ទង្វើ ៤យ៉ាង ដែលនាំដល់ជីវភាពថ្កុំថ្កើង ៖
១- ឧដ្ឋានសម្បទា គឺការប្រឹងប្រែងព្យាយាម ពោលគឺការបដិបត្តិដោយស្មារតីតស៊ូ មិនខ្លាចហត់នឿយក្នុងមុខរបរ ដើម្បីស្វែងរកទ្រព្យ (មុខរបរស្របតាមកាលៈទេសៈ)។
២- អារក្ខសម្បទា គឺការរក្សា ពោលគឺការចេះគ្រប់គ្រង ថែរក្សា សន្សំ សំចៃ មិនខ្ជះខ្ជាយនូវ ទ្រព្យសម្បត្តិដែលខ្លួនរកបានមក ដោយមិនឲ្យបាត់បង់ទៅដោយឥតប្រយោជន៍ឡើយ ។
៣- សមជីវិតា គឺការចិញ្ចឹមជីវិតដោយមិនប៉ះពាល់ដល់អ្នកដទៃ និងដោយស្មើ ពោលគឺ មិនប្រកបរបទុច្ចរិត និងចេះកំណត់ដឹងនូវ ចំណូលនិងចំណាយរស់នៅឲ្យល្មមនឹងទ្រព្យ ដែលជាចំណូលមិនមែនចេះតែចង់ហ៊ឺហាឡូយឆាយ ហើយខ្ជះខ្ជាយដោយការចាយវាយនោះឡើយ តែក៏មិនត្រូវកំណាញ់ពេកដែរ គឺត្រូវចេះចែកទាន និងបរិច្ចាគដើម្បីក្តីសុខដល់ខ្លួនឯងផងនិងអ្នកដទៃផងដែរ ។
៤- កល្យាណមិត្តតា គឺការសេពគប់រកមនុស្សល្អជាមិត្ត មិនប្រព្រឹត្តតាមបុគ្គលណា ដែលដើរក្នុងផ្លូវខុស ពោលគឺគប់មនុស្សណាដែលចេះដឹង ទ្រទ្រង់នូវគុណធម៌ ជាបុគ្គលគួរគោរពរាប់អានជាអ្នកណែនាំក្នុងផ្លូវល្អផ្លូវចម្រើន មកជាមិត្តដើម្បីចម្រើនក្នុងការងាររស់នៅជាសុខក្សេមក្សាន្ត ។
លោកិយធម្មទាន ប្រែថាការឲ្យធម៌ដល់មនុស្សលោក ដោយ
ន័យថា ការឲ្យបញ្ញា ការឲ្យចំណេះវិជ្ជា សម្រាប់ធ្វើឲ្យបានចំរើន ក្នុង ឥធលោក (លោកបច្ចុប្បន្ន) និង បរលោក (លោកខាងមុខ) បានដល់ វិជ្ជា ពុទ្ធសាសនា ថ្នាក់ដំបូង ថ្នាក់កណ្តាល ថ្នាក់បំផុត វិជ្ជាអក្សរសាស្ត្រ
* វិជ្ជាពុទ្ធសាសនាចែកជា ៣ ថ្នាក់គឺ ថ្នាក់ដំបូង (ថ្នាក់ទី១), ថ្នាក់កណ្តាល (ថ្នាក់ទី២) និង ថ្នាក់បំផុត (ថ្នាកទី៣) ។ វិជ្ជាថ្នាក់ដំបូង បានដល់ ទិដ្ឋធម្មិកត្ថប្រយោជន៍ (ប្រយោជន៍បច្ចុប្បន្ន) មាន ៤ យ៉ាងគឺ ១) ឧដ្ឋានសម្បទា, ២) អារក្ខសម្បទា, ៣) កល្យាណមិត្តតា, និង ៤) សមជីវិតា ។ វិជ្ជាថ្នាក់កណ្តាលបានដល់ សម្បរាយិកត្ថប្រយោជន៍ (ប្រយោជន៍បរលោក) មាន ៤ យ៉ាងគឺ ១) សទ្ធសម្បទា, ២) សីលសម្បទា, ៣) ចាគសម្បទា, និង ៤) បញ្ញាសម្បទា ។ វិជ្ជាថ្នាក់បំផុតបានដល់ បរមត្ថប្រយោជន៍ គឺប្រយោជន៍ល្អិតសុខុម ឯកន្តបរមសុខ (សុខក្នុងព្រះ និព្វាន) មាន ៣ យ៉ាងគឺ អធិសីល, អធិសមាធិ, និង អធិបញ្ញា ។ ទាំង ៣ នេះហៅថា ត្រៃសិក្ខា ។
(ពុទ្ធោវាទ)
Tags:
Business Buddhism





