អដ្ឋង្គិកមគ្គជាផ្លូវនាំទៅកាន់ទីរំលត់ទុក្ខ

អដ្ឋង្គិកមគ្គ ជាមគ្គនាំទៅកាន់ទីរំលត់ទុក្ខ ព្រះនិព្វាន ព្រះ​សទ្ធម្ម​ចែក​ជា ៣ ប្រភេទ​គឺ ៖

១- បរិយត្តិធម៌ ពុទ្ធវចនៈ ព្រះ​ត្រៃ​បិដក​សំដែង​អំពី​គោល​ធម៌ របៀប​បែប​ផែន ដំបូន្មាន ច្បាប់​សម្រាប់​ប្រតិបត្តិ ​ដែល​ពុទ្ធ​បរិស័ទ​ត្រូវ​រៀន​ស្វាធ្យាយ ទ្រទ្រង់ បង្ហាត់​បង្រៀន សំដែង​ប្រាប់​ដល់​អ្នក​ដទៃ។
២- បដិបត្តិធម៌ ធម៌​សម្រាប់​ប្រតិបត្តិ​ប្រព្រឹត្ត​តាម​ បាន​ដល់​ សីល សមាធិ បញ្ញា ឬ​សេចក្ដី​ប្រតិបត្តិ​តាម​ធ្វើ​តាម កា​ន់តាមនូវ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌ ​ដែល​ខ្លួន​បាន​រៀន បាន​ស្ដាប់ បាន​ចេះ​ដឹង ដើម្បី​ឲ្យ​ដល់​នូវ​ធម៌​ដែល​ខ្លួន​មិន​ទាន់​ដល់ ឲ្យ​សំរេច​នូវ​ធម៌​ដែល​ខ្លួន​មិន​ទាន់​សំរេច ដើម្បី​ឲ្យ​ជាក់​ច្បាស់។
៣- បដិវេធ​ធម៌ ការ​ត្រាស់​ដឹង បាន​ដល់​កិរិយា​បាន​សំរេច បាន​ជាក់​ច្បាស់ ​ចាក់​ធ្លុះ​នូវ​បរមត្ថៈ ​គឺ​មគ្គ ផល និព្វាន ដែល​ជា​ផល​សំរេច ​អំពី​ការ​រៀន​ស្ដាប់​ចេះ​ដឹង និង​ប្រតិបត្តិ​នោះ។

វេនេយ្យ​សត្វ​ដូច​អ្នក​ដំណើរ ព្រះ​សម្មាសម្ពុទ្ធ​ដូច​អ្នក​ស្គាល់​ផ្លូវ បង្ហាញ​ផ្លូវ​ត្រង់ បរិយត្តិធម៌​ដូច​ជា​ផ្លូវ​ត្រង់ បដិបត្តិធម៌​ដូច​ជា​ដំណើរ​ទៅ​តាម​ផ្លូវ​ត្រង់​នៃ​អ្នក​ដំណើរ បដិវេធ​ធម៌​ដូច​ជា​ដំណើរ​ទៅ​ដល់​កន្លែង​​ដែល​ត្រូវ​ទៅ​ឲ្យ​ដល់​នៃ​អ្នក​ដំណើរ ព្រះ​សទ្ធម្ម​ទាំង​ ៣ ប្រភេទ​នេះ បណ្ឌិត​គប្បី​លើក​យក​អរិយមគ្គ​​មាន​អង្គ ៨ មក​ពិនិត្យ​ឲ្យ​យល់​ច្បាស់​ថា ការ​​រៀន​​ចេះ​ចាំ​បង្រៀន​សំដែង​នូវ​មគ្គ នោះ​ជា​បរិយត្តិ ការ​​ប្រឹង​ប្រែង​ប្រតិបត្តិ​ប្រព្រឹត្ត​តាម​អង្គ​មគ្គ នោះ​​ជា​បដិបត្តិ ការ​បាន​សំរេច​នូវ​អង្គ​មគ្គ នោះ​ជា​បដិវេធៈ

អរិយមគ្គមានអង្គ ៨
១- សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ
២- សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ
៣- សម្មាវាចា សំដីត្រូវ
៤- សម្មាកម្មន្តៈ ការងារត្រូវ
៥- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ
៦- សម្មាវាយាមៈ ព្យាយាមត្រូវ
៧- សម្មាសតិ ការរលឹកត្រូវ
៨- សម្មាសមាធិ ការដំកល់ចិត្តឲ្យនឹងត្រូវ

សម្មាទិដ្ឋិៈ ប្រាជ្ញាយល់ឃើញត្រូវ បានដល់ប្រាជ្ញាដឹងក្នុង អរិយសច្ចៈ ៤
១- ទុក្ខៈ ធម្មជាតិ​ដែល​នាំ​ឲ្យ​ លំបាក​ព្រួយ​មាន ​ជាតិ​ ជរា​ មរណៈ​ ជាដើម
២- ទុក្ខសមុទយៈ ហេតុ​បណ្ដាល​ឲ្យ ​កើត​ទុក្ខ​ បាន​ដល់​តណ្ហា
៣- ទុក្ខនិរោធៈ ព្រះ​និព្វាន​រំលត់​តណ្ហា​បណ្ដាល​ទុក្ខ
៤- ទុក្ខនិ​រោធគាមិ​នី​បដិបទា មធ្យម​មាគ៌ា​នាំ​ឲ្យ​ទៅ​កាន់​ទី​រំលត់​ទុក្ខ​

សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ បានដល់ សេចក្ដីត្រិះរិះត្រូវ ៣ យ៉ាងគឺ
១- នេក្ខម្មសង្កប្បៈ សេចក្ដី​ត្រិះ​រិះ​ក្នុង​ការ​ចេញ​ចាក​កាម
២- អព្យាទ​សង្កប្បៈ សេចក្ដី​ត្រិះ​រិះ​ក្នុង​ការ​មិន​ព្យាបាទ
៣- អវិហឹសាសង្កប្បៈ សេចក្ដី​ត្រិះរិះ​ក្នុង​ការ​មិន​បៀត​បៀន​

សម្មាវាចាៈ សំដីត្រូវ បានដល់ការវៀរចាក វចីទុច្ចរិត ៤ យ៉ាង គឺ
១- មុសាវាទា វេរមណី ការ​វៀរចាក​កិរិយា​ពោល​កុហក
២- បិសុណាយ វាចាយ វេរមណី ការ​វៀរ​ចាក​សំដី​ញុះ​ញង់
៣- ផរុសាយ វាចាយ វេរមណី ការ​​វៀរ​​ចាក​​សំដី​​ទ្រ​គោះ
៤- សម្ផប្បលាបា វេរមណី ការ​​វៀរ​​ចាក​​កិរិយា​​ពោល​​រឿង​​ឥត​​ប្រយោជន៍ 

សម្មាកម្មន្តៈ  ការ​ងារ​​ត្រូវ​​បាន​​ដល់​​ការ​​វៀរ​ចាក​ កាយ​ទុច្ចរិត ៣ យ៉ាង​គឺ
១- បាណាតិបាតា វេរមណី ការ​​វៀរ​​ចាក​​កិរិយា​​បំបាត់​​ប្រាណ​​សត្វ
២- អទិន្នាទានា វេរមណី ការ​​វៀរ​​ចាក​​ការ​​កាន់​​យក​​វត្ថុ​​ដែល​​គេ​​មិន​​ឲ្យ
៣- កាមេសុមិច្ឆា​ចារា វេរមណី ការ​​វៀរ​​ចាក​​ការ​​ប្រព្រឹត្ត​​ខុស​​ក្នុង​​កាម​​ទាំងឡាយ ​

សម្មាអាជីវៈ  ការ​​ចិញ្ចឹម​​ជីវិត​​ត្រូវ  សម្រាប់​​គ្រហស្ថ បាន​​ដល់​​ការ​​វៀរ​​ចាក​​ជំនួញ​​ខុស កិរិយា​លះ​បង់​​ការ​​បំបាត់​​ដោយ​​ជញ្ជីង​​ ជា​ដើម ការ​​ធ្វើ​​ជា​​សាក្សី​​កោង ការ​​ល្មោភ​​សំណូក ហើយ​​ប្រកប​​អាជីវកម្ម  ដោយ​​វណិជ្ជកម្ម​​ដែល​​នាំ​​ឲ្យ​​សេដ្ឋកិច្ច​​ជាតិ​​ចំរើន ដោយ​​វិជ្ជា​​ជីវៈ ដ៏​​យុត្តិធម៌ ដោយ​​កសិកម្ម ជា​ឧត្តម​កម្ម និង​​គោរក្ខ​កម្ម សម្រាប់​​បព្វជិត បាន​​ដល់​​ការ​​លះបង់​​មិច្ឆា​អាជីវៈ​​ដោយ​​អនេ​សនៈ​បាប​ធម៌ មាន​ទូត​កម្ម វេជ្ជកម្ម​​ជា​ដើម ការ​​ត្រាច់​​ទៅ​​កាន់​​អគោចរដ្ឋាន ហើយ​​ចិញ្ចឹម​​ជីវិត​​ ដោយ​​ភិក្ខា​​ចរិយ​ធម៌​​ដ៏​​ស្មើ ឬ​​បច្ច័យ​​ដែល​​កើត​​ឡើង​​តាម​​ធម៌ ។

សម្មាវាយាមៈ ព្យា​យាម​​ត្រូវ បាន​​ដល់​​ សម្មប្ប​ធាន គឺ​​ការ​​បង្កើត​​ឆន្ទៈ ព្យា​យាម​​ប្រារព្ធ វីរិយៈ តាំង​បធាន ផ្គង​​ចិត្តៈ
-ដើម្បី​​មិន​​ឲ្យ​អកុសល​ធម៌​​លា​មក មិន​​ទាន់​​កើត​​ឡើង កើត​​ឡើង​​បាន
-
ដើម្បី​​លះ​បង់​​នូវ​​អកុសល​​ធម៌​​លាមក​​កើត​​ឡើង​​ហើយ
-
ដើម្បី​​ឲ្យ​​កុសល​ធម៌​​មិន​​ទាន់​​កើត​​ឡើង កើត​​ឡើង
-
ដើម្បី​​ឲ្យ​​កុសលធម៌​​កើត​​ឡើង​ហើយ ឋិត​​នៅ មិន​​សាប​​សូន្យ ឲ្យ​​ចំរើន​​ច្រើន​​ឡើង ឲ្យ​​ចំរើន​​ទូលំ​ទូលាយ ឲ្យ​​បរិបូណ៌ 

សម្មាសតិៈ ការ​រលឹក​ត្រូវ បាន​ដល់​ សតិប្បដ្ឋាន ៤ គឺ
១- កាយានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ​​ខ្ជាប់ខ្ជួន​​ពិចារណា​​រឿយ​ៗ ក្នុង​​កាយ
២- វេទនានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយៗ ក្នុង​​វេទនា
៣- ចិត្តានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយ​ៗ ក្នុង​​ចិត្ត
៤- ធម្មានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយ​ៗ ក្នុង​​ធម៌

សម្មាសមាធិៈ សមាធិ​​ត្រូវ បាន​​ដល់​​ ឈាន ៤ ដែល​​ភិក្ខុ​​ស្ងប់ស្ងាត់​​ចាក​​កាម​​ទាំង​ឡាយ ចាក​អកុសល​ធម៌​​​​ទាំង​ឡាយ ហើយ​​បាន​​សម្រេច គឺ
១- មឋមជ្ឈាន ប្រកប​ដោយ ​វិតក្កៈ វិចារៈ មាន​បីតិ សុខៈ កើត​អំពី​វិវេគ
២- ទុតិយជ្ឈាន រម្ងាប់​វិតក្កៈ វិចារៈ ថ្លា​ល្អ​​ខាង​​ក្នុង មាន​​ឯ​កោ​ទិភាព​​ចិត្ត មាន​បីតិ​សុខ​​ កើត​​អំពី​​វិវេគ
៣- តតិយជ្ឈាន ប្រាស​​ចាក​​បីតិ មាន​​សុខៈ និង​​ឧបេក្ខា
៤- ចតុត្ថជ្ឈាន លះ​បង់​​សុខ​​និង​​ទុក្ខ មិន​​មាន​​សោមនស្ស​​ទោមនស្ស ជា​​អទុក្ខម​សុខៈ មាន​​សតិ​​ប្រកប​ដោយ​​ឧបេក្ខា​​ដ៏​​បរិសុទ្ធ 

បណ្ដា​​មគ្គ​​ទាំង ៨
-សម្មាទិដ្ឋិ ញ៉ាំង​​លោក​​ឲ្យ​​ដឹង​​ច្បាស់​​នូវ អនិច្ចតា ទុក្ខតា អនត្តតា នូវ​​សមុទ័យ​​នៃ​​លោក​ប្បញ្ហា គឺ​តណ្ហា នូវ​​ឧបាយ​​ដោះ​​ និង ​​កិរិយា​​ដោះ
-សម្មាសង្កប្បៈ ឲ្យ​​ស្គាល់​​សមុដ្ឋាន​​អសន្តិភាព គឺ​​កាមៈ ព្យាបាទៈ វិហឹសា ហើយ​​ឲ្យ​​សាង​​សន្តិភាព​ដោយ​​កាម​​វិរតិ ព្រហ្មវិហារ​ធម៌ ៤ ជា​​ធម៌​​ស្ងួន​​លោក
-សម្មាវាចា ឲ្យ​​មាន​​សច្ចៈ មាន​​សន្តិភាព​​សាមគ្គី​​អរិយ​ធម៌​​ដោយ​​វាចា​​ និង​​វាចា​​ប្រកប​​ដោយ​ប្រយោជន៍
-សម្មាកម្មន្តៈ ឲ្យ​​គោរព​​សិទ្ធិ សេរីភាព អធិប​តេយ្យ​​ ដែល​​មាន​​សំរាប់​​កាយិក​​ចេតសិក​​សុខ​​ជីវិត សវិញ្ញាណ​​​កា វិញ្ញាណ​ក​ទ្រព្យ គ្រាម​ធម៌
-សម្មាអាជីវៈ ឲ្យ​ប្រកប​អាជីវកម្ម​ដោយ​ធម៌
-សម្មាវាយាមៈ ឲ្យ​​លះបង់​​អាលស្យ​ភាព (កំជិល) ដែល​​ជា​​ប្រធាន​​អកុសល​ធម៌
-សម្មាសតិ ឲ្យ​​មាន​​សតិ​សម្បជញ្ញៈ​ជា​និច្ច​​ថា លោក​​មាន​​សមភាព​​ទៅ​​វិញ​​ទៅ​​មក​” ព្រោះ​​លោក​​ជា​ទឹក ដី ភ្លើង ខ្យល់ ឋិត​​នៅ​​ក្នុង​​អាណា អនិច្ចតា ទុក្ខតា អនត្តតា ដូច​គ្នា ជាប់​​ចោទ​​លោក​ប្បញ្ញា​​ ដូច​គ្នា
-សម្មាសមាធិ ឲ្យ​​មាន​​ចិត្ត​​ស្អាត​​ផូរ​ផង់ តាំង​​នៅ​​មាំ​មួន ​​ចំពោះ​​សត្វ​​ និង​​សង្ខារ​

មគ្គ​ទាំង ៨ នេះ​​ចាត់​​ចូល​​ក្នុង​​សិក្ខា​​ទាំង ៣ គឺ សម្មាទិដ្ឋិ សម្មា​សង្កប្បៈ ចូល​​ក្នុង ​​អធិប្ប​ញ្ញា សិក្ខា សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ ចូល​​ក្នុង​​ អធិសីល សិក្ខា សម្មាវិ​យាមៈ សម្មា​សតិ សម្មាសមាធិ​ ចូល​​ក្នុង អធិ​​ចិត្ត សិក្ខា ​។

ព្រះ​​ពុទ្ធសាសនា មាន​​គោល​ធម៌​​ប៉ុណ្ណេះ​​ជា​ដើម ដែល​​ជា​​ពន្លឺ​​បំភ្លឺ​​លោក ឲ្យ​​ភ្លឺ​​ស្វាង​​ចាក​​មហន្ធការ​​ គឺ អវិជ្ជា ហើយ​​ឲ្យ​​ស្គាល់​​មធ្យោបាយ​​សាង​​សន្តិភាព​​សម្រាប់​​សាកល​លោក និង​​ឯកន្ត​​សន្តិភាព គឺ​សន្តិ​ភាព​​​​សម្រាប់​​ខ្លួន​​ នា​​បច្ចុប្បន្ន អនាគត និង​​សន្តិភាព រួច​​ចាក​​អណា​​លោក​រាជ ​​និង​​លោក​ប្បញ្ញា​នា​អវសាន​​ជាតិ ។ រវាង​​សតវត្ស​​ទី ២៥ នៃ​​ពុទ្ធសករាជ ពិ​ភពលោក​​ក្នុង​​កំឡុង​​កាំ​រស្មី​​អាទិត្យ ត្រូវ​​លោក​​សង្គ្រាម​​គំរាម​យ៉ាង​​​ខ្លាំង ព្រោះ​​លោក​​ខ្វះ​​មនុស្ស​​ធម៌ ដល់​​គំរប់ ២៥០០ វស្សា​​នៃ​​ពុទ្ធសករាជ ក៏​​មាន​​ចិត្ត​​ស្នេហា​សន្តិភាព​​បាន​​នាំ​​គ្នា​​ធ្វើ​​បុណ្យ​​រំលឹក​​រយៈ​​កាល ២៥០០ វស្សា ដើម្បី​​សន្តិភាព ប៉ុន្តែ​​សន្តិភា​ព​​មិន​មែន​មាន​​ត្រង់​​អំនួត​​ថា ខ្ញុំ​​ធ្វើ​​ពិធី​​នេះ​​ដែរ ទេ ព្រោះ​​ដំណើរ​​នោះ​​ជា​​អាកប្បកិរិយា​​ក្លែង​​បន្លំ​​ក៏​​សឹង​​មាន សន្តិភាព​​ឥត​​អាមិស​ ​មាន​​នៅ​​ត្រង់​​ការ​​ប្រតិបត្តិ​តាម​​គោល​​នៃ​​ព្រះ​​សទ្ធម្ម ៨ ដែល​​ពោល​​មក​​ហើយ​នោះ​​ពិត​ ៗ ។ បើ​​លោក​​ត្រូវ​​ការ​​សន្តិភាព ស្រឡាញ់​​សន្តិភាព សូម​​អញ្ជើញ​​ធ្វើ​​តាម​​គោល​​ព្រះ​​សទ្ធម្ម ៨ នោះ​​ចុះ។

(
ដក​ស្រង់​ចេញ​ពី ធម្មប្បជោត រៀប​រៀង​ដោយ​ព្រះ​មហា អ៊ុក អ៊ឺន ក្នុង​ទស្សនា​វដ្តី​កម្ពុជ​សុរិយា ឆ្នាំ​១៩៥៨ ចុះ​ផ្សាយ​ដោយ​វិទ្យា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​)


ដោយ៥០០០ឆ្នាំ

 

 

Previous Post Next Post