ដំបូន្មានព្រះពុទ្ធចំពោះគហបតីបុត្រ

 #ដំបូន្មានព្រះពុទ្ធចំពោះគហបតីបុត្រ

សិង្គាលមាណព ជាកូនប្រុសរបស់គហបតីម្នាក់នៅក្រុងរាជគ្រឹះ។ មុនពេលស្លាប់ ឪពុករបស់គេបានផ្តាំឱ្យគេធ្វើការគោរពបូជាទិសទាំង ៦ ទិសខាងកើត ខាងលិច ខាងជើង ខាងត្បូង ខាងលើ ខាងក្រោម ដើម្បីការពារខ្លួនពីគ្រោះថ្នាក់។ សិង្គាលមាណពបានគោរពតាមការផ្តាំនោះដោយគ្រាន់តែធ្វើពិធីសែនព្រេនតាមបែបជំនឿបុរាណ ហើយថ្វាយបង្គំគ្រប់៦ទិស។ ថ្ងៃមួយព្រះសម្មាសម្ពុទ្ធទ្រង់និមន្តបិណ្ឌបាត្រក៏ជួបនឹងសិង្គាលមាណពដែលកំពុងតែធ្វើពិធីសែនព្រេនទិសទាំង ៦នោះ ទ្រង់ក៏បានសម្តែងធម្មទេសនាបកស្រាយន័យនៃ "ការគោរពទិសទាំង៦" តាមទស្សនៈថ្មី ដែលជាក្បួនប្រតិបត្តិក្នុងសង្គមដ៏មានតម្លៃ ដែលមានសេចក្តីដូចខាងក្រោម :

#ការបំពេញតួនាទីក្នុងទិសទាំង៦ (ទំនាក់ទំនងក្នុងសង្គម)

ព្រះពុទ្ធទ្រង់បានប្រៀបធៀបមនុស្សជុំវិញខ្លួនយើងទៅនឹងទិសទាំង ៦ ដែលយើងត្រូវយកចិត្តទុកដាក់ និងបំពេញកាតព្វកិច្ចទៅវិញទៅមក៖

#ទិសខាងកើត (មាតាបិតា)៖ កូនត្រូវចិញ្ចឹមមាតាបីតា ជួយធ្វើការងារលោក រក្សាវង្សត្រកូល និងធ្វើបុណ្យឧទ្ទិសជូនពេលលោកចែកឋានទៅ។ ចំណែកមាតាបិតាត្រូវឃាត់កូនធ្វើអំពើអាក្រក់ ដឹកនាំទៅរកអំពើល្អ ឲ្យរៀនសូត្រ រៀបចំទុកដាក់ប្តីប្រពន្ធ និងប្រគល់ទ្រព្យសម្បត្តិឲ្យក្នុងពេលសមគួរ។

#ទិសខាងត្បូង (គ្រូអាចារ្យ)៖ សិស្សត្រូវគោរពគ្រូបាធ្យាយ ចូលទៅបម្រើ ស្តាប់បង្គាប់ និងរៀនសូត្រដោយគោរព។ គ្រូត្រូវទូន្មានប្រដៅ ឲ្យសិស្សរៀនសូត្របានល្អ មិនលាក់ចំណេះដឹង និងជួយការពារសិស្ស។

#ទិសខាងលិច (ប្រពន្ធ-ប្តី)៖ ប្តីត្រូវលើកតម្កើងប្រពន្ធ មិនមើលងាយ មិនក្បត់ចិត្ត ប្រគល់អំណាចក្នុងផ្ទះឲ្យប្រពន្ធគ្រប់គ្រង និងទិញគ្រឿងអលង្ការឲ្យ។ ប្រពន្ធត្រូវចាត់ចែងការងារផ្ទះឲ្យបានល្អ សង្គ្រោះញាតិទាំងសងខាង មិនក្បត់ចិត្ត រក្សាទ្រព្យសម្បត្តិដែលប្តីរកបាន និងឈ្លាសវៃក្នុងកិច្ចការទាំងពួង។

#ទិសខាងជើង (មិត្តភក្តិ)៖ ត្រូវចែករំលែក អ្វីដែលនាំជាប្រយោជន៍ដល់មិត្ត ស្មោះត្រង់ និងមិនបោះបង់គ្នាក្នុងគ្រាលំបាក។

#ទិសខាងក្រោម (អ្នកបម្រើ)៖ ចៅហ្វាយត្រូវចាត់ចែងការងារតាមកម្លាំងនិងជំនាញ ឲ្យអាហារនិងប្រាក់រង្វាន់សមរម្យ មើលថែពេលមានជំងឺ និងផ្តល់ពេលវេលាសម្រាកសមស្រប។

#ទិសខាងលើ (សមណៈព្រាហ្មណ៍/អ្នកមានធម៌)៖ ត្រូវធ្វើគារវកិច្ចដោយកាយ វាចា ចិត្ត ស្វាគមន៍ដោយរីករាយ និងឧបត្ថម្ភបច្ច័យបួន (ចង្ហាន់ សម្លៀកបំពាក់ ទីស្នាក់អាង និងថ្នាំសង្កូវ)ដល់អ្នកមានសីល ដើម្បីសន្សំអានិសង្ស។ 


បន្ថែមពីនោះព្រះសម្មាសម្ពុទ្ធទ្រង់ផ្តល់ដំបូន្មានដល់សិង្គាលមាណពឲ្យ #វៀរចាកអបាយមុខ_៦_ប្រការ ដែលជាផ្លូវនាំទៅវិនាសទ្រព្យ ៖

✅១-ចៀសវាងការផឹកទឹកស្រវឹង (នាំឲ្យខូចសុខភាព បាត់បង់ស្មារតី និងបង្កជម្លោះ បាត់បង់កិត្តិយស)។

✅២-ចៀសការដើរលេងយប់ (មិនរក្សាខ្លួន មិនរក្សាប្រពន្ធកូន ភ្លើតភ្លើន)។

✅៣-ចៀសការដើរមើលការរាំច្រៀង (នាំឲ្យខាតពេលបំពេញការងារ សប្បាយភ្លេចខ្លួន )។

✅៤-ចៀសវាងការលេងល្បែងស៊ីសង អ្នកឈ្នះរែងមានពៀរ អ្នកចាញ់រែងបាត់ទ្រព្យ។

✅៥-ចៀសវាងការសេពគប់មិត្តអាក្រក់ (ដែលនាំទៅរកផ្លូវខុស និងអន្តរាយដល់ខ្លួន)។

✅៦-កុំខ្ជិលច្រអូសក្នុងការងារ (ធ្វើអ្វីៗមិនទាន់គេ រវល់តែទម្រន់យកហេតុផលថា ត្រជាក់ពេក ក្តៅពេក ល្ងាចពេក ព្រឹកពេក គ្មានការតស៑ូអំណត់)។


***ព្រះពុទ្ធព្រះអង្គក៏បានអប់រំដល់ឧបាសក ឧបាសិកាឲ្យប្រតិបត្ត វិន័យឃរាវាស ៤ ប្រការ ដើម្បីសេចក្តីសុខ និងសេចក្តីថ្លៃថ្នូរក្នុងគ្រួសារ ។

ឃរាវាស៤ប្រការនោះមាន :

#សច្ចៈ៖  ត្រូវស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក មិនវៀចវេរ។

#ទមៈ៖ ចេះទូន្មានខ្លួន ចេះទប់សង្កត់ចិត្ត មិនខឹងក្រេវក្រោធ ឆេវឆាវ និងចេះកែប្រែចំណុចខ្វះខាត។

#ខន្តី៖ ត្រូវចេះអត់ធ្មត់ អត់ធន់ចំពោះការលំបាកក្នុងការងារ និងការរស់នៅរួមគ្នា ។

#ចាគៈ៖ ចេះលះបង់ ចេះចែករំលែក មិនកំណាញ់ មិនអាត្មានិយម។

Previous Post Next Post