💡ច្បាប់ពាក្យចាស់ គ្រប់ឃ្លោងឃ្លាសុទ្ធសឹងជាសុភាសិតល្អៗសម្រាប់ជាគតិដល់សាធុជន។ ✍🏻📚
ពាក្យចាស់ពាក្យពីព្រេង ទោសខ្លួនឯងមើលពុំយល់
ទោសគេតូចសោតសល់ រមិលយល់ប៉ុនទាំងភ្នំ។
ចូលព្រៃសត្វសាហាវ រកអំពាវគ្នាមកជុំ
ដល់បានស្ករទឹកឃ្មុំ ពួនក្នុងឆ្ទះស៊ីម្នាក់ឯង។
បានហើយចង់បានទៀត ឆ្លៀតហើយឆ្លៀតពុំគិតឈ្វេង
មើលយល់តែខ្លួនឯង មិនយល់គេឯទៀតផង។
នឹងស៊ីចង់ពិសា ខ្ជិលទំពាឱ្យម៉ត់ហ្មង
យល់នាមថាជាមង យល់ឯផងថាជាកួយ។
យល់តាថាជីដូន យល់ឯកូនថាជាក្មួយ
យល់ពីរថាជាមួយ យល់ឯព្រួយថាជាសុខ។
យល់ទោសថាជាគុណ យល់ឯបុណ្យថានរក
យល់ល្អថាអាក្រក់ យល់លាមកថាជាផ្កា។
ស្លៀកស្បង់មិនកោសក់ ឆ្លុះកញ្ចក់ធ្មេចនេត្រា
យល់សេះថាជាលា យល់ឆ្មាជាថាកណ្តុរ។
នេះពាក្យលោកពីព្រេង អ្នកណាឈ្វេងប្រាជ្ញាយល់
ឃើ់ញថ្លុកកុំថាថ្នល់ ក្រែងកំហល់កំហុសមាន។
អ្នកប្រាជ្ញកាន់ពាក្យទៀង កុំលម្អៀងពាក្យបុរាណ
កុំដើរផ្លូវបំពាន ពាក្យអ្នកចាស់លោកដៀលថា។
ពាក្យនេះពីព្រេងព្រឹទ្ធ គួរឱ្យគិតពិចារណា
កុំអួតអង្គអាត្មា ថាចំណេះចំណាំមាន។
ដេកយប់កុំដេកយូរ ខ្លាចក្តីទុជ៌នដល់ប្រាណ
បើស៊ីកុំតាមឃ្លាន គិតប្រមាណគ្រប់គ្នីគ្នា។
លើកដាក់តាមកម្លាំង កុំភើចខ្លាំងឈឺដល់ស្មា
ប្រើគេប្រើឱ្យត្រា កុំស៊ាំស៊នរនចៅរ៉ៅ។
ទោះគិតកុំរួសរាន់ គិតឱ្យគ្រាន់ទើបដើរទៅ
កុំឱ្យមានអាស្រូវ កើតដំនៀលដល់អាត្មា។
កុំយកឆ្អិនជាឆៅ កិច្ចក្នុងក្រៅមានតម្រា
កុំអាងឯងប្រាជ្ញា ចោលច្បាប់ក្បួនលោកព្រេងនាយ។
ស្រដីឱ្យស្រួលស្រេច គិតសេចគ្រេចកុំគិតងាយ
រំពឹងឱ្យវែងឆ្ងាយ យល់បង្វែរពាក្យលោកថា។
ពាក្យព្រេងលោកស្រដី ថាកុំបីចិញ្ចឹមខ្លា
ពាក្យព្រេងលោកឧបមា គិតត្រង់ណាធ្វើឱ្យបាន។
កាន់កពស់ឱ្យខ្ជាប់ ខ្លាចក្រឡាប់ខាំឯប្រាណ
អូសទូកកុំឱ្យល្អាន ដ្បិតរលកខ្លាំងសោះសា។
យល់តូចកុំខិតខំ គួរសន្សំយកជាគ្នា
បានច្រើនកុំខំពារ សន្សឹមក្សិណតិចៗទៅ។
អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ
អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនូវសំប៉ាន។
អ្នកខ្ពស់រក្សាទាប ដោយសភាពធម៌បុរាណ
អ្នកឆ្អែតរក្សាឃ្លាន នាអ្នករុងរក្សាឆ្មារ។
រក្សាទៅមុខវឹង ឥតកំដឹងអស់អម្បាល
ចំណេរជីកាន់កាល ដូចរបងស្រាស់បន្លា។
កុំឆ្អែតពេកតែឯង មិនគិតក្រែងអស់គ្នីគ្នា
គេឃ្លានៗផ្ទៃផ្សា ឱ្យស៊ីរ៉ាបានឆ្អែតផង។
កុំមានចិត្តលលើ ពឹងក្រពើឱ្យចម្លង
កុំកាច់ឧសរបង រាំងចំណារឯអាត្មា។
មានទូកហើយមានថ្នោល មានបង្គោលមានយុថ្កា
ទាំងពួរទាំងច្រវា ក្រជីងចាប់ដោយនូវគ្រប់។
ប្រយ័ត្នក្រែងព្យុះខ្យល់ បក់បោកដល់នឹងទល់ទប់
ប្រយ័ត្នប្រយោជន៍គ្រប់ ទើបហៅជាតិជាកំណើត។
ពាក្យព្រេងគិតគួរចាំ ជាបណ្តាំប្រដៅកើត
ពាក្យព្រេងពាក្យដាស់កំណើត មុខគួរគិតៗឱ្យគ្រាន់។
ពាក្យនេះជាសណ្តាប់ ទុកជាច្បាប់ទៀងដាក់ស្បាន់
ពាក្យនេះជាកំណាន់ កំណត់នៅឥតឃ្លាតឃ្លា។
សូរេចនូវនិទាន ពាក្យទូន្មានដោយប្រការ
អម្បាលនេះឯងណា ចាំទុកកាយគ្រប់គ្រាន់ហោង។ ចប់!
.
By: សុភាសិត កាព្យខ្មែរ
#បកស្រាយសុភាសិត #អក្សរសាស្ត្រខ្មែរ #សុភាសិតខ្មែរ #សង្គម #វិភាគគំនិត #ណាវ៉ាត់ #កំណាព្យ #quotes #proverbs
