[១៣] សម្មប្បធានសូត្រ
ម្នាលភិក្ខុទាំងឡាយ សម្មប្បធាន (សេចក្តីព្យាយាមប្រពៃ) នេះមាន ៤ យ៉ាង។ សម្មប្បធាន ៤ យ៉ាង តើដូចម្តេចខ្លះ។
១. អនុប្បន្នានំ បាបកានំ អកុសលានំ ធម្មានំ អនុប្បាទាយ៖ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឱ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងអកុសលធម៌ដ៏លាមក ដែលមិនទាន់កើតឡើង មិនឱ្យកើតឡើងបាន។
២. ឧប្បន្នានំ បាបកានំ អកុសលានំ ធម្មានំ បហានាយ ៖ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឱ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់នូវអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ។
៣. អនុប្បន្នានំ កុសលានំ ធម្មានំ ឧប្បាទាយ ៖ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឱ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងកុសលធម៌ដែលមិនទាន់កើតឡើង ឱ្យកើតឡើង។
៤. ឧប្បន្នានំ កុសលានំ ធម្មានំ ឋិតិយា អសម្មោសាយ ភិយ្យោភាវាយ វេបុល្លាយ ភាវនាយ បារិបូរិយា ៖ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឱ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងកុសលធម៌ដែលកើតឡើងហើយ ឱ្យស្ថិតនៅ មិនឱ្យភ្លេចភ្លាំងទៅ ឱ្យចម្រើនធំទូលាយ បរិបូណ៌ក្រៃលែងឡើង។
ម្នាលភិក្ខុទាំងឡាយ សម្មប្បធាន មាន ៤ យ៉ាងប៉ុណ្ណេះឯង។
‘‘សម្មប្បធានា មារធេយ្យាភិភូតា,
តេ អសិតា ជាតិមរណភយស្ស បារគូ;
តេ តុសិតា ជេត្វា មារំ សវាហិនឹ តេ អនេជា,
សព្វំ នមុចិពលំ ឧបាតិវត្តា តេ សុខិតា’’តិ។
ព្រះខីណាស្រពទាំងនោះ ជាអ្នកមានព្យាយាមដោយប្រពៃ គ្របសង្កត់នូវមារគឺវដ្តៈបាន ជាអ្នកមិនបានអាស្រ័យ ជាអ្នកដល់ត្រើយនៃភ័យគឺជាតិនឹងមរណៈត្រេកអរ បានឈ្នះនូវមារព្រមទាំងវាហនៈគឺសេនារបស់មារ ព្រះខីណាស្រពនោះ មិនបានញាប់ញ័រដោយតណ្ហា កន្លងបង់នូវពលនៃមារទាំងអស់បាន (លោកដល់នូវសេចក្តីសុខហើយ)។







