ដើម្បីពង្រឹងការគ្រប់គ្រងគួរធ្វើតាមគោលធម៌៧យ៉ាង
គោលធម៌ទាំង៧ប្រការនេះ បើមានក្នុងស្ថាប័នណា ស្ថាប័ននោះនឹងមានការរីកចម្រើន រួមនឹងមានការសាមគ្គីគ្នាយ៉ាងរឹងមាំគឺៈ
១-ឧស្សាហ៍ប្រជុំគ្នាឱ្យបានញឹកញាប់
២-ព្រមព្រៀងគ្នាងើបឡើងដើម្បីការពារស្ថាប័ន ព្រមព្រៀងគ្នាដើម្បីបំពេញនូវកិច្ចការស្នូលរបស់អង្គភាព ។
៣-មិនបញ្ញត្តិនូវអ្វីដែលបានបញ្ញត្តិទុក មិនលុបបំបាត់នូវអ្វីដែលបានបញ្ញត្តិទុករួចហើយ តែត្រូវតាំងមាំនាំគ្នាបដិបត្តិទៅតាមទិសដៅរបស់អង្គភាព ។
៤-លោកណាដែលជាធំនៅក្នុងអង្គភាព គប្បីគោរពរាប់អានអ្នកនោះ ស្តាប់សំដីរបស់លោក ។
៥-ការពារថែទាំស្ត្រី ជាពិសេសកុមារីឱ្យរស់នៅជាសុខ មិនឱ្យទទួលការគំរាមកំហែង ឬរំលោភបំពារបំពានឡើយ ។
៦-គោរពសក្ការបូជា ព្រមទាំងការពារសម្បត្តិកេរមរតកជាតិទាំងឡាយដែលស្ថិតនៅក្នុងទីក្រុង និងជនបទមិនបណ្តោយឱ្យប្រពៃណីនៃការគោរពបូជាទាំងអស់នោះបាត់បង់សាបសូន្យទៅ ។
៧-ចាត់ឱ្យមានការថែទាំ ឃុំគ្រង ការពារដោយត្រឹមត្រូវតាមធម៌វិន័យដល់ព្រះសង្ឃទាំងឡាយឱ្យបានប្រសើឡើង។
ធម៌៧ប្រការនេះ ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងដល់ស្តេចវជ្ជីទាំងឡាយដែលជាអ្នកដឹកនាំនៅនគរវេសាលី ប្រទេសឥណ្ឌាពីដើម ដែលគ្រប់គ្រងដោយរបបសាមគ្គីធម៌ ពួកសត្រូវរបស់នគរវេសាលីបានកោតស្ញប់ស្ងែង និងទទួលស្គាល់ថា ដរាបស្តេចវជ្ជីទាំងឡាយនៅតែប្រកាន់ខ្ជាប់តាមគោលធម៌នេះ គេនឹងមិនអាចយកឈ្នះបានដោយសង្គ្រាមឡើយ ។

















