៦. រឿងអាជីវកឈ្មោះបាវេយ្យៈ (បាវេយ្យកាជីវកវត្ថុ)

 ៦. រឿងអាជីវកឈ្មោះបាវេយ្យៈ (បាវេយ្យកាជីវកវត្ថុ)

ព្រះសាស្តា កាលគង់ប្រថាប់នៅក្នុងវត្តជេតពន ក្រុងសាវត្ថី ទ្រង់ប្រារព្ធនូវអាជីវកម្នាក់ឈ្មោះ បាវេយ្យៈ ហើយត្រាស់សម្ដែងនូវព្រះធម្មទេសនានេះថា ន បរេសំ វិលោមានិ ជាដើម។

ឮថា នៅក្នុងក្រុងសាវត្ថី មានឧបាសិកាម្នាក់ បានទំនុកបម្រុងអាជីវកឈ្មោះបាវេយ្យៈ ដោយទុកដាក់ក្នុងឋានៈជាកូនបង្កើត។ ចំណែកឯមនុស្សរស់នៅផ្ទះក្បែរខាងរបស់ឧបាសិកានោះ កាលដែលបានស្ដាប់ព្រះធម្មទេសនារបស់ព្រះសាស្តារួចហើយ ក៏ត្រឡប់មកវិញ រួចនាំគ្នាពោលសរសើរពុទ្ធគុណដោយប្រការផ្សេងៗថា ឱ! ព្រះធម្មទេសនារបស់ព្រះពុទ្ធទាំងឡាយ ពិតជាអស្ចារ្យមែន។

ឧបាសិកានោះ កាលបើបានស្ដាប់សេចក្ដីសរសើរនូវគុណរបស់ព្រះពុទ្ធហើយ ក៏ចង់ទៅកាន់វិហារដើម្បីស្ដាប់ធម៌ដែរ នាងក៏ទៅប្រាប់រឿងនេះដល់អាជីវកថា បពិត្រលោកម្ចាស់ ខ្ញុំម្ចាស់នឹងទៅកាន់សំណាក់ព្រះពុទ្ធ។ អាជីវកនោះឃាត់ថា កុំទៅឡើយ ទោះបីនាងអង្វរករច្រើនដង ក៏អាជីវកនៅតែដាច់ខាតមិនឱ្យនាងទៅឡើយ។ ឧបាសិកាក៏ត្រិះរិះថា អាជីវកនេះមិនឱ្យអញទៅវិហារដើម្បីស្ដាប់ធម៌ទេ បើដូច្នោះ អញនឹងនិមន្តព្រះសាស្តាមកទីនេះ ដើម្បីស្ដាប់ធម៌ក្នុងផ្ទះនេះតែម្ដង។

លុះដល់វេលាល្ងាច នាងក៏ហៅកូនប្រុសមកហើយបញ្ជាថា កូន ចូរទៅនិមន្តព្រះសាស្តាដើម្បីភត្តកិច្ចនៅថ្ងៃស្អែក។ កូនប្រុសនោះ កាលដែលកំពុងដើរទៅ ក៏បានចូលទៅរកអាជីវកជាមុនសិន រួចថ្វាយបង្គំអង្គុយចុះ។ អាជីវកសួរថា តើឯងទៅណា? កូនប្រុសតបថា ខ្ញុំបាទទៅនិមន្តព្រះសាស្តាតាមពាក្យរបស់ម៉ែ។ អាជីវកឃាត់ថា កុំទៅរកលោកអី។ កូនប្រុសតបថា មិនបានទេលោកម្ចាស់ ខ្ញុំខ្លាចម៉ែ ខ្ញុំត្រូវតែទៅ។ អាជីវកលួងលោមថា កុំទៅអី ចាំយើងទាំងពីរនាក់នឹងហូបសក្ការៈដែលគេរៀបចំថ្វាយលោកនោះជាមួយគ្នា។ កូនប្រុសនៅតែបដិសេធថា មិនបានទេលោកម្ចាស់ ម៉ែនឹងស្ដីបន្ទោសខ្ញុំមិនខាន។

អាជីវកដឹងថាឃាត់មិនឈ្នះ ក៏ប្រាប់ល្បិចថា បើអញ្ចឹងឯងទៅចុះ ប៉ុន្តែពេលទៅនិមន្តហើយ កុំប្រាប់លោកថាផ្ទះយើងនៅកន្លែងណា ផ្លូវណា ឬមហាវិថីណាឱ្យសោះ ចូរធ្វើហាក់ដូចជាទៅឈរក្បែរលោក រួចដើរចេញមកវិញតាមផ្លូវផ្សេង ហាក់ដូចជារត់គេចមកអញ្ចឹង។ កូនប្រុសនោះ កាលបើបានស្ដាប់ពាក្យអាជីវកហើយ ក៏ទៅកាន់សំណាក់ព្រះសាស្តា រួចនិមន្ត និងធ្វើគ្រប់យ៉ាងតាមដែលអាជីវកបានប្រាប់ទាំងអស់ រួចក៏ត្រឡប់មកប្រាប់អាជីវកវិញ។ អាជីវកសួរថា តើឯងធ្វើតាមយើងប្រាប់ទេ? កូនប្រុសតបថា បពិត្រលោកម្ចាស់ ខ្ញុំបាទធ្វើគ្រប់យ៉ាងរួចរាល់អស់ហើយ។ អាជីវកពោលថា ឯងធ្វើបានល្អណាស់ ចាំយើងទាំងពីរនាក់នឹងហូបសក្ការៈនោះជាមួយគ្នា។

លុះដល់ថ្ងៃបន្ទាប់ អាជីវកបានទៅដល់ផ្ទះនោះតាំងពីព្រឹកព្រហាម ហើយគេក៏នាំលោកទៅឱ្យអង្គុយក្នុងបន្ទប់ខាងក្រោយនៃផ្ទះនោះឯង។

អ្នកជិតខាងទាំងឡាយបានជួយគ្នាយកលាមកគោស្រស់មកលាបផ្ទះ (តាមទំនៀមទម្លាប់បុរាណ) រួចរោយនូវផ្កាមានស្រូវលីងជាប្រាំ ហើយរៀបចំអាសនៈដ៏មានតម្លៃ ដើម្បីថ្វាយជាទីគង់ប្រថាប់នៃព្រះសាស្តា។

តាមធម្មតា មនុស្សដែលមិនធ្លាប់ស្គាល់ព្រះពុទ្ធ តែងមិនដឹងពីរបៀបរៀបចំអាសនៈឡើយ ហើយសម្រាប់ព្រះពុទ្ធទាំងឡាយ ក៏មិនចាំបាច់មានអ្នកនាំផ្លូវដែរ ព្រោះតាំងពីថ្ងៃត្រាស់ដឹងនៅក្រោមដើមពោធិ៍ ធ្វើឱ្យភពទាំងមួយម៉ឺនលោកធាតុញាប់ញ័រមក ផ្លូវទាំងអស់ត្រូវបានប្រាកដច្បាស់ដល់ព្រះអង្គថា ផ្លូវនេះទៅកាន់នរក ផ្លូវនេះទៅកាន់កំណើតតិរច្ឆាន ផ្លូវនេះទៅកាន់ប្រេត ផ្លូវនេះទៅកាន់មនុស្សលោក ផ្លូវនេះទៅកាន់ទេវលោក និងផ្លូវនេះទៅកាន់ព្រះនិព្វាន។ ហេតុនេះ ផ្លូវទៅកាន់ភូមិ ឬនិគមផ្សេងៗ មិនចាំបាច់ត្រូវពោលដល់ឡើយ។

ព្រះសាស្តាទ្រង់កាន់យកបាត្រ និងចីវរ យាងទៅដល់មាត់ទ្វារផ្ទះរបស់មហាឧបាសិកាតាំងពីព្រឹកព្រហាម។ នាងចេញមកទទួល រួចថ្វាយបង្គំដោយបញ្ចបតិត្ឋិត (អង្គប្រាំ) និមន្តព្រះអង្គចូលក្នុងផ្ទះ ឱ្យគង់លើអាសនៈ រួចប្រគេនទក្ខិណោទក និងវេរភត្តាហារដ៏សម្រិតសម្រាំងថ្វាយព្រះអង្គ។

កាលព្រះសាស្តាធ្វើភត្តកិច្ចស្រេចហើយ ឧបាសិកាចង់ស្ដាប់អនុមោទនា ក៏កាន់យកបាត្រទុក។ ព្រះសាស្តាទ្រង់ចាប់ផ្ដើមសម្ដែងអនុមោទនាធម្មកថាដោយព្រះសុរិយសដ៏ពិរោះ។ ឧបាសិកាស្ដាប់ធម៌បណ្ដើរ ពោលថា សាធុ សាធុ បណ្ដើរ ដោយសេចក្តីជ្រះថ្លា។ ឯអាជីវកដែលអង្គុយក្នុងបន្ទប់ខាងក្រោយ ឮសូរតែសម្លេងសាធុការរបស់នាង ក៏ទ្រាំលែងបាន គិតថា ឥឡូវនេះ នាងនេះលែងជារបស់អញហើយ រួចក៏រត់ចេញមកជេរប្រមាថឧបាសិកា និងព្រះសាស្តាដោយប្រការផ្សេងៗថា នាងកាឡកណ្ណី ចង្រៃពិតមែន បែរជាមកធ្វើសក្ការៈដល់លោកនេះទៅវិញ រួចក៏រត់បាត់ទៅ។

ឧបាសិកាមានសេចក្ដីអៀនខ្មាសចំពោះសម្ដីជេរប្រមាថរបស់អាជីវកនោះណាស់ រហូតធ្វើឱ្យចិត្តរាយមាយ មិនអាចផ្ដោតទៅលើញាណតាមលំដាប់នៃទេសនាបានឡើយ។ ព្រះសាស្តាត្រាស់សួរថា ម្នាលឧបាសិកា តើអ្នកមិនអាចធ្វើចិត្តឱ្យស្លុងតាមទេសនាបានទេឬ? នាងតបថា បពិត្រព្រះអង្គដ៏ចម្រើន ចិត្តរបស់ខ្ញុំម្ចាស់ប្រែប្រួលទៅ (មិនមូល) ក៏ព្រោះតែសម្ដីរបស់អាជីវកនោះឯង។

ព្រះសាស្តាត្រាស់ថា ម្នាលឧបាសិកា ការដែលយើងទៅយកចិត្តទុកដាក់នឹងសម្ដីរបស់មនុស្សមិនល្អបែបនោះ គឺជារឿងមិនសមគួរឡើយ មិនត្រូវមករវីរវល់នឹងសម្ដីគេទេ គឺត្រូវពិនិត្យមើលតែសេចក្ដីល្អ និងសេចក្ដីអាក្រក់របស់ខ្លួនឯងប៉ុណ្ណោះ រួចទ្រង់ត្រាស់សម្ដែងនូវគាថានេះថា៖

៥០. ន បរេសំ វិលោមានិ,  ន បរេសំ កតាកតំ;

អត្តនោវ អវេក្ខេយ្យ,  កតានិ អកតានិ ច។

បុគ្គលមិនគួររវីរវល់នឹងសម្ដីទាស់ខុសរបស់អ្នកដទៃ មិនគួររវីរវល់នឹងកិច្ចការដែលអ្នកដទៃធ្វើហើយ ឬមិនទាន់ធ្វើឡើយ គួរពិនិត្យមើលតែសេចក្ដីល្អ និងសេចក្ដីអាក្រក់ដែលខ្លួនឯងធ្វើហើយ និងមិនទាន់ធ្វើប៉ុណ្ណោះ។

អធិប្បាយគាថា

ក្នុងទីនោះ ពាក្យថា ន បរេសំ វិលោមានិ មានសេចក្ដីអធិប្បាយថា ពាក្យសម្ដីដែលទាស់ខុសរបស់អ្នកដទៃក្ដី ពាក្យទ្រគោះបោះបោកក្ដី ពាក្យដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ឬកាត់ថ្លើមប្រមាត់អ្នកដទៃក្ដី គឺមិនត្រូវយកមកទុកក្នុងចិត្តឡើយ។

ពាក្យថា ន បរេសំ កតាកតំ គឺសំដៅលើការដែលបុគ្គលមិនត្រូវដើរតាមមើលតាមរំពៃនូវទង្វើដែលអ្នកដទៃធ្វើហើយ ឬមិនទាន់ធ្វើ ជាអាទិ៍ដូចជាការគិតថា ឧបាសកឯណោះជាមនុស្សមិនមានសទ្ធា មិនមានសេចក្ដីជ្រះថ្លា សូម្បីតែចង្ហាន់មួយវែកក៏មិនដែលប្រគេនក្នុងផ្ទះ សូម្បីសលាកភត្ត ឬការប្រគេនបច្ច័យមានចីវរជាដើមក៏មិនដែលមានសម្រាប់គាត់ដែរ ឬក៏គិតថា ឧបាសិកាឯណោះមិនមានសទ្ធា មិនមានសេចក្ដីជ្រះថ្លា មិនដែលធ្វើទានក្នុងផ្ទះ... ឬមួយក៏គិតទៅលើភិក្ខុថា ភិក្ខុអង្គនោះមិនមានសទ្ធា មិនមានសេចក្ដីជ្រះថ្លា មិនព្រមធ្វើឧបជ្ឈាយវត្ត មិនធ្វើអាចរិយវត្ត មិនធ្វើអាគន្តុកវត្ត មិនធ្វើគមិកវត្ត មិនធ្វើចេតិយង្គណវត្ត មិនធ្វើឧបោសថាគារវត្ត មិនធ្វើភោជនសាលាវត្ត មិនធ្វើជន្តាឃរវត្ត (វត្តក្នុងរោងភ្នក់) ជាដើម សូម្បីតែធុតង្គណាមួយក៏មិនមាន សូម្បីតែសេចក្ដីព្យាយាមក្នុងការចម្រើនភាវនាក៏មិនឃើញមានទាល់តែសោះ ដូច្នេះឯង ដែលហៅថាការមិនត្រូវតាមសម្លឹងមើលកិច្ចការដែលអ្នកដទៃធ្វើហើយ ឬមិនទាន់ធ្វើនោះ។

ពាក្យថា អត្តនោវ អវេក្ខេយ្យ គឺមានសេចក្ដីថា គប្បីពិចារណាមើលតែខ្លួនឯង ដូចជាដំបូន្មានដែលថា បព្វជិតគប្បីពិចារណាជារឿយៗថា ថ្ងៃ និងយប់ប្រែប្រួលទៅ តើអញរស់នៅបែបណា? កុលបុត្តដែលបួសដោយសទ្ធា កាលរំលឹកដល់ដំបូន្មាននេះ គប្បីពិចារណាមើលនូវការធ្វើ និងការមិនទាន់ធ្វើរបស់ខ្លួនឯងថា តើអញអាចលើកយកនូវត្រៃលក្ខណ៍គឺ អនិច្ចំ ទុក្ខំ អនត្តា មកពិចារណាក្នុងយោគកម្ម (ការប្រតិបត្តិ) បានហើយឬនៅ?។

ក្នុងទីបំផុតនៃទេសនា ឧបាសិកានោះបានសម្រេចនូវសោតាបត្តិផល ព្រះធម្មទេសនាបានក្លាយជាប្រយោជន៍ដល់មហាជនយ៉ាងច្រើន។

រឿងអាជីវកឈ្មោះបាវេយ្យៈ ចប់ទី ៦។

Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post