ហេតុអ្វី "Running Economy" ជាឱកាសមាសដែលកម្ពុជាមិនត្រូវមើលរំលង?
បច្ចុប្បន្ននេះ «ការរត់» មិនមែនគ្រាន់តែជាសកម្មភាពហាត់ប្រាណដើម្បីសុខភាពធម្មតានោះទេ ប៉ុន្តែវាបានវិវត្តទៅជា "Running Economy" (សេដ្ឋកិច្ចនៃការរត់) ដែលជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចបែបទំនើប ផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាង របៀបរស់នៅ (Lifestyle) ការបង្កើតសហគមន៍ និងការទាក់ទាញទេសចរណ៍អន្តរជាតិ។ យោងតាមទិន្នន័យ Social Listening ថ្មីៗនេះ យុទ្ធនាការដែលទាក់ទងនឹងការរត់ទទួលបានការចាប់អារម្មណ៍ និងការចែករំលែករាប់សែនដងនៅលើបណ្តាញសង្គម ព្រោះមនុស្សសម័យថ្មីចង់ចែករំលែក "បទពិសោធន៍ដ៏មានតម្លៃ" និងស្ទីលរស់នៅរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ (International Half-Marathon) នៅរាជធានីភ្នំពេញកន្លងទៅថ្មីៗនេះ បានជួបប្រទះនូវរលកនៃការរិះគន់យ៉ាងខ្លាំងទាក់ទងនឹងបញ្ហាគ្រប់គ្រង ដូចជា៖ ការមិនមានមេដាយប្រគល់ជូនអ្នករត់ទាន់ពេលវេលា (ដោយសារទំនិញមិនទាន់មកដល់កម្ពុជា) កង្វះការសម្របសម្រួល និងការការពារសុវត្ថិភាពនៅលើដងផ្លូវ ដែលអាចបង្កហានិភ័យដល់អ្នករត់ដោយសារលំហូរចរាចរណ៍។
ការគ្រាន់តែចេញលិខិតសូមអភ័យទោសរបស់គណៈកម្មការរៀបចំ ហើយបើមិនមានឆន្ទៈក្នុងការកែលម្អរ គឺជារឿងគ្រោះថ្នាក់បំផុត។ ចំណុចខ្វះខាតទាំងនេះ មិនមែនទើបតែកើតឡើងនៅក្នុងឆ្នាំនេះនោះទេ ដែលបើតាមមតិរបស់អ្នកចូលរួម គឺរឿងរ៉ាវទាំងនេះគឺជាបញ្ហាដែលតែងតែកើតមានតាំងពីឆ្នាំកន្លងទៅ។ ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ដែលកើតមានរាល់ឆ្នាំ ហើយគួរតែមានការរៀបចំឲ្យបានមុន និងឲ្យបានកាន់តែប្រសើរ។ «កំហុសឆ្គងក្នុងការរៀបចំតែមួយលើក អាចបំផ្លាញទំនុកចិត្ត និងសក្តានុពលសេដ្ឋកិច្ចរាប់លានដុល្លាររបស់ប្រទេសជាតិទាំងមូលទៅថ្ងៃអនាគត»។
ដើម្បីយល់ពីតម្លៃពិតប្រាកដនៃ Running Economy យុទ្ធសាស្ត្រជោគជ័យរបស់បណ្តាប្រទេសជឿនលឿន (ដូចជា ព្រឹត្តិការណ៍ Standard Chartered Singapore Marathon របស់សិង្ហបុរី ឬការរៀបចំនៅម៉ាឡេស៊ី) គឺតែងតែផ្អែកលើសសរស្តម្ភស្នូលចំនួន ៣៖
• បែបបទរស់នៅ និងសហគមន៍៖
អ្នករត់ប្រណាំងនាសម័យបច្ចុប្បន្ន គឺជាអ្នកមានឥទ្ធិពល "Micro-Influencers" នៅក្នុងសហគមន៍របស់ពួកគេ។ ពួកគេមិនគ្រាន់តែទិញស្បែកជើងរត់មួយគូនោះទេ ប៉ុន្តែពួកគេបង្កើតខ្សែសង្វាក់ចំណាយលើសម្ភារៈផលិតមាតិកា (កាមេរ៉ា, មីក្រូហ្វូន) អាហារូបត្ថម្ភ និងការថែរក្សាសម្រស់។ នៅពេលពួកគេបង្ហោះរូបភាពរត់លើ Facebook ឬ Instagram វាក្លាយជាការផ្សព្វផ្សាយទីក្រុង និងម៉ាកយីហោដោយឥតគិតថ្លៃ។
• កាតាលីករជំរុញទេសចរណ៍កីឡា៖
ព្រឹត្តិការណ៍ម៉ារ៉ាតុងលំដាប់អន្តរជាតិ គឺជា "មេដែក" ដ៏មានឥទ្ធិពលក្នុងការទាក់ទាញភ្ញៀវទេសចរដែលមានកម្រិតចំណាយខ្ពស់ ឱ្យមកស្នាក់នៅសណ្ឋាគារ បរិភោគអាហារ និងធ្វើដំណើរកម្សាន្ត។ ប្រសិនបើបទពិសោធន៍ដំបូងរបស់ពួកគេជួបភាពរញ៉េរញ៉ៃ ពួកគេមិនត្រឹមតែមិនត្រឡប់មកវិញទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយរូបភាពអវិជ្ជមានទៅកាន់ពិភពលោកទៀតផង។
• ការរៀបចំបានល្អ និងមានឧត្តមភាព គឺជាម៉ាកយីហោជាតិ៖
នៅក្នុងពិភពធុរកិច្ច និងការអភិវឌ្ឍជាតិ ភាពលម្អិតគឺជាស្តេច។ មេដាយរត់មិនមែនគ្រាន់តែជាលោហៈធាតុមួយដុំទេ វាជា «និមិត្តរូបនៃមោទនភាព» ដែលអ្នករត់ចង់ថតរូបបង្អួត។ ឯសុវត្ថិភាពចរាចរណ៍វិញ គឺជាការឆ្លុះបញ្ចាំងពីសមត្ថភាពគ្រប់គ្រងទីក្រុង។ ការធ្វើឱ្យមានកំហុសលើចំណុចទាំងនេះ ស្មើនឹងការកាត់បន្ថយតម្លៃនៃ ម៉ាកយីហោ របស់រាជធានីភ្នំពេញលើឆាកអន្តរជាតិ។
សម្រាប់ប្រទេសកម្ពុជា រាជធានីភ្នំពេញមានសក្តានុពលដ៏អស្ចារ្យក្នុងការក្លាយជា "ទីបណ្តុំ នៃព្រឹត្តិការណ៍កីឡាកម្រិតតំបន់" ព្រោះយើងមានហេដ្ឋារចនាសម្ព័ន្ធធំៗស្រាប់ និងមានយុវជនយ៉ាងច្រើនដែលស្រឡាញ់សុខភាព។ ទោះជាយ៉ាងណា បញ្ហាប្រឈមធំបំផុតរបស់យើងនៅពេលនេះគឺ «ការខ្វះខាតស្តង់ដារប្រតិបត្តិការដែលល្អ »។
យើងមិនអាចមើលឃើញព្រឹត្តិការណ៍រត់ប្រណាំងត្រឹមតែជា "កម្មវិធីកម្សាន្តមួយថ្ងៃ" នោះឡើយ។ រដ្ឋាភិបាល (ក្រសួងទេសចរណ៍ និងសាលារាជធានីភ្នំពេញ) ត្រូវតែចាប់ដៃគ្នាឱ្យបានស្អិតរមួតជាមួយវិស័យឯកជន ដើម្បីកំណត់ "SOP" ដ៏តឹងរឹងបំផុតសម្រាប់កម្មវិធីកម្រិតអន្តរជាតិ។ ការបិទផ្លូវ ការសម្របសម្រួលចរាចរណ៍ និងការគ្រប់គ្រងភស្តុភារ ត្រូវតែធ្វើឡើងដោយគ្មានការយោគយល់។ បើចង់ឱ្យ Running Economy រីកចម្រើន យើងត្រូវរួមគ្នាប្តូរផ្នត់គំនិតពី «ធ្វើឱ្យតែរួចពីដៃ» ទៅជា «ធ្វើឱ្យល្អឥតខ្ចោះកម្រិតពិភពលោក»។
1. វិនិយោគលើប្រព័ន្ធគ្រប់គ្រងភស្តុភារ (Logistics) និងបណ្តុះបណ្តាលក្រុមការងារឱ្យមាន "ម្ចាស់ការខ្ពស់" និងយល់ដឹងពីស្មារតីសេវាកម្មល្អ។
2. ម៉ាកយីហោនានា (ហាងលក់រាយ, ភេសជ្ជៈ, សម្រស់, ទេសចរណ៍, ហិរញ្ញវត្ថុ) គួរឈប់គិតត្រឹមតែការធ្វើជា "ម្ចាស់ឧបត្ថម្ភដើម្បីដាក់ឡូហ្គោ" ប៉ុន្តែត្រូវចូលទៅបង្កើត "តម្លៃពិតប្រាកដ" ផ្តល់ជូនដល់អ្នកចូលរួម (ឧទាហរណ៍៖ បង្កើតកញ្ចប់ធានារ៉ាប់រងពិសេស, បង្កើតតំបន់សម្រាក និងស្តារកម្លាំង ដ៏ទាក់ទាញក្រោយរត់រួច និងការរៀបចំផ្សេងៗទៀត)។
«នៅក្នុងយុគសម័យដែល "បទពិសោធន៍របស់អតិថិជន" ជាអ្នកសម្រេចវាសនាអាជីវកម្ម តើលោកអ្នកយល់ថា ស្ថាប័ន ឬអាជីវកម្មនៅកម្ពុជា គួរធ្វើដូចម្តេចដើម្បីពង្រឹងស្តង់ដារប្រតិបត្តិការ ឱ្យស៊ីនឹងការរំពឹងទុកកម្រិតអន្តរជាតិ? តើមេរៀនពីព្រឹត្តិការណ៍រត់ប្រណាំងថ្មីៗនេះ អាចយកមកកែលម្អអាជីវកម្មរបស់អ្នកដោយរបៀបណា?»
(សូមបញ្ចេញមតិ និងចែករំលែកទស្សនៈរបស់អ្នកនៅខាងក្រោម ដើម្បីរួមគ្នាកសាងស្តង់ដារថ្មីសម្រាប់កម្ពុជា!)
រូបភាព៖ Olympic Cambodia
Tags:
Business Buddhism







