💡បោះជំហានធំ សល់ចន្លោះធំ ពាក្យនេះវាខុសពីពាក្យថា “បោះជំហានញាប់ ឬលឿន”។ មិនថាញាប់ ឬលឿននោះទេ តាមពិតទៅវាសុទ្ធតែធ្វើឱ្យបាត់បង់ស្ថិរភាពក្នុងដំណើរទាំងអស់ ហើយលទ្ធផលតែងតែថ្លោះធ្លោយអំពីគុណភាព មិនថាតិចឬច្រើន។ ដូច្នេះខ្ញុំយល់ថា មានតែជំហានដែលច្បាស់លាស់ទេ ដែលជាគ្រឹះនៃស្ថិរភាពក្នុងដំណើរ។
នៅក្នុងយុគសម័យថ្មីនេះ ឬយុគ Gen z នេះ មនុស្សគ្រប់គ្នាច្រើនតែដេញតាមស្រមោលនៃភាពជោគជ័យក្នុងក្ដីស្រមៃរបស់ខ្លួន ហើយយើងម្នាក់ៗតែងតែមានមហិច្ឆតាចង់បោះជំហានឱ្យបានវែង ឱ្យបានខ្ពស់ និងឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែ នៅចន្លោះកណ្តាលនៃជំហានដ៏វែងនេះ សុទ្ធតែជាសាលា ឬជាគ្រូល្អៗ ដែលយើងបានរំលងវាចោល ដើម្បីលោតដេញតាមមហិច្ឆតាទៅវិញ។
❝មហិច្ឆតាដែលគ្មានគ្រឹះ គឺជាគ្រោះថ្នាក់ដែលមើលមិនឃើញ។❞
នៅពេលដែលយើងព្យាយាម “បោះជំហានធំ” ហួសពីលទ្ធភាព និងសមត្ថភាពជាក់ស្តែង គឺមានន័យថាយើងកំពុងតែលោតរំលងដំណាក់កាលនៃបទពិសោធហើយ ព្រោះរាល់ជំហានដែលធំពេក វាតែងតែបន្សល់ទុកនូវ ចន្លោះប្រហោង។ ចន្លោះទាំងនោះគឺជាចំណុចខ្វះខាត ជាភាពប្រហែស និងជាភាពមិនហ្មត់ចត់ ដែលយើងបានបង្កើតឡើងដោយអចេតនា។ ជោគជ័យដែលបានមកពីការបោះជំហានរំលង ប្រៀបបាននឹងយកខ្សាច់មកពូនធ្វើប្រាសាទ វាមើលទៅហាក់ខ្ពស់ដែរ ហាក់ស្អាតដែរ តែពេលត្រូវភ្លៀង និងត្រូវខ្យល់ វាក៏ងាយនឹងរលាយបាត់ទៅវិញដូចគ្នា ដូច្នេះខ្ញុំគិតថា យើងគួរតែ “បោះជំហានតូចៗ” ប៉ុន្តែឱ្យវាមានភាពរឹងមាំ។
មនុស្សខ្លះប្រហែលជាមានអារម្មណ៍វិប្បដិសារី ឬមានការអន់ចិត្តដែលឃើញខ្លួនឯងដើរយឺតជាងអ្នកដទៃ។ ប៉ុន្តែសូមចងចាំថា “ជោគជ័យដែលរឹងមាំ មិនមែនវាស់វែងដោយល្បឿននោះទេ ប៉ុន្តែវាស់វែងដោយភាពតាន់ និងភាពធន់”។ ការបោះជំហានតូចៗតែច្បាស់លាស់ គឺជាការសាងសង់គ្រឹះជីវិតដោយដុំឥដ្ឋ ម្ដងមួយដុំៗ យ៉ាងយកចិត្តទុកដាក់។ ពីព្រោះថា ជំហានតូចនីមួយៗ វាអនុញ្ញាតឱ្យយើងមានពេលពិនិត្យមើលគ្រប់ដានជើងរបស់ខ្លួនឯង មានពេលកែតម្រូវកំហុសខ្លួនឯង និងមានពេលពង្រឹងសមត្ថភាពឱ្យកាន់តែមុតស្រួចជាងមុន ហើយទាំងអស់នេះវាមិនមែនជាការដើរយឺតនោះទេ ប៉ុន្តែវាគឺជាការដើរដោយភាពម្ចាស់ការលើខ្លួនឯង។
ពេលខ្លះនៅក្នុងដំណើរ យើងតែងតែប្រយ័ត្នចំពោះភ្នំដែលនៅខាងមុខ ខ្លាចពិបាកដើរវាង ខ្លាចពិបាកឡើងឆ្លងកាត់ ប៉ុន្តែជារឿយៗយើងតែងតែជំពប់ជើងដួលដោយសារតែវល្លិស្មៅតូចៗ ដែលនៅក្រោមជើងយើងឯណេះវិញ។ វាបញ្ជាក់ថា “ចន្លោះប្រហោងតូចមួយ” ដែលយើងមើលរំលងនៅថ្ងៃនេះ វាក៏អាចនឹងក្លាយជាឧបសគ្គដ៏ធំ ដែលបំផ្លាញអនាគតរបស់យើងនៅថ្ងៃស្អែក។ ការធ្វេសប្រហែសលើរឿងតូចតាច គឺជាមេរោគដែលសម្ងំបំផ្លាញភាពល្អឥតខ្ចោះរបស់យើង។ ដូច្នេះ ភាពហ្មត់ចត់មិនមែនជាការរើសអើងរឿងតូចតាចនោះទេ តែវាគឺជាការគោរពចំពោះកិច្ចការងារដែលយើងកំពុងតែធ្វើ ម្ល៉ោះហើយមានតែការស្គាល់សមត្ថភាពខ្លួនឯងប៉ុណោះ ទើបជាជ័យជម្នះដ៏ពិតប្រាកដ។
ការដឹងពីសមត្ថភាព និងល្បឿនរបស់ខ្លួនឯង គឺជាសិល្បៈនៃការរស់នៅដ៏ខ្ពង់ខ្ពស់បំផុត ហើយកុំព្យាយាមបោះជំហានតាមដានជើងអ្នកដទៃ ប្រសិនបើជើងរបស់យើងមានទំហំខុសគ្នា។ ហើយការរក្សាលំនឹងរវាងមហិច្ឆតា និងការពិត នឹងធ្វើឱ្យយើងមិនបាត់បង់ម្ចាស់ការលើជីវិតខ្លួនឯងនោះទេ។ គ្រប់មនុស្សដែលដឹងថាខ្លួនឯងកំពុងតែនៅត្រង់ណា ហើយត្រូវដើរទៅទិសខាងណា និងមានល្បឿនកម្រិតណា គឺជាមនុស្សដែលគ្មានថ្ងៃវង្វេងផ្លូវឡើយ។
ជាចុងក្រោយ ចូរយើងរៀនបោះជំហានដោយមានភាពស្ងប់ស្ងៀម ប៉ុន្តែពោរពេញដោយថាមពល។ កុំខ្លាចក្នុងការដើរយឺត តែត្រូវខ្លាចការបន្សល់ទុកនូវចន្លោះប្រហោងដែលមិនអាចបំពេញបាន។ ស្ថិរភាពនៃភាពជោគជ័យ មិនមែនកើតឡើងត្រឹមតែមួយយប់ ឬមួយថ្ងៃ ដោយការលោតរំលងភ្នំនោះទេ ប៉ុន្តែវាគឺជាលទ្ធផលនៃការដើរឡើងភ្នំ ម្ដងមួយជំហានៗ ដោយមិនចេះនឿយណាយ និងដោយភាពរឹងមាំជាទីបំផុត។
By: សុភាសិត កាព្យខ្មែរ
#បកស្រាយសុភាសិតបុរាណខ្មែរ #ណាវ៉ាត់proverbs #សុភាសិតកាព្យខ្មែរ #សុភាសិតខ្មែរ #quotes #កំណាព្យ #proverbs
