[៧២] ការបិទបាំងទិសខាងលិច (ស្វាមី និងភរិយា)
ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ស្វាមីត្រូវទំនុកបម្រុងដោយស្ថាន ៥ យ៉ាង គឺ៖
១. សម្មាននាយ ៖ ដោយការរាប់អានជាភរិយាពេញទី។
២. អនវមាននាយ ៖ ដោយមិនមើលងាយ។
៣. អនតិចរិយាយ ៖ ដោយមិនប្រព្រឹត្តក្បត់ចិត្ត។
៤. ឥស្សរិយវោស្សគ្គេន ៖ ដោយប្រគល់ឱ្យជាធំក្នុងការផ្ទះ។
៥. អលង្ការានុប្បទានេន ៖ ដោយការឱ្យគ្រឿងតែងខ្លួន។
ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុងដោយស្ថានទាំងឡាយ ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមីដោយស្ថានទាំងឡាយ ៥ យ៉ាងវិញ គឺ៖
១. សុសំវិហិតកម្មន្តា ច ហោតិ ៖ ចាត់ចែងការងារដោយល្អ។
២. សង្គហិតបរិជនា ច ៖ សង្រ្គោះជនជាញាតិទាំងពីរខាងដោយល្អ។
៣. អនតិចារិនី ច ៖ មិនប្រព្រឹត្តក្បត់ចិត្ត។
៤. សម្ភតញ្ច អនុរក្ខតិ ៖ ថែទាំទ្រព្យដែលស្វាមីរកបានមក។
៥. ទក្ខា ច ហោតិ អនលសា សព្ពកិច្ចេសុ ៖ ឈ្លាសមិនខ្ជិលច្រអូសក្នុងកិច្ចការសព្វគ្រប់។
ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុងដោយស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមីដោយស្ថាន ៥ យ៉ាងនេះ ទិសខាងលិចនោះ ដែលស្វាមីបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។










