រាត្រីនេះខ្ញុំសូមបញ្ចប់ភាគទី២របស់វីរកថាកវីហូមឺរគឺរឿងអូឌីស៊ី (Odyssey) តាមសន្យាកុំឱ្យមានអ្នកថាខ្ញុំឧស្សាហ៍តែសន្យាខ្យល់ពេក។ សម្រាប់រឿងនេះ បើអ្នកចូលចិត្តអានអាចរកទិញសៀវភៅអានបានជាភាសាខ្មែរដោយគេប្រើចំណងជើងតាមភាសាបារាំងគឺ អ៊ុយលីសវិលវិញ (Ulysses) ។ តែសម្រាប់អ្នកមិនចូលចិត្តអាន អាចទៅរកមើលកុនបានទាំងនៅក្នុង Netflix និងរឿង The Odyssey ដែលកំពុងដាក់បញ្ចាំង។ បើសិនជាមើលជាកុន ខ្ញុំសូមណែនាំឱ្យមើលកុនប្រភេទ IMAX ព្រោះអីរឿងនេះពេញគឺថតដោយ Camera Imax ជាលើកទី១ហើយម៉្យាងទៀតបណ្តាទីតាំងមួយចំនួនធំគឺថតនៅទីកន្លែងពិតប្រាកដមិននៅក្នុង Studioនោះទេ ដែលជាទូទៅអ្នកពូកែតាមដានរឿងកុននានាប្រាកដជាស្គាល់ស្ទីលរបស់កំពូលអ្នកដឹកនាំរឿង Christopher Nolan នេះស្រាប់ហើយ។
ផ្ទាល់ខ្លួនខ្ញុំ មានឱកាសបានអង្គុយទស្សនារឿងនេះនៅក្នុងរោង IMAX បានម្តងហ្នឹងគេដែរឬអត់ អាស្រ័យលើបងប្អូនប្រិយមិត្តហើយ បើមានអ្នកជួយទិញត្រីសាល់ម៉ុន ឬមកពិសាបាយនៅផ្ទះត្រីសាល់ម៉ុនច្រើន ខ្ញុំអាចសង្ឃឹមបានខ្លះ តែបើគ្មានអ្នកជួយទេ មានតែដេកស្រមៃ និងរង់ចាំមើលពេលគេដាក់នៅតាមបណ្តាញសង្គម ឬ Youtube ហើយ។ កុំឱ្យបែកយូរពេក តោះ! មកតាមដានសាច់រឿង The Odyssey ដ៏ជក់ចិត្តទាំងអស់គ្នា៖
ដំណើរផ្សងព្រេង ១០ ឆ្នាំនៅលើមហាសមុទ្រដ៏សែនអាថ៌កំបាំង!
បន្ទាប់ពីល្បិចសេះឈើដ៏ល្បីល្បាញបានកម្ទេចទីក្រុងត្រយរួចមក ជ័យជម្នះបានធ្លាក់លើដៃកងទ័ពពួកក្រិក។ ប៉ុន្តែសម្រាប់មេទ័ព Odysseus (អូឌីស៊ូស) ដែលជាស្តេចដ៏ឈ្លាសវៃមកពី កោះ Ithaca និងជាអ្នកផ្តើមគំនិតសេះឈើនោះ ជ័យជម្នះនេះគ្រាន់តែជាការចាប់ផ្តើមបើកទំព័រដំបូងនៃដំណើរត្រឡប់ទៅផ្ទះវិញប្រកបដោយមហន្តរាយដ៏ធំ ប៉ុណ្ណោះ!
សាកស្រមៃមើលថា ក្រោយពីធ្វើសង្រ្គាមប្រើពេលអស់១០ឆ្នាំងហើយ ដល់ពេលត្រូវធ្វើដំណើរត្រឡប់ទៅផ្ទះជួបប្រពន្ធកូនវិញសោះ ក៏ត្រូវចំណាយពេលរហូតដល់ ១០ ឆ្នាំពេញ ថែមទៀត ហើយត្រូវប្រយុទ្ធជាមួយសត្វចម្លែក និងបណ្តាសាអាទិទេពពេញមហាសមុទ្រ។
ការវិលវិញរបស់អូឌីស៊ូសគឺចាប់ដំណើរដូចតទៅ៖
នៅពេលត្រៀមត្រឡប់ទៅផ្ទះវិញពីទីក្រុងត្រយនោះ អូឌីស៊ូសមិនបានរួមដំណើរជាមួយនឹងមេទ័ពក្រិកម្នាក់ទៀតគឺអាកាមីណុងដែលធ្វើដំណើរតាមផ្លូវដើមនោះទេ។ អូឌីស៊ូសបានដឹកនាំកងពលរបស់ខ្លួនចំនួនបីសំពៅធ្វើដំណើរតាមផ្លូវផ្សេងវិញ ដោយបានប្រាប់អាកាមីណុងថាចង់ស្វែងរកផ្លូវផ្សេងៗទៀតដែលអាចធ្វើដំណើរដល់នគរក្រិក។ នៅក្នុងដំណើរត្រឡប់វិញដំណើររឿងនៃវីរកថា កវីហូមឺរបានចែកជាដំណាក់កាលនានាដូចតទៅ៖
១. កំហឹងរបស់អាទិទេពគ្រប់គ្រងសមុទ្រ Poseidon
បន្ទាប់ពីចាកចេញពីក្រុងត្រយ កងសំពៅរបស់អូឌីស៊ុសក៏បានធ្វើដំណើរមកដល់កោះមួយដែលគេស្គាល់ថាជាកោះរបស់យក្សភ្នែកមួយឈ្មោះថាស៊ីក្លុប Cyclops។ យក្សភ្នែកមួយស៊ីក្លុបនេះចិញ្ចឹមចៀមនៅលើកោះនេះ ហើយនៅពេលដែលក្រុមទាហានរបស់អូឌីស៊ុសឡើងមកដល់កោះនេះ ក៏ដើរតាមសត្វចៀមចូលមកដល់រូងភ្នំរបស់យក្ស ហើយចំពេលដែលស៊ីក្លុបត្រឡប់មកវិញតែម្តង។ ស៊ីក្លុបចូលមកដល់រូងភ្នំខ្លួនក៏ទាញដុំថ្មរុញបិទមាត់រូងជាស្រេច ហើយបានចាប់ទាហានអូឌីស៊ុសស៊ីអស់ពីរនាក់ ហើយក៏ប្រាស់ខ្លួនដេកទៅ។ អូឌីស៊ុសបានរកនឹកល្បិចដើម្បីបានចេញពីរូងភ្នំវិញ ដោយប្រើឈើស្រួចដុតភ្លើងទៅចាក់ភ្នែក Cyclops ឱ្យខ្វាក់ (ចំពោះល្បិចនៅត្រង់នេះគឺដូចគ្នានឹងរឿងនិទានខ្មែរដែរគឺរឿងអាខ្វាក់អាខ្វិន និងរឿងអាឡេវដែរ)។ នៅពេលដែលយក្សស៊ីក្លុបខ្វាក់ភ្នែកហើយស្ទុះទៅទាញថ្មបើករូងនោះក្រុមពួកអូឌីស៊ុសបានពួនពីក្រោមពោះចៀមដើម្បីចេញក្រៅរូង និងរត់ទៅរកសំពៅរបស់ខ្លួនហើយចាកចេញទៅ។ អ្វីដែលធ្ងន់ធ្ងរនោះគឺ យក្សស៊ីក្លុបនេះ ត្រូវជាកូនប្រុសរបស់ប៉ូសេដុង Poseidon (អាទិទេពគ្រប់គ្រងមហាសមុទ្រ)។ កំហឹងរបស់ Poseidon បានដាក់បណ្តាសា និងបង្កឱ្យមានឧបសគ្គយ៉ាងច្រើនដូចជារលកយក្ស និងខ្យល់ព្យុះតាមបោកបក់សំពៅរបស់អូឌីស៊ុសឱ្យវង្វេងវង្វាន់មិនដឹងទិសអស់ជាច្រើនឆ្នាំ។
២. សំឡេងមន្តស្នេហ៍បិសាច និងធ្មប់កែប្រែមនុស្សជាជ្រូក
ក្រោយពីចេញពីកោះស៊ីក្លុបហើយ ក្រុមសំពៅរបស់អូឌីស៊ុសបានផ្សងព្រេងនៅលើសមុទ្រ ហើយពួកគេត្រូវប្រឈមមុខនឹងឧបសគ្គដ៏រន្ធត់ជាច្រើន៖
• កោះធ្មប់សៀក Circe: ធ្មប់ដ៏មានអំណាចបានដាក់ស្នេហ៍ និងប្រែក្លាយកងទ័ពរបស់គេឱ្យទៅជា សត្វជ្រូក តែអូឌីស៊ុសបានជួយកងទ័ពខ្លួនបានវិញដោយមានជំនួយពីអាទិទេព Hermes ហើយអាចចាកចេញមកវិញបាន។
• ឆ្លងកាត់ដំណាក់កាលរបស់ពួកបីសាចស៊ីរ៉ែន Sirens: បិសាចនេះគឺមានរាងពាក់កណ្តាលសត្វស្លាប និងមនុស្សដែលមានសំឡេងច្រៀងពិរោះលងបន្លាចចិត្ត។ អ្នកណាបានលឺសំឡេងនាង នឹងលោតចុះទឹកសមុទ្រស្លាប់ទាំងអស់! អូឌីស៊ុស បានយកក្រមួនបិទត្រចៀកកងទ័ព ហើយចងខ្លួនឯងជាប់នឹងបង្គោលកប៉ាល់ ដើម្បីអាចស្តាប់សំឡេងនោះ និងចងឃើញពួកបិសាចនោះដោយផ្ទាល់។
• គ្រោះមហន្តរាយនៅលើផ្ទៃសមុទ្រ បាននាំឱ្យនាយទាហានទាំងអស់របស់អូឌីស៊ុសស្លាប់អស់ ហើយនៅសល់តែម្នាក់ឯង ហើយត្រូវមកនៅលើកោះជាមួយនឹងទេពធិតាកាលីបសូអស់ពេល ៧ឆ្នាំទាំងបាត់បង់ការចងចាំ។
• ដោយមានជំនួយពីទេពធិតាអាតេណាអង្វរដល់ហ្សឺសឱ្យជួយអន្តរាគមន៍ ទើបអូឌីស៊ុសអាចចាកចេញពីកោះកាលីបសូបាន ហើយចងចាំវិញ និងត្រឡប់មកនគរវិញ តែនៅនគរនោះគឺកំពុងតែវឹកវរ។
៣. ការរង់ចាំ ២០ ឆ្នាំ និងការសងសឹកនៅឯផ្ទះ
ខណៈដែល អូឌីស៊ុសចេញពីនគរអស់រយៈពេល ២០ ឆ្នាំ (សង្គ្រាម ១០ ឆ្នាំ + ផ្សងព្រេង ១០ ឆ្នាំ) មនុស្សជាច្រើនគិតថាគេបានស្លាប់បាត់ទៅហើយ។ នៅឯកោះ Ithaca ក្រុមបុរសអភិជនខិលខូចជាច្រើនបានចូលមកឡោមព័ទ្ធភូមិគ្រឹះ ដណ្តើមគ្នាសុំរៀបការជាមួយព្រះនាងប៉េណេឡូប Penelope ដែលជាមហេសីដ៏ស្មោះត្រង់របស់អូឌីស៊ុស ដើម្បីគ្រងរាជបន្ត។
ដោយមានជំនួយពី Athena (អាទិទេពនៃប្រាជ្ញា) អូឌីស៊ុស បានកែខ្លួនបន្លំជា អ្នកសុំទានកម្សត់ម្នាក់ លួចចូលទៅក្នុងផ្ទះខ្លួនឯងដោយគ្មាននរណាស្គាល់នោះទេ លើកលែងតែឆ្កែអាហ្កូសរបស់ខ្លួនដែលនៅចាំមាត់ផ្លូវនគរអស់២០ឆ្នាំដែរ។
Penelope បានប្រកាសលក្ខខណ្ឌថា៖ «អ្នកណាដែលអាចលើកធ្នូរបស់ Odysseus បាញ់ទម្លុះរន្ធពូថៅ ១២ បាន នាងនឹងយល់ព្រមរៀបការជាមួយ»។ បុរសខិលខូចទាំងអស់ព្យាយាមលើកធ្នូនោះរហូតបែកញើសឈាម ក៏លើកមិនដាច់ដែរ!
រំពេចនោះ អ្នកសុំទានចាស់ (Odysseus) បានដើរចូលទៅ ចាប់កាន់ធ្នូ យោងទាញបាញ់ទម្លុះរន្ធពូថៅទាំង ១២ ដោយភាពងាយស្រួល! គេបានផ្លាស់ប្តូររូបរាងដើមវិញ រួចសហការជាមួយកូនប្រុស និងអ្នកបម្រើស្មោះត្រង់ បាញ់ប្រហារ និងកម្ទេចពួកជនខិលខូចទាំងអស់គ្មានសល់ រួចបានជួបជុំប្រពន្ធកូនវិញដោយក្តីរំភើបទឹកភ្នែក។
តើ "The Odyssey" មានការពិតប្រវត្តិសាស្ត្រប៉ុន្មានភាគរយ?
ប៉ុន្តែ តើព័ត៌មាននៅក្នុងរឿងនេះមានការពិតប៉ុនណា ហើយប៉ុនណាជាអក្សរសិល្ប៍ប្រឌិត? តើធ្លាប់មានវត្តមានរបស់ អូឌីស៊ុស ឬម្ចាស់ក្សត្រី Helen នៃក្រុងត្រយពិតប្រាកដដែរឬទេ? ហើយតើច្បាប់ចម្លងនៃរឿង The Odyssey មួយណាដែលកៀកនឹងច្បាប់ដើមបំផុត?
ជាការពិតណាស់យក្សភ្នែកមួយ (Cyclopes) និងនាងបិសាចមន្តស្នេហ៍ (Sirens) មិនមែនជាការប្រាកដនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ទស្សនាវដ្តី Esquire បានចុះផ្សាយថា សង្គ្រាមក្រុងត្រយ — ដែលជាជម្លោះទាញយកអូឌីស៊ុស ឱ្យចាកចេញពីផ្ទះសម្បែងយ៉ាងយូរនោះ — អាចជារឿងរ៉ាវប្រវត្តិសាស្ត្រពិត។
នៅសតវត្សរ៍ទី ១៩ ក្រុមបុរាណវិទូបានស្វែងរកឃើញប្រាសាទបុរាណមួយនៅតំបន់ Hisarlık ភាគពាយព្យនៃប្រទេសទួរគីបច្ចុប្បន្ន។ អ្នកជំនាញភាគច្រើនបានឯកភាពគ្នាថា ទីនោះគឺជាទីក្រុងត្រយ ក្នុងរឿងព្រេងនិទាន។
យោងតាមទស្សនាវដ្តី Esquire ក្រុមបុរាណវិទូបានរកឃើញដាននៃការបំផ្លិចបំផ្លាញនៅទីតាំង Hisarlık ដែលមានកាលបរិច្ឆេទចន្លោះពីសតវត្សរ៍ទី ១៣ និងទី ១២ មុនគ្រិស្តសករាជ — ត្រូវគ្នានឹងពេលវេលាដែលគេជឿថាសង្គ្រាមក្រុងត្រយបានកើតឡើង។
ទីក្រុងបុរាណនេះ មិនត្រឹមតែស្ថិតនៅជិតទីតាំងដែល Homer បានពិពណ៌នាអំពីក្រុងត្រយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកំផែងក្រុងក្រាស់ៗ ប៉ុស្តិ៍ការពារសន្តិសុខ និងផ្លូវរៀបចំយ៉ាងមានរបៀបរៀបរយទៀតផង។ លើសពីនេះ គេថែមទាំងបានរកឃើញកម្ទេចក្អមឆ្នាំងដីឥដ្ឋ Mycenaean ដែលបង្ហាញថាទីក្រុងនេះធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវប្បធម៌ក្រិក។
ក្រៅពីភស្តុតាងខាងបុរាណវិទ្យា កំណត់ត្រាប្រវត្តិសាស្ត្ររបស់ចក្រភព Hittite (ដែលជារៀបចំឡើងដាច់ដោយឡែកពី Homer) ក៏បានរៀបរាប់អំពីអត្ថិភាពនៃព្រះរាជាណាចក្រនៅអាណាតូលីខាងលិច និងមហាអំណាចមួយឈ្មោះ Ahhiyawa ដែលអ្នកប្រវត្តិសាស្ត្រទូទៅសម្គាល់ថាជា ក្រុងត្រយ និងតំបន់ Mycenaean Greece។
ទោះជាយ៉ាងណា តួអង្គអ្នកក្លាហានដ៏ខ្លាំងក្លា ព្រះរាជិនីដ៏ស្រស់ស្អាត និងសេះឈើដ៏ធំសម្បើម ប្រហែលជាគ្រាន់តែជាការបន្ថែមបន្ថែមបន្ថយតាមបែបកវីនៅក្នុងអំឡុងពេលជាច្រើនសតវត្សរ៍ប៉ុណ្ណោះ។ មូលហេតុពិតប្រាកដដែលនាំឱ្យកើតសង្គ្រាមនេះ ច្រើនតែបណ្តាលមកពីការដណ្តើមត្រួតត្រាផ្លូវពាណិជ្ជកម្មយុទ្ធសាស្ត្រ ដែលភ្ជាប់សមុទ្រមេឌីទែរ៉ានេ ទៅនឹងសមុទ្រខ្មៅ តាមរយៈច្រកសមុទ្រនៅក្បែរនោះ។
ទោះជាយ៉ាងណាក៏ដោយ អត្ថបទមួយនៅក្នុងទស្សនាវដ្តី Smithsonian Magazine បានរំលេចថា សូម្បីតែសំណួរដែលសួរថា "តើ The Odyssey ច្បាប់ណាជាច្បាប់ដើមត្រឹមត្រូវ?" ក៏ជាបញ្ហាសមុគស្មាញមួយដែរ។
អត្ថបទដើមជាសំណេរភាគច្រើននៃស្នាដៃរបស់ Homer ដែលនៅសេសសល់ មានអាយុកាលជាងពីរពាន់ឆ្នាំមកហើយ។ ប៉ុន្តែ រឿងរ៉ាវទាំងនេះមានអាយុកាលចាស់ជាងនេះឆ្ងាយណាស់ ដោយវាបានចាប់ផ្តើមឡើងពីការតាក់តែងជារឿងព្រេងនិយាយតៗគ្នា និងទន្ទេញចាំមាត់។
កំណត់ត្រាដំបូងបង្អស់នៃរឿង The Odyssey គឺជាបំណែកក្អមឆ្នាំងដីឥដ្ឋ ដែលឆ្លាក់រូប Ulysses កំពុងធ្វើឱ្យចម្លែកភ្នែកមួយខ្វាក់ភ្នែក ហើយអ្នកសិក្សាភាសាក្រិកបុរាណខ្លះជឿថា រឿងរ៉ាវទាំងនេះត្រូវបានគេផ្សព្វផ្សាយតៗគ្នាតាំងពីប្រមាណ ៤,០០០ ឆ្នាំមុនម៉្លេះ។
ទស្សនាវដ្តី Smithsonian Magazine កត់សម្គាល់បន្ថែមថា អ្នកប្រាជ្ញនៅបណ្ណាល័យបុរាណ Alexandria បានព្យាយាមប្រមូលផ្តុំ និងចងក្រងរឿង The Odyssey ឱ្យទៅជាច្បាប់ដើមផ្លូវការតាំងពីពីរពាន់ឆ្នាំមុនមកម៉្លេះ។
លោក Casey Dué ដែលជាអ្នកជំនាញសិក្សាអំពីក្រិក-រ៉ូម៉ាំងបុរាណនៅសាកលវិទ្យាល័យ Houston បានមានប្រសាសន៍ថា៖ «ពិតណាស់ វាធ្លាប់មានលើកទីមួយ ដែលនរណាម្នាក់បានរៀបរាប់សាច់រឿងអំពីយុទ្ធជនឈ្មោះ Odysseus ព្យាយាមធ្វើដំណើរត្រឡប់មកផ្ទះវិញពីសង្គ្រាមក្រុងត្រយ។ ប៉ុន្តែ យើងមិនអាចស្វែងរកច្បាប់ដើមដំបូងបង្អស់នោះឃើញវិញបានឡើយ»។
ប្រសិនបើប្រិយមិត្តចូលចិត្តសាច់រឿងអក្សរសិល្ប៍ក្រិកបុរាណបែបនេះទៀត សូមជួយចុច Like, Share និង Comment ប្រាប់ខ្ញុំផងណា ដើម្បីលើកក្រោយខ្ញុំលើកយកអក្សរសិល្ប៍ក្រិកមកនិយាយបន្តទៀត។
Download




