អរិយមគ្គមានអង្គ ៨ គឺជាមាគ៌ាដ៏ប្រសើរក្នុងព្រះពុទ្ធសាសនា ដែលជាផ្លូវកណ្តាលនាំទៅដល់ការរំលត់ទុក្ខ។ មគ្គទាំង ៨ នេះត្រូវបានបែងចែកជា ៣ ក្រុមធំៗ គឺ:

 អរិយមគ្គមានអង្គ ៨ គឺជាមាគ៌ាដ៏ប្រសើរក្នុងព្រះពុទ្ធសាសនា ដែលជាផ្លូវកណ្តាលនាំទៅដល់ការរំលត់ទុក្ខ។ មគ្គទាំង ៨ នេះត្រូវបានបែងចែកជា ៣ ក្រុមធំៗ គឺ:


· ក្រុម 1️⃣ បញ្ញា (ការយល់ដឹង និងការគិត)

ការអប់រំផ្នែកបញ្ញា គឺជាការតម្រង់ទិសនៃការគិត និងការយល់ដឹងឱ្យបានត្រឹមត្រូវជាមុន។


 ១. សម្មាទិដ្ឋិ (ការយល់ត្រូវ): ការយល់ច្បាស់អំពីអរិយសច្ច៤ (ទុក្ខ សមុទ័យ និរោធ មគ្គ) ការស្គាល់បុណ្យបាប និងការយល់ច្បាស់អំពីច្បាប់កម្មផល (ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់)។


 ២. សម្មាសង្កប្បៈ (ការត្រិះរិះត្រូវ): ការគិតដែលរួចផុតពីសេចក្តីលោភលន់ចង់បានរបស់គេ ការមិនគិតចងគំនុំ ឬព្យាបាទ និងការមិនគិតបៀតបៀនអ្នកដទៃ។


· ក្រុម 2️⃣ សីល (ការអប់រំកាយ និងវាចា)

ការអប់រំផ្នែកសីល គឺជាការគ្រប់គ្រងកាយ និងវាចាឱ្យមានសណ្តាប់ធ្នាប់ល្អ មិនបង្កក្តីក្តៅក្រហាយដល់សង្គម។

 ៣. សម្មាវាចា (ការនិយាយត្រូវ): 

- ការវៀរចាកការពោលពាក្យកុហកបោកប្រាស់ 

- វៀរចាកការនិយាយញុះញង់បំបែកបំបាក់ 

- វៀរចាកការនិយាយទ្រគោះបោះបោកជេរប្រមាថ 

- វៀរចាកការនិយាយរោយរាយអត់ប្រយោជន៍។


 ៤. សម្មាកម្មន្តៈ (ការប្រព្រឹត្តិត្រូវ): ការវៀរចាកការសម្លាប់សត្វ ឬបៀតបៀនជីវិត ការវៀរចាកការលួចប្លន់ទ្រព្យអ្នកដទៃ និងការវៀរចាកការប្រព្រឹត្តខុសក្នុងកាម។


 ៥. សម្មាអាជីវៈ (ការចិញ្ចឹមជីវិតត្រូវ): ការប្រកបរបរចិញ្ចឹមជីវិតដោយសុចរិត ជៀសវាងការជួញដូរដែលប្រាសចាកសីលធម៌ (ដូចជាការជួញដូរអាវុធ មនុស្ស សត្វសម្រាប់សម្លាប់ គ្រឿងស្រវឹង គ្រឿងញៀន និងថ្នាំពុល)។


· ក្រុម 3️⃣ សមាធិ (ការអប់រំចិត្ត)

ការអប់រំផ្នែកសមាធិ គឺជាការបង្ហាត់បង្រៀនចិត្តឱ្យមានភាពរឹងមាំ ស្ងប់រម្ងាប់ និងមានការតាំងចិត្តខ្ពស់។


 ៦. សម្មាវាយាមៈ (ការព្យាយាមត្រូវ): ការប្រឹងប្រែងចំនួន ៤ យ៉ាងគឺ៖ 

- ព្យាយាមទប់ស្កាត់អំពើអាក្រក់មិនឱ្យកើតមាន

- ព្យាយាមលះបង់អំពើអាក្រក់ដែលកំពុងមាន

- ព្យាយាមសាងអំពើល្អដែលមិនទាន់មាន 

- ព្យាយាមថែរក្សាអំពើល្អដែលមានស្រាប់ឱ្យកាន់តែចម្រើនឡើង។


 ៧. សម្មាសតិ (ការរលឹកត្រូវ): ការមានស្មារតីដឹងខ្លួនជានិច្ចនៅរាល់ឥរិយាបថ ដោយយកចិត្តទុកដាក់ពិចារណាលើ កាយ វេទនា ចិត្ត និងធម៌ (សតិប្បដ្ឋាន៤):

- កាយានុបស្សនា — ពិចារណាកាយ

- វេទនានុបស្សនា — ពិចារណាវេទនា

- ចិត្តានុបស្សនា — ពិចារណាចិត្ត

- ធម្មានុបស្សនា — ពិចារណាធម៌។


 ៨. សម្មាសមាធិ (ការតម្កល់ចិត្តត្រូវ): ការហ្វឹកហាត់ចិត្តឱ្យស្ងប់រម្ងាប់ មិនរាយមាយ និងតម្កល់មូលស្លុងក្នុងអារម្មណ៍តែមួយបានយូរ (ការចម្រើនឈាន)។

#អរិយមគ្គ_មានអង្គ៨

#មជ្ឈិមបដិបទា

#បញ្ញា_សីល_សមាធិ

#សម្មាទិដ្ឋិ

#សម្មាសតិ

#សតិប្បដ្ឋាន៤

#ព្រះពុទ្ធសាសនា

Previous Post Next Post