មនុស្សឆ្កួតគឺត្រូវជានិច្ច រីឯមនុស្សល្ងង់គឺចេះជានិច្ច

«មនុស្សឆ្កួតគឺត្រូវជានិច្ច រីឯមនុស្សល្ងង់គឺចេះជានិច្ច» តើហេតុអ្វី? ចម្លើយយ៉ាងខ្លីគឺថា មនុស្សទាំងពីរប្រភេទនេះគ្មាន «មនសិការ» គ្រប់គ្រាន់ដើម្បីបើកចិត្តមើលឃើញភាពត្រឹមត្រូវរបស់អ្នកដទៃ ដែលផ្ទុយពីគំនិតរបស់ខ្លួននោះឡើយ។
✅បើនិយាយពី «មនុស្សឆ្កួត» រីហៅតាមបែបផ្លូវការថា វិបល្លាស ពួកគេបានបាត់បង់ម្ចាស់ការលើស្មារតី និងការពិចារណាខុសត្រូវ អាក្រក់ល្អអស់ទៅហើយ។ នៅក្នុងពិភពលោកដាច់ដោយឡែកមួយរបស់ពួកគេ មិនថាពួកគេដើរស្រែក និយាយម្នាក់ឯង ឬធ្វើទង្វើខុសប្លែកពីគេកម្រិតណាក៏ដោយ ក៏វាជាទង្វើដែលបញ្ជាដោយសភាវគតិ និងការយល់ឃើញផ្ទាល់ខ្លួនដែរ។ ដូច្នេះ នៅក្នុងចិត្តរបស់ពួកគេ ពួកគេមិនដែលធ្វើខុសឡើយ ពោលគឺ «ត្រូវជានិច្ច» ក្នុងពិភពផ្ទាល់ខ្លួនរបស់ពួកគេ។
✅រីឯ «មនុស្សល្ងង់» នៅក្នុងន័យនេះ ខ្ញុំមិនចង់សំដៅទៅលើអ្នកដែលខ្វះចំណេះដឹងទូទៅនោះទេ ព្រោះមនុស្សកើតមក តែងតែមានចំណេះឬជំនាញរៀងៗខ្លួន។ យើងមិនអាចវាយតម្លៃនរណាម្នាក់ថា «ល្ងង់» ត្រឹមតែដោយសារគេមិនចេះនូវអ្វីដែលយើងកំពុងចេះនោះទេ ប៉ុន្តែ «មនុស្សល្ងង់» ដែលខ្ញុំចង់និយាយ គឺសំដៅលើ «មនុស្សដែលតាំងខ្លួនឯងថាចេះជានិច្ច»។
នៅក្នុងសង្គមជាក់ស្ដែង «មនុស្សឆ្កួតគឺត្រូវជានិច្ច និងមនុស្សល្ងង់គឺចេះជានិច្ច» គេប្រើក្នុងន័យបញ្ឆិតបញ្ឆៀងទៅលើមនុស្សដែលមានស្មារតីគ្រប់គ្រាន់មួយចំនួន ប៉ុន្តែពោរពេញដោយ «អស្មិមានះក្រាស់ឃ្មឹក» ខ្លះហៅថា ប្រកាន់អញនិយមខ្ពស់ហួសហេតុ។ មនុស្សប្រភេទនេះមិនព្រមស្ដាប់ហេតុផលនរណាទាំងអស់ តែងតែគិតថាខ្លួនឯងត្រូវ និងចេះជាងគេជានិច្ច ទោះបីជាមានភស្តុតាងមកបញ្ជាក់នៅចំពោះមុខក៏ដោយ។ នៅក្នុងន័យនេះ ពួកគេមិនខុសពីមនុស្សវិកលចរិតឡើយ ពោលគឺ «បិទភ្នែក បិទត្រចៀក និងបិទចិត្ដគំនិត» បដិសេធរាល់ការពិតទាំងស្រុង។
យើងតែងតែឮចាស់ៗពោលថា «កុំទៅប្រកាន់មនុស្សឆ្កួត កុំទៅតតាំងនឹងមនុស្សល្ងង់» វាបានន័យថា កុំទៅចំណាយពេលរកហេតុផលជាមួយមនុស្សដែលគ្មានហេតុផល ព្រោះវាគ្មានតម្លៃអ្វីក្រៅពីខាតកម្លាំងចិត្ត និងហត់ខ្លួនទទេៗនោះឡើយ។
រីឯចំណុចខុសគ្នារវាង «អ្នកមិនសូវចេះ និងមនុស្សល្ងង់ ឬមនុស្សឆ្កួត» គឺស្ថិតត្រង់ការបើកចិត្តបើកគំនិត។ អ្នកដែលមិនសូវចេះ គេត្រៀមខ្លួនជានិច្ចក្នុងការទទួលយកហេតុផលជុំវិញខ្លួន គេមិនរឹងរូសប្រកាន់ខ្ជាប់ជឿតែលើផ្លូវគំនិតដាច់ខាតណាមួយឡើយ តែគេឈរលើការឈ្វេងយល់ ពិចារណា ដោយតម្លាភាពទៅលើហេតុផល។
ឃ្លាដែលខ្ញុំនិយាយថា «ឈរលើការឈ្វេងយល់ និងពិចារណាក្នុងតម្លាភាពលើហេតុផល» គឺចង់សង្កត់ធ្ងន់ទៅលើការប្រើប្រាស់ «វិចារណញ្ញាណ» ជាធំ មិនមែនប្រើ «អារម្មណ៍ជឿដាច់ខាត ឬអញនិយម» នោះទេ។
✅ពាក្យថាតម្លាភាព គឺការមើលឃើញបញ្ហាមួយទៅតាមការពិតជាក់ស្ដែង ដោយមិនលម្អៀងទៅខាងណា។ បើត្រូវគឺថាត្រូវ បើខុសគឺថាខុស ទោះបីជាគំនិតដែលត្រឹមត្រូវនោះចេញពីមាត់សត្រូវ ឬក្មេងតូចម្នាក់ក៏ដោយ ក៏គេព្រមពិចារណាដែរ។
✅អស្មិមានះ គឺការយកខ្លួនឯងជាចំណុចកណ្ដាលនៃសកលលោកតែម្ដង។ មនុស្សល្ងង់ដែលតាំងខ្លួនចេះជានិច្ច តែងតែយល់ថា «ឱ្យតែជាគំនិតរបស់អញ គឺត្រូវតែត្រូវ បើគំនិតអ្នកដទៃផ្ទុយពីអញ គឺត្រូវតែខុស»។
ការដែលមិនសូវចេះ មិនមែនជាឧបសគ្គនៃការអភិវឌ្ឍខ្លួននោះទេ ព្រោះវាអាចបំពេញបន្ថែមបានតាមរយៈការរៀនសូត្រ។ ប៉ុន្តែ «ការតាំងខ្លួនថាចេះ និងការអាត្មានិយមបិទផ្លូវគំនិត» ទៅវិញទេ ដែលជាជញ្ជាំងឃុំឃាំងខ្លួនឯងឱ្យស្ថិតក្នុងភាពល្ងង់ខ្លៅជាដរាប។
By: សុភាសិត កាព្យខ្មែរ

 

Previous Post Next Post