ទោសនៃការពោលនិន្ទានូវបុគ្គលដែលគួរសរសើរ ឬសរសើរនូវបុគ្គលដែលគួរនិន្ទា

 🍁ទោសនៃការពោលនិន្ទានូវបុគ្គលដែលគួរសរសើរ ឬសរសើរនូវបុគ្គលដែលគួរនិន្ទា

……………………………….……………………….

🍃កោកាលិកសូត្រ _ (បិដកខ្មែរភាគទី៥៤)

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះ កោកាលិកភិក្ខុ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយ​ក្នុង​ទីសមគួរ។ កោកាលិកភិក្ខុ លុះអង្គុយ​ក្នុងទីសម​គួរហើយ ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សារីបុត្ត និង​មោគ្គល្លាន ជាអ្នក​មាន​សេចក្តី​ប្រាថ្នាលាមក លុះក្នុង​អំណាច​នៃសេចក្តី​ប្រាថ្នាលាមក ។


[៧២] លុះកោកាលិកភិក្ខុ ក្រាបបង្គំទូលយ៉ាង​នេះ​ហើយ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹងកោកាលិកភិក្ខុ​ដូច្នេះថា នែ​កោកាលិក អ្នកកុំពោល​យ៉ាងនេះឡើយ នែ​កោកាលិក អ្នកកុំពោល​យ៉ាងនេះ​ឡើយ នែ​កោកាលិក អ្នកចូរធ្វើ​ចិត្តឲ្យ​ជ្រះថា្ល ក្នុង​សារីបុត្ត និង​មោគ្គល្លាន​ចុះ ដ្បិតសារីបុត្ត និង​មោគ្គល្លាន មានសីល​ជាទី​ស្រឡាញ់។ កោកាលិកភិក្ខុ ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ជាគំរប់ពីរ​ដងទៀត ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ គួរខ្ញុំ​ព្រះអង្គជឿ គួរខ្ញុំ​ព្រះអង្គ​ចូលចិត្ត ពិតមែន តែថា សារីបុត្ត និងមោគ្គល្លាន ជា​អ្នកមាន​សេចក្តី​ប្រាថ្នាលាមក លុះអំណាច​នៃសេចក្តី​ប្រាថ្នា​លាមក ។


 ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹងកោ​កាលិកភិក្ខុ ជាគំរប់ពីរ​ដងទៀត ដូច្នេះថា នែ​កោកាលិក អ្នកកុំ​ពោលយ៉ាង​នេះឡើយ នែ​កោកាលិក អ្នកកុំ​ពោលយ៉ាង​នេះឡើយ នែ​កោកាលិក អ្នកចូរធ្វើ​ចិត្តឲ្យជ្រះថ្លា ក្នុង​សារីបុត្ត និងមោគ្គល្លាន​ចុះ ដ្បិតសារីបុត្ត ​និង​មោគ្គល្លាន មានសីល​ជាទី​ស្រឡាញ់ ។


កោកាលិក​ភិក្ខុ ក្រាបបង្គំទូល​ព្រះមានព្រះភាគ ជាគំរប់​បីដង​ទៀត ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ គួរខ្ញុំព្រះអង្គ​ជឿ គួរខ្ញុំ​ព្រះអង្គ​ចូលចិត្ត ពិតមែន តែថា​សារីបុត្ត និងមោគ្គល្លាន ជា​អ្នកមាន​សេចក្តី​ប្រាថ្នាលាមក លុះអំណាច​នៃសេចក្តី​ប្រាថ្នាលាមក ។ 


ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹងកោកាលិក​ភិក្ខុ ជាគំរប់​បីដងទៀត ដូច្នេះថា នែ​កោកាលិក អ្នកកុំពោល​យ៉ាងនេះ​ឡើយ នែកោកាលិក អ្នកកុំពោល​យ៉ាងនេះ​ឡើយ នែ​កោកាលិក ចូរអ្នកធ្វើ​ចិត្ត​ឲ្យជ្រះថ្លា​ក្នុង​សារីបុត្ត​ និងមោគ្គល្លាន​ចុះ ដ្បិតសារីបុត្ត​ និង​មោគ្គល្លាន មានសីល​ជា​ទីស្រឡាញ់ ​។ 


គ្រានោះ កោកាលិកភិក្ខុ ក្រោក​ចាកអាសនៈ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយចៀស​ចេញទៅ ។ កាល​កោកាលិក​ភិក្ខុ ចៀសចេញ​ទៅមិន​យូរប៉ុន្មាន ស្រាប់តែ​រាងកាយ​ទាំងមូល មានពក​ប្រមាណប៉ុន​គ្រាប់ស្ពៃ ដុះ​ដោរឡើង ។ ពកប្រមាណ​ប៉ុន​គ្រាប់ស្ពៃ ក៏ធំឡើង​ប៉ុនគ្រាប់​សណ្តែកបាយ ។ ពក​ប្រមាណ​​ប៉ុនគ្រាប់​សណ្តែកបាយ ក៏ធំឡើង​ប៉ុនគ្រាប់​សណ្តែកខ្មៅ ។ ពក​ប្រមាណប៉ុន​គ្រាប់​សណ្តែកខ្មៅ ក៏ធំឡើង​ប៉ុនគ្រាប់​ផ្លែពុទ្រា ។ ពក​ប្រមាណ​ប៉ុនគ្រាប់​ផ្លែពុទ្រា ក៏ធំ​ឡើង​ប៉ុនផ្លែពុទ្រា ។ ពក​ប្រមាណ​ប៉ុនផ្លែពុទ្រា ក៏ធំឡើង​ប៉ុនផ្លែសម៉ ។ ពកប្រមាណ​ប៉ុនផ្លែសម៉ ក៏ធំឡើង​ប៉ុនក្តឹបព្នៅ ។ ពកប្រមាណ​ប៉ុនក្តឹបព្នៅ ក៏ធំឡើង​ប៉ុនផ្លែព្នៅ ។​ ពកប្រមាណ​ប៉ុនផ្លែព្នៅ ក៏បែក (ពេញ​ទាំងសរីរៈ)។ ខ្ទុះ និងឈាម ក៏ហូរហៀរ​ចេញ ។ លំដាប់នោះ កោកាលិកភិក្ខុ ​ក៏ធ្វើមរណៈ​ដោយ​អាពាធ​នោះឯង ។ 


កោកាលិកភិក្ខុ លុះធ្វើ​មរណកាល​ហើយ ក៏ទៅកើត​ក្នុង​បទុមនរក ព្រោះចង​ចិត្តអាឃាត​ក្នុង​ព្រះសារីបុត្ត​ និងព្រះមោគ្គល្លាន ។ គ្រានោះ រាត្រី​បឋមយាម​កន្លងទៅ សហម្បតីព្រហ្ម មានរស្មី​រុងរឿង បណ្តាល​វត្តជេតពន​ជុំវិញទាំងអស់ ឲ្យភ្លឺច្រាល ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមាន​ព្រះភាគ ហើយ​ឋិតនៅ​ក្នុងទីសមគួរ ។ សហម្បតីព្រហ្ម លុះឋិត​នៅក្នុងទី​សមគួរហើយ ក្រាបបង្គំ​ទូល​ព្រះ​មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចំរើន កោកាលិកភិក្ខុ ធ្វើ​មរណកាល​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កោកាលិកភិក្ខុ លុះធ្វើ​មរណកាល​ហើយ​ ក៏ទៅកើត​ក្នុង​បទុមនរក ព្រោះចង​ចិត្តអាឃាត ក្នុង​ព្រះសារីបុត្ត និង​ព្រះមោគ្គល្លាន ។ សហម្បតីព្រហ្ម ក្រាបបង្គំ​ទូលសេចក្តី​នេះរួចហើយ លុះពោល​ពាក្យ​នេះហើយ ធ្វើ​ប្រទក្សិណ រួចក៏បាត់​ទៅក្នុងទី​នោះឯង ។ 


គ្រានោះ លុះកន្លង​រាត្រីនោះទៅ ព្រះមាន​ព្រះភាគ​ ទ្រង់ត្រាស់​ហៅ​ពួកភិក្ខុថា ម្នាលភិក្ខុ​ទាំងឡាយ យប់មិញនេះ នារាត្រី​បឋមយាម​កន្លងទៅ​ហើយ សហម្បតីព្រហ្ម ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ សហម្បតីព្រហ្ម បានពោល​ពាក្យ​នេះ លុះ​ពោលពាក្យ​នេះហើយ ធ្វើ​ប្រទក្សិណ រួចក៏បាត់​ទៅក្នុង​ទីនោះឯង ។


[៧៣] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ភិក្ខុ ១ រូប ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ប្រមាណ​នៃអាយុ​ក្នុងបទុមនរក តើយូរ​អង្វែងយ៉ាង​ណាទៅ ។ 


ម្នាលភិក្ខុ ប្រមាណ​នៃអាយុ​ក្នុង​បទុមនរក យូរអង្វែង​ណាស់ ប្រមាណ​នោះ បុគ្គល​មិនងាយ​នឹងរាប់បានថា ប៉ុណ្ណេះឆ្នាំ ឬប៉ុណ្ណោះ​រយឆ្នាំ ប៉ុណ្ណេះ​ពាន់ឆ្នាំ ឬប៉ុណ្ណេះ​សែនឆ្នាំ​ឡើយ ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះអង្គ​អាចនឹងធ្វើ​សេចក្តី​ឧបមា​បានដែរឬ ។ 


ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ តថាគត​អាចនឹងធ្វើ​បាន ម្នាលភិក្ខុ ដូចរទេះ​សម្រាប់ផ្ទុក​គ្រាប់ល្ង​របស់អ្នក​ដែនកោសល មាន​ចំណុះ ២០ ខារី [រាប់​តាមលំដាប់​យ៉ាងនេះ ៤ នាឡិអ្នកស្រុក​មគធៈ ជា ១នាឡិ​នៃ​អ្នកស្រុក​កោសល, ៤នាឡិ​អ្នកស្រុក​កោសល ជា ១អាឡ្ហក, ៤អាឡ្ហក គឺ១៦នាឡិ ជា១ទោណ, ៤ទោណ គឺ៦៤នាឡិ ជា១មានិកា, ៤មានិកា គឺ២៥៦នាឡិ ជា១ខារី ១អម្រែក, ២០ខារី គឺ ៥១២០នាឡិ ជា១តិសវាហៈ(១រទេះ)។] មានបុរសម្នាក់ លុះកន្លងទៅ​ ១ រយឆ្នាំ ១ ពាន់ឆ្នាំ ១ សែនឆ្នាំ ទើបរើស​គ្រាប់ល្ង ម្តង​មួយគ្រាប់ ៗ អំពីរទេះ​នោះ ម្នាលភិក្ខុ រទេះសម្រាប់​ផ្ទុកគ្រាប់ល្ង របស់​អ្នកដែន​កោសល ចំណុះ ២០ ខារីនោះ ដល់នូវ​ការអស់ទៅ​ដោយ​ព្យាយាមនេះ ឆាប់ជាង​ ឯកាលយូរ​អង្វែងរបស់​អព្វុទនរកមួយ [ជាឈ្មោះរបស់​នរក​១រណ្តៅ ដែលសត្វ​ត្រូវ​រងទុក្ខយូរអង្វែង​ រាប់ដោយ​រយសែន​ពិន្ទុ (ឆ្នាំ) បើរាប់តាម​សំខ្យា មានចំនួន ៥៦ពិន្ទុ ទើបជាអព្វុទៈ១ (ប្រហែល ៨កោដិឆ្នាំ)។ អដ្ឋកថា អភិធាន កច្ចាយនូបត្ថម្ភកៈ (តទ្ធិត)។] មិនងាយនឹង​ដល់នូវការ​អស់បានឡើយ ម្នាលភិក្ខុ អព្វុទនរក [តាំងអំពី​ត្រឹមអព្វុទៈ​រៀងទៅ យក២០គុណ ដរាបដល់​នរកឈ្មោះ​បទុមនោះ ។ (បាលីទាំង​អដ្ឋកថា កច្ចាយនូបត្ថម្ភកៈ)។] ២០ ដង (យូរ) យ៉ាងណា និរព្វុទនរក​តែមួយ ក៏យ៉ាងនោះដែរ​ ម្នាលភិក្ខុ ​និរព្វុទនរក ២០ ដង យូរ​យ៉ាងណា អពពនរក​តែមួយ ក៏យ៉ាងនោះ​ដែរ ម្នាល​ភិក្ខុ អពពនរក ២០ ដង យូរយ៉ាងណា អហហនរក​តែមួយ ក៏យូរ​យ៉ាងនោះដែរ ម្នាលភិក្ខុ អហហនរក ២០ ដង (យូរ) យ៉ាងណា អដដនរក​តែមួយ ក៏យូរយ៉ាងនោះ​ដែរ ម្នាលភិក្ខុ អដដនរក ២០ ដង (យូរ) យ៉ាងណា កុមុទនរក​តែមួយ ក៏យូរយ៉ាង​នោះដែរ ម្នាលភិក្ខុ កុមុទនរក ២០ ដង (យូរ) យ៉ាងណា សោគន្ធិកនរក​តែមួយ ក៏យូរ​យ៉ាងនោះដែរ ម្នាល​ភិក្ខុ សោគន្ធិកនរក ២០ ដង (យូរ) យ៉ា់ងណា ឧប្បលនរក​តែមួយ ក៏យូរ​យ៉ាងនោះដែរ ម្នាលភិក្ខុ ឧប្បលនរក ២០ ដង (យូរ) យ៉ាងណា បុណ្ឌរីកនរក​តែមួយ ក៏យូរ​យ៉ាងនោះ​ដែរ ម្នាលភិក្ខុ បុណ្ឌរីកនរក ២០ ដង (យូរ) យ៉ាងណា បទុមនរក​តែមួយ ក៏យូរ​យ៉ាង​នោះដែរ ម្នាលភិក្ខុ ឯកោកាលិកភិក្ខុ ចូលទៅ​កើតក្នុង​បទុមនរក (នោះ) ព្រោះចង​ចិត្តអាឃាត​ ក្នុង​សារីបុត្ត និង​មោគ្គលា្លន ។

 

ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះពុទ្ធដីការនេះ ព្រះសុគត​ជាសាស្តា លុះទ្រង់​ត្រាស់​ព្រះពុទ្ធដីកា​នេះរួចហើយ ទើបទ្រង់​ត្រាស់​គាថាព័ន្ធ តទៅទៀតថា


[៧៤] បុគ្គលពាល ពោលពាក្យទុព្ភាសិត រមែងកាត់​នូវឫសគល់​នៃខ្លួន (កុសលមូល) ដោយ​ផរុស​វាចាណា វាចា (នោះ) ដូចជា​ដឹងចាំង កើតក្នុង​មាត់នៃបុរស (នោះ) ។ បុគ្គលណា សរសើរនូវ​បុគ្គលដែល​គួរនិន្ទា ឬនិន្ទា​នូវបុគ្គល​ដែលគួរ​សរសើរវិញ បុគ្គលនោះ ឈ្មោះថា​សន្សំនូវទោស​កំហុស​ដោយមាត់ មិនបាន​នូវសេចក្តីសុខ ដោយទោស​កំហុស​នោះទេ ។​ កិរិយា​ចាញ់ដោយ​ទ្រព្យទាំងអស់ ឬជាមួយ​នឹងខ្លួនផង ព្រោះល្បែង​ភ្នាល់ទាំងឡាយ​ណា ការចាញ់នេះ ជាទោស​កំហុស មាន​ប្រមាណតិចទេ បុគ្គលណា ធ្វើចិត្ត​ប្រទូស្តក្នុង​ព្រះសុគត គឺ​ព្រះសម្មាសម្ពុទ្ធ បច្ចេកពុទ្ធ ពុទ្ធសាវ័ក ការ​ប្រទូស្តនេះ​ឯង ជាទោស​កំហុសធំជាង ។

 

- បុគ្គលតិះដៀលព្រះអរិយៈ ដំកល់​វាចាចិត្ត​លាមក រមែង​ចូលទៅកាន់​បទុមនរក អស់កាល​ណា កាលនោះ កំណត់ ១ សែននិរព្វុទៈ​ ៣៦ និង ៥ អព្វុទនរកទៀត។

 

- បុគ្គលណា ពោលពាក្យមិនពិត ឬបុគ្គលណា​ធ្វើហើយ និយាយថា អាត្មាអញ​មិនធ្វើវិញ រមែងទៅ​នរក បុគ្គលទាំងពីរ​ពួកនោះ ជាមនុស្ស​មានកម្មដ៏​ថោកទាប លុះលះ​អត្តភាពនេះ​ទៅ រមែងស្មើគ្នា ក្នុងលោក​ខាងមុខ។


- បុគ្គលណា ប្រទូស្តចំពោះជន​ដែលមិន​ប្រទូស្ត ជាបុរស​បរិសុទ្ធ មិនមាន​កិលេស បាប​រមែងត្រឡប់​ត្រូវបុគ្គល​ពាលនោះវិញ ដូចជាធូលី​ដ៏ល្អិត ដែលបុគ្គល​បាចទៅកាន់​ទីច្រាសខ្យល់ ។


- បុគ្គលណា ប្រកបរឿយ ៗ ក្នុងលោភគុណ (តណ្ហា) បុគ្គលនោះ មិនមានសទ្ធា មានតែ​សេចក្តីកំណាញ់​ស្វិតស្វាញ មិនស្គាល់​ពាក្យឱវាទ ជាអ្នក​កំណាញ់ ប្រកបរឿយ ៗ ក្នុង​បិសុណាវាចា រមែងតិះ​ដៀលនូវ​បុគ្គល​ដទៃដោយ​ពាក្យ ។


ម្នាលអ្នកមានមាត់អាក្រក់ ពោលពាក្យ​គ្មានពិត មិនប្រសើរ​ បំផ្លាញ​នូវសេចក្តី​ចំរើន ជាមនុស្ស​លាមក ធ្វើអំពើ​អាក្រក់ ជាបុរស​ថោកទាប បុរស​ឥតបុណ្យ មាន​កំណើត​ថោកទាប អ្នកឯង​ដូច​ជាសត្វនរក អ្នកកុំនិយាយ​ច្រើនក្នុងទី​នេះឡើយ ។ អ្នករោយ​ចុះនូវធូលី​លើខ្លួន ដើម្បីមិន​ជាប្រយោជន៍ អ្នក​តិះដៀល​ពួកសប្បុរស​ ធ្វើអំពើអាក្រក់ ប្រព្រឹត្ត​ទុច្ចរិតច្រើន​ប្រការ អ្នកនឹងទៅ​កាន់នរក អស់កាល​យូរអង្វែង ។


 កម្ម​របស់សត្វ​នីមួយៗ មិន​វិនាសទេ សត្វជាម្ចាស់ រមែងបាន​នូវកម្មនោះ សត្វល្ងង់ខ្លៅ អ្នកធ្វើ​កម្ម​អាក្រក់ ឃើញនូវ​ទុក្ខចំពោះ​ខ្លួន​ក្នុងលោក​ខាងមុខ ។ ​អ្នកធ្វើអំពើ​អាក្រក់ តែងចូល​ទៅកាន់​ចម្រូង​ដែកដ៏មុត ជាទីដែល​នាយនិរយបាល ចាក់នឹង​ដែកស្រួច ទាំងដុំដែក​មាន​សណ្ឋាន​ប្រហែល​ផ្លែព្នៅដ៏ក្តៅ សមគួរ​ដល់កម្មនោះ ជាភោជន (របស់​សត្វទាំងនោះ)។ ពួក​នាយ​និរយបាល កាលនឹង​ពោល មិនពោល​ពាក្យពីរោះឡើយ មិនស្ទុះ​ទៅដោយ​មុខរីករាយ មិនមែន​ចូលទៅឲ្យ​ជាទីពឹងបាន​ទេ ឲ្យដេកលើ​កម្រាល​រងើកភ្លើង បញ្ចូល​ទៅកាន់​អណ្តាត​ភ្លើង ដែលឆេះ​សន្ធោសន្ធៅ ។ ពួកនាយ​និរយបាល ព័ទ្ធដោយ​សំណាញ់ វាយដោយ​ញញួរដែក ក្នុងទីនោះ សត្វនរក ដើរទៅ​កាន់នរក (ឈ្មោះ​ធូមរោរុព) ងងឹត​ឈ្លប់ ដែលធ្វើឲ្យ​ខ្វាក់ នរកនោះ ធំទូលាយ​ដូចជាផ្ទៃ​ផែនដី។ មួយវិញទៀត សត្វនរក ចូលទៅកាន់​លោហកុម្ភីនរក ដែល​មានអណ្តាត​ភ្លើងឆេះសន្ធោសន្ធៅ ជាសត្វ​លិច​អណ្តែត ៗ ឆេះនៅ​ក្នុង​លោហកុម្ភី​នោះ ដែលមាន​ភ្លើងឆេះ​ជុំវិញ អស់កាល​យូរអង្វែង ។


 បុគ្គល​ធ្វើកម្មអាក្រក់ តែងឆេះ​នៅក្នុង​លោហកុម្ភីនរក​នោះ ច្រឡំ​ដោយខ្ទុះ​ និងឈាម តើដូចម្តេច សត្វនរក​ទៅកាន់​ទិសណាៗ សឹងប៉ះពាល់​ដោយខ្ទុះ និងឈាម ប្រឡូក​ប្រឡាក់ ក្នុង​ទិសនោះ ៗ ។ បុគ្គលធ្វើ​កម្មអាក្រក់ តែងរង​ផលកម្ម ក្នុងទឹក (ទង់ដែង) ជាទី​នៅ​របស់ដង្កូវ ក្នុង​គូថនរក​នោះ តើដូចម្តេច ទី​ជម្រាល គឺច្រាំង អាចនឹងឡើង​ចុះបាន ពុំមាន​ឡើយ ព្រោះថា រណ្តៅនរក (នោះ) មាន​អំបែង​ចោតស្មើជុំវិញ​ទាំងអស់ ។ មួយ​វិញទៀត សត្វនរក ចូលទៅកាន់​ព្រៃឈើ មានស្លឹក​ជាដាវដ៏មុត មាន​ខ្លួន​មុតជាប់​សព្វ​អន្លើ​ដោយ​ដាវនោះ នាយ​និរយបាល ក៏ថ្ពក់ទាញ​អណ្តាតដោយ​ផ្លែសន្ទូច ហើយកាប់​សម្លាប់​ហើយ សម្លាប់ទៀត ។ តពីនោះ សត្វនរក​ស្ទុះចូលទៅ​កាន់ស្ទឹងទឹកផ្សា (ទឹកក្រុត) ដែលសត្វ​ហែលទៅបាន​ដោយកម្រ ឬស្ទុះ​ចូលទៅកាន់​មុខកាំបិតកោរ មានមុខដ៏មុត សត្វ​ល្ងង់ខ្លៅ ជាអ្នកធ្វើ​អំពើលាមក លុះធ្វើអំពើ​លាមក​ទាំងឡាយហើយ រមែងធ្លាក់​ទៅក្នុង​នរកនោះ ។​ ហ្វូងក្អែកខ្មៅ ហ្វូងឆ្កែ​សម្បុរលឿង សម្បុរ​ពព្រុះ ហ្វូងចចក ហ្វូងត្មាត ហ្វូងតាដក់ ហ្វូងក្អែកស តែងចឹក​ជញ្ជែងស៊ីរូង (នូវសត្វនរក) ដែលកំពុង​ស្រែកយំ ក្នុង​នរកនោះ។ ជនអ្នកធ្វើ​នូវកម្មអាក្រក់ ឃើញនូវ​សេចក្តី​ប្រព្រឹត្តណា សេចក្តី​ប្រព្រឹត្ត​ក្នុងនរក​នេះ ជាការ​លំបាកមែន ព្រោះហេតុនោះ កាលបើមាន​ជីវិតរស់នៅ​ក្នុងលោក​នេះ នរជន គប្បី​​ធ្វើកិច្ច​កុំប្រមាទ​ឡើយ ។ ពួកសត្វណា ចូលទៅកើត​ក្នុង​បទុមនរក អស់ ១ នហុត (មួយ​រយសែន​កោដិប្បកោដិ) និង ៥ កោដិឆ្នាំ​ទៀត ឬអស់ ១២ រយកោដិ​ដទៃទៀត ពួកសត្វ​នរកទាំងនោះ អ្នកប្រាជ្ញ​ទាំងឡាយ រាប់ហើយ​ដោយរទេះល្ង ។ 


សេចក្តី​ទុក្ខក្នុង​នរក ដែលលោក​ពោលហើយ​ក្នុងទីនេះ យូរត្រឹមណា កោកាលិកភិក្ខុ គប្បីនៅក្នុង​នរកនោះ អស់កាល​យូរត្រឹមនោះ ព្រោះហេតុនោះ បុគ្គលគប្បីរក្សា​វាចា​ចិត្តឲ្យល្អ​ជា​ប្រក្រតី ក្នុងគុណ​ដ៏ប្រពៃ គឺសេចក្តីស្អាត និងសីល​ជាទី​ស្រឡាញ់ចុះ ។


……………………………….……………………….

🍃ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ

Previous Post Next Post