ទីដែលងងឹតបំផុតនៅក្រោមជើងទៀន ចុះសេចក្តីទុក្ខសោកបំផុតនៅទីណា? “អាចផ្ដល់ភាពកក់ក្ដៅឱ្យអ្នកក្រៅបាន តែទុកឱ្យអ្នកក្បែរខ្លួនរងា”។ នៅក្នុងសង្គមយើងនេះ អ្វីដែលគេស្តែងឱ្យយើងឃើញបំផុត ជួនកាលក៏ជាអ្វីដែលពិបាកមើលឃើញបំផុតដូចគ្នា។
ឃ្លាថា “ទីដែលងងឹតបំផុត នៅខាងក្រោមជើងទៀន” មិនមែនគ្រាន់តែជាការបរិយាយអំពីពន្លឺភ្លើងនោះទេ ប៉ុន្តែវាបង្កប់អត្ថន័យថា ពន្លឺចែងចាំងរបស់បុគ្គលខ្លះ វាផ្ដល់ភាពកក់ក្ដៅឱ្យសម្រាប់តែអ្នកដទៃតែប៉ុណ្ណោះ។
សង្គមសព្វថ្ងៃ យើងតែងតែលើកសរសើរចំពោះបុគ្គលដែលលះបង់ កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីចូលរួមបម្រើសង្គម ឬតែងតែផ្តល់ស្នាមញញឹមដល់មនុស្សជុំវិញខ្លួន។ ពួកគេប្រៀបដូចជា “ទៀន” ដែលផ្តល់ពន្លឺដ៏ស្រស់បំព្រង និងលាងជម្រះភាពងងឹតសូន្យសុងក្នុងក្រសែភ្នែកអ្នកដទៃ ហើយពួកគេនឹងក្លាយជា “វីរបុរស ឬសប្បុរសធម៌” ក្នុងក្រសែភ្នែកសាធារណជន ពួកគេហាក់ដូចជា Hero ដែលមានមេត្តាធម៌គ្មានព្រំដែន។ ប៉ុន្តែ យើងសង្កេតឱ្យជ្រៅបន្តិច! នៅខាងក្រោមពន្លឺដ៏ត្រចះត្រចង់នោះ តើនឹងមានអ្វីកើតឡើង? វាគឺជាភាពងងឹតសូន្យឈឹងដែលកំពុងគ្របដណ្តប់លើផ្ទះរបស់ខ្លួនឯង ហើយនេះគឺជាតថភាពជាក់ស្តែងដែលកើតមានច្រើនក្នុងសង្គមគ្រួសារ។
✅ ជាប្ដីម្នាក់ ដែលពូកែប្រឹក្សា និងលួងលោមមិត្តភក្តិកំពុងមានវិបត្តិ ឬមនុស្សក្នុងសង្គម ប៉ុន្តែបែរជាមិនដែលដឹងថា ប្រពន្ធខ្លួនឯងកំពុងយំក្នុងបន្ទប់។
✅ ជាម្តាយម្នាក់ ដែលពូកែផ្តល់កម្លាំងចិត្តដល់អ្នកក្រៅ ប៉ុន្តែបែរជាប្រើសម្តីអាក្រក់ៗដាក់ប្ដី និងកូនៗ។
✅ ក្នុងនាមជាកូន ដែលពូកែធ្វើបុណ្យដាក់ទានជាមួយជនស្មុតទ្រុឌ ដើម្បីមានកេរ្តិ៍ឈ្មោះក្នុងសង្គម ប៉ុន្តែបែរជាទុកឱ្យឪពុកម្តាយជរា អង្គុយហូបបាយតែម្នាក់ឯងជាមួយនឹងភាពឯកោ។
❝តើពន្លឺនោះមានតម្លៃអ្វីទៅ បើវាមិនអាចបំភ្លឺដល់បេះដូងមនុស្ស ដែលយើងស្រឡាញ់បំផុតផងនោះ?❞
មែនទែនទៅ មនុស្សដែលនៅក្បែរជើងទៀន គឺជាអ្នកដែលត្រូវរងគ្រោះដោយ “ស្រមោល” ខ្លាំងជាងគេ។ ពួកគេអាចនឹងឈឺចាប់ ព្រោះពួកគេឃើញពន្លឺនោះ ប៉ុន្តែពួកគេបែរជាមិនដែលទទួលបានកម្ដៅពិតប្រាកដពីវាទៅវិញ។ ពេលខ្លះពួកគេត្រូវបង្ខំចិត្តញញឹមតាមពន្លឺដែលសាច់ញាតិខ្លួនជះទៅខាងក្រៅ ទាំងដែលក្នុងចិត្តកំពុងចង់បានការយកចិត្តទុកដាក់ និងចង់បានភាពកក់ក្តៅ។
ត្រូវចាំថា ជីវិតដែលជោគជ័យបំផុតមិនមែនជាជីវិតដែលបំភ្លឺបានឆ្ងាយបំផុតនោះទេ ប៉ុន្តែគឺជាជីវិតដែលចេះផ្តល់ពន្លឺឱ្យដល់ “បាតជើង” ខ្លួនឯងជាមុនសិន។ កុំឱ្យការចង់បានការសរសើរពីអ្នកក្រៅ ធ្វើឱ្យយើងខ្វាក់ភ្នែកមើលមិនឃើញទឹកភ្នែករបស់អ្នកផ្ទះ។ បើយើងអាចបំភ្លឺសង្គមទាំងមូលបាន តែយើងបែរជាទុកឱ្យផ្ទះរបស់យើងងងឹតសូន្យសុង នោះពន្លឺរបស់យើងគ្រាន់តែជា “ពន្លឺជោរ ឬពន្លឺក្លែងក្លាយ” ដែលខ្វះព្រលឹងតែប៉ុណ្ណោះ។ សេចក្តីសុខដែលពិតប្រាកដ ត្រូវតែចាប់ផ្តើមពីការមើលថែបេះដូងមនុស្សដែលនៅក្បែរយើងបំផុត ព្រោះនៅថ្ងៃដែលទៀនរលត់ មានតែអ្នកដែលនៅ “ក្រោមជើងទៀន” នោះទេ ដែលនៅក្បែរយើងដល់ដង្ហើមចុងក្រោយ។
❝កុំធ្វើជាទៀនដែលភ្លឺតែខាងក្រៅ តែងងឹតខាងក្នុង ព្រោះភាពកក់ក្តៅដែលពិតប្រាកដ គឺផ្តើមចេញពីក្នុងផ្ទះ។❞
By: ណាវ៉ាត់៚ Proverbs
#Cambodia #សង្គម
