(សិក្សា​បិដក​១៤)/[១៧៩] កិត្តិសព្ទរបស់ព្រះអង្គ និងការផ្អើលឆោឡោនៃអ្នកក្រុង

 (សិក្សា​បិដក​១៤)/[១៧៩] កិត្តិសព្ទរបស់ព្រះអង្គ និងការផ្អើលឆោឡោនៃអ្នកក្រុង

សម័យនោះឯង សោណទណ្ឌព្រាហ្មណ៍ អាស្រ័យនៅក្នុងក្រុងចម្បា ដែលជាក្រុងកុះករដោយមនុស្សសត្វ បរិបូណ៌ដោយស្មៅ ឈើ និងទឹក ព្រមទាំងធញ្ញជាតិ ជាព្រះរាជទ្រព្យដែល ព្រះបាទមាគធ​សេនិយពិម្ពិសារ ទ្រង់ប្រទានជារារង្វាន់ដ៏ប្រសើរ​​​​​​។

ព្រាហ្មណ៍ និងគហបតិទាំងឡាយអ្នកក្រុងចម្បា បានឮថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូលទៅទ្រង់ព្រះផ្នួសហើយ ទ្រង់ពុទ្ធដំណើរមកដល់ក្រុងចម្បាហើយ គង់នៅទៀបឆ្នេរស្រះបោក្ខរណីឈ្មោះគគ្គរា​​​​​​។

កិត្តិសព្ទដ៏ពីរោះសរសើរព្រះគោតមដ៏ចម្រើននោះ ឮខ្ចរខ្ចាយសុសសាយយ៉ាងនេះថា៖

១. ឥតិបិ សោ ភគវា អរហំ ៖ ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសោហ្មងគ្រប់យ៉ាង​​​​​​។

២. សម្មាសម្ពុទ្ធោ ៖ ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គ​​​​​​។

៣. វិជ្ជាចរណសម្បន្នោ៖ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ​​​​​​។

៤. សុគតោ ៖ ព្រះអង្គមានដំណើរល្អ (ទៅកាន់ព្រះនិព្វាន)​​​​​​។

៥. លោកវិទូ ៖ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក​​​​​​។

៦. អនុត្តរោ ៖ ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន​​​​​​។

៧. បុរិសទម្មសារថិ ៖ ព្រះអង្គជាសារថីអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន​​​​​​។

៨. សត្ថា ទេវមនុស្សានំ ៖ ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ​​​​​​។

៩. ពុទ្ធោ ៖ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌​​​​​​។

១០. ភគវា ៖ ព្រះអង្គជាព្រះមានជោគ លែងវិលមកកាន់ភពថ្មីទៀត​​​​​​។

ព្រះអង្គបានធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វានចំពោះព្រះអង្គ ហើយញ៉ាំងលោកនេះព្រមទាំងទេវលោក មារលោក ព្រហ្មលោក ឱ្យបានត្រាស់ដឹងផង​​​​​​។ ទ្រង់សំដែងធម៌មានលំអបទដើម បទកណ្តាល និងបទចុង ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់​​​​​​។ ក៏ដំណើរដែលបានឃើញ បានជួបប្រទះព្រះអរហន្តទាំងឡាយ មានសភាពដូច្នោះ ជាការប្រពៃណាស់​​​​​​។

គ្រានោះ ពួកព្រាហ្មណ៍ និងគហបតិអ្នកក្រុងចម្បា នាំគ្នាចេញពីក្រុងចម្បាជាពួកជាកង ដើរត្រសងចូលសំដៅទៅត្រង់ស្រះបោក្ខរណីឈ្មោះគគ្គរានោះ​​​​​​។

Previous Post Next Post