រឿងស្តេចនាគអតុលៈ

 រឿងស្តេចនាគអតុលៈ

…បានឮថា គ្រានោះ ព្រះពោធិសត្វនៃយើង ជាស្តេចនាគឈ្មោះអតុលៈ មានឫទ្ធានុភាពច្រើន នាគបានដំណឹងថា ព្រះពុទ្ធកើតឡើងហើយក្នុងលោក ដែលពួកញាតិចោមរោមហើយ ចេញអំពីភពរបស់ខ្លួន បូជាព្រះមានព្រះភាគសុមនៈ ដែលមានភិក្ខុមួយសែនកោដិជាបរិវារ ដោយតន្ត្រីទិព្វ ថ្វាយមហា ទាន ថ្វាយនូវគូសំពត់ មួយអង្គមួយគូ ហើយតាំងនៅក្នុងសរណៈ ព្រះសាស្តាអង្គនោះ ទ្រង់ព្យាករនាគនោះថា នឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាល ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា ៖

  ក្នុងសម័យនោះ តថាគតកើតជាស្តេចនាគ មានឫទ្ធិច្រើន មានឈ្មោះថា អតុលៈ ជាអ្នកសន្សំកុសល ។ កាលនោះ តថាគត ចេញអំពីភពនាគ ជាមួយនឹងពួកញាតិ បានទៅបម្រើព្រះជិនស្រី ព្រមទាំងព្រះសង្ឃ ដោយតន្ត្រីជាទិព្វរបស់នាគ ។ តថាគតបានញុំាងព្រះភិក្ខុសង្ឃមួយសែនកោដិឱ្យឆាន់ស្កប់ស្កល់ដោយបាយទិព្វ ហើយថ្វាយសំពត់មួយគូៗ មួយអង្គហើយ យកព្រះភិក្ខុសង្ឃនោះជាទីពឹង ។

   ព្រះសម្ពុទ្ធ ព្រះនាមសុមនៈ ជាលោក នាយកអង្គនោះ ទ្រង់ព្យាករ តថាគតថា ក្នុងកប្បមានប្រមាណមិនបានអំពី កប្បនេះ នាគរាជនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ។ សត្វនេះ នឹងចេញអំពីក្រុងកបិលពស្តុ ជាទីរីករាយទៅ តម្កល់សេចក្តីព្យាយាម ។បេ។ ក្នុងកាលជា អនាគតមិនខាន ។ ពួកមនុស្ស កាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំ យ៉ាងណា ។ យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេច ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន ក៏យ៉ាងនោះដែរ ដូច្នេះ ។

  គប្បីពោល ១៨គាថាឱ្យពិស្តារដូចក្នុងវង្សរបស់ព្រះកោណ្ឌញ្ញាសម្ពុទ្ធ ផងចុះ។ តថាគត បានស្តាប់ព្រះតម្រាស់របស់ព្រះសម្ពុទ្ធនោះហើយ ក៏ធ្វើចិត្តឱ្យជ្រះថ្លា ក្រៃពេក បានអធិដ្ឋាននូវវត្តតទៅទៀត ដោយការបំពេញបារមី១០ ដូច្នេះ៕៚

                          [អដ្ឋកថា សុមនពុទ្ធវង្ស ចប់]

📚(ព្រះត្រៃបិដកប្រែរួម និងព្រះអដ្ឋកថាភាគ៦២ ទំ.៤១៩-៤៣៣ បាលីប្រែព៧)🙏

#រូបភាព #ព្រះពុទ្ធសាសនា #ព្រះពុទ្ធ #ធម្មទាន #ធម្មទេសនា #ព្រះសង្ឃ #ភិក្ខុភទ្ទបណ្ឌិតោផូសុភ័ក្រ្ត #ព្រះអង្គចន្ទមុនី #ព្រះអង្គវនវាសី #៥០០០ឆ្នាំ #កម្ពុជា 

អ្នកតាមដាន ព្រះសង្ឃសាវក ព្រះមានព្រះភាគ 


#

Previous Post Next Post