#សិក្សាបិសក៤២
[១៥] អគ្គប្បញ្ញត្តិសូត្រ (បញ្ញត្តិដ៏ប្រសើរ ៤ យ៉ាង)
ម្នាលភិក្ខុទាំងឡាយ អគ្គប្បញ្ញត្តិ (បញ្ញត្តិដ៏ប្រសើរ) នេះមាន ៤ យ៉ាង។ អគ្គប្បញ្ញត្តិ ៤ យ៉ាង តើដូចម្តេចខ្លះ៖
១. រាហុ អសុរិន្ទោ អគ្គំ អត្តភាវីនំ (រាហុអសុរិន្ទ ប្រសើរខាងអត្តភាពធំ)៖ ម្នាលភិក្ខុទាំងឡាយ រាហុអសុរិន្ទនេះ ធំលើសជាងពួកសត្វមានអត្តភាព ទាំងឡាយ។
២. រាជា មន្ធាតា អគ្គោ កាមភោគីនំ (ព្រះបាទមន្ធាតុ ប្រសើរខាងអ្នកបរិភោគកាម)៖ ម្នាលភិក្ខុទាំងឡាយ ព្រះបាទមន្ធាតុនេះ ប្រសើរជាងបុគ្គលអ្នកបរិភោគកាម ទាំងឡាយ។
៣. មារោ បាបិមា អគ្គោ អធិបតីនំ (មារមានចិត្តបាប ប្រសើរខាងអ្នកមានតំណែងធំ)៖ ម្នាលភិក្ខុទាំងឡាយ មារមានចិត្តបាបនេះ ប្រសើរជាងពួកសត្វដែលមានតំណែងធំៗ (អ្នកមានអំណាចលើគេ)។
៤. តថាគតោ អរហំ សម្មាសម្ពុទ្ធោ អគ្គោ លោកស្ស (ព្រះតថាគត ប្រសើរក្នុងលោកទាំងពួង)៖ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស។
ម្នាលភិក្ខុទាំងឡាយ អគ្គប្បញ្ញត្តិមាន ៤ យ៉ាងប៉ុណ្ណេះឯង។
‘‘រាហុគ្គំ អត្តភាវីនំ, មន្ធាតា កាមភោគិនំ;
មារោ អាធិបតេយ្យានំ, ឥទ្ធិយា យសសា ជលំ។
រាហុធំលើសពួកសត្វដែលមានអត្តភាព ស្តេចមន្ធាតុប្រសើរជាងបុគ្គលអ្នកបរិភោគកាមទាំងឡាយ មារប្រសើរជាងពួកសត្វដែលមានតំណែងធំៗ ជាអ្នករុងរឿងដោយឫទ្ធិគឺ ការសម្រេចដោយទិព្វសម្បត្តិ និងដោយយសបរិវារ។
‘‘ឧទ្ធំ តិរិយំ អបាចីនំ, យាវតា ជគតោ គតិ;
សទេវកស្ស លោកស្ស, ពុទ្ធោ អគ្គោ បវុច្ចតិ’’។
គតិនៃសត្វលោកមានកំណត់ត្រឹមណា ទោះជាន់ខាងលើក្តី កណ្តាលក្តី ខាងក្រោមក្តី ព្រះពុទ្ធ ដែលអ្នកប្រាជ្ញទាំងឡាយពោលថាប្រសើរជាងមនុស្សលោក ព្រមទាំងទេវលោក មានកំណត់ត្រឹមណេះ។
