(បិដក ៥២)/[៣៨] បឋមពោធិសូត្រ
ខ្ញុំបានស្តាប់មកហើយយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ បានត្រាស់ដឹងជាដម្បូង
ទ្រង់គង់នៅក្បែរ គល់ពោធិព្រឹក្ស ទៀបឆ្នេរ ស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។
សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយបល្ល័ង្គតែមួយ សោយវិមុត្តិសុខ
អស់ ១ សប្តាហ៍ (៧ ថ្ងៃ)។ លុះអំណើះសប្តាហ៍នោះហើយ ព្រះមានព្រះភាគ
ទ្រង់ចេញអំពីសមាធិនោះ ទ្រង់រំពឹងក្នុងព្រះហ្ឫទ័យចំពោះ បដិច្ចសមុប្បាទធម៌
ជាអនុលោម គឺពិចារណាបណ្តោយអស់រាត្រី បឋមយាម ដោយប្រពៃថា កាលបើបច្ច័យនេះមាន
ផលនេះក៏មាន ផលនេះរមែងកើតឡើង ព្រោះការកើតឡើងនៃបច្ច័យនេះ គឺ៖
១. អវិជ្ជាបច្ចយា សង្ខារា៖ សង្ខារទាំងឡាយកើតមានព្រោះ អវិជ្ជា
ជាបច្ច័យ
២. សង្ខារបច្ចយា វិញ្ញាណំ៖ វិញ្ញាណកើតមានព្រោះ សង្ខារ ជាបច្ច័យ
៣. វិញ្ញាណបច្ចយា នាមរូបំ៖ នាមរូបកើតមានព្រោះ វិញ្ញាណ ជាបច្ច័យ
៤. នាមរូបបច្ចយា សឡាយតនំ៖ សឡាយតនៈកើតមានព្រោះ នាមរូប ជាបច្ច័យ
៥. សឡាយតនបច្ចយា ផស្សោ៖ ផស្សៈកើតមានព្រោះ សឡាយតនៈ ជាបច្ច័យ
៦. ផស្សបច្ចយា វេទនា៖ វេទនាកើតមានព្រោះ ផស្សៈ ជាបច្ច័យ
៧. វេទនាបច្ចយា តណ្ហា៖ តណ្ហាកើតមានព្រោះ វេទនា ជាបច្ច័យ
៨. តណ្ហាបច្ចយា ឧបាទានំ៖ ឧបាទានកើតមានព្រោះ តណ្ហា ជាបច្ច័យ
៩. ឧបាទានបច្ចយា ភវោ៖ ភពកើតមានព្រោះ ឧបាទាន ជាបច្ច័យ
១០. ភវបច្ចយា ជាតិ៖ ជាតិកើតមានព្រោះ ភព ជាបច្ច័យ
១១. ជាតិបច្ចយា ជរាមរណំ សោកបរិទេវទុក្ខទោមនស្សុបាយាសា សម្ភវន្តិ៖ ជរាមរណៈ កើតមានព្រោះ ជាតិ ជាបច្ច័យ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ក៏រមែងកើតព្រម ឯវមេតស្សកេវលស្ស ទុក្ខក្ខន្ធស្ស សមុទយោ ហោតិ។ ការកើតឡើងនៃកងទុក្ខទាំងអស់នោះ
រមែងមានយ៉ាងនេះឯង។
លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវ ឧទាន
នេះ ក្នុងវេលានោះថា៖
យទា ហវេ បាតុកភវន្តិ
ធម្មា
អាតាបិនោ ឈាយតោ
ព្រាហ្មណស្ស
អថស្ស កង្ខា វបយន្តិ
សព្វា
យតោ បជានាតិ សហេតុធម្មំ។
ធម៌ទាំងឡាយ រមែងប្រាកដដល់ព្រាហ្មណ៍ អ្នកមានព្យាយាមញ៉ាំងកិលេសឱ្យក្តៅ
អ្នកដុតបង់នូវកិលេស ក្នុងកាលណា សេចក្តីសង្ស័យទាំងឡាយទាំងពួងរបស់ព្រាហ្មណ៍នោះ
រមែងអស់ទៅក្នុងកាលនោះ ព្រោះដឹងច្បាស់នូវធម៌ព្រមទាំងហេតុ។
ចប់ សូត្រទី ១។
