តួនាទី​ស្វាមី​ចំពោះ​ភរិយា ដើម្បី​ជីវិត​គ្រួសារ​មាន​សេចក្ដី​សុខ

តួនាទី​ស្វាមី​ចំពោះ​ភរិយា ដើម្បី​ជីវិត​គ្រួសារ​មាន​សេចក្ដី​សុខ
ក្រោយពី​រៀប​អាពាហ៍ពិពាហ៍​រួច មនុស្ស​ពីរ​នាក់​បាន​ក្លាយ​ជា​គ្រួសារ​មួយ ​ជា​ភរិយា​ស្វាមី​ដែល​ត្រូវ​គោរព​គ្នា​ទៅវិញទៅមក​។ ការ​គោរព​ប្រតិបត្តិ​ធ្វើ​ឲ្យ​ជីវិត​គូស្នេហ៍​មាន​សេចក្ដី​សុខ​ទាំង​កាយ ទាំង​ចិត្ត នេះ​ជា​ទង្វើ​មួយ​ដ៏​សំខាន់​ដែល​ស្វាមីភរិយា​ទាំងឡាយ​គួរតែ​សិក្សា​ស្រាវជ្រាវ​។ ក្នុង​គ្រួសារ​ការ​មិន​យោគយល់​ចិត្ត​គ្នា ធ្វើ​ឲ្យ​កើតមាន​ការ​ឈ្លោះប្រកែក បែក​សំឡេង​រហូតដល់​ត្រូវ​លែងលះ​គ្នា​។ ក្នុង​គ្រួសារ​គ្មាន​ស្វាមីភរិយា​ណា​ប្រាថ្នា​ចង់​ជួប​ការ​បែកបាក់​ប្រេះឆា​នោះ​ទេ​។ ដូច្នេះ​តើ​ក្នុង​នាម​ជា​ស្វាមី​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ដើម្បី​ឲ្យ​ជីវិត​គ្រួសារ​មាន​សេចក្ដី​សុខ ពោរពេញ​ដោយ​ការ​កក់​ក្ដៅ​គ្រប់ប្រការ​?១. ការលើកតម្កើង​តម្លៃ​ជា​ភរិយា​ពិត

តួនាទី​ស្វាមី​ចំពោះ​ភរិយា​នៅ​ត្រង់​ចំណុច​នេះ​ គឺ​ការ​លើក​តម្កើង​តម្លៃ​ភរិយា​ដោយ​ពិត​ប្រាកដ​ កើត​ចេញ​ពី​ឧត្ដម​គតិ​ក្នុង​នាម​ជា​កូន​ប្រុស​ពិត​ប្រាកដ​។ ​ការ​លើក​តម្កើង​ទាំង​នោះ​រួម​មាន ​នាំ​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​តាមច្បាប់​រដ្ឋ លើក​តម្កើង​ភរិយា​ឱ្យ​ពេញ​មុខ​ដោយ​ការ​ណែនាំ​ឱ្យ​ទទួល​ភ្ញៀវ​ នាំ​ដើរលេង​ជួប​សាច់​ញាតិ​។ ​

ជា​ពិសេស​ការរស់នៅ​ឲ្យ​ស្មើភាព​គ្នា ដូចជា​បរិភោគ​រួមគ្នា អង្គុយ​ស្មើគ្នា ដើរ​កៀក​គ្នា មិន​ឲ្យ​ភរិយា​ធ្វើការ​ធ្ងន់​ហួសកម្លាំង មាន​ពេល​រីករាយ និង​ឈប់សម្រាក​ខ្លះ ជួយ​ភរិយា​ក្នុង​កិច្ចការ​ផ្ទះ​តាម​សមគួរ​ ជួយ​ភរិយា​ពេល​ចេញ​ក្រៅ​ផ្ទះ ដូចជា​ជួយ​កាន់​របស់ ពរ​កូន​ ប្រើ​ពាក្យ​សំដី​សរសើរ​សាទរ និង​អគុណ​នូវ​កិច្ច​ការដែល​ភរិយា​ធ្វើ​ឲ្យ។​ លើក​តម្កើង​សេចក្ដី​ល្អ​របស់​ភរិយា​តាម​កាលៈទេសៈ មិន​និន្ទា ឬ​មាក់ងាយ​ទោះ​ជា​ប្រកា​រណា​ក៏ដោយ។

​ ២.​ការ​មិន​និយាយ​មើលងាយ

តួនាទី​ស្វាមី​នៅ​ត្រង់​ចំណុច​នេះ មិន​មែន​សំដៅ​តែ​ការ​មិន​និយាយ​មើល​ងាយ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ជា​ស្វាមី​ល្អ​ ត្រូវ​ប្រើ​ពាក្យសំដី​ទន់ភ្លន់​ជាមួយ​ភរិយា​ ប្រសិនបើ​ភរិយា​ខុស ភ្លាត់ភ្លាំង​ដោយ​ប្រកា​រណា គួរ​ណែនាំ​ដាស់តឿន​ដោយ​ទន់ភ្លន់ មិន​ប្រើ​វាចា​អាសអាភាស។ ​លើស​ពី​នេះ​ទៀត ស្វាមី​មិន​ត្រូវ​មាក់ងាយ មើល​ថោក​មាតាបិតា ញាតិមិត្ត ឬ​អ្នក​រាប់អាន​របស់​ភរិយា​ ​មិន​ប្រៀបធៀប​ស្ត្រី​ដទៃ និង​ភរិយា​ខ្លួន​ក្នុង​ផ្លូវ​ដែល​នាំ​ឲ្យ​កើត​មានការ​អាក់អន់ចិត្ត​។ ហើយ​ចំណុច​ដែល​មិន​អាច​ខ្វះ​បាន​មិន​ត្រូវ​​យក​ចំណុច​ខ្សោយ​របស់​ភរិយា មក​និយាយ​នាំ​ឲ្យ​ខ្មាស​អៀន និង​ឈឺចាប់​ក្នុង​ចិត្ត​ឡើយ​។ តួនាទី​សំខាន់​បំផុត​មួយ​ទៀត​ក្នុង​ចំណុច​នេះ គឺ​ដាច់​ខាត​ហាម​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។

​ ៣. ការ​មិន​ប្រព្រឹត្ត​រំលង​ចិត្ត

មក​ដល់​ចំណុច​នេះ​មាន​ន័យ​ថា តួនាទី​ស្វាមី​ចំពោះ​ភរិយា​គឺ​ភាព​ស្មោះ​ត្រង់ ត្រូវ​ស្រឡាញ់​ភរិយា​មួយ​ទល់​នឹង​មួយ​។ ហើយ​អ្វី​ដែល​លើស​ពី​ភាព​ស្មោះ​ត្រង់​ទៀត​នោះ​គឺ ទ្រព្យ​សម្បត្តិ​សូម​កុំ​មាន​ការ​បែង​ចែក​ថា​របស់​នេះ​ស្វាមី​ជា​អ្នក​រក ហើយ​របស់​នោះ​ភរិយា​ជា​អ្នក​រក​នោះ​ឡើយ គឺ​ជា​ការ​ខិតខំ​រួមគ្នា។ ហើយ​ជា​ពិសេស​ការ​ថ្នាក់ថ្នម​ជា​រឿង​សំខាន់ ​ស្ត្រី​ជា​ភេទ​ទន់​ខ្សោយ​ដូចនេះ​ពេល​ភរិយា​ឈឺ​ថ្កាត់​ ពេល​នោះ​ហើយ​ជា​ឱកាស​ដ៏​ល្អ​ដើម្បី​បង្ហាញ​ពី​ភាព​ជា​ស្វាមី​។ ជា​ស្វាមី​ក៏​មិន​ត្រូវ​ប្រព្រឹត្តិ​អំពើ​មិន​គប្បី​ដូចជា លេង​ល្បែង ជក់ ស្រី ស្រា ដាច់​ខាត​។​

៤. ការ​ប្រគល់​តួនាទី​ជាធំ

​ជា​ទូទៅ​នៅ​ត្រង់​ចំណុច​នេះ ​ស្វាមី​ជា​ច្រើន​តែង​យល់​ថា​ខ្លួន​ជា​អ្នក​មាន​តួនាទី​ធំ​ក្នុង​គ្រួសារ​ ប៉ុន្តែ​តាម​ពិត​មិន​មែន​ដូច្នោះ​ឡើយ​។ តួនាទី​ជា​ធំ​នៅ​ត្រង់​ចំណុច​នេះ​មានន័យថា ​ទុក​ភរិយា​ជា​អ​ណា​ព្យាបាល មើល​ថែទាំ​ទ្រព្យសម្បត្តិ និង​កិច្ចការ​ក្នុង​ផ្ទះ​សម្បែង​ ធ្វើ​ចិត្តថ្លើម​ឲ្យ​ធន់ មិន​ឆេវឆាវ និង​អត់​ឱន​ចំពោះ​កំហុស​ភ្លាត់ភ្លាំង​របស់​ភរិយា​ ជួយ​ការពារ​ភរិយា​គ្រប់​ផ្លូវ ដើម្បី​ឲ្យ​ចាក​ផុត​ពី​ការ​មាក់ងាយ​ ធ្វើខ្លួន​ឲ្យ​សមជា​មេ​គ្រួសារ​៕

Previous Post Next Post