គ្មានការឈឺចាប់ណាខ្លាំងជាងការឈឺចាប់ដែលប្រទេសជាតិត្រូវសត្រូវឈ្លានពាននិងប្រមាថនោះទេ។ មានរឿងរ៉ាវជាច្រើនដែលខ្ញុំចង់សរសេរ ប៉ុន្តែខ្ញុំគិតថា រឿងរ៉ាវទាំងនោះវាបានដក់ជាប់កប់យ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងនិងមនោសញ្ចេតនារបស់ប្រជាជនខ្មែរគ្រប់រូបរួចស្រេចទៅហើយ។

 គ្មានការឈឺចាប់ណាខ្លាំងជាងការឈឺចាប់ដែលប្រទេសជាតិត្រូវសត្រូវឈ្លានពាននិងប្រមាថនោះទេ។ មានរឿងរ៉ាវជាច្រើនដែលខ្ញុំចង់សរសេរ ប៉ុន្តែខ្ញុំគិតថា រឿងរ៉ាវទាំងនោះវាបានដក់ជាប់កប់យ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងនិងមនោសញ្ចេតនារបស់ប្រជាជនខ្មែរគ្រប់រូបរួចស្រេចទៅហើយ។ 


ខ្ញុំសូមបង្ហោះរូបថតប៉ុន្មានសន្លឹកនេះឡើងវិញ ដែលខ្ញុំយកចេញពីបណ្ដាញសង្គមដែលបងប្អូនយើងបានបង្ហោះរួចហើយ។ តាមរយៈរូបថតប៉ុន្មានសន្លឹកនេះ ខ្ញុំនិងប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈនិងគ្រប់និន្នការនយោបាយទាំងក្នុងនិងក្រៅប្រទេស សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅនិងជំពាក់គុណដ៏សែនធ្ងន់ចំពោះបងប្អូនវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់និងពលីជីវិតដើម្បីការពារទឹកដីនិងប្រាសាទ​បុរាណដែលជាមរតកដូនតាខ្មែរយើង។ ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈនិងគ្រប់និន្នការនយោបាយចងចាំជានិច្ចចំពោះវីរភាពនៃការលះបង់និងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់បងប្អូនវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។


តាមរយៈការតស៊ូប្រយុទ្ធនឹងសត្រូវឈ្លានពានរយៈពេល៥ថ្ងៃកន្លងមកនេះ យើងបានមើលឃើញយ៉ាងប្រត្យក្សនូវមហាសាមគ្គីជាតិនិងឯកភាពជាតិនៃមហាគ្រួសារខ្មែរទាំងនៅសមរភូមិមុខនិងសមរភូមិក្រោយ និងទាំងក្នុងប្រទេសនិងក្រៅប្រទេស ដែល​មិនធ្លាប់មានរាប់សតវត្សរ៍ឬទសវត្សរ៍មកហើយ។ ម្នាក់ៗសុទ្ធតែមានការឈឺឆ្អាលចំពោះប្រទេសជាតិនិងការឈឺចាប់ចំពោះសត្រូវឈ្លានពាន ហើយបានប្រែក្លាយការឈឺឆ្អាលនិងការឈឺចាប់ទាំងនោះទៅជាសកម្មភាពជាក់ស្ដែងតាមរយៈការគាំទ្រជាស្មារតី សម្ភារៈ ថវិកា និងបញ្ញាញាណទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន។ ចំណែកបងប្អូនខ្មែរនៅឯនាយសមុទ្រ បានចេញតវ៉ាប្រឆាំងអំពើឈ្លានពានរបស់សត្រូវស្ទើរពាសពេញពិភពលោកក្នុងស្មារតីខ្មែរតែមួយ។


ឈរលើស្មារតីនៃមហាសាមគ្គីជាតិនិងឯកភាពជាតិដែលយើងមាននាពេលនេះ យើងត្រូវប្រែក្លាយមេរៀន, សោកនាដកម្ម និងការឈឺចាប់ដែលបង្កឡើងដោយសត្រូវឈ្លានពាន ទៅជាការខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការពង្រឹងស្មារតីសាមគ្គីជាតិនិងឯកភាពជាតិយូរអង្វែងនិងមានលក្ខណៈជាប្រព័ន្ធ និងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពជាតិយើងលើគ្រប់វិស័យទៅថ្ងៃអនាគត។


ចំពោះមុខវិញ្ញាណក្ខន្ធនៃវីរកងទ័ពដ៏អង់អាចក្លាហានដែលបានពលីជីវិតដើម្បីការពារទឹកដីដូនតា, យើងត្រូវ​រួបរួមគ្នាជាធ្លុងមួយជាមួយវីរកងទ័ពយើងនិងរាជរដ្ឋាភិបាលយើង ដើម្បីបន្តរក្សាការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដីយើងពីការឈ្លានពានរបស់សត្រូវគ្រប់ប្រភេទ។ យើងមិនអាចឱ្យវីរកងទ័ពយើងស្លាប់ទៅទទេៗដោយគ្មានផលត្រឡប់នោះទេ៕


«ខ្មែររួម ៖ រស់ ខ្លាំង អភិវឌ្ឍ»


ខ្មែររួមខ្មែររស់ 

ខ្មែរមានកេរ្ត៍ឈ្មោះ

ល្បីពេញលោកា 

ខ្មែរពូជអ្នកថ្កើង

មានយសសក្តា 

គ្មានជាតិសាសន៍ណា

អាចប្រមាថបាន។


ខ្មែររួមខ្មែរខ្លាំង 

ខ្មែរមានកម្លាំង

ជ្រោងជាតិថ្កើងថ្កាន 

ការពារទឹកដី

ព្រឹក្សព្រៃភូមិឋាន 

រស់សុខក្សេមក្សាន្ត

មានសុខសេរី។


ខ្មែររួមអភិវឌ្ឍ 

ទីក្រុងជនបទ

រាជរដ្ឋបូរី 

ស្តារសេដ្ឋកិច្ចជាតិ

ជឿនលឿនរាល់ថ្ងៃ 

ឱ្យស៊ីវិល័យ

ទាន់លោកនិយម៕


២៩ កក្កដា ២០២៥

Previous Post Next Post