តតិយពោធិសូត្រ

 [៤០] តតិយពោធិសូត្រ

ខ្ញុំបានស្តាប់មកហើយយ៉ាងនេះ​​​​​​​។​​​ សម័យមួយ ព្រះមានព្រះភាគ បានត្រាស់ដឹងជាដម្បូង ទ្រង់គង់នៅក្បែរ គល់ពោធិព្រឹក្ស ទៀបឆ្នេរ ស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស​​​​​​​។​​​ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយបល្ល័ង្គតែមួយ សោយវិមុត្តិសុខ អស់ ១ សប្តាហ៍​​​​​​​។​​​

លុះអំណើះសប្តាហ៍នោះហើយ ទើបព្រះមានព្រះភាគ ទ្រង់ចេញអំពីសមាធិនោះ ហើយទ្រង់រំពឹងក្នុងព្រះហ្ឫទ័យ ចំពោះ បដិច្ចសមុប្បាទធម៌ ជា អនុលោម និងបដិលោម អស់រាត្រី បច្ឆិមយាម ដោយប្រពៃថា កាលបើបច្ច័យនេះមាន ផលនេះក៏មាន ផលនេះរមែងកើតឡើង ព្រោះកើតឡើងនៃបច្ច័យនេះ កាលបើបច្ច័យនេះ មិនមាន ផលនេះក៏មិនមាន ផលនេះរលត់ទៅ ព្រោះរលត់ទៅនៃបច្ច័យនេះ គឺ៖

ផ្នែកអនុលោម (លំដាប់កើតឡើងនៃទុក្ខ)៖

១. សង្ខារ ទាំងឡាយកើតមាន ព្រោះ អវិជ្ជា ជាបច្ច័យ

២. វិញ្ញាណ កើតមាន ព្រោះ សង្ខារ ជាបច្ច័យ

៣. នាមរូប កើតមាន ព្រោះ វិញ្ញាណ ជាបច្ច័យ

៤. សឡាយតនៈ កើតមាន ព្រោះ នាមរូប ជាបច្ច័យ

៥. ផស្សៈ កើតមាន ព្រោះ សឡាយតនៈ ជាបច្ច័យ

៦. វេទនា កើតមាន ព្រោះ ផស្សៈ ជាបច្ច័យ

៧. តណ្ហា កើតមាន ព្រោះ វេទនា ជាបច្ច័យ

៨. ឧបាទាន កើតមាន ព្រោះ តណ្ហា ជាបច្ច័យ

៩. ភព កើតមាន ព្រោះ ឧបាទាន ជាបច្ច័យ

១០. ជាតិ កើតមាន ព្រោះ ភព ជាបច្ច័យ

១១. ជរាមរណៈ កើតមានព្រម ព្រោះ ជាតិ ជាបច្ច័យ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ក៏រមែងកើតមាន​​​​​​​។​​​

ការកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះរមែងមានយ៉ាងនេះឯង​​​​​​​។​​​

ផ្នែកបដិលោម (លំដាប់រលត់ទៅនៃទុក្ខ)៖

១. ការរលត់ទៅនៃ សង្ខារ ព្រោះរលត់ អវិជ្ជា ឥតមានសេសសល់

២. ការរលត់ទៅនៃ វិញ្ញាណ ព្រោះរលត់ សង្ខារ

៣. ការរលត់ទៅនៃ នាមរូប ព្រោះរលត់ វិញ្ញាណ

៤. ការរលត់ទៅនៃ សឡាយតនៈ ព្រោះរលត់ នាមរូប

៥. ការរលត់ទៅនៃ ផស្សៈ ព្រោះរលត់ សឡាយតនៈ

៦. ការរលត់ទៅនៃ វេទនា ព្រោះរលត់ ផស្សៈ

៧. ការរលត់ទៅនៃ តណ្ហា ព្រោះរលត់ វេទនា

៨. ការរលត់ទៅនៃ ឧបាទាន ព្រោះរលត់ តណ្ហា

៩. ការរលត់ទៅនៃ ភព ព្រោះរលត់ ឧបាទាន

១០. ការរលត់ទៅនៃ ជាតិ ព្រោះរលត់ ភព

១១. ជរាមរណៈ រលត់ព្រម ព្រោះរលត់ ជាតិ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ក៏រមែងរលត់ទៅ​​​​​​​។​​​​

សេចក្តីរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះឯង​​​​​​​។​​​

លុះព្រះមានព្រះភាគជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបបន្លឺនូវ ឧទាន នេះ ក្នុងវេលានោះថា៖

យទា ហវេ បាតុកភវន្តិ ធម្មា

អាតាបិនោ ឈាយតោ ព្រាហ្មណស្ស

វិធូបយំ តិដ្ឋតិ មារសេនំ

សុរិយោវ ឱភាសយមន្តលិក្ខំ។

ធម៌ទាំងឡាយ រមែងប្រាកដដល់ព្រាហ្មណ៍ អ្នកមានព្យាយាមញ៉ាំងកិលេសឱ្យក្តៅ អ្នកដុតបង់នូវកិលេស ក្នុងកាលណា ព្រាហ្មណ៍នោះ រមែងកំចាត់បង់នូវមារ ព្រមទាំងសេនាមារ ឋិតនៅក្នុងកាលនោះ បីដូចព្រះអាទិត្យរះឡើង ធ្វើអាកាសឱ្យរុងរឿងដោយរស្មីរបស់ខ្លួន កំចាត់បង់នូវងងឹត ឋិតនៅដូច្នោះឯង​​​​​​​។​​​

ចប់ សូត្រទី ៣​​​​​​​។

Previous Post Next Post