លោកចិន្តាសូត្រ ទី១

 🍃លោកចិន្តាសូត្រ ទី១

សម័យមួយ ព្រះ​មានព្រះភាគ ទ្រង់​គង់​នៅក្នុង​វត្ត​វេឡុវន ជាកលន្ទក និវាបស្ថាន​ ជិត​ក្រុងរាជ​គ្រឹះ។ ក្នុងទីនោះ​ឯង ព្រះ​មានព្រះភាគ ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំង​ឡាយ​ថា​ ម្នាល​ភិក្ខុទាំងឡាយ ពីព្រេង​នាយមក មានបុរស​ម្នាក់ ចេញ​អំពី​ក្រុង​រាជ​គ្រឹះ​ដោយ​គិត​ថា អញនឹង​គិត​ នូវ​លោក​ចិន្ដា  [គឺគិតថា នរណាបង្កើតព្រះចន្ទ្រ និងព្រះអាទិត្យ នរណាបង្កើតផែនដី នរណាតាក់តែងសមុទ្រ នរណា តាក់តែងពួកសត្វ ដែលជាឱបបាតិកៈ នរណាតាក់តែងភ្នំ នរណាតាក់តែងដើមស្វាយ ត្នោត ដូង ជាដើម មក នេះហៅថា លោកចិន្តា  (អដ្ឋកថា​)។] (គិត​អំពី​លោក) ដូច្នេះ​ហើយ ​ចូលទៅ​រក​ស្រះ​បោក្ខរណី ឈ្មោះ​សុមាគធា លុះចូល​ទៅដល់​ហើយ ក៏អង្គុយ​ទៀប​ឆ្នេរ​ស្រះ​បោក្ខរណីឈ្មោះ​ សុមាគធា ហើយគិតលោក​ចិន្ដា។ ម្នាល​ភិក្ខុទាំងឡាយ បុរស​នោះ ក៏ស្រាប់​តែ​ឃើញ ​នូវ​សេនា​មានអង្គ​ ៤ កំពុង​ចូល​ទៅ​ក្នុងក្រ​ឪឈូក ទៀប​ឆ្នេរស្រះ​បោក្ខរណី​ ឈ្មោះ​សុមាគធា។ លុះបុរស​នោះ​ឃើញ​ហើយ ក៏មាន​សេចក្ដី​ត្រិះ​រិះ ​ដូច្នេះថា អញ​ជាមនុស្ស​ឆ្កួតទេតើ អញជា​មនុស្ស​មាន​ចិត្ត​រាយ​មាយ​ទេតើ វត្ថុណា មិនមាន​ក្នុង​លោក វត្ថុនោះ​ អញ​បានឃើញ​ហើយ។ ម្នាល​ភិក្ខុទាំងឡាយ គ្រានោះ ​បុរស​នោះ ​ត្រឡប់​​​ចូល​ទៅ​កាន់​នគរ​ ហើយ​ប្រាប់​ពួក​មហាជន​ថា នែ​អ្នក​ទាំងឡាយ​ដ៏ចំរើន ខ្ញុំ​ជាមនុស្សឆ្កួត នែអ្នកទាំងឡាយ​ដ៏ចំរើន ខ្ញុំ​ជាមនុស្ស​មានចិត្ត​រាយ​មាយ វត្ថុ​ណា មិន​មាន​ក្នុង​លោក វត្ថុ​នោះ ​ខ្ញុំបានឃើញ​ហើយ។ ពួក​មហាជន តបវិញ​ថា នែបុរស​ដ៏ចំរើន ចុះហេតុ​ដូចម្ដេច បានជាអ្នកឆ្កួត ហេតុ​ដូចម្ដេច​ បានជាអ្នក​មានចិត្តរាយមាយ វត្ថុ​ដែល​អ្នក​បាន​ឃើញ​ហើយ ​មិនមាន​ក្នុង​លោក តើ​ដូចម្ដេច។ នែអ្នកទាំងឡាយ​ដ៏ចំរើន ក្នុងទី​ឯណោះ ខ្ញុំ​ចេញ​អំពី​ក្រុង​រាជគ្រឹះ​ ដោយគិតថា អាត្មាអញ​ នឹងគិត​នូវ​លោក​ចិន្ដា ដូច្នេះ​ហើយ ចូលទៅរក​ស្រះ​បោក្ខរណី​ ឈ្មោះ​​សុមាគធា លុះ​ចូល​ទៅដល់​ហើយ ក៏អង្គុយ​ទៀប​ឆ្នេរ​ស្រះ​បោក្ខ​រណី​​ ឈ្មោះ​សុមាគធា គិត​នូវ​លោក​ចិន្ដា​។ 


នែអ្នកទាំងឡាយ​ដ៏ចំរើន ខ្ញុំក៏បាន​ឃើញ ​នូវ​សេនាមាន​អង្គ ៤ កំពុង​ចូលទៅក្នុង​ក្រឪឈូក ​ទៀប​ឆ្នេរ​ស្រះ​បោក្ខរណី​ ឈ្មោះ​សុមាគធា។ នែ​អ្នក​ទាំងឡាយ​ដ៏ចំរើន ខ្ញុំជាមនុស្ស​ឆ្កួត យ៉ាងនេះឯង ខ្ញុំ​ជាមនុស្ស​មានចិត្ត​រាយ​មាយ យ៉ាងនេះ វត្ថុ​ដែល​ខ្ញុំឃើញនេះហើយ មិនដែល​មាន​ក្នុង​លោកទេ។ នែ​បុរស​ដ៏ចំរើន ខ្ញុំ​សូម​​រំលឹក ​អ្នកជាមនុស្សឆ្កួត​ហើយ ខ្ញុំ​សូម​រំលឹក ​អ្នកជាមនុស្ស​មានចិត្ត​រាយ​មាយ​ហើយ វត្ថុដែលអ្នក​ឃើញ​ហើយ​នេះ មិនដែល​មានក្នុង​លោក​ទេ។  ម្នាល​ភិក្ខុទាំងឡាយ ឯបុរស​នោះ ​បាន​ឃើញ​វត្ថុ​ដែល​ពិត​មែន មិនមែន​បានឃើញនូវ​វត្ថុ ​ដែល​មិន​ពិត​ទេ។


[៤២៧] ម្នាល​ភិក្ខុទាំងឡាយ ពីព្រេងនាយមក មានសង្គ្រាម​ទេវតា​ និង​អសុរ ជាសង្គ្រាម​តទល់​ប្រកៀកគ្នា។ ម្នាល​ភិក្ខុទាំងឡាយ ក្នុង​សង្គ្រាមនោះឯង ពួក​ទេវតា​ឈ្នះ  ពួកអសុរចាញ់។ ម្នាល​ភិក្ខុទាំងឡាយ លុះពួកអសុរ​ចាញ់​ហើយ ក៏ភ័យ ​រត់​ចូល​ទៅកាន់​អសុរ​បុរី​ តាម​ចន្លោះ​ក្រឪ​ឈូក (ញ៉ាំងចិត្ត) ពួក​ទេវតា​ឲ្យ​ភ័ន្ដច្រឡំ។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​នោះ ក្នុង​លោក​នេះ អ្នក​កុំ​គិត ​នូវ​លោក​ចិន្ដាថា លោក​ទៀង​ ដូច្នេះ​ក្ដី លោក​មិន​ទៀង​ ដូច្នេះក្ដី លោក​មាន​ទី​បំផុត​ ដូច្នេះក្ដី លោក​មិន​មានទី​បំផុត​ ដូច្នេះក្ដី ជីវិត​នោះ ​គឺ​សរីរៈនោះ ​ដូច្នេះក្ដី ជីវិត​ដទៃ​ សរីរៈ​ដទៃ​ ដូច្នេះ​ក្ដី សត្វ​ស្លាប់ទៅ​ កើត​ទៀត​ ដូច្នេះក្ដី សត្វស្លា​ប់​ទៅ​ មិន​កើត​ទៀត ​ដូច្នេះក្ដី សត្វ​ស្លាប់ទៅ​ កើត​ទៀត​ ក៏មាន ​មិន​កើត​ទៀត ក៏មាន ​ដូច្នេះក្ដី សត្វ​ស្លាប់ទៅ​ កើត​ទៀត​ក៏មិនមែន ​មិន​កើត​ទៀត ក៏មិនមែន ​ដូច្នេះក្ដី។ ដំណើរ​នោះ ​ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះការ​គិត​នុ៎ះ មិន​ប្រកប​ដោយ​ប្រយោជន៍ មិន​មែន​ជាអាទិ​ព្រហ្ម​ចរិយៈ មិន​ប្រព្រឹត្ត​ទៅ ​ដើម្បី​សេចក្ដី​នឿយ​ណាយ មិន​ប្រព្រឹត្ត​ទៅ ​ដើម្បី​ប្រាសចាក​រាគៈ មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​រំលត់ មិន​ប្រព្រឹត្ត​ទៅ ​ដើម្បី​ស្ងប់​រម្ងាប់ មិន​ប្រព្រឹត្ត​ទៅ ​ដើម្បី​ដឹង​ មិន​ប្រ​ព្រឹត្ត​ទៅ ​ដើម្បី​ត្រាស់​ដឹង មិន​ប្រព្រឹត្តទៅ​ ដើម្បី​និព្វានទេ។


[៤២៨] ម្នាល​ភិក្ខុទាំងឡាយ បើ​អ្នក​ទាំងឡាយ​គិត គួរ​គិត​ថា នេះ​ជាទុក្ខ។បេ។ គួរ​គិត​ថា​ នេះជា​ទុក្ខ​និរោធ​គាមិនី​បដិបទាវិញ។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ (ព្រោះ) ការគិតនេះ ប្រកប​ដោយ​ប្រយោជន៍ ការគិតនេះ ​ជា​អា​ទិព្រហ្ម​ចរិយៈ ការគិតនេះ ​ប្រព្រឹត្ត​ទៅ​ ដើម្បី​សេចក្ដី​នឿយ​ណាយ ​ដើម្បី​ប្រាសចាក​រាគៈ ដើម្បី​រំលត់ ដើម្បី​ស្ងប់​រម្ងាប់ ​ដើម្បី​ដឹងចំពោះ ​ ​ដើម្បី​ត្រាស់​ដឹង ​ដើម្បីនិព្វាន។ 


ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាម​ថា នេះ​ជា​ទុក្ខ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា ​បដិបទានេះ ជា​ទុក្ខនិរោធគាមិនីបដិបទា។​ 


សំយុត្តនិកាយ មហាវារវគ្គ ឯកាទសមភាគ 

(ព្រះត្រៃបិដកលេខ ៣៩)


……………………………….……………………….

🍃ធម្មទាន FB: សិរីអមតា- ចិរំ តិដ្ឋតុ ពុទ្ធសាសនំ

Previous Post Next Post