នៅពេលដែលមនសិការជាតិ ត្រូវបានលក់ដូរដោយសារតែផលចំណេញ ឬនៅពេលដែល “ទំនុកចិត្ត“ ត្រូវបានលក់ដូរដោយភាពលោភលន់របស់ក្រុមមនុស្សខ្មែរមួយក្ដាប់តូច។

 នៅពេលដែលមនសិការជាតិ ត្រូវបានលក់ដូរដោយសារតែផលចំណេញ ឬនៅពេលដែល “ទំនុកចិត្ត“  ត្រូវបានលក់ដូរដោយភាពលោភលន់របស់ក្រុមមនុស្សខ្មែរមួយក្ដាប់តូច។


ក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរ ម្នាក់ៗតែងមានមោទនភាពចំពោះផលដំណាំដែលដុះលើទឹកដីខ្លួនឯង។ ហើយនៅពេលយើងឮពាក្យថា “ទុរេនខ្មែរ! ទុរេនខ្មែរ!” យើងមិនត្រឹមតែនឹកឃើញដល់រសជាតិផ្អែមឈ្ងុយដែលលើសពីទុរេនប្រទេសដទៃនោះទេ ប៉ុន្តែវាគឺជា “និមិត្តរូបនៃញើសឈាម” របស់កសិករខ្មែរយើង។ ប៉ុន្តែអ្វីដែលកំពុងកើតឡើងនៅពេលនេះ គឺជាការចាក់ដោតបេះដូងពលរដ្ឋខ្លួនឯងយ៉ាងខ្លាំងបំផុត ព្រោះឈ្មួញឱកាសនិយមមួយចំនួន បានយក “មនសិការជាតិរបស់ពលរដ្ឋ” មកធ្វើជាឧបករណ៍សម្រាប់កេងចំណេញផ្ទាល់ខ្លួនទៅវិញ។ 


ហេតុអ្វីបន្លំលក់ទុរេននាំចូលថាជាទុរេនខ្មែរ ខណៈដែលដឹងយ៉ាងច្បាស់ថា ពលរដ្ឋកំពុងខំប្រឹងធ្វើពហិការផលិតផលថៃដើម្បីជួយជាតិ? តើវាអយុត្តិធម៌ប៉ុណ្ណាសម្រាប់កសិករខ្មែរពិតប្រាកដ? 


ពួកគាត់ចំណាយពេលរាប់ឆ្នាំ ថែទាំដើមទុរេនដូចកូនបង្កើត រង់ចាំតែថ្ងៃប្រមូលផល ប៉ុន្តែនៅពេលឮថាទីផ្សារមានទុរេនសៀម “ទុរេនក្លែងក្លាយ" តម្លៃទុរេនខ្មែរពិតក៏ធ្លាក់ចុះ ទំនុកចិត្តអតិថិជនក៏រលាយសាបសូន្យ។ ពេលនេះពលរដ្ឋខ្មែរដើរចូលផ្សារទាំងមានភាពភ័យខ្លាច ភ្នែកមើលឃើញខ្មែរគ្នាឯងអង្គុយលក់ទុរេន ចង់ជួយទិញកសិករខ្មែរ ប៉ុន្តែក្នុងចិត្តសួរថា “តើនេះជាទុរេនខ្មែរមែនទេ? ឬក៏ខ្ញុំកំពុងត្រូវគេបោកទៀតហើយ?”

 

វាពិតជាឈឺចាប់ណាស់នៅពេលទំនុកចិត្តត្រូវបានក្បត់ ហើយប្រសិនបើបញ្ហានេះនៅតែបន្ត ទីផ្សារទុរេនខ្មែរពិតប្រាកដនឹងត្រូវស្លាប់ដោយសារ “ដៃអ្នកដទៃ ប៉ុន្តែក្រោមស្លាកឈ្មោះខ្មែរខ្លួនឯង”។ តើទីផ្សារទុរេនខ្មែរនឹងបាត់បង់ការគាំទ្រព្រោះតែបញ្ហានេះមែនទេ? ខ្ញុំឆ្លើយតាមត្រង់ទៅចុះ គឺវាអាចទៅរួច ប្រសិនបើគ្មានការបោសសម្អាតជាបន្ទាន់។ ពលរដ្ឋខ្មែរមានឆន្ទៈខ្ពស់ក្នុងការគាំទ្រផលិតផលជាតិ ប៉ុន្តែឆន្ទៈនេះមិនអាចយកមកលេងសើចបានទេ ប្រសិនបើពួកគាត់ទិញចំទុរេនបោកប្រាស់ ២ទៅ៣ដង ពួកគាត់នឹងឈប់ទិញតែម្តង។ សូមយកចិត្ដទុកដាក់ឱ្យខ្លាំងមែនទែន នេះគឺជាហានិភ័យដ៏ធំដែលនាំទៅរកការដួលរលំនៃសេដ្ឋកិច្ចកសិកម្មផ្នែកទុរេនទាំងមូល។


យើងមិនអាចបណ្តោយឱ្យ “គ្រាប់ខ្សាច់មួយគ្រាប់ មកបំផ្លាញបាយមួយឆ្នាំង” បានឡើយ។ ការឈឺចាប់របស់ពលរដ្ឋនៅពេលនេះ វាគឺជាសញ្ញាអាសន្នហើយ បើចង់រក្សាមោទនភាពទុរេនខ្មែរឱ្យនៅគង់វង្ស យើងត្រូវរួមគ្នាដកស្មៅអាក្រក់ទាំងនោះចេញពីសួនច្បាររបស់យើងជាបន្ទាន់។ សូមកុំឱ្យរសជាតិផ្អែមនៃទុរេនខ្មែរ ប្រែទៅជា “ល្វីងជូរចត់” ដោយសារតែការភូតភររបស់ជនលក់ឧត្តមគតិមួយក្ដាប់តូចនោះឱ្យសោះ។


ហើយខ្ញុំជឿជាក់ថា មន្ត្រីពាក់ព័ន្ធកំពុងដុតដៃដុតជើងក្នុងបញ្ហានេះ ធ្វើយ៉ាងណាកំណត់សម្គាល់គុណភាព និងកំណត់សណ្ឋានប្រភេទទុរេនខ្មែរពិតៗ។ មិនថាតាមរយ:ការបិតស្លាក ឬតាមរយ:ការចរាចរណ៍នាំចូលពីបណ្ដាខេត្ដក្នុងស្រុក ដើម្បីស្ដារទំនុកចិត្ដប្រជាពលរដ្ឋខ្មែរឡើងវិញ។


By: ណាវ៉ាត់៚ Proverbs 

#Cambodia #សង្គម

Previous Post Next Post