ចាស់បុរាណមិនដែលដាស់តឿនឲ្យតក់ក្រហល់នោះទេ ពួកគេមិនបានរស់នៅក្នុងភាពប្រញាប់ប្រញាល់ ឬតក់ក្រហល់ឡើយ ប៉ុន្តែពួកគេបែរជាធ្វើដំណើរបានយ៉ាងឆ្ងាយ។
បុរាណចារ្យមានពាក្យស្លោកមួយថា៖ «តក់ តក់ ពេញបំពង់»។ កាន់តែមានចិត្តតក់ក្រហល់ចង់ទៅដល់គោលដៅ មនុស្សកាន់តែងាយវង្វេងផ្លូវ។ ចាស់បុរាណមិនខ្វះមហិច្ឆតា ហើយក៏មិនខ្វះឆន្ទៈដែរ ប៉ុន្តែពួកគេយល់អំពីសច្ចធម៌មួយដែលមនុស្សជាច្រើននាពេលបច្ចុប្បន្នបានភ្លេច៖ គ្រប់កិច្ចការទាំងអស់លើលោកនេះ សុទ្ធតែមានពេលវេលារបស់វា។ មានកិច្ចការដែលត្រូវប្រឹងប្រែង ប៉ុន្តែក៏មានកិច្ចការដែលត្រូវចេះរង់ចាំផងដែរ។
១. ចេះមើលកាលវេលា មុននឹងបញ្ចេញកម្លាំង
មនុស្សឆ្លាតវៃ មិនត្រឹមតែដឹងថាខ្លួនឯងមានអ្វីខ្លះនោះទេ ប៉ុន្តែថែមទាំងដឹងថាពេលណាគួឬរបញ្ចេញសកម្មភាពទៀតផង។ មានទ្វារខ្លះ ទោះបីជាអ្នកខំរុញយ៉ាងណាក៏មិនរបើកដែរ មិនមែនមកពីអ្នកអសមត្ថភាពនោះទេ គឺមកពីពេលវេលាមិនទាន់មកដល់។
បុរាណចារ្យតែងតែចាត់ទុក «កាលវេលា» ជាកត្តាសំខាន់បំផុត។ ប្រសិនបើជួបចំកាលវេលាត្រឹមត្រូវ ត្រឹមតែមួយជំហានក៏អាចជោគជ័យបានដែរ។ ផ្ទុយទៅវិញ ការដើរបញ្ច្រាសចរន្ត មានតែធ្វើឲ្យខ្លួនឯងកាន់តែហត់នឿយ។ ការយល់អំពីកាលវេលា មិនមែនជាជំនឿអរូបិយនោះទេ តែជាការចេះសង្កេតមើលកាលៈទេសៈ ចេះ ចាប់ឳកាស នៅពេលអំណោយផល និងចេះ បង្អង់ នៅពេលចាំបាច់។
២. ភាពតក់ក្រហល់ គឺជាសត្រូវនៃប្រាជ្ញា
នៅពេលចិត្តក្តៅក្រហាយពេក ហេតុផលងាយនឹងត្រូវគ្របដណ្តប់ដោយអារម្មណ៍។ មនុស្សដែលភ័យខ្លាចភាពយឺតយ៉ាវ តែងតែធ្វើការសម្រេចចិត្តដោយប្រញាប់ប្រញាល់។ មនុស្សដែលភ័យខ្លាចការបរាជ័យ តែងតែបាត់បង់ភាពភ្លឺស្វាង។
កាន់តែស្លន់ស្លោចំពោះជោគជ័យរបស់អ្នកដទៃ អ្នកកាន់តែងាយភ្លេចនូវផ្លូវផ្ទាល់ខ្លួនរបស់អ្នក។ ចាស់ៗបានប្រដៅថា ប្រសិនបើចង់ធ្វើការធំ មុនដំបូងត្រូវរក្សាចិត្តឲ្យស្ងប់។ លុះត្រាតែចិត្តស្ងប់ស្ងាត់ ទើបមនុស្សអាចមើលឃើញច្បាស់ថា អ្វីទៅជាឱកាសពិតប្រាកដ។
៣. ចេះលាក់បាំងខ្លួន ដើម្បីសន្សំថាមពលខាងក្នុង
ទំពាំងមិនប្រញាប់លូតកម្ពស់ឡើយ។ ឫសកាន់តែជ្រៅ ដើមកាន់តែរឹងមាំ។ មនុស្សដែលមានប្រាជ្ញាក៏ដូច្នោះដែរ។ នៅពេលសមត្ថភាពមិនទាន់គ្រប់គ្រាន់ ពួកគេជ្រើសរើសការរៀនសូត្រ។ នៅពេលឱកាសមិនទាន់មកដល់ ពួកគេជ្រើសរើសការរៀបចំខ្លួន។
ពួកគេមិនបង្អួតសមត្ថភាព មិនអួតអាងសមិទ្ធផល ហើយរឹតតែមិនខ្ជះខ្ជាយកម្លាំងដើម្បីបង្ហាញប្រាប់អ្នកដទៃឡើយ។ ព្រោះពួកគេយល់ថា លទ្ធផលចុងក្រោយគឺជាការបញ្ជាក់ដែលមានតម្លៃបំផុត។
៤. មនុស្សម្នាក់ៗសុទ្ធតែមានចង្វាក់ដើររៀងៗខ្លួន
ជីវិតប្រៀបដូចជា រដូវកាលទាំងបួននៃធម្មជាតិ។ មានរដូវសាបព្រួស មានរដូវថែទាំ មានរដូវប្រមូលផល ហើយក៏មានរដូវសម្រាកដើម្បីសន្សំប្រមូលកម្លាំងឡើងវិញ។
ប្រសិនបើគ្រាប់ពូជទើបតែព្រួស ហើយទាមទារឲ្យមានផ្លែផ្កាភ្លាមៗនោះ វាមិនមែនជាមហិច្ឆតានោះទេ ប៉ុន្តែជាភាពតក់ក្រហល់ទៅវិញ។ មនុស្សពេញវ័យចេះទទួលយកគ្រប់ដំណាក់កាលនៃជីវិត មិនបាក់ទឹកចិត្តដោយសារតែយឺត ហើយក៏មិនប្រមាទដោយសារតែលឿនដែរ។
៥. មានគុណធម៌ខ្ពស់ តែងទទួលមានវាសនាល្អ
ចាស់បុរាណជឿថា សមត្ថភាពបង្កើតឱកាស ប៉ុន្តែគុណធម៌ទើបជាអ្នកកំណត់ថា មនុស្សម្នាក់អាចដើរបានឆ្ងាយប៉ុណ្ណា។ មានមនុស្សខ្លះជោគជ័យលឿនណាស់ ប៉ុន្តែក៏បាត់បង់ទៅវិញយ៉ាងលឿនដែរ។ មានមនុស្សខ្លះសំងំស្ងៀមស្ងាត់ជាច្រើនឆ្នាំ ប៉ុន្តែនៅពេលដែលវេលាមកដល់ ប្រកបដោយជោគជ័យ និងការងារមាំមួនរហូតមួយជីវិត។
ពួកគេជ្រើសរើសការរក្សាសច្ចៈ ជំនួសឲ្យការដណ្តើមយកផលប្រយោជន៍។ ជ្រើសរើសការថយមួយជំហាន ដើម្បីរក្សាភាពចុះសម្រុង។ ជ្រើសរើសធ្វើអ្វីដែលត្រឹមត្រូវ ទោះបីជាចំពោះមុខត្រូវខាតបង់បន្តិចបន្តួចក៏ដោយ។ អ្វីដែលមើលទៅហាក់ដូចជាតូចតាច ទាំងនេះហើយ ដែលកំពុងសន្សំបង្កើតនូវផលបុណ្យ និងសំណាងល្អក្នុងរយៈពេលវែងដោយស្ងៀមស្ងាត់។
៦. ភាពយឺតយ៉ាវដោយស្ងប់ស្ងាត់ គឺជាប្រាជ្ញាមួយប្រភេទ
មិនមែនឲ្យតែអ្នកដើរលឿន នឹងទៅដល់មុននោះទេ។ ហើយក៏មិនមែនឲ្យតែអ្នកដើរយឺត នឹងនៅខាងក្រោយជានិច្ចនោះដែរ។ មនុស្សដែលមានប្រាជ្ញា មិនរត់តាមដំណើរជីវិតរបស់អ្នកដទៃឡើយ។ ពួកគេដើរតាមដំណើរផ្ទាល់ខ្លួនរបស់ពួកគេ។
ពួកគេដឹងថាពេលណាគួរបោះជំហាន ពេលណាគួរបកក្រោយ។ ដឹងថាពេលណាគួរនិយាយ និងពេលណាគួរស្ងៀមស្ងាត់។ ពួកគេមិនបណ្តោយឲ្យភាពប្រញាប់ប្រញាល់មកបញ្ជាជីវិតឡើយ ប៉ុន្តែទុករៀបចំឲ្យភាពស្ងប់ស្ងាត់ជាអ្នកនាំផ្លូវ។
មនុស្សបូរាណមិនបានទូន្មានឲ្យយើងបោះបង់ក្តីស្រមៃនោះទេ ប៉ុន្តែប្រដៅពីវិធីដេញតាមវាតាមរយៈចិត្តគំនិតដែលស្ងប់ស្ងាត់។ មានរឿងខ្លះមិនអាចបង្ខំឲ្យលឿនបានឡើយ ប្រៀបដូចជាដើមឈើដែលត្រូវការពេលវេលាដើម្បីដុះឫស មុននឹងលូតលាស់ខ្ពស់ត្រដែត។ កុំភ័យខ្លាចថាខ្លួនឯងដើរយឺត ខ្លាចតែប្រញាប់ពេក រហូតដល់បាត់បង់ទិសដៅ។ នៅពេលដែលអ្នកមានអត់ធ្មត់គ្រប់គ្រាន់ដើម្បីសន្សំ មានភាពស្ងប់ស្ងាត់គ្រប់គ្រាន់ដើម្បីរង់ចាំឱកាស និងមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីកុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ នោះសមិទ្ធផលដែលមកដល់យឺត តែក៏នៅតែមានតម្លៃជាងជោគជ័យដែលបានមកដោយប្រញាប់ប្រញាល់ជានិច្ច។
#FB Knowladge Cambodia
Download
