ពេលខ្លះការឈឺចាប់របស់អ្នកមុន វាគឺជាស្ពាននៃសុភមង្គលរបស់អ្នកក្រោយ

 ពេលខ្លះការឈឺចាប់របស់អ្នកមុន វាគឺជាស្ពាននៃសុភមង្គលរបស់អ្នកក្រោយ។ នៅក្នុងទំនាក់ទំនងស្នេហា មានសំណួរដែលចាក់ដោតបំផុតនោះគឺ «ហេតុអ្វីបានជាមនុស្សម្នាក់ មិនព្រមកែប្រែកំហុសដដែលៗដើម្បីយើង ប៉ុន្តែបែរជាអាចកែបានយ៉ាងល្អសម្រាប់អ្នកក្រោយ?» យើងអាចគិតថា ការដែលគេមិនកែនូវចរិតកំហុសដដែលៗនេះ ទោះបែកពីយើងទៅ ក៏មិនគង់វង្សជាមួយអ្នកក្រោយដែរ ព្រោះពេលនៅជាមួយយើង យើងបានប្រើគ្រប់វិធីដើម្បីផ្ដល់ឱកាសឱ្យគេកែ ចុងក្រោយគេនៅតែមិនអាចកែបាន។


ជាក់ស្តែងធម្មជាតិនៃមនុស្សយើង ជួនកាលមិនមែនផ្លាស់ប្តូរដោយសារ «ពាក្យអង្វរ» របស់យើងនោះទេ ប៉ុន្តែគេអាចផ្លាស់ប្តូរដោយសារ «លទ្ធផលនៃទង្វើ»។ នៅពេលគេធ្វើខុសដដែលៗចំពោះយើង ហើយយើងនៅតែអត់ឱន នោះខួរក្បាលរបស់គេនឹងបង្កើតភាពច្រឡំមួយថា កំហុសនេះមិនមានតម្លៃដែលត្រូវសងវិញនោះទេ។ លុះត្រាតែទំនាក់ទំនងនោះត្រូវបានកាត់ផ្តាច់ ទើបគេយល់អំពីទម្ងន់នៃកំហុសរបស់គេ។ ការដែលបែកគ្នាពីយើង វាប្រៀបដូចជា «ទណ្ឌកម្ម» ដែលបង្ខំឱ្យគេត្រូវតែស្វ័យវិវឌ្ឍខ្លួន បើមិនដូច្នោះទេ គេនឹងត្រូវបាត់បង់ម្តងទៀតនៅក្នុងទំនាក់ទំនងជាមួយអ្នកក្រោយ។


❝ស្វ័យវិវឌ្ឍខ្លួន គឺការកែប្រែខ្លួនក្រោយពាល់ត្រូវរសជាតិនៃលទ្ធផល❞។


យើងត្រូវទទួលស្គាល់ថា មនុស្សម្នាក់ដែលទៅរស់នៅជាមួយអ្នកក្រោយដោយភាពល្អប្រសើរ មិនមែនមកពីអ្នកក្រោយមានមន្តគាថាដាក់ស្នេហ៍អ្វីនោះទេ ប៉ុន្តែមកពីគេបានយក «ការពិសោធន៍» បរាជ័យជាមួយយើង ទៅធ្វើជាគ្រឹះក្នុងការកែប្រែកំហុស។ ក្នុងដំណើរនេះយើងគឺជាអ្នកដែលរងគ្រោះក្នុងដំណាក់កាល «សាកល្បង» នៃចរិតលក្ខណៈរបស់គេ។ ដូច្នេះ ភាពល្អឥតខ្ចោះដែលគេផ្តល់ឱ្យអ្នកក្រោយ វាគឺជាផលដែលបានមកពីការដុសខាត់ដោយការឈឺចាប់ដែលយើងបានផ្តល់ឱ្យគេកាលពីមុន។ 


គតិបុរាណខ្មែរពោលថា «មេម៉ាយកូនមួយ ឆ្ងុយដូចដូងដុត» ប្រើជាមេម៉ាយក៏បាន ប្រើជាពោះម៉ាយក៏បាន។ ហើយខ្ញុំសង្កត់ធ្ងន់លើមនុស្សដែលមានបទពិសោធបែកបាក់ស្នេហា ឬមេម៉ាយសង្សារក៏បាន។ កាលដែលឆ្ងុយដូចដូងដុត គឺសំដៅលើការយកបទពិសោធបរាជ័យជាមួយយើង ទៅធ្វើជាគ្រឹះក្នុងការកែប្រែកំហុសរបស់គេហ្នឹងហើយ ត្រង់នេះវាឆ្ងុយដូចដូងដុតសម្រាប់អ្នកក្រោយ។


ពាក្យដែលថា «ការឈឺចាប់របស់អ្នកមុន ក្លាយជាស្ពានសុភមង្គលរបស់អ្នកក្រោយ» វាគឺជាការពិតដ៏ជូរចត់ក្នុងសមីការស្នេហាមួយនេះ។ អ្នកមុន គឺជាអ្នកបង្រៀនឱ្យគេស្គាល់ពីតម្លៃនៃភាពស្មោះត្រង់ និងការកែប្រែ។ រីអ្នកក្រោយ គឺជាអ្នកប្រមូលផលពីការអប់រំដែលអ្នកមុនបានបន្សល់ទុកឱ្យ។ វាមិនមែនមានន័យថា យើងមិនល្អគ្រប់គ្រាន់ដើម្បីឱ្យគេកែប្រែនោះទេ ប៉ុន្តែមកពីពេលវេលានៃមេរៀនរបស់គេទើបតែមកដល់ទីបញ្ចប់ នៅពេលដែលយើងដើរចេញ។


ដូច្នេះ ការដែលគេកែប្រែជាមួយអ្នកក្រោយ មិនមែនជាការប្រមាថចំពោះសេចក្តីស្រឡាញ់របស់យើងនោះទេ ប៉ុន្តែវាគឺជាការបញ្ជាក់ថា «ការលះបង់របស់យើងគឺមានប្រសិទ្ធភាព»។ ទោះបីជាយើងមិនមែនជាម្ចាស់នៃលទ្ធផលនោះក៏ដោយ ប៉ុន្តែយើងគឺជា «គ្រូ» ដែលបានផ្លាស់ប្តូរជីវិតមនុស្សម្នាក់ នោះគឺជាគេ។ ការឈឺចាប់របស់យើងគឺជាតម្លៃនៃការបណ្តុះបណ្តាលមនុស្សម្នាក់ឱ្យស្គាល់ពីរបៀបស្រឡាញ់ តែជាអកុសល គេបែរយកទៅប្រើជាមួយអ្នកក្រោយ។


❝បើគេមិនកែប្រែដើម្បីយើង កុំបន្ទោសខ្លួនឯងថាគ្មានតម្លៃ។ ត្រូវយល់ថា មនុស្សខ្លះចូលមកក្នុងជីវិតយើងគឺដើម្បីតែ «រៀនសូត្រ» ហើយចាកចេញទៅវិញដើម្បី «អនុវត្ត» តែប៉ុណ្ណោះ។❞


By: ណាវ៉ាត់៚ Proverbs 

#Cambodia #សង្គម

Previous Post Next Post