បិដក​៥២/[៣៩] ទុតិយពោធិសូត្រ

 បិដក​៥២/[៣៩] ទុតិយពោធិសូត្រ

ខ្ញុំបានស្តាប់មកហើយយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ បានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅក្បែរ គល់ពោធិព្រឹក្ស ទៀបឆ្នេរ ស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយបល្ល័ង្គតែមួយ សោយវិមុត្តិសុខ អស់ ១ សប្តាហ៍។

លុះអំណើះសប្តាហ៍នោះហើយ ទើបព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ ហើយទ្រង់រំពឹងក្នុងព្រះហ្ឫទ័យ ចំពោះ បដិច្ចសមុប្បាទធម៌ ជាបដិលោម គឺពិចារណាច្រាសឡើងអស់ មជ្ឈិមយាម នៃរាត្រី ដោយប្រពៃថា កាលបើបច្ច័យនេះមិនមាន ផលនេះក៏មិនមាន ផលនេះរមែងរលត់ទៅ ព្រោះរលត់ទៅនៃបច្ច័យនេះ គឺ៖

១. អវិជ្ជាយ ត្វេវ អសេសវិរាគនិរោធា សង្ខារនិរោធោ៖ ការរលត់ទៅនៃ សង្ខារ ព្រោះរលត់ អវិជ្ជា

២. សង្ខារនិរោធា វិញ្ញាណនិរោធោ៖ ការរលត់ទៅនៃ វិញ្ញាណ ព្រោះរលត់ សង្ខារ

៣. វិញ្ញាណនិរោធា នាមរូបនិរោធោ៖ ការរលត់ទៅនៃ នាមរូប ព្រោះរលត់ វិញ្ញាណ

៤. នាមរូបនិរោធា សឡាយតននិរោធោ៖ ការរលត់ទៅនៃ សឡាយតនៈ ព្រោះរលត់ នាមរូប

៥. សឡាយតននិរោធា ផស្សនិរោធោ៖ ការរលត់ទៅនៃ ផស្សៈ ព្រោះរលត់ សឡាយតនៈ

៦. ផស្សនិរោធា វេទនានិរោធោ៖ ការរលត់ទៅនៃ វេទនា ព្រោះរលត់ ផស្សៈ

៧. វេទនានិរោធា តណ្ហានិរោធោ៖ ការរលត់ទៅនៃ តណ្ហា ព្រោះរលត់ វេទនា

៨. តណ្ហានិរោធា ឧបាទាននិរោធោ៖ ការរលត់ទៅនៃ ឧបាទាន ព្រោះរលត់ តណ្ហា

៩. ឧបាទាននិរោធា ភវនិរោធោ៖ ការរលត់ទៅនៃ ភព ព្រោះរលត់ ឧបាទាន

១០. ភវនិរោធា ជាតិនិរោធោ៖ ការរលត់ទៅនៃ ជាតិ ព្រោះរលត់ ភព

១១. ជាតិនិរោធា ជរាមរណំ សោកបរិទេវទុក្ខទោមនស្សុបាយាសា និរុជ្ឈន្តិ៖ ជរាមរណៈ រលត់ទៅព្រម ព្រោះរលត់ ជាតិ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ក៏រមែងរលត់ ឯវមេតស្ស កេវលស្ស ទុក្ខក្ខន្ធស្ស និរោធោ ហោតិ។ សេចក្តីរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។

លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺនូវ ឧទាន នេះ ក្នុងវេលានោះថា៖

យទា ហវេ បាតុកភវន្តិ ធម្មា

អាតាបិនោ ឈាយតោ ព្រាហ្មណស្ស

អថស្ស កង្ខា វបយន្តិ សព្វា

យតោ ខយំ បច្ចយានំ អវេទិ។

ធម៌ទាំងឡាយ រមែងប្រាកដដល់ព្រាហ្មណ៍ អ្នកមានព្យាយាមញ៉ាំងកិលេសឱ្យក្តៅ អ្នកដុតបង់កិលេស ក្នុងកាលណា សេចក្តីសង្ស័យទាំងឡាយទាំងពួងរបស់ព្រាហ្មណ៍នោះ រមែងអស់ទៅក្នុងកាលនោះ ព្រោះបានដឹងច្បាស់នូវព្រះនិព្វាន ជាទីអស់ទៅនៃបច្ច័យទាំងឡាយ។

ចប់ សូត្រទី ២។

Previous Post Next Post