តួនាទី៥យ៉ាងរបស់ភរិយា
ប្រពន្ធ ប្រែថា ចំណង។
ភរិយា ឈ្មោះថា ស្រីដែលប្តីចិញ្ចឹម។
ខ្លួនជាស្រីមានប្តីហើយ ត្រូវចេះគិតគូរឲ្យបានវែងឆ្ងាយ កុំឆេវឆាវ ងង៉ក់ ដូចក្មេង ក្រែងនៅ មិនបានសុខ។ ភរិយាមានតួនាទីដូចខាងក្រោម ៖
១…ចាត់ចែងការងារផ្ទះឲ្យបានល្អ
រៀបចំទុកដាក់សម្លៀកបំពាក់ ចានឆ្នាំងរបស់របរប្រើប្រាស់ បោសច្រាស តុបតែងលំអឲ្យ បានស្អាតបាតសមរម្យ។ កុំទុកឲ្យនៅរាត់រាយ ខ្ចាត់ខ្ចាយ ពីសពាសពេញផ្ទះ នាំឲ្យកើត អពមង្គល។សរុបមកត្រូវមានមាយាទល្អ។២…ជួយសង្រ្គោះញាតិទាំងសងខាង
លកលៃឲ្យបានសមរម្យ កុំស្គាល់តែម៉ែឪឯង ញាតិឯង កុំលបលាក់លុយកាក់ កិបកេង ក្រោយខ្នងប្តីឡើយ ពេលគេដឹង មិនបានសុខនឹងគ្នាទេ។
៣…កុំក្បត់ចិត្តប្តី
មិនត្រូវលបលួចលាក់ មានសាហាយស្មន់តាមតម្រេកតណ្ហារបស់ខ្លួនឡើយ ព្រោះវាធ្វើឲ្យ ខូចពូជពង្សវង្សត្រកូល ខូចអនាគតកូនចៅ ឈ្លោះទាស់ទែងគ្នា រកសុខគ្មានទេ។
៤…រក្សាទ្រព្យឲ្យគង់វង់
លុយកាក់ដែលប្តីរកមក ត្រូវចេះចាត់ចែងទុកដាក់ សម្រាប់ហូបចុក ប្រើប្រាស់ ឈឺថ្កាត់ ឬ មានហេតុការណ៍ណាមួយ។ ចាយវាយ ឲ្យចេះប្រមាណ មិនត្រូវខ្ជះខ្ជាយពេកទេ ស្រីខ្លះ កញ្ជើធ្លុះ យកលុយលេងល្បែង ចាក់កន្ទុយលេខ ផឹកស្រាធ្វើមារយាទថោកទាប បាត់បង់ តម្លៃជាស្រី្ត។
៥…ឆ្លាតវាងវៃ មិនខ្ជិលច្រអូស
កុំដេកចាំសំណាងប្តី ចេះលៃលកឆ្លៀតរករបរនេះ របបនោះ កុំឲ្យទំនេរអត់ប្រយោជន៍។ កុំ ខ្ជិលងើបគូទមិនរួច ស្ងាបហាមាត់មួយចំអាម អង្គុយរកចៃមាត់ជណ្តើរុ បាយមិននឹក ទឹក មិនផឹកផង។ត្រូវរវាសរវាងប្រើបញ្ញាចាត់ចែងការឲ្យបានសព្វគ្រប់។
ខាងលើនេះ ជាកាតព្វកិច្ចរបស់ស្រ្តីជាភរិយាខានមិនបាន។ បើស្រីណាធ្វើបានហៅថាស្រី គ្រប់លក្ខណ៍ បើស្រីណាធ្វើមិនបាន ហៅថា ស្រីខាតលក្ខណ៍។
តួនាទី៥យ៉ាងរបស់ស្វាមី
ប្តីល្អកម្ររកបានណាស់ រៀបការប្តីប្រពន្ធជាការស្មានដូចរាវម្ជុលក្នុងសមុទ្រ មិនដឹងចិត្ត គំនិតគេយ៉ាងម៉េចទេ។ តែអ្នកទាំងសងខាង គួរខំប្រឹងខាំមាត់សង្កត់ចិត្តបំពេញតួនាទី រៀងៗខ្លួនឲ្យបានល្អបរិបូរណ៍។ មានរឿងអ្វីបន្តិចបន្តួច ចេះអត់ឱនឲ្យគ្នា កុំអង្គុយចាប់ កំហុសគ្នា មិនល្អទេ។
មិនមែនយកគេមកបម្រើខ្លួនទេ គឺយកគេជាភរិយា ស្វាមីត្រូវមានតួនាទីដូចខាងក្រោម៖
១…យកជាភរិយាឲ្យពេញច្បាប់
យកពេញមុខពេញមាត់ ជាភរិយាពេញលក្ខណៈ
កុំលាក់លៀម បិទបាំង យកគ្នាធ្វើស្រីកំដរ អារមណ៍ ហើយបោះចោលនោះទេ។
២…កុំប្រមាទមើលងាយភរិយា
ដោយវាយដំ ជេរប្រទេច ត្មះតិះដៀល
ធ្វើទុក្ខបុកម្នេញ ធ្វើបាបចិត្តគ្នា។ត្រូវចេះស្រឡាញ់
ថ្នាក់ថ្នម អាណិតអាសូរ ជួយលើកទឹកចិត្ត ជួយណែនាំដោយបំណងល្អ។
៣…ប្រគល់ភាពជាធំឲ្យភរិយា
គឺការចាត់ចែងផ្ទះសម្បែង លុយកាក់ កូនចៅ។
កុំឲ្យគ្នាគ្មានសិទ្ធិ គ្មានអំណាចអ្វីសោះ មិន ល្អទេ ឲ្យគ្នាបានបញ្ចេញគំនិតយោបល់ មានមតិចូលរួមសម្រេចចិត្តផង
កុំយកឈ្នះតែម្នាក់ ឯង ប្រពន្ធនិយាយមិនបាន។
៤…កុំក្បត់ចិត្តភរិយា
ប្រុសខ្លះលុះតាមអំណាចតណ្ហា
មានប្រពន្ធពីរ បី ធ្វើបាបចិត្តប្រពន្ធដើម ដើរប៉ោឡែ មិនគិត ផ្ទះសម្បែង វក់នឹងល្បែង
ផឹកស្រា ផ្គាប់ចិត្តស្រីស្នេហ៍ ស្រីពេស្យាជាដើម។ ធ្វើយ៉ាងនេះ គ្មាន កំណើតទេ
កើតទុក្ខក្តៅក្រហាយណាស់។
៥…ឲ្យគ្រឿងអលង្ការ
គ្រឿងប្រដាប់តាក់តែងរាងកាយ សម្លៀកបំពាក់
គ្រឿងសម្អាង ជាតម្រូវការរបស់ស្រ្តីគ្រប់រូប
តែងប្រាថ្នាចង់បាន ព្រោះចង់ស្អាត ចង់ល្អ ចូលជំនុំចំណោមគេចុះ។
ភរិយាធ្វើការកំបិកកំប៉ុក ១០០ ជំពូកនៅផ្ទះតាំងពីបាយទឹក ផ្ទះសម្បែង បោកគក់ មើលកូន ចៅតូចតាច ដាំដំណាំក្នុងភូមិ។ល។ ភរិយាមានភារកិច្ចធ្ងន់ធ្ងរណាស់ ដូច្នេះ ប្តីត្រូវយល់ចិត្ត គ្នាផង ឃើញគ្នាខុសឆ្គងម្តងម្កាល គួរអត់ឱនអធ្យាស្រ័យទើបបានសុខយូរអង្វែង។







