ជំងឺគ្រុនឈាម

 ជំងឺគ្រុនឈាម 


      ជំងឺគ្រុនឈាម គឺជាជំងឺឆ្លងបង្កឡើងដោយវីរុសប្រភេទ Dengue តាមរយៈការខាំចម្លងពី "មូសខ្លា" ញីដែលផ្ទុកមេរោគ ជំងឺនេះមិនអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយផ្ទាល់នោះទេ។ 


ខាងក្រោមនេះគឺផ្អែកលើការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) និងការសិក្សាស្រាវជ្រាវវេជ្ជសាស្ត្រទូទៅ...


រោគសញ្ញានៃជំងឺគ្រុនឈាម

     រោគសញ្ញាជាទូទៅចាប់ផ្តើមលេចឡើងពី ៤ ទៅ ១០ ថ្ងៃ បន្ទាប់ពីមូសខ្លាខាំ។ បែងចែករោគសញ្ញាជា ២ ដំណាក់កាល៖

     ១). រោគសញ្ញាទូទៅ 

      - គ្រុនក្តៅខ្លាំងភ្លាមៗ កម្តៅអាចឡើងដល់ ៤០°C (104°F)។

      - ឈឺក្បាលខ្លាំង ជាពិសេសឈឺនៅផ្នែកខាងក្រោយភ្នែក។

      - ឈឺសាច់ដុំ ឈឺសន្លាក់ និងឈឺឆ្អឹង ជួនកាលគេហៅជំងឺនេះថា "Breakbone fever" ព្រោះវាធ្វើឱ្យឈឺចុកចាប់ខ្លាំង។

      - ចង្អោរ និងក្អួត។

      - លេចចេញកន្ទួលក្រហមលើស្បែក ច្រើនកើតមានបន្ទាប់ពីគ្រុនក្តៅបាន ២ ទៅ ៥ថ្ងៃ។

     ២). រោគសញ្ញាគ្រោះថ្នាក់ 

     បន្ទាប់ពីក្តៅខ្លួនបាន ៣ ទៅ ៧ ថ្ងៃ កម្តៅអាចនឹងធ្លាក់ចុះមកធម្មតាវិញ ប៉ុន្តែនេះគឺជា ដំណាក់កាលគ្រោះថ្នាក់បំផុត ដែលអ្នកជំងឺអាចនឹងខ្សោះជាតិទឹក និងធ្លាក់ប្លាកែត (Platelets) ខ្លាំង។ សញ្ញាព្រមានរួមមាន៖

ឈឺពោះខ្លាំង ឬតឹងណែនពោះ។

    - ក្អួតចង្អោរជាប់រហូត។

    - ហូរឈាមតាមអញ្ចាញធ្មេញ ឬច្រមុះ។

    - ក្អួតមានឈាម ឬលាមកពណ៌ខ្មៅ (សញ្ញាហូរឈាមក្នុងក្រពះពោះវៀន)។

    - ដកដង្ហើមញាប់ ហត់ ស្បែកស្លេកស្លាំង ត្រជាក់ចុងដៃចុងជើង។

    - អស់កម្លាំងខ្លាំង ឡេះឡះ ឬសន្លឹម។

(ចំណាំ៖ ប្រសិនបើមានសញ្ញាណាមួយខាងលើ ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ ព្រោះអាចបណ្តាលឱ្យស្លាប់បាន)


🔸វិធីព្យាបាលតាមបែបវិទ្យាសាស្ត្រ 

     ការព្យាបាល គឺផ្តោតទៅលើការសម្រាលរោគសញ្ញា និងការពារកុំឱ្យអ្នកជំងឺបាត់បង់ជាតិទឹក។

     - ថ្នាំបញ្ចុះកម្តៅ និងបំបាត់ការឈឺចាប់៖ ប្រើថ្នាំ ប៉ារ៉ាសេតាម៉ុល (Paracetamol/Acetaminophen) តែមួយមុខគត់ ទៅតាមទម្ងន់ និងវេជ្ជបញ្ជា។

     - បម្រាមដាច់ខាត (សុំប្រុងប្រយ័ត្ន)៖ ហាមប្រើប្រាស់ថ្នាំបញ្ចុះកម្តៅប្រភេទ NSAIDs ដូចជា អាស្ពីរីន (Aspirin) ឬ អ៊ីប៊ុយប្រូហ្វែន (Ibuprofen) ជាដាច់ខាត ព្រោះថ្នាំទាំងនេះធ្វើឱ្យក្រពះពោះវៀនងាយហូរឈាម និងធ្វើឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។

     - ការបំពេញជាតិទឹក៖ ត្រូវឱ្យអ្នកជំងឺផឹកទឹកឱ្យបានច្រើន ពិសេស ទឹកអូរ៉ាលីត (ORS) ទឹកដូង ឬទឹកស៊ុប ដើម្បីប៉ះប៉ូវជាតិទឹកដែលបាត់បង់តាមរយៈការក្តៅខ្លួន និងក្អួត។

     - ចំពោះករណីធ្ងន់ធ្ងរ គ្រូពេទ្យនឹងបញ្ចូលសេរ៉ូមតាមសរសៃឈាមវ៉ែន ដើម្បីរក្សាសម្ពាធឈាម និងអាចមានការបញ្ចូនឈាម ឬប្លាកែត ប្រសិនបើមានការហូរឈាមធ្ងន់ធ្ងរ។ ត្រូវធ្វើតេស្តឈាម (CBC) ជារៀងរាល់ថ្ងៃដើម្បីតាមដានគ្រាប់ឈាមស ប្លាកែត និងកំហាប់ឈាម។


🔸វិធីព្យាបាលតាមបែបឱសថបុរាណ 

      ក្នុងការព្យាបាលតាមបែបធម្មជាតិ យើងមិនអាចពឹងផ្អែកទាំងស្រុងដោយចោលការតាមដានរបស់ពេទ្យនោះទេ តែទោះជាយ៉ាងណា មានឱសថធម្មជាតិមួយដែលត្រូវបាន បញ្ជាក់ដោយការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ (Clinical Trials) ថាពិតជាអាចជួយគាំទ្រក្នុងការព្យាបាលជំងឺគ្រុនឈាមបាន នោះគឺ៖

៙ ការប្រើប្រាស់ "ទឹកដូងសាច់ក្ដឹប" 

     ទោះបីជាមិនមែនជាថ្នាំសម្លាប់វីរុស តែទឹកដូងសំបូរទៅដោយ អេឡិចត្រូលីត (ប៉ូតាស្យូម សូដ្យូម) ដែលជាសារធាតុរ៉ែយ៉ាងសំខាន់ក្នុងការ ទប់ស្កាត់ការខ្សោះជាតិទឹក និងផ្តល់ថាមពលដល់អ្នកជំងឺគ្រុនឈាមបានយ៉ាងមានប្រសិទ្ធភាព ជំនួសឱ្យការផឹកទឹកសាបធម្មតា។

(បម្រាម៖ កុំប្រើវិធីស្អំកម្តៅដោយការកោសខ្យល់ ឬជប់ ព្រោះវានឹងធ្វើឱ្យសរសៃឈាមតូចៗបែក បណ្តាលឱ្យហូរឈាមក្រោមស្បែកកាន់តែខ្លាំង។)


_____សុវត្ថន៍-Sovathn


ប្រភពឯកសារយោង : 

    - Centers for Disease Control and Prevention. (2023, June 14). Dengue: Clinical presentation. U.S. Department of Health & Human Services. 

    - Charan, J., Saxena, D., Goyal, J. P., & Yasobant, S. (2016). Efficacy and safety of Carica papaya leaf extract in the dengue: A systematic review and meta-analysis. International Journal of Applied and Basic Medical Research, 6(4), 249–254. 

   - World Health Organization. (2023, March 17). Dengue and severe dengue.

Previous Post Next Post