប្រាំមួយ សម្រាប់ទទួលប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅ និងមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាន។
ពីលើអាកាស គេអាចមើលឃើញផ្ទះតូចៗដំបូលពណ៌បៃតងដូចគ្នា តម្រៀបជាជួរយ៉ាងមានរបៀប តាមបណ្ដោយផ្លូវដីក្រហម ដែលឆ្លងកាត់តំបន់ដ៏ធំល្វឹងល្វើយ។
លោក ធៀង រិទ្ធី និយាយថា៖ «ជីវភាពនៅទីនេះប្រសើរជាងការរស់នៅក្នុងតង់ ប៉ុន្តែនេះមិនមែនជាផ្ទះរបស់ខ្ញុំទេ»។
លោកបានអបអរសាទរចំពោះលំនៅឋានបណ្ដោះអាសន្នដែលរដ្ឋាភិបាលបានផ្ដល់ឱ្យ។ កាលពីខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានសន្យាថា ភូមិទាំងនេះមិនមែនមានន័យថា កម្ពុជាបោះបង់ការទាមទារដែនដីរបស់ខ្លួនឡើយ។
ទោះជាយ៉ាងណា លោក ធៀង រិទ្ធី សង្ឃឹមថា ថ្ងៃណាមួយគាត់នឹងអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ ផ្ទះរបស់គាត់ ដែលសាងសង់ពីសម្ភារៈរឹងមាំ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងអស់ស្ទើរតែមួយជីវិត។
ប៉ុន្តែលោកនិយាយថា តាមរយៈរូបភាពដែលភាគីថៃបានផ្សព្វផ្សាយ លោកបានស្គាល់ថា តំបន់ជុំវិញផ្ទះរបស់គាត់ត្រូវបានកម្ទេច ដើម្បីបង្កើតទីតាំងយោធា។
អង្គការសិទ្ធិមនុស្សកម្ពុជា LICADHO ក៏បានកត់ត្រា និងឯកសារភស្តុតាងអំពីការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលបានកើតឡើងបន្ទាប់ពីបទឈប់បាញ់ផងដែរ។
ក្រៅពីការបាត់បង់ផ្ទះសម្បែង រឿងរ៉ាវរបស់លោក ធៀង រិទ្ធី ក៏ឆ្លុះបញ្ចាំងពីការរស់នៅដែលមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងថៃនៅសងខាងព្រំដែនដែលកំពុងមានជម្លោះ។
អស់រយៈពេលជាង ២០ ឆ្នាំ បុរសជនជាតិខ្មែររូបនេះបានធ្វើការជាអ្នកយាមសន្តិសុខនៅទីក្រុងបាងកក ដោយទទួលបានប្រាក់ខែប្រហែល ១៤,០០០ បាតក្នុងមួយខែ (ប្រមាណ ៣៦៥ អឺរ៉ូ) ហើយបានផ្ញើប្រាក់មួយផ្នែកត្រឡប់មកគ្រួសារនៅកម្ពុជា។
នៅទីនោះ លោកបានជួបភរិយារបស់ខ្លួន គឺអ្នកស្រី ជុំ ពិសី អាយុ ៤៥ ឆ្នាំ។ អ្នកស្រីក៏ធ្លាប់រស់នៅឆ្លងទៅមករវាងប្រទេសទាំងពីរ ដោយសារការងារនៅភាគីថៃដែរ។
កូនស្រីច្បងរបស់ពួកគេ អាយុ ២៦ ឆ្នាំ នៅតែរស់នៅទីក្រុងបាងកក ដើម្បីបន្តការសិក្សា និងធ្វើការ។
ការកើនឡើងនៃអារម្មណ៍ជាតិនិយមដែលបណ្តាលមកពីជម្លោះ និងការមិនទុកចិត្តគ្នារវាងប្រជាជននៃប្រទេសទាំងពីរ បានធ្វើឱ្យគ្រួសារនេះព្រួយបារម្ភយ៉ាងខ្លាំង។
ប៉ុន្តែលោកធៀង រិទ្ធី និយាយដោយស្នាមញញឹមថា៖ «យើងនៅតែនិយាយគ្នារាល់ថ្ងៃ។ ហើយគ្មាននរណាដឹងថានាងជាជនជាតិខ្មែរទេ ព្រោះនាងនិយាយភាសាថៃបានយ៉ាងស្ទាត់ជំនាញ។»
នៅពេលការប៉ះទង្គិចដោយអាវុធបានផ្ទុះឡើងជាលើកដំបូង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោកធៀង រិទ្ធី នៅស្ថិតក្នុងប្រទេសថៃនៅឡើយ។
បន្ទាប់ពីបទឈប់បាញ់ ដែលត្រូវបានព្រមព្រៀងនៅថ្ងៃទី២៨ ខែកក្កដា ហើយដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា ជាស្នាដៃសម្របសម្រួលរបស់លោក លោកធៀង រិទ្ធី បានរស់នៅយ៉ាងស្ងៀមស្ងាត់អស់រយៈពេលជាច្រើនសប្ដាហ៍ ដោយនិយាយតែភាសាថៃ ព្រោះខ្លាចរងការរើសអើង។
ក្រោយមក លោកបានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញ ទោះបីត្រូវបោះបង់ប្រាក់ខែខ្ពស់ជាងអ្វីដែលលោកអាចរកបាននៅស្រុកកំណើតក៏ដោយ។ លោកគឺជាម្នាក់ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជិត មួយលាននាក់ ដែលបានត្រឡប់ពីប្រទេសថៃ បន្ទាប់ពីជម្លោះព្រំដែន។
បច្ចុប្បន្ន នៅភូមិរងចាំ លោកជួយភរិយាលក់ នំគង។ នៅថ្ងៃដែលលក់ដាច់ ពួកគេអាចរកចំណូលបានប្រមាណ ១៣ អឺរ៉ូ ដែលជាចំណូលសម្រាប់ចិញ្ចឹមសមាជិកគ្រួសារ ៦ នាក់ ដែលរស់នៅក្នុងផ្ទះតូចដំបូលពណ៌បៃតង។
អ្នកស្រី ជុំ ពិសី និយាយថា៖ «យើងអាចរស់បានដោយប្រាក់ប៉ុណ្ណឹង ប៉ុន្តែនោះគ្រាន់តែអាចរស់ប៉ុណ្ណោះ។» «យើងឃើញដ្រូនស្ទើរតែរាល់ថ្ងៃ»
យោងតាមអាជ្ញាធរកម្ពុជា ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០ នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាន។ ភាគច្រើនស្ថិតនៅតំបន់ព្រំដែនចំនួនបី ក្នុងខេត្តបន្ទាយមានជ័យ។
អាជ្ញាធរខេត្តបានកំណត់អត្តសញ្ញាណ កុងតឺន័រដឹកជញ្ជូនចំនួន ៦៣ ដែលត្រូវបានប្រើប្រាស់ជារបាំងបិទផ្លូវជុំវិញភូមិជោកជ័យ ក្នុងឃុំព្រៃចាន់ និង ២៦ កុងតឺន័រផ្សេងទៀត នៅភូមិបឹងត្រកួន។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកតំបន់ទាំងនេះថា ជា «តំបន់ដែលត្រូវបានឈ្លានពាន»។
ភាគីថៃបានបដិសេធការចោទប្រកាន់នេះ និងមិនយល់ស្របនឹងតួលេខដែលកម្ពុជាបានលើកឡើង។ យោធាថៃអះអាងថា មានប្រជាពលរដ្ឋតែ «ពីរបីពាន់នាក់ប៉ុណ្ណោះ» ដែលរងផលប៉ះពាល់។
យោធាថៃក៏អះអាងដែរថា ខ្លួនកំពុងស្ថិតនៅលើ «ទឹកដីអធិបតេយ្យរបស់ប្រទេសថៃ» ហើយថា តំបន់ទាំងនោះធ្លាប់ត្រូវបានប្រជាពលរដ្ឋកម្ពុជាចូលទៅតាំងទីលំនៅដោយខុសច្បាប់ តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ នៅជុំវិញជំរំជនភៀសខ្លួនសម័យសង្គ្រាមស៊ីវិល។ ដូច្នេះ ភាគីថៃអះអាងថា ខ្លួនគ្រាន់តែបានយកមកគ្រប់គ្រងវិញនូវតំបន់ដែលជាកម្មសិទ្ធិរបស់ខ្លួនប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ ដំណើរការកំណត់ និងបោះបង្គោលព្រំដែននៅតែជាប់គាំង។ ចាប់តាំងពីបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក គណៈកម្មការព្រំដែនចម្រុះ (Joint Border Commission – JBC) ដែលមានភារកិច្ចកំណត់ព្រំដែនរវាងប្រទេសទាំងពីរ មិនទាន់បានជួបប្រជុំសូម្បីតែម្តង។
ទីក្រុងភ្នំពេញបានចោទប្រកាន់ថា ទីក្រុងបាងកកបានពន្យារពេលកិច្ចប្រជុំជាបន្តបន្ទាប់ ខណៈភាគីថៃបានបដិសេធថា ខ្លួនគ្មានបំណងរារាំងដំណើរការនោះទេ ហើយបានលើកឡើងថា ចាំបាច់ត្រូវមាន «បរិយាកាសអំណោយផល» ជាមុនសិន។
សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ស្ថានភាពជាប់គាំងនេះ មិនបានផ្តល់នូវអារម្មណ៍សុវត្ថិភាពឡើយ។
នៅតាមាន់សែនជ័យ ទោះបីជាគ្មានការប្រយុទ្ធអស់រយៈពេលប្រាំពីរខែក៏ដោយ ក្តីភ័យខ្លាចចំពោះការផ្ទុះសង្គ្រាមជាថ្មី មិនបានរសាយបាត់ទេ។
នៅជើងប្រាសាទតាមាន់ធំ ដែលជាប្រាសាទខ្មែរមួយត្រូវបានទាមទារដោយប្រទេសទាំងពីរ ហើយបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពថៃ ប្រភពយោធាក្នុងតំបន់បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធប្រហែល ៨០ ភាគរយនៃភូមិ បានរងការខូចខាតក្នុងអំឡុងការប៉ះទង្គិចនៅខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។
ដំបូលវត្តត្រូវបានបាញ់ធ្លុះជាច្រើនកន្លែង។ នៅសាលារៀនក្បែរនោះ ជញ្ជាំងនៅមានស្នាមគ្រាប់កាំភ្លើង ហើយសៀវភៅសិក្សារបស់កុមារ នៅតែខ្ចាត់ខ្ចាយក្នុងគំនរបាក់បែក។
អ្នកស្រី អ៊ុន សុខុម បានបើកហាងលក់ទំនិញរបស់ខ្លួនឡើងវិញ ត្រឹមពីរថ្ងៃបន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ។
ប៉ុន្តែ គាត់នៅតែមិនហ៊ានស្នាក់នៅផ្ទះរបស់ខ្លួននៅពេលយប់ឡើយ។
រៀងរាល់យប់ គាត់ត្រូវធ្វើដំណើរទៅស្នាក់នៅ ភូមិកោកមន ដែលស្ថិតនៅចម្ងាយប្រមាណ ២០ គីឡូម៉ែត្រទៅភាគខាងត្បូង ជាទីកន្លែងដែលកូនប្រុសអាយុ ១០ ឆ្នាំរបស់គាត់កំពុងរៀនសូត្រ។ គាត់ជួលបន្ទប់មួយនៅទីនោះ។
អ្នកស្រីនិយាយថា៖ «នៅទីនោះ យើងឃើញយន្តហោះគ្មានមនុស្សបើក (ដ្រូន) ស្ទើរតែរាល់ថ្ងៃ ហើយពេលខ្លះយើងក៏ឮសំឡេងយន្តហោះដែរ។ នៅទីនោះមានសុវត្ថិភាពជាង»។
គាត់ក៏បារម្ភចំពោះកូនប្រុសរបស់ខ្លួនផងដែរ បន្ទាប់ពីបានឆ្លងកាត់ឆ្នាំដ៏លំបាកមួយ។ អ្នកស្រីនិយាយថា៖ «គាត់ធ្វើដូចជាធម្មតា ប៉ុន្តែគាត់មិនអាចផ្តោតអារម្មណ៍លើការសិក្សាបានដូចមុនទៀតទេ។ នៅពេលអ្នករស់នៅក្នុងជំរំ និងរស់នៅក្នុងភាពភ័យខ្លាច មេរៀនក៏ពិបាកចូលក្នុងខួរក្បាលដែរ»។
អ្នកស្រីក៏ព្រួយបារម្ភចំពោះបងប្អូនប្រុសពីរនាក់របស់គាត់ ដែលនៅតែឈរជើងនៅតាមព្រំដែន។ ចុងក្រោយ អ្នកស្រីបាននិយាយថា៖ «ជីវិតរបស់យើងបានផ្លាស់ប្តូរទាំងស្រុង»។
ដូចប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀតដែរ គាត់សង្ឃឹមថា នឹងមានដំណោះស្រាយដោយសន្តិវិធី ប៉ុន្តែគាត់ទទួលស្គាល់ដោយត្រង់ថា គាត់ពិបាកជឿថា វានឹងកើតឡើងក្នុងពេលឆាប់ៗនេះ។


