#ក្លិនដែលក្រអូបបញ្ច្រាសខ្យល់
កាលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅវត្តជេតពន ទីក្រុងសាវត្ថី នាថ្ងៃមួយ ព្រះអានន្ទបានអង្គុយតែឯងក្នុងទីចង្ក្រម ហើយលោកបានគិតពិចារណាអំពីក្លិនផ្សេងៗ។ លោកបានត្រិះរិះថា៖ ក្លិននៃវត្ថុទាំងឡាយមាន ៣ ប្រការគឺ ក្លិនឫសឈើ (ដូចជាក្រឹស្នា) ក្លិនខ្លឹមឈើ (ដូចជាខ្លឹមចន្ទន៍) និងក្លិនផ្កាឈើ (ដូចជាផ្កាម្លិះ) សុទ្ធតែជាក្លិនក្រអូប ប៉ុន្តែក្លិនទាំងនេះអាចហើរទៅតាមតែបណ្តោយខ្យល់ប៉ុណ្ណោះ មិនអាចហើរទៅបញ្ច្រាសទិសខ្យល់បានឡើយ។ តើមានក្លិនអ្វីទៅ ដែលអាចផ្សាយទៅបានទាំងបណ្តោយខ្យល់ ទាំងបញ្ច្រាសខ្យល់ និងផ្សាយទៅបានគ្រប់ទិសទី?
ដោយក្តីងឿងឆ្ងល់ ព្រះអានន្ទក៏បានចូលទៅគាល់ព្រះសម្មាសម្ពុទ្ធ ហើយទូលសួរនូវសេចក្តីត្រិះរិះនេះ។
ព្រះបរមសាស្តាទ្រង់ត្រាស់តបថា៖ ម្នាលអានន្ទ! ក្លិនដែលអាចផ្សាយទៅបានទាំងបណ្តោយខ្យល់ ទាំងបញ្ច្រាសខ្យល់ និងគ្រប់ទិសទីនោះ គឺមានមែន។ នៅក្នុងស្រុក ឬនិគមណាមួយ ប្រសិនបើមានបុគ្គលជាស្រីក្តី បុរសក្តី ជាអ្នកដល់នូវព្រះរតនត្រ័យ (ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ) ជាអ្នកសមាទានរក្សាសីល៥ជាប់ជានិច្ច ជាអ្នកមានសីលធម៌ល្អ មានចិត្តទូលាយ មិនកំណាញ់ ចូលចិត្តធ្វើទាន និងជួយសង្គ្រោះអ្នកដទៃ។ គុណធម៌ និងកេរ្តិ៍ឈ្មោះដ៏ល្អរបស់បុគ្គលនោះ តែងត្រូវបានមនុស្សនិងទេវតាទាំងឡាយ យកទៅសរសើរគ្រប់ទិសទី។ ម្នាលអានន្ទ! នេះហើយគឺជា ក្លិននៃសីល ឬ ក្លិននៃសប្បុរស ដែលអាចក្រអូបឈ្ងុយឈ្ងប់ ផ្សាយទៅបានគ្រប់ទិសទី ទោះបីជាបញ្ច្រាសខ្យល់ក៏ដោយ។
ក្លិននៃគុណធម៌គឺគ្មានព្រំដែន ក្លិននេះមិនត្រូវការខ្យល់ដើម្បីបក់ផាត់នាំទៅទេ ហើយក៏មិនមានអ្វីអាចរារាំងក្លិននេះបានដែរ។ សូម្បីតែអ្នកនៅឆ្ងាយមិនធ្លាប់ជួបមុខ ឬស្ថិតក្នុងមជ្ឈដ្ឋានដែលពោរពេញដោយមនុស្សអាក្រក់ ក៏ភាពល្អរបស់បុគ្គលនោះនៅតែជ្រាបចូលលេចធ្លោ និងល្បីល្បាញទៅដល់ដែរ។ រីក្លិននៃសីលធម៌ ក៏មិនចេះរលត់រលាយសាបសូន្យទៅតាមពេលវេលាដែរ សូម្បីតែបុគ្គលនោះលាចាកលោកទៅហើយ ក៏កេរ្តិ៍ឈ្មោះនៅតែក្រអូបឈ្ងុយឈ្ងប់សម្រាប់កូនចៅជំនាន់ក្រោយ។
**************
ឧទាហរណ៍:
ប្រសិនបើនៅក្នុងភូមិមួយដាច់ស្រយាល មានគ្រូថ្នាំបុរាណម្នាក់រស់នៅ គាត់តែងតែយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺដោយមិនគិតថ្លៃសម្រាប់អ្នកក្រីក្រ មានសម្ដីទន់ភ្លន់ និងមានសីលធម៌ខ្ពស់។ ទោះបីជាគាត់មិនដែលធ្វើការផ្សព្វផ្សាយក្តី ប៉ុន្តែអ្នកជំងឺដែលជាសះស្បើយ ដោយអំពើល្អរបស់គាត់ តែងតែយកទៅនិយាយតៗគ្នា។ មិនយូរប៉ុន្មាន មនុស្សនៅកន្លែងផ្សេងៗទោះបីមិនដែលស្គាល់មុខគាត់ ក៏ដឹងពីកេរ្តិ៍ឈ្មោះដ៏ល្អរបស់គាត់ដែរ។ នេះហើយជា "ក្លិនសប្បុរសដែលហើរទៅបញ្ច្រាសខ្យល់ និងគ្រប់ទិសទី ម្យ៉ាងវិញបើទោះជាគាត់ស្លាប់ទៅហើយក្តីក៏ឈ្មោះគាត់នៅតែគេរំលឹកពីគុណធម៌របស់គាត់រហូត។
សូមអនុមោទនា ថ្ងៃឧបោសថសីល💐🙏







