តួនាទីស្វាមី៥យ៉ាង

តួនាទីស្វាមី៥យ៉ាង
៣.៣ តួនាទីស្វាមី៥យ៉ាង
បុរសទាំងឡាយណា ដែលទទួលនារីណាមកធ្វើជាភរិយារបស់ខ្លួនហើយ ត្រូវ​សង្រ្គោះ​​នាង ដោយកិច្ច ៥យ៉ាងគឺៈទី១៖ ប្រដៅសព្វសារពើ ពោលពាក្យពិរោះសរសើរ ដោយលក្ខណៈប្រព្រឹត្ត​ជា​ប្រយោ​ជន៍ដល់ភរិយា ។
ស្រលាញ់រាប់អានថាជាភរិយា យើងជាស្វាមីរបស់ស្រ្តីណា គប្បី​សង្រ្គោះ​​ស្រ្តី​នោះដោយទំនុកបំរុង គ្រឿងប្រើប្រាស់មិនឲ្យខ្វះខាត បានដល់​សំលៀក​បំពាក់​ជា​ដើម ។
ទី២៖ មិនមើលងាយ ជេរវាយភរិយា ដូចទាសា ទាសី កម្មករឡើយ ។
មិន​ត្រូវ​ប្រមាទ​មើលងាយដូចជាខ្ញុំកំដរ “បាវព្រាវ” ការនិយាយចំពោះភរិយា គប្បី​ប្រើ​ពាក្យ​សម្ដី​ផ្អែម​ល្ហែម​ពិរោះពិសារមិនពោលពាក្យរោយរាយឥតប្រយោជន៍ ភរិយា​មាន​​​កំ​ហុស​បន្តិច​បន្តួច​ក៏​គួរ​អត់​ឱនឲ្យ ហើយទូន្មានដោយសេចក្ដីល្អ ។
កាលណា​បើយើង​ប្រើ​​តែ មធ្យោ​បាយ​ត្រ​ជាក់​ដាក់​ភរិយាទៅ​យើងនឹងទទួលផលល្អពីភរិយាវិញ ដោយគេនឹក​ឃើញ​ថា​ជាដំបូន្មាន​ល្អគួរឲ្យ​ប្រតិ​បត្តិ​តាម ។
ទី៣៖ មិនប្រព្រឹត្តកន្លងភរិយា មិនត្រូវប្រព្រឹត្តគំនិតក្បត់ ព្រំដែនជាប្ដី យកកំពូល​ស្នេហា​​របស់ខ្លួនទៅបូជា ដល់ស្រ្តីដែលមិនមែនជាកម្មសិទ្ធិនៃភរិយា ត្រូវប្រកាន់ខ្ជាប់នូវនា​ទី​ថាជា​ស្វាមីរបស់គេដោយពិត ។
ទី៤៖ ប្រគល់នូវរបស់របរទាំងពួង ឲ្យមានឥស្សរភាពដល់ភរិយា ប្រគល់​អំណាចឲ្យ​ជា​ធំ ជាស្រ្តីមេផ្ទះ ជាស្រ្តីរៀបចំទុកដាក់ទ្រព្យសម្បត្តិ រក្សា​ថែ​ទាំ​​លំ​អរគេហស្ថាន ព្រោះ​ភរិយា​ទុក​ជានាយកស្ដីទីខាងក្រសួងបោសសំអាតលំនៅស្ថាន សម​​​និងស្លោកថាៈ
ទ្រព្យគង់ត្បឹតស្រី ចេះសំចៃទុក
មានផ្ទះស្រណុក ត្បឹតភរិយាជា
ទី៥៖ ស្វាមីគប្បីរៀបចំឲ្យមានអលង្ការដល់ភរិយាសម្រាប់ប្រើប្រាស់គ្រប់​គ្រាន់ តាម​កាលៈ​ទេសៈនិងសម័យនិយម ។
រីឯភរិយាយ៉ាងល្អឯក គាប់ភ្នែកខ្លួនឯង និងអ្នកផង បុរស​ស្វាមី​​ត្រូវឃុំគ្រង កុំបីរំលងការរក្សា។
តួនាទីភរិយា៥យ៉ាង
តួនាទីភរិយា៥យ៉ាង
៣.៤ តួនាទីភរិយា៥យ៉ាង
ភរិយាត្រូវគោរពប្រតិបត្តិស្វាមីដោយកិច្ច ៥ យ៉ាងគឺៈ
ទី១៖ ចាត់ចែងការងារផ្ទះដោយផ្ចឹតផ្ចង់ ។
ភរិយាគប្បីចាត់ចែងការងារ​មានម្ហូប​ចំណី​ជា​ដើម ដោយផ្ចិតផ្ចង់​សម្រាប់​ស្វាមី​ឲ្យ​បាន​​ត្រឹម​ត្រូវ តាមពេល​វេលា ។
ទី២៖ សង្រ្គោះញាតិខាងស្វាមី នឹងខាងខ្លួនឯងដោយប្រពៃ ។
ត្រូវមានចិត្តស្មើ មិន​ត្រូវ​​លំអៀងម្ខាងៗឡើយ ហើយព្យាយាមជួយគ្នាតាមការគួរ ។
ទី៣៖ គប្បីថែទាំទ្រព្យសម្បត្តិដែលប្ដីរកបានមិនឲ្យវិនាសខូចខាតបាត់បង់ដោយ​ការ​មិន​​គួរ ។
ទី៤៖ មិនប្រព្រឹត្តកន្លងចិត្តប្ដី​ គឺមិនត្រូវយកកំពូលស្នេហាទៅប្រគល់ឲ្យបុរសដទៃក្រៅ​ពី​ស្វាមីខ្លួនឡើយ ។
ទី៥៖ ភរិយាគប្បីឈ្លាសវៃក្នុងការងារទាំងឡាយរបស់ស្រ្តី មិនត្រូវខ្ជិលច្រអូស​ កិច្ច​ការ​ណា​មិនទាន់បានសម្រេច ត្រូវប្រញាប់រវាសរវៃធ្វើបង្ហើយ ពន្យាពេលថាថ្ងៃនោះ “ធ្វើ​អ្វី​ធ្វើ​ឲ្យ​​ហើយ កុំទុកឡើយបន្សល់កេរ្តិ៍ ។
នាទីស្វាមីភរិយា ប្រាំៗដូចគ្នាធម៌សង្រ្គោះ
សម្រាប់ឲ្យយើងកាន់រួមរស់ សន្ដោសដល់គ្នាជាប្រក្រតី។
បើមានខាតខុសខាងភរិយា តាំងចិត្តឲ្យជាកុំជេរស្ដី
ពុំនោះមានខុសខាងប្រុសក្ដី ភរិយាជាស្រីទូន្មានបាន ។
ព្រោះខ្លួនទាំងពីរជីវិតមួយ កុំឲ្យមានព្រួយកើតរំខាន
អត់ឃ្លានមានស៊ីត្រូវក្លាហាន សាងគ្រួសារឋានឲ្យសុខអើយ ។

Previous Post Next Post