ការឈ្នះខ្លួនឯង ប្រសើរជាងឈ្នះអ្នកដទៃ
ជាង ២៥០០ ឆ្នាំមកហើយ ដែលព្រះសម្មាសម្ពុទ្ធ បានសម្តែងធម៌ ទស្សនៈ ឬឱវាទ ដើម្បីជាគន្លឹះក្នុងការរស់នៅរបស់មនុស្ស សម្រាប់ឲ្យពួកគេគិតពិចារណា។ ក្នុងចំណោម ទស្សនៈជាច្រើនរបស់ព្រះអង្គ ក៏មានទស្សនៈមួយដែលទ្រង់ចង់ឲ្យមនុស្សទាំងអស់ ត្រូវប្រកួងប្រជែងឲ្យឈ្នះខ្លួនឯងជាមុនសិនមុខនឹងឈ្នះអ្នកទៃ។ ហើយបើមនុស្សឈ្នះខ្លួនឯងហើយ គឺប្រសើរជាងឈ្នះអ្វីៗទាំងអស់។
ព្រះសម្មាសម្ពុទ្ធ បានត្រាស់សម្តែងដល់មនុស្សទាំងឡាយយ៉ាងនេះថា « ការឈ្នះខ្លួនឯង ជាការប្រសើរ ចំណែកឈ្នះអ្នកដទៃ មិនប្រសើរឡើយ ពីព្រោះថា កាលបើបុគ្គលបានអប់រំខ្លួនល្អហើយ ហ្វឹកហាត់ចិត្តបានត្រឹមត្រូវ …… មារទាំងឡាយ គប្បីធ្វើនូវជ័យជំនះរបស់បុគ្គលនោះ ឲ្យបរាជ័យវិញពុំបានឡើយ » ៕
ឈ្នះខ្លួនឯងប្រសើរជាងឈ្នះអ្នកដទៃ
យោងតាមពុទ្ធភាសិនៅក្នុងគម្ពីរធម្មបទសម្តែងថា បុគ្គលយកឈ្នះខ្លួនឯងប្រសើរជាងឈ្នះអ្នកដទៃ។ ឈ្នះខ្លួនឯងលោកសំដៅយកត្រង់ឈ្នះចិត្តខ្លួនឯង កុំឱ្យលោតហក់ទៅតាមចំណង់ ធ្វើអ្វីៗទៅតាមចិត្តបញ្ជា ព្រោះនាំឱ្យគ្រោះថ្នាក់ណាស់ ដូច្នេះមុននឹងធ្វើកិច្ចការអ្វី គឺត្រូវគិតពិចារណាឱ្យបានជ្រៅឱ្យលុះក្នុងអំណាចរបស់ខ្លួនទើបជោគជ័យ ។ផ្អែកលើភាសិតនេះប្រយោជន៍អ្វីនឹងចង់យកឈ្នះមនុស្សជាតិគ្នាឯងនោះ បើយើងទាំងអស់គ្នាសុទ្ធតែជាអ្នកចាញ់ដូចគ្នាសោះនឹង គឺចាញ់ដៃមច្ចុរាជ ។ដូចនេះសូមមនុស្សលោកឈប់ឈ្លោះទាស់ទែងគ្នា ឈប់បៀតបៀនគ្នា ឈប់ចងគំនុំ ឈប់ឈ្នានីស ហើយនាំគ្នាងាកមកស្តាប់ពុទ្ធឱវាទវិញដើម្បីរត់ចេញអំពីអំណាចមច្ចុរាជនិងបានទៅកាន់ទីបរមសុខទើបអស់ទុក្ខ ។
យើងមិនគួរចំណាយពេលវេលាទៅប្រព្រឹត្តក្នុងការងារឥតប្រយោជន៍ឡើយ បើទោះជាបានឈ្នះគេនៅលើលោកនេះក្តី ក៏មច្ចុរាជមិនទុកជីវិតឱ្យដែរ ដល់ពេលដល់វេលាហើយ មច្ចុរាជនឹងមកអូសកយកទៅភ្លាម។
ដូចនេះសប្បុរសដែលបានដឹងច្បាស់ហើយ លោកមិនបង្អែបង្អង់ទេ លោកនឹង ប្រព្រឹត្តតែអំពើមនុស្សធម៌ដើម្បីចេញចាកភពបី ទើបផុតទុក្ខអស់ភ័យក្នុងវាលវដ្តសង្សារនេះ ។
ចង់យកឈ្នះខ្លួនឯង អនុវត្តគន្លឹះ ៥ យ៉ាងនេះឱ្យបានដាច់ខាត
យកឈ្នះខ្លួនឯង” សម្ដៅដល់ការដឹកនាំខ្លួនឯងជម្នះរាល់ភាពខ្ចិលច្រអូស បញ្ហាអសកម្ម និងផ្នត់គំនិតមួយចំនួនដែលឱ្យនាំឱ្យខ្លួនឯងមិនដើរទៅមុខ។ គ្រប់បុគ្គលជោគជ័យទាំងអស់ គេសុទ្ធតែយកឈ្នះខ្លួនឯងបាន គេមានរបៀបបង្រៀន និងដឹកនាំខ្លួនឯងឱ្យនៅក្នុងគម្រោងផែនការ មានវិន័យក្នុងការអនុវត្តរាល់សកម្មភាពផែនការ ឬការងារនីមួយៗទៅតាមលំដាប់លំដោយបានយ៉ាងល្អ។ ដូចនេះ តើមានគន្លឹះអ្វីខ្លះដែលយើងអាចយកឈ្នះខ្លួនឯងបាន? មានគន្លឹះ៥យ៉ាងនេះ ដែលអាចជួយអ្នក៖
១. ស្គាល់ខ្លួនឯង: អ្នកត្រូវតែត្រូវស្គាល់ខ្លួនឯង ជាមុនទើបអ្នកអាចយកឈ្នះខ្លួនឯងបាន។ អ្នកស្គាល់ខ្លួនឯង ស្គាល់ពីចំណុចល្អ និងចំណុចមិនល្អ ដើម្បីងាយស្រួលរៀបចំការដឹកនាំខ្លួនឯងទៅកាន់ការផ្លាស់ប្ដូរ។
២. មានគម្រោងផែនការច្បាស់: ជាទូទៅគ្មានមនុស្ស គ្មានគោលដៅ គ្មានគម្រោងឯណាទៅយកឈ្នះខ្លួនឯងបានទេ។ នៅពេលដែលយើងមានគម្រោងផែនការច្បាស់ យើងដឹងថា តើយើងកំពុងធ្វើអី? នៅឯណា? ធ្វើអ្វី? ដើម្បីអ្វី? និងលទ្ធផលចុងក្រោយបែបណា? គោលដៅ និងគម្រោងផែនការនេះ វានឹងជួយជំរុញឱ្យយើង ចេញជាសកម្មភាពការងារ។
៣. ចេះ Cheer ខ្លួនឯង: វាចាំបាច់ខ្លាំង ព្រោះវាអាចធ្វើឱ្យអ្នកមានកម្លាំងចិត្ត ឬរបៀបបន្តសកម្មភាពគ្រប់គ្រាន់ ដើម្បីសម្រេចគម្រោងផែនការ។ គ្មានអ្នកណាមានរបៀបCheerបានល្អ ជាងយើងCheerខ្លួនឯងទេ។ អ្នកដទៃគេអាចទៅចោលយើងនៅថ្ងៃណាមួយ តែយើងនៅជាមួយខ្លួនឯង ហើយយើងដឹងពីរបៀបដែលខ្លួនឯងត្រូវការច្បាស់។ ការដែលយើងអាចcheerបាន លុះត្រាតែយើងស្គាល់ខ្លួនឯងជាមុនសិន។
៤. នៅជាមួយក្រុមមនុស្ស: ក្រុមមនុស្ស មិនសង្គត់លើក្រុមមនុស្សជោគជ័យ ឬបញ្ហាជ័យទេ ព្រោះវាអាស្រ័យលើបុគ្គលម្នាក់ៗ ថាតើក្រុមបុគ្គលបែបណាដែលមានឥទ្ធិពលជំរុញឱ្យអ្នកយកឈ្នះខ្លួនឯង។
៥. អប់រំចិត្ត: មនុស្សដែលមានការអប់រំផ្លូវចិត្តបានល្អ តែងតែមានសុខភាពផ្លូវចិត្តល្អ ហើយជាទូទៅគេតែងតែជាមនុស្សស្ងប់ មានសតិ មានបញ្ញា ហើយគេមានរបៀបធ្វើការងារមួយបានយ៉ាងល្អ ព្រោះគេច្បាស់ពីរបៀបយកឈ្នះខ្លួនឯង។ អ្នកគួរតែស្វែងរករបៀបអប់រំផ្លូវចិត្តដ៏ត្រឹមត្រូវមួយ តាមរយ:ការស្ដាប់ព្រះធម៌ទេសនា ពុទ្ធឱវាទឬឱវាទល្អៗ ឬក៏ជាទស្សន:គំនិតក្នុងកម្រិតការដឹងមួយ ដែលអ្នកអាចរៀនសូត្របាន៕
ឈ្នះខ្លួនឯងប្រសើរជាងឈ្នះអ្នកដទៃ
- បទពាក្យ៩ បែបជាប់ទង -
១- រឹងមានះ ឈ្នះលើគេ ទ្វេស្មាញស្មុគ
ឈ្នះមិនសុខ ក្ដុកក្ដួលក្ដៅ ឆៅគំនិត
ឈ្នះមិនជា ពៀររែងឆ្លង ចងរួបរឹត
ឈ្នះអ្នកជិត មិត្តក្បែរកាយ ក្លាយជាមារ ។
២- ឈ្នះម្នាក់ឯង តែងបាត់មិត្ត ដ្បិតមានះ
តាមធម៌ព្រះ ឈ្នះខ្លួនឯង តែងសុខជា
គេឯងព្រម ល្មមសមចិត្ត ស្និទ្ធគ្រប់គ្រា
ឈ្នះព្រមគ្នា ជាមង្គល យល់ឈ្នះពិត ។ Download
Tags:
Arts Of War











