៨. រឿងភិក្ខុ ៥០០ អង្គ
ព្រះសាស្តាកាលដែលទ្រង់គង់ប្រថាប់នៅក្នុង ព្រះជេតវនមហាវិហារ បានប្រារព្ធនូវភិក្ខុ ៥០០ អង្គ ហើយត្រាស់សម្ដែងនូវព្រះធម្មទេសនានេះដែលមានពាក្យផ្ដើមថា សព្វត្ថ វេ សប្បុរិសា ចជន្តិ ជាដើម។ ទេសនានេះមានរឿងរ៉ាវចាប់ផ្ដើមឡើងតាំងពីទីក្រុងវេរញ្ជា។
ក្នុងសម័យបឋមពោធិកាល ព្រះភគវាបានយាងទៅកាន់ក្រុងវេរញ្ជា តាមការនិមន្តរបស់វេរញ្ជព្រាហ្មណ៍ ហើយបានចូលវស្សាជាមួយភិក្ខុ ៥០០ អង្គ។ វេរញ្ជព្រាហ្មណ៍ត្រូវបានមារចូលមកមកគ្របសង្កត់ចិត្ត ក៏មិនបានកើតសតិរលឹកដល់ព្រះសាស្តាសូម្បីតែមួយថ្ងៃ។ គ្រានោះ ក្រុងវេរញ្ជាកើតមានទុព្ភិក្ខភ័យ (អត់ឃ្លាន) យ៉ាងខ្លាំង ពួកភិក្ខុដើរបិណ្ឌបាតទាំងក្នុង និងក្រៅក្រុង ក៏មិនបានបិណ្ឌបាតឡើយ រហូតដល់មានសេចក្ដីលំបាកយ៉ាងខ្លាំង។ ពួកឈ្មួញសេះបានប្រគេនភត្តដែលធ្វើពីកន្ទក់សេះម្នាក់មួយបាត្រៗដល់ពួកភិក្ខុ។ ព្រះមហាមោគ្គល្លានត្ថេរឃើញសេចក្ដីលំបាកនោះ ក៏ប្រាថ្នានឹងផ្ងារផែនដីដើម្បីយកឱជៈដីមកប្រគេន និងប្រាថ្នានឹងនាំភិក្ខុទៅបិណ្ឌបាតនៅឧត្តរកុរុទ្វីប ប៉ុន្តែព្រះសាស្តាទ្រង់ហាមឃាត់ទុក។ ទោះបីជាយ៉ាងនេះក្ដី ពួកភិក្ខុមិនបានកើតសេចក្ដីតក់ស្លុត ឬត្អូញត្អែរក្នុងរឿងបិណ្ឌបាតឡើយ គឺលោកបានលះបង់នូវអានាចារ្យ ហើយរស់នៅដោយសេចក្ដីស្ងប់។
លុះព្រះសាស្តាគង់នៅទីនោះអស់ ៣ ខែហើយ ក៏បានលាវេរញ្ជព្រាហ្មណ៍ រួចយាងត្រឡប់មកកាន់ក្រុងសាវត្ថីវិញតាមលំដាប់ ហើយគង់ប្រថាប់នៅជេតវនមហាវិហារ។ អ្នកក្រុងសាវត្ថីបានធ្វើអាគន្តុកភត្តថ្វាយព្រះអង្គ។ ក្នុងពេលនោះ មានពួកអ្នកស៊ីសំណល់ភត្តប្រមាណ ៥០០ នាក់ បានរស់នៅអាស្រ័យក្នុងវិហារ។ ពួកមនុស្សទាំងនោះ កាលដែលបានបរិភោគ ភោជនដ៏សម្រិតសម្រាំង ដែលនៅសល់ពីពួកភិក្ខុហើយ ក៏នាំគ្នាដេក លុះភ្ញាក់ឡើងក៏នាំគ្នាទៅមាត់ស្ទឹង ស្រែកហ៊ោ កញ្ជ្រៀវ វាយប្រដាល់គ្នា លេងសើច និងដើរធ្វើអនាចារ្យទាំងក្នុង និងក្រៅវិហារ។
ពួកភិក្ខុ បានលើកយកប្រធានបទនេះមកជជែកគ្នាក្នុងធម្មសភាថា ម្នាលអាវុសោទាំងឡាយ ចូរមើលពួកអ្នកស៊ីសំណល់ភត្តទាំងនេះចុះ កាលដែលនៅក្នុងក្រុងវេរញ្ជាដែលជួបការអត់ឃ្លាន ពួកគេមិនបានបង្ហាញអាការៈវិបរិតអ្វីឡើយ ប៉ុន្តែឥឡូវនេះកាលដែលបានបរិភោគភោជនដ៏សម្រិតសម្រាំង បែរជាបង្ហាញអាការៈវិបរិតជាច្រើនបែបយ៉ាង ចំណែកឯពួកភិក្ខុ សូម្បីតែនៅក្នុងក្រុងវេរញ្ជាក៏រស់នៅដោយសេចក្ដីស្ងប់ មកដល់ទីនេះក៏នៅតែមានសេចក្ដីស្ងប់យ៉ាងនោះដដែល។
ព្រះសាស្តាយាងមកដល់ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលពីមុនពួកមនុស្សទាំងនេះធ្លាប់កើតជាសត្វលា ៥០០ កាលដែលបានផឹកទឹកដែលលាងកន្ទក់សេះដែលនៅសល់ពីពួកសេះសិន្ធវៈ ក៏ត្រឡប់ជាស្រែកហ៊ោកញ្ជ្រៀវ ប្រៀបដូចជាស្រវឹងទឹកឃ្មុំយ៉ាងនោះឯង។ រួចព្រះអង្គក៏សម្ដែងនូវវាលោទកជាតកដោយពិស្ដារថា៖
សត្វលាទាំងឡាយ កាលដែលបានផឹកទឹកលាងកន្ទក់ដែលមិនមានរសជាតិ និងជារបស់ថោកទាប ក៏រមែងកើតសេចក្ដីស្រវឹង ចំណែកឯពួកសេះសិន្ធវៈ សូម្បីតែបានផឹកនូវរសដ៏សម្រិតសម្រាំង ក៏មិនកើតសេចក្ដីស្រវឹងឡើយ។
ម្នាលម្ចាស់នៃជន បុគ្គលដែលមានកំណើតថោកទាប កាលដែលបានផឹកនូវទឹកបន្តិចបន្តួច ក៏រមែងស្រវឹងដោយសារទឹកនោះ ចំណែកឯបុគ្គលដែលកើតក្នុងត្រកូលខ្ពង់ខ្ពស់ មានសីលធម៌ រមែងមិនស្រវឹងឡើយ ទោះបីជាបានផឹកនូវរសដ៏លើសលប់ក៏ដោយ។
ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថាសប្បុរសទាំងឡាយ រមែងលះបង់នូវលោកធម៌ ទោះបីជាក្នុងកាលដែលបានសុខក្ដី ឬជួបទុក្ខក្ដី ក៏រមែងជាអ្នកមិនមានអាការៈប្រែប្រួលឡើយ។ រួចព្រះអង្គក៏ត្រាស់នូវព្រះគាថានេះថា៖
៨៣. សព្វត្ថ វេ សប្បុរិសា ចជន្តិ, ន កាមកាមា លបយន្តិ សន្តោ;
សុខេន ផុដ្ឋា អថ វា ទុខេន, ន ឧច្ចាវចំ បណ្ឌិតា ទស្សយន្តិ។
ពួកសប្បុរស តែងលះ (ឆន្ទរាគៈ) ក្នុងធម៌ទាំងពួង ពួកបណ្ឌិតបើសេចក្តីសុខ ឬទុក្ខពាល់ត្រូវហើយ រមែងមិនសំដែងអាការឡើងចុះឡើយ។
អធិប្បាយសេចក្តីនៃគាថា
ពាក្យថា សព្វត្ថ (ក្នុងធម៌ទាំងពួង) សំដៅដល់ធម៌ទាំងពួងមានបញ្ចក្ខន្ធជាដើម។ ពាក្យថា សប្បុរិសា (សប្បុរសទាំងឡាយ) សំដៅដល់បុគ្គលដ៏ល្អ។ ពាក្យថា ចជន្តិ (រមែងលះបង់) គឺការលះបង់នូវឆន្ទរាគៈ ដោយការដកចេញនូវកិលេសដោយអំណាចនៃអរហត្តមគ្គញាណ។ ពាក្យថា កាមកាមា (ដោយការប្រាថ្នានូវកាម) គឺមានន័យថា ព្រោះតែហេតុនៃកាម ឬព្រោះតែការប្រាថ្នានូវកាម។ ពាក្យថា ន លបយន្តិ សន្តោ (សប្បុរសទាំងឡាយជាអ្នកស្ងប់ រមែងមិនពោលរៀបរាប់) សំដៅដល់ព្រះពុទ្ធជាដើម ដែលជាអ្នកស្ងប់ រមែងមិនពោលរៀបរាប់ដោយខ្លួនឯង ឬមិនញ៉ាំងអ្នកដទៃឱ្យពោលរៀបរាប់ព្រោះតែហេតុនៃកាមឡើយ។
សេចក្ដីអធិប្បាយមានដូចតទៅ ភិក្ខុទាំងឡាយណាដែលចូលទៅបិណ្ឌបាត ហើយស្ថិតនៅក្នុងឥច្ឆាចារៈ (ការរស់នៅដោយសេចក្ដីប្រាថ្នាចង់បាន) ក៏ពោលសួរនាំថា ម្នាលឧបាសក តើកូននិងប្រពន្ធរបស់អ្នកមានសេចក្ដីសុខដែរឬទេ តើមិនមានគ្រោះថ្នាក់ដែលកើតពីស្ដេច ឬចោរជាដើម មកបៀតបៀនដល់មនុស្សនិងសត្វទាំងឡាយទេឬ ការពោលបែបនេះ ឈ្មោះថា ពោលរៀបរាប់ដោយខ្លួនឯង។ ចំណែកឯឧបាសកកាលដែលស្ដាប់ពាក្យនោះហើយក៏តបថា បពិត្រលោកម្ចាស់ដ៏ចម្រើន ពួកយើងទាំងអស់គ្នាមានសេចក្ដីសុខណាស់ មិនមានគ្រោះថ្នាក់អ្វីឡើយ ឥឡូវនេះ នៅក្នុងផ្ទះរបស់ពួកយើងមានអាហារនិងទឹកបរិបូរណ៍ណាស់ សូមលោកម្ចាស់គង់នៅទីនេះចុះ ការធ្វើឱ្យគេនិមន្តខ្លួនបែបនេះ ឈ្មោះថា ញ៉ាំងអ្នកដទៃឱ្យពោលរៀបរាប់។ ចំណែកឯសប្បុរសទាំងឡាយ រមែងមិនធ្វើនូវទង្វើទាំងពីរយ៉ាងនេះឡើយ។
ពាក្យថា សុខេន ផុដ្ឋា អថ វា ទុខេន (ទោះបីជាបានប៉ះពាល់នូវសុខក្ដី ឬទុក្ខក្ដី) គឺជាការសម្ដែងដោយសង្ខេប ប៉ុន្តែសេចក្ដីពិត គឺសំដៅដល់ការប៉ះពាល់នូវលោកធម៌ទាំង ៨ យ៉ាង។ បណ្ឌិតទាំងឡាយ រមែងមិនបង្ហាញអាការៈឡើងចុះ គឺមិនបង្ហាញសេចក្ដីត្រេកអរ ឬសេចក្ដីអាក់អន់ចិត្ត និងមិនបង្ហាញអាការៈតាមរយៈការថ្លែងសរសើរ ឬការថ្លែងបង្ខូចឡើយ។
ក្នុងពេលបញ្ចប់ការសម្ដែងធម៌ ជនទាំងឡាយជាច្រើនបានសម្រេចនូវសោតាបត្តិផលជាដើម។
រឿងភិក្ខុ ៥០០ អង្គ ចប់ទី ៨។
